Ask
Websites Login

សំនួរ

១. ហេតុអ្វី បារាំងមកដាក់អាណាព្យាបាលនៅកម្ពុជា ?

២. មុននឹងបារាំងចូលមកដល់ តើប្រទេសណាជាអាណាព្យាបាលរបស់ខ្មែរ ? ប្រទេសទាំងនេះ បានធ្វើអ្វីខ្លះ ?

៣. តើព្រះរាជាអង្គណា ជាអ្នកពឹងបារាំងឲ្យមកធ្វើអាណាព្យាបាលលើខ្មែរ ? ដើម្បីអ្វី ?

៤. តើព្រះបាទអង្គឌួង ជាបុត្ររបស់ព្រះរាជាអង្គណា ? ព្រះអង្គជារាដូចម្តេច  ? សោយរាជ្យពីឆ្នាំណា ដល់ឆ្នាំណា ?

៥. តើព្រះអង្គមានស្នាព្រះហស្តអ្វីខ្លះ ?

៦. ហេតុអ្វីបានជាព្រះបាទអង្គឌួង យល់ឃើញថាប្រទេសកម្ពុជាត្រូវមានអន្តរាគមន៍ ពីមហាអំណាចណាមួយ ?

៧. តើព្រះបាទអង្គឌួង បានធ្វើដូចម្តេចខ្លះដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលេអុងទី៣ ? លទ្ធផលដូចម្តេច ?

៨. បន្ទាយពីបរាជ័យ តើព្រះបាទអង្គឌួង បានធ្វើដូចម្តេចខ្លះជាមួយនឹងបារាំង ? ដើម្បីអ្វី ?

៩. នៅថ្ងៃ ០១​ កញ្ញា ១៨៥៨ តើមានព្រឹត្តិការណ៍អ្វីបានកើតឡើងនៅវៀតណាម ?

១០. ក្រោយពីកងទ័ពអាណ្ណាមបរាជ័យ តើព្រះបាទអង្គឌួងបានធ្វើដូចម្តេច ? លទ្ធផលដូចម្តេច ? ហេតុអ្វី ?

១១.​ក្រោយពីកាន់កាប់ទីក្រុងព្រៃនគរ តើពួកបារាំងមានគោលបំណងដូចម្តេច  ? លទ្ធផលដូចម្តេច ? ហេតុអ្វី ?

១២. តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យបារាំងបានដាក់អាណានិគមន៍មកលើខ្មែរ ?

១៣. តើព្រះបាទអង្គឌួង បានសោយទីវង្គតនៅឆ្នាំណា ? ហើយព្រះរាជាអង្គណាឡើងសោយរាជ្យជំនួស ?

១៤. ហេតុអ្វីព្រះបាទនរោន្តម ភៀសខ្លួនទៅបាងកក? នៅឆ្នាំណា​? នាំយកអ្វីទៅជាមួយ ? ត្រឡប់មកវិញនៅឆ្នាំណា ? ដោយសារអ្វី ? ហើយបានយាងទៅគង់នៅទីណា ?

១៥. តើលោក ដឺឡា ក្រង់ឌឺយែរជានរណា ? គាត់បានធ្វើអ្វីខ្លះ ជាមួយកម្ពុជានាពេលនោះ ?

១៦​. តើលោកឌឺឡា ក្រង់ឌីយែរ បានមកកម្ពុជានៅឆ្នាំណា ? ដើម្បីអ្វី ?

១៧. តើខ្លឹមសារសន្ធិសញ្ញាជាសម្ងាត់រវាងបារាំង និងខ្មែរនៅខែ មិនា ឆ្នាំ ១៨៦៣ បានចែងឡើងដូចម្តេច ?

១៨. តើបារាំងដាក់អាណាព្យាបាលមកលើខ្មែរជាផ្លូវការនៅថ្ងៃខែឆ្នាំណា ? ក្នុងរាជ្យស្តេចអង្គណា ?

