Ask
Websites Login

សំនួរ      

១. មូលហេតុអ្វីបានជា ព្រះបាទនរោត្តម សីហនុ ឈប់ទទួលជំនួយពីសហរដ្ឋអាមេរិច ? ឈប់នៅឆ្នាំណា ?

២. តើព្រះរាជាណាចក្រកម្ពុជា ក្លាយជាសាធារណៈរដ្ឋខ្មែរនៅថ្ងៃខែឆ្នាំណា ? តើសេដ្ឋកិច្ចអាចរស់រានបានដោយសារអ្វី ?

៣. ឆ្លៀតឱកាសដែលលន់ នល់ ទន់ខ្សោយ តើឥស្សរៈជននយោបាយរបស់លោកបានធ្វើអ្វីខ្លះ ?

៤. នៅឆ្នាំ ១៩៦៧.៦៨ តើសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈដូចម្តេច ?

៥. នៅពេលជួបវិបត្តិសេដ្ឋកិច្ច តើសម្តេច សីហនុ ទ្រង់ធ្វើដូចម្តេច ?

៦. បន្ទាប់ទទួលអំណាចពីសម្តេចស សីហនុ តើអ្នកអង្គម្ចាស់ស៊ីសុវត្ថសិរីមតៈ និងលន់ នល់ បានអនុវត្តន៍គោលនយោបាយដូចម្តេច ?

៧. បន្ទាប់ពីមានកុប្បកម្ម និងអំពើហឹង្សានៅដើមខែមីនា តើមានព្រឹត្តការណ៍អ្វីកើតឡើង ?

៨.  តើរដ្ឋប្រហារ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ មានលក្ខណៈដូចម្តេច ?

៩. ចូរនិយាយសេដ្ឋកិច្ចសម័យសាធារណរដ្ឋខ្មែរ ?

១០. តើសង្គ្រាមស៊ីវិល​ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥​ផ្តល់ផលវិបាកអ្វីខ្លះ ដល់ប្រទេសកម្ពុជា ?

ចម្លើយ

១. ព្រះបាទនរោត្តម សីហនុ ទ្រង់ឈប់ទទួលជំនួយពីសហរដ្ឋអាមេរិចនៅឆ្នាំ ១៩៦៣ពីព្រោះព្រះអង្គចង់នៅក្រៅសង្គ្រាមវៀតណាម និងចង់រក្សាទំនាក់ទំនងល្អជាមួយពួកកុំម្មុយនីស្ត ។

២. ព្រះរាជាណាចក្រកម្ពុជា ក្លាយជាសាធារណៈរដ្ឋខ្មែរនៅថ្ងៃ ០៩ ខែ តុលា ឆ្នាំ ១៩៧០ ជាថ្ងៃដែលប្រកាសរដ្ឋធម្មនុញ្ញថ្មី ។ របបនេះអាចរស់រានមានជីវីតបាន ដោយសារជំនួយទាំងស្រុងពីសហរដ្ឋអាមេរិច​ ។

៣. ឥស្សរជនរបស់លោកលន់ នល់ ជាច្រើនបាន៖

  • បង្កើតបក្សពួក និងប្រមូលទ្រព្យធនដោយភ្លេចអស់នូវប្រយោជន៍ជាតិក្នុងចំណោមនោះក៏មាន លន់ ណុនជាប្អូនរបស់ លន់ នល់ដែរ ។
  • នាយទាហានរបស់លោកមួយចំនួន បានលក់គ្រឿងសព្វាវុធទៅឲ្យពួកខ្មែរក្រហមថែមទៀត ។

៤. នៅឆ្នាំ១៩៦៧.៦៨ សេដ្ឋកិច្ចកម្ពុជា មានដំណើរករាំងស្ទះ ​ដោយសារបាត់បង់ប្រាក់ចំណូល ដែលជាលទ្ធផលនៃការរត់ពន្ធ ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ និងការចំណាយខ្វះតុល្យភាព ។ កសិកម្មបានជួបវិបត្តិ​ប្រព័ន្ធធារាសាស្រ្តគ្មានប្រសិទ្ធភាព នាំឲ្យទិន្នផលកសិកម្មធ្លាក់ចុះ ។

៥. នៅពេលជួននឹងវិបត្តិសេដ្ឋកិច្ច សម្តេច សីហនុ ទ្រង់៖

  • ទ្រង់ប្រគល់អំណាចទៅឲ្យឧត្តមសេនីយ៍ លន់ នល់និងអ្នកអង្គម្ចាស់ស៊ីសុវត្ថសិរីមតៈ
  • ដោយទ្រង់សង្ឃឹមថា សេដ្ឋកិច្ចនឹងមានការផ្លាស់ប្តូរ
  • ទ្រង់យល់ថាប្រជាប្រិយភាពរបស់ទ្រង់នឹងបានធ្លាក់ចុះ
  • សត្រូវរបស់ទ្រង់ នឹងប្រមូលផ្គុំយ៉ាងរឹងមុំាដើម្បីទប់ទល់នឹងព្រះអង្គ ។

