Ask
Websites Login

សំនួរ

១. តើពាក្យ គរុកោសល្យ មានន័យយ៉ាងដូចម្តេច ?

២. តើអាចារ្យមានប៉ុន្មានប្រភេទ ? ចូររៀបរាប់ ។

៣. ​តើគ្រូឬសាស្រ្តចារ្យ ត្រូវសង្គ្រោះសិស្សដោយធម៌ប៉ុន្មានយ៉ាងខ្លះ ? អ្វីខ្លះ ?

៤. តើសិស្សមានតួនាទីគៅរពប្រ​តិបត្តិគ្រូ ឬសាស្រ្តាចារ្យប៉ុន្មានយ៉ាង ? ដូចម្តេចខ្លះទៅ ។

៥. តើកម្មវត្ថុសិក្សារបស់គរុកោសល្យមានអ្វីខ្លះ ?

៦. តើគរុកោសល្យមានតួនាទីអ្វីខ្លះក្នុងការបង្រៀន ?

៧. ចូរឲ្យតម្លៃទៅលើភារកិច្ចរបស់គរុកោសល្យ ។

៨.​តើសង្គមមានសំណួមពរនិងសេចក្តីសង្ឃឹមបែបណាខ្លះ ដែលត្រូវពឹងផ្អែកមកលើគ្រូបង្រៀន និងសាស្រ្តាចារ្យ ?

៩. តាមទស្សនៈគរុកោសល្យគុណសម្បត្តិរបស់គ្រូបង្រៀន ឬសាស្រ្តាចារ្យមានប៉ុន្មានយ៉ាង ? យ៉ាងដូចម្តេចខ្លះ ?

១០. គ្រូបង្រៀនក៏ដោយ សាស្រ្តាចារ្យក៏ដែរត្រូវប្រកាន់ឥរិយាបថយ៉ាងដូចម្តេចខ្លះ ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាសនារៀននិងក្នុងមជ្ឈមណ្ឌល ?

១១. ដើម្បីបង្រៀន​ល្អនិងឲ្យសិស្សរៀនល្អតើគ្រូបង្រៀន ឬសាស្រា្តចារ្យ ត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះជាមួលដ្ឋានគ្រឹះ ?

១២. ក្នុងករណីលើកកម្ពស់គុណភាពនៃការបង្រៀននិងការអប់រំក្នុងមួយម៉ោងសិក្សា ទៅលើមុខវិជ្ជាឯកទេសណាមួយ ក្នុងន័យបង្រៀនល្អរៀនល្អ តើសាស្រ្តាចារ្យឬ​គ្រូបង្រៀនត្រូវប្រើល្បិចល្អៗយ៉ាងណាខ្លះទៅ ?

១៣. តើគរុកោសល្យមានតួនាទីយ៉ាងណាខ្លះ ក្នុងការបង្រៀននិងការអប់រំ ?

១៤. តើកត្តាអ្វីខ្លះដែលធ្វើឲ្យបុគ្គលិកសិក្សាក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបាន​ ?

១៥. តើលោកអ្នកប្រាជ្ញគរុកោសល្យដ៏ល្បីណាខ្លះ ដែលសិក្សាស្រាវជ្រាវលើទ្រឹស្តីបង្រៀនមុនគេ ?

១៦.  ទ្រឹស្តីបង្រៀន​ មានភារកិច្ចជាមូលដ្ឋានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

១៧. ដូចម្តេចដែលហៅថា​ខ្លឹមសារនៃការបង្រៀន ?

១៨. តើចំណេះដឹងជាទ្រឹស្តីមានប៉ុន្មានយ៉ាង ? យ៉ាងណាខ្លះ ?

១៩.ដូចម្តេចដែលហៅថា លំនាំនៃការបង្រៀន ?​

២០. តើអ្នកប្រាជ្ញណាខ្លះ ដែលបានយកចិត្តទុកដាក់ស្រាវជ្រាវពីគោលការណ៍នៃការបង្រៀនមុនគេ ?​

២១. គោលការណ៍នៃការបង្រៀនដែលបាននិងកំពុងអនុវត្តជាសាកលនៅក្នុងសាលារៀនមធ្យមសិក្សាចំពោះទូទៅ មានប៉ុន្មា​នយ៉ាង ? ដូចម្តេចខ្លះ ?

២២. តើវិធីបង្រៀនតាមប្រពៃណីមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

២៣. តើសៀវភៅសិក្សាមា​នឥទ្ធិពលយ៉ាងណាខ្លះដែរ ?

២៤. ការជួយសិស្សខ្សោយដោយឡែក ទាមទារឲ្យសាស្រ្តាចារ្យធ្វើយ៉ាងដូចម្តេចខ្លះ ?