១៩. តើព្រះអង្គវតី ឬនរោត្តមបានឡើងសោយរាជ្យនៅថ្ងៃខែឆាំ្នណា ? មាននាមថាដូចម្តេច ?

២០. នៅឆ្នាំ១៨៧៧ តើបារាំងបានធ្វើកំណែទម្រង់សង្គមនៅកម្ពុជាប៉ុន្មានចំណុច ? អ្វីខ្លះ ? ចូរបកស្រាយ ?

២០. នៅឆ្នាំ ១៨៧៧ បារាំងបានធ្វើកំណែទម្រង់សង្គមនៅកម្ពុជា ២ចំណុចសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយ ។​

២១. តើកំណែទម្រង់នៅកម្ពុជាឆ្នាំ ១៨៧៧ ដោយបារាំងមានទិសដៅដូចម្តេច​?

២២. ដើម្បីសម្រេចទិសដៅនេះ តើបារាំងបានធ្វើដូចម្តេច ?

២៣. តើការរៀបចំកម្មវិធី និងសកម្មភាពនយោបាយថ្មីរបស់បារាំងបាននាំមកនូវគុណសម្បត្តិអ្វីខ្លះ ?

២៤. តើកំណែទម្រង់របស់បារាំងនៅឆ្នាំ ១៨៨៤ ជាកំណែទម្រង់ដូចម្តេច ? ក្នុងកំណែទម្រង់នេះ​ បារាំងបានធ្វើដូចម្តេចខ្លះ ?

២៥. តើរ៉េស៊ីដង់ស៊ុបពែរីយែរ មានសមាជិកប៉ុន្មាននាក់មានសមាសភាគដូចម្តេច ?

ចម្លើយ

១. បានជាបារាំងមកដាក់អាណាព្យា​បាល នៅកម្ពុជាពីព្រោះ៖

  • ពួកគេត្រូវការ ការផ្គត់ផ្គង់អាហារ (យកសាច់គោទាំងអស់ពីកម្ពុជា ទៅកូសុំាស៊ីន )
  • កម្ពុជាជាមូលដ្ឋានមួយសម្រាប់រុករកទន្លេមេគង្គដើម្បីស្វែងរកផ្លូវទៅប្រទេសចិន កន្លែងសម្បូណ៌មាសនិងភោគទ្រព្យ ដែលលោកម៉ាកូប៉ូឡូ បាននិយាយ
  • ក្រោយពេលបារាំង ធ្វើឲ្យវៀតណាមបរាជ័យនៅកម្ពុជាក្រោមល បារាំងអាចទទួលបានសិទ្ធិគ្រប់គ្រងកម្ពុជា និងដាក់អាណាព្យាបាលនៅកម្ពុជា រួចដាក់អាណានិគម
  • ព្រះបាទអង្គឌួង បានឲ្យបារាំងមកជួយការពារកម្ពុជាពីការឈ្លានពានរបស់ថៃល និងវៀតណាម ។

២. មុននឹងបារាំងចូលមកដល់ ប្រទេសដែលជាអាណាព្យាបាលខ្មែរគឺ សៀម និងយួន ។ ប្រទេសទាំងនេះ បានគាបសង្កត់ោយកទឹកដី យកខ្មែរដាក់ជាចំណុះ ធ្វើបានប្រជារាស្រ្តខ្មែរ ( កេណ្ឌទ័ព យកពន្ធដារ ជីកព្រែក ... ) និងទឹកដីខ្មែរគាបសង្កត់នយោបាយ .... ។

៣.​ព្រះរាជា ដែលបានពឹងបារាំងឲ្យមកអាណាព្យាបាលលើខ្មែរ គឺព្រះបាទអង្គឌួង ដើម្បីជួយការពារទឹកដីខែរ ពីការឈ្លានពានរបស់យួននឹងសៀម ។