៦.​បន្ទាប់ទទួលអំណាចពីសម្តេច សីហនុ អ្នកអង្គម្ចាស់ស៊ីសុវត្ថសិរីមតៈ និងលោកឧត្តមសេនីយ៍ លន់ នល់ បានអនុវត្តន៍គោលនយោបាយដូចជា រៀបចំសណ្តាប់ធ្នាប់សាធារណៈឡើងវិញ បិទកាស៊ីណូបង្កើតសេវាសាធារណៈនិងឯកជនឬធ្វើឯកជនូបនីយកម្មធនាគារជាដើម ។

៧. បន្ទាប់ពីមានកុប្បកម្ម និងអំពើហឹង្សានៅដើមខែមីនា មានព្រឹត្តការណ៍អ្វីកើតឡើងគឺ៖

  • សម្តេចសីហនុ បានបន្ទោសអ្នកប្រើអំពើហឹង្សាពីទីក្រុងប៉ារីស បើទោះបីជាកុប្បកម្មនេះ មានព្រះរាជានុញ្ញាតិពីព្រះអង្គក៏ដោយ
  • ភាពចលាចលបានឈានដល់រដ្ឋប្រហារ នៅថ្ងៃទី​១៨ ខែមីនា ឆ្នាំ ១៩៧០ ដែលដឹកនាំដោយទ្រង់សិរីមតៈនិងឧត្តមសេនីយ៍ លន់ នល់ ដូចដែលបានគ្រោងទុកអស់រយៈពេលជាច្រើនខែមកហើយ ។

៨. រដ្ឋប្រហារ នៅថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ មានលក្ខណៈជាការបោះឆ្នោតជាសម្ងាត់ ដោយរដ្ឋសភាជាតិដែលមានសម្លែងគាំទ្រ ៨៦ ទល់៣សម្លេង ដើម្បីដកសេចក្តីទុកចិត្ត នឹងដកដំណែងព្រះអង្គចេញពីព្រះប្រមុខរដ្ឋ ។

៩. សេដ្ឋកិច្ចនៅសម័យសាធារណរដ្ឋខ្មែរគឺ៖

  • ទទួលជំនួយពីសហរដ្ឋអាមេរិច ស្ទើរតែទាំងស្រុង
  • សេដ្ឋកិច្ចគ្មានដំណើរការ ( ដំណើរនៅតែភ្នំពេញ និងទីប្រជុំជនសំខាន់ៗមួយចំនួនតូច​)
  • អតិផរណាប្រាក់រៀល ចេះបន្តរីតម្លៃទំនិញចេះតែឡើងថ្លៃរហួសកម្រិត
  • ទន្លេមេគង្គ ដែលជាផ្លូវទឹកសម្រាប់សហរដ្ឋអាមេរិចដឹកជញ្ជូន ស្បៀងត្រូវខ្មែរក្រហមកាត់ផ្តាច់ទាំងស្រុងនៅខែ មករា ឆ្នាំ ១៩៧៥
  • នៅសល់តែផ្លូវអាកាសពីបាងកក ប៉ុណ្ណោះសម្រាប់ដឹកស្បៀងមកចិញ្ចឹមមនុស្សជាច្រើនលាននាក់នៅទីក្រុងភ្នំពេញ ។

១០.  សង្គ្រាមស៊ីវិល ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ផ្តល់ផលវិបាកដល់ប្រទេសកម្ពុជាដូចជា៖

  • សេដ្ឋកិច្ចត្រូវរាំងស្ទះ ទីក្រុងនឹងជនបទមួយចំនួនធំគ្រប់គ្រងដោយកម្លាំងកុម្មុយនីស្ត  ទីបំផុតរដ្ឋាភិបាលគ្រប់គ្រងបានតែទីក្រុងភ្នំពេញប៉ុណ្ណោះ ។
  • រយៈពេល៤ឆ្នាំចុងក្រោយ ពោពេញទៅដោយអំពើហឹង្សានិងទុក្ខក្រៀមក្រំ
  • ពួកទាហានប្រព្រឹត្តិអំពើពុករលួយ និងការចាប់ជំរិតចោរកម្ម
  • សង្គ្រាមបានបន្សល់ទុក ជនពិការ ស្រ្តីមេម៉ាយ កុមារ ក្មេងកំព្រា ដែលជាវិបត្តិសង្គមមិនអាចដោះស្រាយរួច

ប្រទេសកម្ពុជាត្រូវរងខ្ទេចខ្ទាំទាំងអស់ ទាំងសេដ្ឋកិច្ច នយោបាយ សេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ។ 

Comments

×

×

One more step

Please login to share your idea

Register Login