២៥.  នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សារបស់សិស្សគ្រូបង្រៀន ឬសាស្ត្រាចារ្យត្រូវឈរលើមូលដ្ឋានណាខ្លះ ?

២៦. ដើម្បីវិភាគទៅលើមេរៀនដែលត្រូវបង្រៀនសាស្ត្រាចារ្យឬគ្រូបង្រៀនត្រូវឈរលើមូលដ្ឋានណាខ្លះដែរ ?

២៧. តើពាក្យ «​ សេ សេរ សិរ ( សិរ្ស សិរ្ស៍ )មានន័យយ៉ាងដូចម្តេចខ្លះ ?

២៨. តើពាក្យ « អារម្ភ អារម្មណ៍ » មានន័យខុសគ្នាដូចម្តេច ?

២៩.តើពាក្យ « កា ការ កាណ៌ ការណ៍ » មានន័យខុសគ្នាដូចម្តេចខ្លះ ?

៣០. តើពាក្យ « សព្វ សប់ សប សព សប្ត » មានន័យខុសគ្នាដូចម្តេចខ្លះ ?

ចម្លើយ

១. គរុកោសល្យ មានន័យថាការឈ្លាសវៃរបស់គ្រូ សេចក្តីប៉ិនប្រសប់សម្រាប់គ្រូឬគឺជាវិទ្យាសាស្រ្តសិស្សាអំពិការអប់រំនិងច្បាប់របស់ការអប់រំ ( មានកម្មវត្ថុសិក្សា ច្បាប់ជាសត្យានុម័ត ) ។

២. អាចារ្យមាន៥ប្រភេទ៖

 • បព្វជ្ជាចារ្យៈ អាចារ្យបំបូស គឺជាភិក្ខុអ្នកបំបូសកុលបុត្រឲ្យបានជាសាមណេរ ។
 • ឧបសម្បទាចារ្យៈ ភិក្ខុអ្នកសូត្រញាត្តិចតុត្ថកម្មវាចា ឲ្យនេនបានឧបសម្បទាជាភិក្ខុភាព ( លោកគ្រូសួត្រ ) ។​
 • ឧទ្ទេសាចារ្យៈ អាចារ្យបង្រៀនបាឡី ។​
 • និស្សយាចារ្យៈ អាចារ្យអ្នកឲ្យនិស្ស័យគឺជាភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យនិងខ្លួនឯង ( គ្រូទទួលបន្ទុក ) ។
 • ធម្មាចារ្យៈ អាចារ្យអ្នកបង្រៀនធម៌អាថ៌បាឡី ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗ ( ហៅវិជ្ជាចារ្យ ឬវិទ្យាចារ្យ ​, សិប្បាចារ្យ ឬសិល្បាចារ្យ ជាដើម ។

៣. គ្រូឬសាស្រ្តចារ្យត្រូវសង្គ្រោះសិស្សដោយធម៌៥យ៉ាង ៖

 • សុវនីតំនេន្តិៈ គ្រូគប្បីទូន្មានសិស្សឲ្យបានល្អ ។
 • សុកហិតំគាហាបេន្តិៈ គ្រូញុំាំងសិស្សឲ្យខំប្រឹងប្រែងរៀនសូត្រ ។
 • សព្វសប្បោសុតំសមក្ខាយិនៅភវន្តិៈ គ្រូគប្បីបង្ហាត់សិល្ប៍វិជ្ជាឲ្យអស់មិនលាក់ទុក ។
 • បច្ចេកសុបវេទន្តិៈ គ្រូតែងលើកតម្កើងសិស្សណាដែលចេះ
 • ទិសាសុបរិត្តានំករោន្តិៈ គ្រូតែងតែពន្យល់ណែនាំហេតុផល និងផលប្រយោជន៍នៃវិជ្ជាប្រាប់ដល់សិស្ស ។