៤. ព្រះបាទអង្គឌួង ជាបុត្ររបស់ព្រះបាទអង្គអេង ។ ព្រះអង្គជាព្រះរាជា ដែលមានព្រះទ័យស្នេហា ជាតិមោះមុតជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។ ព្រះអង្គបានសោយរាជ្យ ពីឆ្នាំ១៨៤០ ដល់ឆ្នាំ ១៨៦០ ។

៥. ព្រះអង្គមានស្នាព្រះហត្ថជាច្រើនដូចជា៖

  • ជាអ្នកកវីនិពន្ធផ្នែកអក្សរសាស្រ្តខ្មែរ
  • ធ្វើកំណែទម្រង់ផ្នែករដ្ឋបាល
  • បង្កើតប្រាក់ថ្មី ( កាក់រូបហង្ស និងប្រាសាទអង្គរវត្ត ) ។
  • កសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាផ្លូវពីឧដុង្គទៅ កំពត់កាត់តាមស្រុកឈូកតភ្ជាប់ទៅដល់កំពង់ផែសមុទ្រថ្មី
  • កសាងកំពង់ផែថ្មី ដើម្បីជំនួសកំពង់ផែចាស់ ដែលប្រទេសអណ្ណោមបានយក ។

៦. បានជាព្រះបាទអង្គឌួង យល់ឃើញថាប្រទេសកម្ពុជាត្រូវមានអន្តរាគមន៍ពីមហាអំណាចណាមួយ ពីព្រោះព្រះអង្គបានយល់ឃើញថា ប្រទេសកម្ពុជាបានធ្លាក់ដុនដាបទៅៗនិងឈានទៅដល់ការបែកចែកទឹកដីប្រទេសជាពីរ ដោយសៀមនិង យួន ដែលយកទន្លេមេគង្គជាព្រំប្រទល់ហើយពេលនោះប្រទេសកម្ពុជានឹងបាត់បង់ពីផែនទីពិភពលោកនៅឆ្នាំ១៨២៨ គ.ស​។

៧.​ដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលេអុងទី៣ ព្រះបាទអង្គដួង បានពឹងបព្វជិតកាតូលិកមួយអង្គនាម មីស ដែលបានចូលមកផ្សព្វផ្សាយសាសនា នៅប្រទេសកម្ពុជាតាំងពីឆ្នាំ ១៨៤៨ មកម្លេះ ។ បព្វជិតនេះ ធានាថានឹងនាំយកព្រះរាជសារជាភាសាបារាំង រួមជាមួយនឹងមន្រ្តីខ្មែរ២នាក់ទៀតគឺ កុយដឺម៉ុងតេរ៉ូ និង ប៉ែន ព្រមទាំងសួយសារអាករទៅជាមួយផងក ដើម្បីថ្វាយព្រះចៅណាប៉ូលេអុងទី៣ តាមរយៈអគ្គកុងស៊ុលបារាំង ប្រចាំនៅសង្ហបុរីប៉ុន្តែត្រូវទទួលបរាជ័យ ។

៨. បន្ទាប់ពីបរាជ័យ ព្រះបាទអង្គឌួងបានផ្ញើរលិខិត២លើកទៀត ទៅកាន់បារាំងដើម្បីសុំឲ្យបារាំងធ្វើ អន្តរាគមន៍យកទឹកដីកូសំាស៊ីន ដែលបានបាត់បង់នៅឆ្នាំ ១៨៤១ព្រមទាំងបានពន្យល់បារាំងថា កោះត្រឡាច គឺជាទឹកដីរបស់ខ្មែរ ។ ចំណែកឯមួយផ្នែកធំទៀត នៅត្រើយទន្លេមេគង្គដែលប្រទេសអណ្ណាមបានយកនោះគឺព្រះអង្គមិនតវ៉ាឡើយ ។

