Ask
Websites Login
ពីប្រធានបទៈពាក្យសន្យា
ដោយ: Novel Collection ​ នៅ 2017-11-27

រង់ចាំដោយគ្មានពាក្យសន្យា


By: Novel Collection on 2017-11-27
292 0 comments:0 0

អនុស្សាវរីយ៍​រវាងនាង​និង​បុរសម្នាក់​នេះ​ក្នុង​សហករណ៍​ជាមួយ​គ្នា​ បាន​បណ្ដាល​អោយ​នាង​លង់​ខ្លួន​ស្រលាញ់​គាត់​ដោយ​មិន​ដឹង​ខ្លួន។ គឺមិន​ដឹង​ខ្លួន​ថានាង​ស្រលាញ់​គាត់​តាំង​ពី​ពេល​ណា។ នាង​មិន​ដឹង​ថា នាង​បាន​ស្រលាញ់​គាត់​ដោយ​សារ​តែអ្វីផង។ គាត់​សង្ហារ?​ គាត់​ជាមនុស្ស​ល្អ? រឺមក​ពីគាត់​ជា​មនុស្ស​មាន​​ការ​យល់​ដឹង​ច្រើន?។ តែ​នាង​ដឹង​ថា នាង​ស្រលាញ់​គាត់។ សេចក្ដី​ស្រលាញ់​តែ​មួយ​ វា​បាន​បិទបាំង​រូបគាត់​ជិត មិន​អោយ​នាង​មើល​ឃើញ​អ្វីទាំង​អស់​ផ្សេង​ពី​នេះ… មិន​ត្រឹម​តែប៉ុណ្ណោះ​វា​ថែម​ទាំង​ធ្វើ​អោយ​បញ្ញា​របស់​នាង​លែង​ដំណើរ​ការត​ទៅ​ទៀត។

គំនាប​ប្រពៃណីខ្មែរ​បាន​កៀបរិត​នាង​ជាប់ ​មិន​អនុញ្ញាត​អោយ​នាង​សំដែង​សេចក្តី​ស្រលាញ់​របស់​នាង​ចំពោះ​បុរសម្នាក់​នេះ​បាន​ឡើយ។ សង្គម​ក្អែក​ខ្មៅ ស្នេហា​ជា​ទង្វើ​ខុស​សីលធម៌ ជាកំអែល​សក្តិភូមិ ជា​ទង្វើ​អាវាសែ។ តែ​គំនាប​នេះ មិនអាច​ហាម​ឃាត់​ចិត្តនាង​មិន​អោយ​លួច​ស្រលាញ់​គាត់​បាន​ឡើយ។

អ្វី​ដែល​បុរស​ម្នាក់​នេះ​បាន​ធ្វើ​ទៅ​លើរូប​នាង បាន​ធ្វើ​អោយ​នាង​ស្មានដោយ​ព្រាវៗ​ថាគាត់​ប្រហែល​ជា​ស្រលាញ់​នាង។ តែ​ជួនកាល​នាង​គិត​ថា គាត់​ប្រហែល​ជាមិន​ស្រលាញ់​នាង​ទេ​ គេ​មិន​ដែល​និយាយថាស្រលាញ់​នាង​ផង គេ​ប្រហែល​ជា​គ្រាន់​តែរាប់​អាន​នាង​ធម្មតា​តែ​ប៉ុណ្ណោះ។

សហករណ៍​រលាយ​ បុរសម្នាក់​នេះក៏​ត្រូវវិល​ទៅ​ស្រុក​របស់​គេ​វិញដែរ។ នៅ​ពេល​ដែល​គាត់​ចាក​ចេញ​ទៅ នាង​ចង់​និយាយ​អ្វីម្យ៉ាង​ប្រាប់​ដល់​គាត់​ តែ​នាងមិន​អាច​និយាយ​ចេញ​បាន បាន​ត្រឹម​តែ​លួច​មើល​ពី​ចំងាយ។ តួ​ឯកក្នុងប្រលោមលោក ​គេ​សន្យា​ដល់​នារី​កំពូល​ស្នេហ៍​របស់​គេ​នៅពេល​ដែល​បែក​គ្នា ថា​គេ​នឹង​វិល​វិញ វិល​​មក​រក​នារី​របស់​គេ​តាម​ពាក្យ​សន្យា.. មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ បី​ឆ្នាំ …។ តែ​បុរស​កំពូល​ស្នេហ៍​របស់​នាង​បាន​ចាក​ចេញ​ទៅ​ដោយ​គ្មាន​បន្សល់​ពាក្យសន្យា​អ្វី​មួយម៉ាត់ ។ តែ​នោះ​វាមិន​មែន​ជា​កំហុស​របស់​គាត់ទេ។ គាត់​មិន​ដែល​និយាយ​ថា​ស្រលាញ់​នាង​ផង ហើយ​នាង​ក៏​មិន​ដែល​និយាយ​ថា​ស្រលាញ់​គាត់​ដែរ។ ស្នេហា​នោះ​វា​ឋិត​នៅ​ជា​អាថ៌កំបាំង​ក្នុង​ចិត្ត​នាង ដែល​មាន​តែ​នាង​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ដឹង ហើយ​ប្រហែល​នាងលួច​ស្រលាញ់​គាត់​តែ​ម្នាក់​ឯង​ផង​ក៏​មិន​ដឹង។

ទោះ​បី​ជា​មិន​ដឹង​ថា គាត់​នឹង​វិល​មក​វិញឬក៏​អត់​ក៏​ដោយ នាង​នៅ​តែរង់​ចាំ​គាត់ រង់​ចាំ​ថ្ងៃ​ដែល​គាត់​មក​ស្ដី​ដណ្ដឹង​នាង​តាម​ប្រពៃណី។ រង់ចាំ​ថ្ងៃនោះ​ ​ទោះគ្មាន​សង្ឃឹមនិង​មានសង្ឃឹម។ រង់ចាំ​ថ្ងៃ​នោះ​ទោះ​គ្មាន​ពាក្យ​សន្យា៕

រ៉ែន, ០៨ មិនា ២០១០

ដោយ វិចិត្រ

ប្រភព៖ svichet

Comments

×

×

One more step

Please login to share your idea

Register Login