៤. សិស្សមានតួនាទីគោរពប្រតិបត្តិគ្រូ ឬសាស្រ្តាចារ្យ៥យ៉ាងគឺ៖

 • ឧដ្ឋានេនៈ សិស្សត្រូវក្រោកឈរ ទទួលក្នុងវេលាគ្រូបាអាចារ្យដើរមក លុះដល់គ្រូធ្វើដំណើរត្រឡប់ទៅវិញត្រូវជូនដំណើរឲ្យផុតរបងផ្ទះទើបគួរហើយចាំត្រឡប់មកវិញ ។
 • ឧបដ្ឋានេនៈ សិស្សត្រូវចូលទៅបម្រើ លោកបានដល់ការរៀបចំគ្រឿងចង្ហាន់ ទឹកក្តៅ ទឹកត្រជាក់ ប្រសិនបើមានការរវល់ មិនត្រូវព្រងើយកន្តើយគេចវេសដោះដៃឡើយ ។
 • សុស្សសាយៈ សិស្សត្រូវជឿស្តាប់ឱវាទគ្រូ ឬសាស្រ្តាចារ្យបើលោកទូន្មានប្រៀប្រដៅដោយល្អ ហើយត្រូវត្រិះរិះមើលផល បើឃើញថាល្អគួរប្រញាប់ប្រតិបត្តិធ្វើតាម ។
 • បារិតរិយាយៈ សិស្សត្រូវឧបដ្ឋាក ( បម្រើ ) គ្រុឬ សាស្រ្តាចារ្យធ្វើវត្តប្រតិបត្តិដូចជាសិស្សមានបោសសម្អាតតប់ គក់ច្របាច់ជាដើម ។
 • សក្កច្ចំ សិប្បំបដិគ្គណេនៈ សិស្សត្រូវរៀននូវ សិល្ប៍វិជ្ជាដោយគោរពគឺថាកម្មវិធីដែលគ្រូ ឬសាស្រ្តាចារ្យដាក់ឲ្យគប្បីស្វាធ្យាយ ទន្ទេញឲ្យចាំស្ទាត់តម្កល់ស្មារតីស្តាប់ពាក្យពន្យល់ ការប្រៀនប្រដៅរបស់គ្រូឬសាស្រ្តាចារ្យដោយគោរព ។

៥. កម្មវិធីសិក្សារបស់គរុកោសល្យរួមមាន៖

 • ហេតុការណ៍បាតុភូត លំនាំរបស់អប់រំទូទៅ និងដោយឡែកស្នាដៃអប់រំសម្រាប់យុវវ័យ សម្រាប់សំដែងចេញបានជាក្រឹត្យក្រមសត្យានុម័ត ។
 • ឈរលើមូលដ្ឋាន នៃក្រឹត្យក្រមទាំងនេះ គេបានតម្រង់ទិសដំណើរការអភិវឌ្ឍន៍របស់វិស័យអប់រំ ដោយអនុលោមតាមសំណូមពររបស់សង្គមសម្រាប់សម័យកាលនីមួយៗនៃប្រវត្តិសាស្រ្ត
 • ពិសេសណាស់ទៅទៀតនោះគឺការអប់រំនេះហើយដែលជាវិទ្យាសាស្រ្តសិក្សា និងធ្វើឲ្យមានតុល្យភាពលើបទពិសោធក្នុងការបណ្តុះបណ្តាលមនុស្សសម្រាប់ជីវភាពរស់នៅរបស់សង្គម ការងារផលិតកម្មនិងវិស័យការពារប្រទេសជាតិ  ។

៦. គរុកោសល្យមានតួនាទីដូចតទៅ៖

 • ផ្តើមចេញ​ពីហេតុការណ៍ជាក់ស្តែងនៃការអប់រំនិងតម្រូវការរបស់សង្គមគរុកោសល្យស្រាយបំភ្លឺពីគោលការណ៍ និងក្បួនច្បាប់នៅក្នុងការប្រតិបត្តិរបស់ការអប់រំ​ ។
 • បន្សល់ទុកជាកេរ្តិ៍មត៌កនូវប្រពៃណីល្អ របស់សាលារៀនពីសម័យដើមដោយលើកឡើងជាការទិតៀនទៅលើចំណុចខ្វះខាតនិងធ្វើឲ្យសម្បូរបែបនូវលទ្ធកម្មថ្មី នៃចំណេះដឹងរបស់សិស្ស ។
 • ប្រឆាំងជានិច្ចនិងភាពអន់ខ្សោយ ហួសសម័យក្នុងការផ្តល់ចំណេះដឹងឲ្យដល់សិស្ស
 • ធ្វើតុល្យការ និងវាយតម្លៃទៅលើជោគជ័យដែលសម្រេចបានពី ការបង្រៀនរបស់គ្រូឬសាស្រ្តាចារ្យនិងការសិក្សារបស់សិស្ស ។
 • ធ្វើវិភាគ ណែនាំបង្ហាញពីបទពិសោធន៍លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេសដល់គ្រូឬសាស្រ្តចារ្យបង្រៀនដែលទើបចេញពីវិទ្យាស្ថានជាតិអប់រំ ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យ ។