៩. នៅថ្ងៃ ០១ ខែ កញ្ញា ឆ្នាំ ១៨៥៨ មានបេសកម្មរួមគ្នារបស់ទ័ពបារាំង និងអេស្ប៉ាញ បានចូលមកដល់ទីក្រុងដាណាងដើម្បីជួយស្រោចស្រងជីវីតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិក ដែលនៅសេសសល់ពីការសម្លាប់របស់ស្តេចអណ្ណាម ។

១០. ក្រោយពីកងទ័ពអណ្ណាមបរាជ័យ ព្រះបាទកអង្គឌួងបានបញ្ចូនកងទ័ពខ្មែរមួយកងទៅកាន់ខេត្តមាត់ជ្រូក ក្នុងបំណងបង្ហាញថាទឹកដីកម្ពុជាក្រោមជារបស់ខ្មែរ ។ ប៉ុន្តែត្រូវទទួលបានបរាជ័យពីព្រោះព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ១៨៦០​ ។ 

១១. ក្រោយពីកាន់កាប់ព្រៃនគរ ពួកបារាំងមានបំណងឡើងតាមទន្លេមេគង្គ ចូលទៅកាន់ប្រទេសចិនប៉ែកខាងត្បូង ប៉ុន្តែត្រូវទទួលបរាជ័យគឺដោយសារទន្លេមេគង្គមានឧបសគ្គច្រើន មិនអាចធ្វើដំណើរបាន ដូចដែលអ្វីបានគ្រោងទុកឡើយ ។

១២. កត្តាដែលបានធ្វើឲ្យបារាំង មកដាក់អាណានិគមមកលើខ្មែរគឺ៖​

  • ដោយសារបារាំង បានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាង ដែលមានដំណាំរដូវដ៏ខៀវស្រងាត់ ដូចជាសណ្តែកល្ង​ល ពោត និងបន្លែលាយឡំនឹងដើមឈើហូបផ្លែជាច្រើនប្រភេទដែលអាចកេងប្រវ័ញ្ចបាន ។
  • បារាំងយល់ថាប្រទេសកម្ពុជា គឺជាប្រទេសសម្បូរទន្លេ ដែលជាគមនាគមន៍យ៉ាងសំខាន់ សសម្រាប់ជំនួយផ្លូវគោកសម្រាប់ដឹកជញ្ចូនផលិតផលកសិក​ម្មទៅកាន់ទីផ្សារអឺរ៉ុប ។
  • កម្ពុជាមានផ្ទៃដីកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចឲ្យពួកបារាំងបង្កើតដីកសិកម្មបានផលច្រើន ។
  • កម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃ និងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់ ។
  • នៅក្រោមដីសម្បូរដោយរ៉ែ ជាច្រើនប្រភេទ ។
  • ព្រះមហាក្សត្រខ្មែរបានអញ្ជើញបារាំងឲ្យមកដាក់អាណាព្យាបាលលើខ្មែរ ដើម្បីការពារទឹកដីពីសៀម និងយួន ។

១៣.ព្រះបាទអង្គឌួងបានសោទីវង្គតនៅឆ្នាំ ១៨៦០ ហើយព្រះរាជា ដែលបានឡើងសោយរាជ្យជំនួសគឺព្រះបាទ នរោត្តម ឬអង្គវតី ។

១៤. ព្រោះនៅពេលព្រះអង្គឡើងសោយរាជ្យនោះ ព្រះអនុជ២អង្គទៀតគឺ ស៊ីសុវត្ថ និងស៊ីវុត្ថា មានការច្រណែន ហើយបានបង្កឲ្យមានចលនាប៉ះបោរប្រឆាំងពេញផ្ទៃប្រួទេស នឹងការលើកព្រះអង្គឲ្យឡើងសោយរាជ្យ ។ ព្រះអង្គបានភៀសខ្លួន ទៅកាន់បាងកកនៅឆ្នាំ១៨៦១ ដោយនាំយកនូវគ្រឿងបញ្ចាក្សត្រទៅជាមួយ ។ ព្រះអង្គបានត្រឡប់មកវិញនៅឆ្នាំ១៨៦២ ដោយសារមានអន្តគមន៍ពីប្រទេសបារាំងតាមរយៈបុព្វជិតកាតូលិកមួយអង្គ ហើយព្រះអង្គក៏បានយាងទៅគង់នៅឧត្តុង្គ ។