៧. តម្លៃលើភារកិច្ចរបស់គរុកោសល្យ៖

 • វត្ថុបំណងនៃការអប់រំៈ បណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋឲ្យក្លាយទៅជា បញ្ញវន្ត ដែលមានសីលធម៌ល្អ និងកម្រិតវប្បធម៌ខ្ពស់តាមមុខជំនាញ ដើម្បីកសាងប្រទេសទៅថ្ងៃអនាគត ។
 • តួនាទីរបស់គ្រូបង្រៀន សាស្រ្តាចារ្យៈ សកម្មភាពបង្ហាត់បង្រៀនសិស្ស តាមមុខវិជ្ជាឯកទេសនិងសកម្មភាពសិក្សារបស់សិស្ស  ។ គុណភាពអប់រំដែលសម្រេចបាន ត្រូវឆ្លងកាត់ការវិភាគនិងរង្វាយតម្លៃទៅតាមធាតុពិត ។
 • មុខវិជ្ជាឯកទេសដែលគ្រូបង្រៀន ឬសាស្រ្តាចារ្យម្នាក់ត្រូវបង្រៀននិងកម្មវិធីសិក្សា​ ។
 • ប្រព័ន្ធគ្រប់គ្រងសាលារៀនរបស់ប្រទេសជាតិនីមួយៗ ។
 • ការអប់រំសីលធម៌ វិជ្ជាពលរដ្ឋ
 • ការអប់រំកាយ
 • ការអប់រំបញ្ញា
 • ការអប់រំសិល្បវិជ្ជា
 • ការអប់រំពលកម្ម
 • សកម្មភាពក្រៅម៉ោងសិក្សា និងក្រៅសាលារៀន ( កីឡា សិល្បៈ កាយសម្ព័ន្ធ )
 • ការរៀបចំ និងការគ្រប់គ្រងសាលារៀន
 • សមាគមន៍យុវជន  ( តួនាទី និងសកម្មភាព )
 • សមាគមន៍មាតាបិតាសិស្ស ( តួនាទីសកម្មការជួយសាងសង់សាលារៀន )
 • តួនាទីរបស់នាយក នាយករង ប្រធានក្រុមបច្ចេកទេសតាមមុខវិជ្ជា និងសាស្រ្តចារ្យទទួលបន្ទុកថ្នាក់នីមួយៗ ។

៨. ចំពោះគ្រូបង្រៀននិងសាស្រ្តាចារ្យសង្គមមានសំណូមពរ និងសេចក្តីសង្ឃឹមដួចតទៅ៖

 • គ្រូបង្រៀន និងសាស្រ្តាចារ្យក្នុងសង្គមត្រូវមានទស្សនៈអប់រំ ដោយឈរលើមូលដ្ឋាននៃមាត្រារបស់ររដ្ឋធម្មនុញ្ញ និងគោលមាគ៌ានយោបាយដឹកនាំដោយរាជរដ្ឋាភិបាល ។ គ្រូបង្រៀន និងសាស្រ្តាចារ្យមិនត្រូវបង្កើតឲ្យមានទំនាស់ផ្នែកនយោបាយក្នុងការបង្ហាត់បង្រៀន និងអប់រំសិស្សឬក្នុងជួរបុគ្គលិកសិក្សា ដែលធ្វើឲ្យអសកម្ម ក្នុងការងាររបស់សាលារៀន ។ ការងារក្នុងសាលារៀនជាការងាររបស់ជាតិទាំងមូល ។
 • គ្រូបង្រៀននិងសាស្រ្តាចារ្យត្រូវឈរលើមូលដ្ឋាននៃឧត្តមគតិស្នេហាជាតិ ស្នេហាជំនាន់យុវវ័យនិងធ្វើការដើម្បីជំនាន់យុវវ័យក្នុងន័យបង្ហាត់បង្រៀនអប់រំ និងបណ្តុះបណ្តាលគុណសម្បត្តិ សីលធម៌ល្អ និងកម្រិតវប្បធម៌ស្របទៅតាមកម្មវិធីសិក្សា ។
 • គ្រូបង្រៀន និងសាស្រា្តចារ្យត្រូវមានសមត្ថភាពនិងបទពិសោធន៍ និងមានកម្រិតវប្បធម៌គ្រប់គ្រាន់ ដើម្បីបង្ហាត់បង្រៀននិងអប់រំសិស្សនិស្សិត សិក្ខាកាមទៅតាមមុខវិជ្ជាឯកទេសដែលខ្លួនបានបង្រៀន ។
 • គ្រូបង្រៀន និងសាស្រ្តាចារ្យត្រូវប្រកាន់គុណសម្បត្តិល្អផ្ទាល់ខ្លួន​និងអំណត់អត់ធ្មត់ ដើម្បីបម្រើសំណូមពររបស់សង្គមនិងសិស្ស ។
 • គ្រូបង្រៀន និងសាស្រ្តាចារ្យត្រូវយល់ដឹងអំពីចិត្តវិទ្យាខាងផ្នែកបុគ្គលិកលក្ខណៈ ខាងវ័យសិក្សាខាងការបង្រៀនខាងការអប់រំនិងគរុកោសល្យជាដើម ។​
 • គ្រូបង្រៀននិងសាស្រ្តាចារ្យត្រូវយល់ដឹងអំពីសមិទ្ធផលដ៏ទំនើបរបស់វិទ្យាសាស្ត្រ និងបច្ចេកទេសដោយព្យាយាម សិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើមុខវិជ្ជាឯកទេសដែលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិតដោយក្តាប់បាបច្បាស់លាស់ពីវិធិសាស្រ្ត បង្រៀននិងល្បិចបង្រៀនល្អ សំដៅឲ្យសិស្ស និស្សិតងាយយល់និងងាយចងចាំ​ ។
 • គ្រូបង្រៀន និងសាស្រ្តាចារ្យត្រូវមានសម្បទាគរុកោសល្យដ៏ត្រឹមត្រូវតាមលក្ខណវិទ្យាសាស្រ្ត ព្រមទាំងស្រឡាញ់ និងយកចិត្តទុកដាក់ដល់ជំនាន់យុវវ័យ ។