១៥. លោកដឺឡា ក្រង់ឌីយែរ គឺជាអគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ។ លោកបានធ្វើការជាមួយកម្ពុជា ដូចជា៖​

  • ចាប់តាំងមេបញ្ជាការជើងទឹកលោក ឌូដា ដឺឡាក្រេឲ្យចូលរួមទំនាក់ទំនង ក្នុងការជួយកធ្វើអន្តគមន៍យកគ្រឿងបញ្ចក្សត្រពីប្រទេសសៀម ដើម្បីអភិសេកព្រះអង្គឡើងសោយរាជ្យតាមប្រពៃណី ។
  • ជួយការពារប្រទេសកម្ពុជា ឲ្យរួចពីនិមត្រួតត្រាសៀម និងយួន ដោយធា​នាថានឹងយកទឹកដីកូសំាងស៊ីន មកឲ្យខ្មែរវិញ ។

១៦. លោក ឌឺឡា ក្រង់ឌីយែរ បានមកកម្ពុជានៅឆ្នាំ១៨៦៣ ដើម្បីចុះសន្ធិសញ្ញាសម្ងាត់មួយជាមួយខ្មែរ ។

១៧. ខ្លឹមសារសន្ធិសញ្ញាជាសម្ងាត់រវាងបារាំង ខែ្មរ នៅខែមីនា ឆ្នាំ១៨៦៣បានចែងឡើងពីការជួយការពារប្រទេសកម្ពុជាដោយរក្សាទឹកដីនេះមិនឲ្យបាត់បង់ទៀតឡើយ ។

១៨. បារាំងបានដាក់អាណាព្យាបាល លើខ្មែរជាផ្លូវការនៅថ្ងៃទី ១១ សីហា ឆ្នាំ ១៩៦៣ ក្នុងរាជ្យព្រះអង្គវតី ឬនរោត្តម ។

១៩. ព្រះអង្គវត្តីឬ នរោត្តមបានឡើងសោយរាជ្យនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ១៨៦៤ ដោយមាននាមថាព្រះបាទ នរោត្តម ។

២០. នៅឆ្នាំ ១៨៧៧​បារាំងបានធ្វកំណែទំម្រង់សង្គមនៅកម្ពុជា ២ចំណុចសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយយោបាយ ។ 

២១. កំណែទម្រង់នៅឆ្នាំ១៨៧៧ ដោយបារាំងមានទីសដៅឲ្យចង់កែប្រែសង្គមទំនៀមទម្លាប់សក្តិភូមិខ្មែរ ឲ្យទៅជាសង្គមមូលធននិយម ដែលជាប្រព័ន្ធទីផ្សារសេរីដូចសង្គមបារាំងដែរ ។

២២. ដើម្បីសម្រេចទិសដៅនេះ បារាំងបានរៀបចំកម្មវិធីនិងសកម្មភាពនយោបាយ ។

២៣. ការរៀបចំកម្មវិធី និងសកម្មភាពនយោបាយថ្មីរបស់បារាំង បាននាំនូវគុណសម្បត្តិដូចខាងក្រោម ៖