ដូច្នេះ សេចក្តីសេ្នហារបស់គ្រូ និងសាស្រ្តចារ្យចំពោះជំនាន់យុវវ័យ ចាត់ទុកជាលក្ខណៈដោយឡែករបស់អ្នកអប់រំ ។ បើអ្នកអប់រំមិនចូលចិត្តសិស្ស និស្សិត ទេនោះគេពិបាកនិងធ្វើឲ្យមុខរបររបស់គេមានសុក្រឹតភាពណាស់ ។

៩. តាមទស្សនៈគរុកោសល្យគុណសម្បត្តិរបស់គ្រូបង្រៀន ឬសាស្ត្រាចារ្យមាន៦យ៉ាងគឺ៖

 • គុណសម្បត្តិខាងចិត្តគរុកោសល្យ
 • គុណសម្បត្តិខាង វិធីសាស្ត្របង្រៀន
 • គុណសម្បត្តិខាងផ្នែកកម្រិតវប្បធម៌
 • គុណសម្បត្តិខាងបទពិសោធន៍ក្នុងការបង្រៀន
 • គុណសម្បត្តិខាង សេចក្តីព្យាយាម និងការអត់ធ្មត់
 • គុណសម្បត្តិខាង ផ្នែកសិល្បៈគរុកោសល្យក្នុងការបង្រៀន និងការអប់រំសិស្សនិស្សិត ។

១០. ដើម្បីចៀសវាងកុំឲ្យមានទំនាសក្នុងសាលារៀននិងមជ្ឈដ្ឋានសង្គម បុគ្គលិកសិក្សាត្រូវ៖

 • មានទំនាក់ទំនងល្អជាមួយសហសេវិក
 • មានទំនាក់ទំនងយ៉ាងប្រសើរជាមួយថ្នាក់ដឹកនាំសាលាគណៈនាយក ដោយមិនប្រកាន់ឋានៈវណ្ណៈឬតួនាទី
 • ចេះជួយយកអាសាគ្នាទៅវិញទៅមក ស្រឡាញ់រាបអានគ្នាជាភាតរភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចេះអត់ធ្មត់មានសន្តានចិត្តល្អជានិច្ច
 • ចៀសវាងការអួតអាងថាខ្លួនគ្រាន់បើជាងគេ ការបន្តុះបង្អាប់គ្នាការនិយាយអាក្រក់ពីគ្នា ការមិនទុកចិត្តគ្នាការប្រមាថមើលងាយអ្នកទន់ខ្សោយ ការប្រើប្រាស់សម្តីគំរោះគំរើយ ការប្រមាថមើលងាយអ្នកទន់ខ្សោយ ការរស់នៅផ្តាច់ខ្លួនអំពីសមូលហភាពការគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លូន
 • ចៀសវាងការសាបព្រោះ ភាពឥតសណ្តាប់ធ្នាប់ ភាពគ្មានវិន័យភាពអនាធិបតេយ្យក្នុងជួរសហសេវិក ឬសមូហភាពសិស្ស និស្សិត ។

១១. ដើម្បីបង្រៀនល្អ និងឲ្យសិស្សរៀនល្អគ្រូបង្រៀនឬសាស្រ្តាចារ្យ ត្រូវពឹងផ្អែកលើកត្តាជាមូលដ្ឋានគ្រឹះមួយចំនួនដូចយ៉ាង ៖