  • កាត់បន្ថយអំណាចស្តេចត្រាញ់ មន្រ្តីសក្តិភូមិ និងលុបបំបាត់វណ្ណៈខ្ញុំគេ
  • បង្កើនចំនួនម្ចាស់កម្មសិទ្ធិ ដែលគឺជាកម្លាំងចលករជួយជម្រុញកម្មវិធីកំណែទម្រង់បារាំងឲ្យបានជោគជ័យ
  • បង្កើតតុលាការោជាន់ខ្ពស់ គ្រប់គ្រងោលើតុលាការមូលដ្ឋាន
  • បង្កើតប្រពន្ធពន្ធដារថ្មី
  • បង្ខំឲ្យរាជាណាចក្រសៀម ទទួលស្គាល់ការគ្រ​ប់គ្រងបារាំងលើប្រទេសកម្ពុជា ហើយបង្កើតឲ្យមានការចរចាររវាងបារាំងសៀម ស្តីពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរគឺសៀមនិងខ្មែរ ។
  • ខ្មែរទទួលទឹកដីវិញដូចជាខេត្ត ស្ទឹងត្រែង ម្លូព្រៃ បាត់ដំបង សៀមរាប និងសេរីសោភ័ណ្ឌ ។
  • បានធ្វើផែនទី១ ដែលមានឈ្មោះថាផែនទីដងរែក ដែលទទួលស្គាល់ដោយតំណាងបារាំងសៀមលើឆាកអន្តរជាតិ ។

២៤. កំណែទម្រង់នៅឆ្នាំ ១៨៨៤គឺជាកំណែទម្រង់មួយដែលបារាំងចង់ប្រែក្លាយប្រទេសកម្ពុជាពី ប្រទេសក្រោមអាណាព្យាបាលធម្មតាឲ្យទៅប្រទេសក្រោមអាណាព្យាបាលកធ្ងន់ធ្ងរ វិញ។ ក្នុងកំណែទម្រង់នេះបារាំងបានធ្វើដូចតទៅ ៖

  • រៀបចំថ្នាក់ដឹកនាំខេត្ត ដោយបារាំងផ្ទាល់គឺមាត្រា៣
  • ខេត្តពីមុន៥៨ ត្រូវបានបង្រួមមកត្រឹម៨ខេត្ត ហើយស្ថិតនៅក្រោមអំណាចរ៉េស៊ីដង់បារាំង ។
  • រ៉េស៊ីដង់ត្រូវមានការតែងតាំងពីរ៉េស៊ីដង់ សេណេរ៉ាល់ ( ថ្នាក់ដឹកនាំបារាំងលើសហព័ន្ធឥណ្ឌូចិន ) តាមសេចក្តីស្នើរសុំពីរ៉េស៊ីដង់ ស៊ុបពែរីយែរ ( ថ្នាក់ដឹកនាំលើប្រទេសកម្ពុជា )
  • រ៉េស៊ីដង់ ស៊ុបពែរីយែរធ្វើការងារពេញផ្ទៃប្រទេសកម្ពុជា ក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់ សេណេរ៉ាល់នៅកូសាំង ស៊ីន ។
  • ដកសិទ្ធិ និងអំណាចពីព្រះមហាក្សត្រ ពោលគឺព្រះអង្គកចាំតែទទួល និងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រ៉េស៊ីដង់ស៊ុបពែរីយែរ ។

២៥. រ៉េស៊ីដង់ស៊ុបពែរីយែរ មានសមាជិក១២នាក់ដែលមានមសមាសភាគដូចតទៅ៖

  • មន្រ្តីពាណិជ្ជកម្ម ៦នាក់ដែលតែងតាំងដោយរ៉េស៊ីដង់សេណេរ៉ាល់
  • ជនជាតិខ្មែរ៣នាក់ចិន ១នាក់ ចាម១នាក់ និងយួន១នាក់ ត្រូវបានតែងតាំងដោយព្រះមហាក្សត្រហើយមានការអនុម័តយល់ព្រមពីរ៉េស៊ីដង់សេណេរ៉ាល់នៅកូសាំងស៊ីនផងដែរ ។​

Comments

×

×

One more step

Please login to share your idea

Register Login