 • ផ្សារភ្ជាប់ចំណេះដឹងថ្មីៗ ទៅនឹងចំណេះដឹងចាស់ដែលសិស្សបានរៀនរួចហើយ
 • សម្រួលខ្លឹមសារមេរៀន ទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស និស្សិត
 • ក្នុងការកសាងខ្លឹមសារឯកសារនិងបកស្រាយពន្យល់មេរៀនឲ្យសិស្សងាយយល់ គ្រូឬគរុកោសល្យអាចប្រើវិធីសាស្ត្រអនុមានញែក គឺដោយផ្តើមពីនិយមន័យទៅឧបករណ៍ ឬក៏ប្រើវិធីអនុមានរួមដោយផ្តើមពីនិយមន័យទៅឧបករណ៍ឬក៏ប្រើវិធីអនុមានរួមដោយផ្តើមចេញពីឧបករណ៍ដើម្បីកសាងបាននូវនិយមន័យមួយ
 • យល់ស៊ីជម្រៅទៅលើខ្លឹមសារឯកសារទៅតាមគំនិតច្នៃប្រឌិត និងប្រើប្រាស់សម្ភារៈឧបទេស ទៅតាមមុខវិជ្ជាឯកទេសសំដៅឲ្យសិស្សងាយយល់
 • យកចិត្តទុកដាក់ដល់សិស្សខ្សោយមុនសិស្សមធ្យម និងសិស្សមធ្យមមុនសិស្សពូកែ ។

១២ .គ្រូបង្រៀនឬសាស្រ្តាចារ្យត្រូវ៖

 • យល់ច្បាស់ និងស៊ីជម្រៅទៅលើខ្លឹមសារមេរៀន និងសម្ភារៈឧបទេសស្របតាមខ្លឹមសារមេរៀននិងរបៀបប្រើប្រាស់សម្ភារៈក្នុងម៉ោងសិក្សា
 • កុំទាន់បង្ហាញចំណងជើងមេរៀន
 • សរសេរអក្សរ លេខ ឬគូររូបលើក្តារខៀនឲ្យបានច្បាស់លាស់
 • លើកជាសំណួរទៅតាមលំដាប់លំដោយ នៃខ្លឹមសារមេរៀន
 • កុំបណ្តោយឲ្យសិស្សនិស្សិតឆ្លើយជាសមូហភាព ( ទាំងអស់គ្នា )
 • កុំហៅតែសិស្សដដែលៗឬសិស្សពូកែ សិស្សមធ្យមឲ្យឆ្លើយ ដោយទុកចោលសិស្សខ្សោយឲ្យអសកម្មក្នុងម៉ោងបង្រៀន
 • ត្រូវចេះសម្របសម្រួលសំណួរ ( សំណួរពិបាកយល់ ) ដោយរក្សាសំណួរនៅដដែល
 • ហៅសិស្សខ្សោយ ឲ្យឆ្លើយមុនសិស្សមធ្យមហើយសិស្សមធ្យមមុនសិស្សពូកែ
 • កែតម្រូចម្លើយរបស់សិស្ស  បើសិស្សឆ្លើយមិនទាន់បានត្រឹមត្រូវ
 • ប្រើសម្តីសម្បូរដោយរូបារម្មណ៍ ដើម្បីទាញអារម្មណ៍របស់សិស្ស
 • ប្រើឃ្លាខ្លីៗ ចំៗ ច្បាស់ៗ ឲ្យសិស្សងាយយល់និងងាយចាំបានយូរ
 • ដាក់សំណួរឬ​លំហាត់ ឲ្យសមស្របទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស
 • យកចិត្តកែកិច្ចការសិស្ស ឬដាក់ពិន្ទុលើកិច្ចការសិស្ស និងចេះលើកទឹកចិត្តសិស្សឲ្យបានទាន់ពេលវេលា  ។

១៣.​ក្នុងការបង្រៀននិងការអប់រំគរុកោសល្យមានតួនាទីដូចតទៅ៖

 • ស្រាយបំភ្លឺគោលការណ៍ និងក្បួនច្បាប់ក្នុងការប្រតិបត្តិរបស់វិស័យអប់រំ
 • បន្សល់ទុកជាកេរ្តិ៍មត៌កនូវប្រពៃណីដ៏ល្អរបស់សាលារៀនពីសម័យដើម
 • លើកឡើងជាគោលការណ៍ទិតៀនទៅលើចំណុចខ្វះខាត និងធ្វើឲ្យលទ្ឌកម្មថ្មីនៃចំណេះដឹងរបស់សិស្សឲ្យសម្បូរបែប
 • ប្រឆាំងជានិច្ចនូវភាពអន់ខ្សោយហួសសម័យក្នុងការផ្តល់ចំណេះដឹងឲ្យដល់សិស្ស
 • ធ្វើតុល្យការ និងវាយតម្លៃទៅលើជោគជ័យដែលសម្រេចបានពីការបង្រៀនរបស់គ្រូ និងាការសិក្សារបស់សិស្ស
 • ធ្វើការវិភាគ ណែនាំ បង្ហាញពីបទពិសោធន៍លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេសដល់គ្រូបង្រៀន និងសាស្រ្តាចារ្យ  ។

១៤. កត្តាដែលធ្វើឲ្យបុគ្គលិកសិក្សាក្នុងសាលារឿងមួយបែកបាក់សាមគ្គីគ្នារួមមាន៖

 • ការខ្វែងគំនិតគ្នា
 • ការមិនចុះសម្រុងនិងគ្នា
 • ការមិនទុកចិត្តរវាងគ្នានិងគ្នា
 • ការច្រណែនឈ្នានីសគ្នា
 • ការនិយាយដើមអាក្រក់រវាងគ្នានិងគ្នា
 • ការគុំគួន គំនុំព្យាបាទនឹងគ្នា
 • ការខ្វះនូវសេចក្តីថ្លៃថ្នូរនៅក្នុងខ្លួន
 • ការបន្តុះបង្អាប់ដាក់គ្នា
 • ការអួតអាងថាខ្លួនគ្រាន់បើជាងគេ
 • បើប្រមាថមើលងាយអ្នកទន់ខ្សោយ
 • ការប្រកាន់ចិត្តហិង្សា
 • ការប្រកាន់នូវចិត្តអស្មិមានៈក្នុងខ្លួន
 • ការប្រើសម្តីគំរោះគំរើយ ឈ្លើយកោង
 • ការមិនប្រកាន់នូវអត្តចរិតអសីលធម៌
 • ការរស់នៅផ្តាច់ខ្លួនពីសមូហភាព
 • ការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
 • ការសាបព្រោះនូវភាពគ្មានសណ្តាប់ធ្នាប់.... ។

១៥. លោកអ្នកប្រាជ្ញគរុកោសល្យដ៏ល្បី ដែលសិក្សាស្រាវជ្រាវលើទ្រឹស្តីបង្រៀនមុនគេ រួមមាន៖

 • លោកកូ​មិនស្គី
 • លោក ហ្សង់ ហ្សាក់រូសូ
 • លោក ដេកាត
 • លោក ឡូកុង
 • លោក ប៉ូស្តាតឡូស៊ី
 • លោក ឌិនស្តុកវ៉ូ
 • លោក អ៊ឺហូស្បា
 • លោក អ៊ូជិនស្គី
 • លោក សូមីសែបស្គី
 • លោក ដេស្រូលីបូ
 • លោក នីតូឡៃតុលស្តយ ។

១៦. ទ្រឹស្តីបង្រៀនមានភារកិច្ចជាមូលដ្ឋាន ៣យ៉ាងរួមមាន៖

 • ត្រួសត្រាយក្រឹត្យក្រមលំនាំនៃការបង្រៀន
 • កំណត់​បាននូវជម្រើសខ្លឹមសារ​នៃការបង្រៀន
 • រកឃើញវិធីសាស្ត្រមធ្យោបាយនិងរូបភាពចាត់តាំងការបង្រៀន ។

១៧. ខ្លឹមសារនៃការបង្រៀនគឺជា៖

 • ប្រព័ន្ធនៃចំណេះដឹងស្តីពីធម្មជាតិ សង្គម  ការគិត បច្ចេកទេស និងសកម្មភាពបញ្ញា
 • ប្រព័ន្ធនៃចំណេះធ្វើ និងបំណិនប្រសប់នៅក្នុងសកម្មភាពបញ្ញា និងការប្រតិបត្តិ
 • បទពិសោធន៍ និងសកម្មភាពច្នៃប្រឌិតនៅក្នុងលំនាំអភិវឌ្ឍន៍នៃប្រវត្តិសាស្រ្តក្នុងសង្គមមនុស្ស
 • ប្រព័ន្ធនៃនិយាយ ស្តីពីអាកប្បកិរិយារបស់មនុស្សចំពោះធម្មជាតិ សង្គមនិងខ្លួនឯង ។

១៨. ចំណេះដឹងជាទ្រឹស្តីមាន៥យ៉ាងគឺ៖

 • បណ្តាសញ្ញាណវិទ្យាសាស្រ្ត និងបច្ចេកសព្ទវិទ្យាជាមូលដ្ឋាន
 • បណ្តាក្រឹត្យក្រមវិទ្យាសាស្រ្តជាមូលដ្ឋានដែលជាចំណងទាក់ទងរវាងកម្មវត្ថុ និងបាតុភូតផ្សេងៗគ្នាក្នុងតថភាពសត្យានុម័ត
 • បណ្តាក្រឹត្យក្រមវិទ្យាសាស្ត្រនៃរបកគំហើញក្នុងវិស័យណាមួយ ដែលអ្នកប្រាជ្ញបានចងក្រងទុក
 • បណ្តាឧត្តមគតិស្តីពីវិទ្យាសាស្ត្រ និងសង្គមដែលកំណត់បាននូវអាកប្បកិរិយារបស់មនុស្សម្នាក់ៗចំពោះលោកៈ
 • បណ្តាក្បួនច្បាប់សីលធម៌ សិល្ប៍វិទ្យា សិទ្ធិអំណាច ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។

១៩. លំនាំនៃការបង្រៀនគឺជាលំនាំនៃការផ្សព្វផ្សាយចំណេះដឹងរបស់សាស្រ្តាចារ្យ និងលំនាំនៃទំនួលយល់ជ្រួតជ្រាប ចំណេះដឹង ចំណេះធ្វើបំណិនប្រសប់ និងវិធីអនុវត្តរបស់សិស្សក្រោមការដឹកនាំគ្រប់គ្រងនិងចាត់តាំងដោយរបស់គ្រូបង្រៀននិងសាស្ត្រាចារ្យ ។

២០. អ្នកប្រាជ្ញដែលបានយកចិត្តទុកដាក់ស្រាវជ្រាវពីគោលការណ៍នៃការបង្រៀនមុនគេមាន៖

 • លោក កុង ភុយស៊ស ( ៥៥១. ៤៧០ មនុគ.ស )
 • លោក កូមិនស្គី ( ១៥៩២. ១៦៧០ )
 • លោក ហ្សង់ ហ្សាក់រូសូ ( ១៧១២. ១៧៧៨ )
 • លោក ប៉េ ស្តាឡូស៊ី ( ១៧៤៦. ១៨២៧ )
 • លោក ឌិស ស្តិវ៉ិច ( ១៧៩០. ១៨៦៦ )
 • លោក អ៊ូ ជិនស្គី ( ១៨២៤. ១៨៧០ ) ។

២១. គោលការណ៍ នៃការបង្រៀនដែលបាននឹងកំពុងអនុវត្តជាសាកល នៅក្នុងសាលារៀនមធ្យមសិក្សាចំណេះទូទៅមាន៧យ៉ាងគឺ៖

 • ការធានានូវចរិតអប់រំ
 • ការធានាបាននូវចរិតវិទ្យាសាស្រ្ត
 • ការធានាបាននូវចរិតប្រតិបត្តិ
 • ពង្រឹងពង្រីកចរិតភ្ញាក់រឮក ចរិតសកម្ម ម្ចាស់ការច្នៃប្រឌិតរបស់សិស្ស
 • ការធានាបាននូវចរិតអព្ភន្តរញាណ
 • ការធានាបាននូវភាពពង្រឹងចំណេះដឹងចំណេះធ្វើនិងបំណិនប្រសប់របស់សិស្ស
 • ការយកចិត្តទុកដាក់ដល់ ភាពដោយឡែកនៃកម្មវត្ថុបង្រៀន ។

២២. វិធីបង្រៀនតាមប្រពៃណី៨ប្រភេទគឺ៖

 • វីធីឧទ្ទេស
 • វីធីប្រើប្រាស់សៀវភៅ  និងឯកសារផ្សេងៗ
 • វិធីចោទ ឆ្លើយ
 • វិធីអព្ភន្តរញាណ
 • វិធីធ្វើពិសោធន៍
 • វិធីហ្វឹកហ្វឺន
 • វិធីសិក្សាសារឡើងវិញ
 • វិធីកិច្ចការត្រួតពិនិត្យ វាយតម្លៃចំណេះដឹងចំណេះធ្វើនិងបំណិនប្រសប់របស់សិស្ស ។

២៣. សៀវភៅសិក្សាមានឥទ្ធិពលណាស់គឺ៖

 • ជួយសិស្សឲ្យបើកទូលាយ និងស៊ីជម្រៅទៅលើការយល់ដឹងរបស់ខ្លួនឲ្យបានត្រឹមត្រូវ
 • ជួយសិស្សឲ្យហ្វឹកហ្វឺនបាននូវចំណេះដឹងចំណេះធ្វើនិងបំណិនប្រសប់
 • ជួយសិស្សឲ្យមានទម្លាប់ និងបទពិសោធន៍ក្នុងការសិក្សាស្រាវជ្រាវ
 • បំប៉ន់នូវអត្ថប្រយោជន៍ទៅដល់សិស្សក្នុងការសិក្សាដូចជាសញ្ចេតនា និងសតិអារម្មណ៍ភ្លឺស្វាង
 • ជួយជាឯកសារប្រភព ដល់សិស្សក្នុងការធ្វើបទបង្ហាញនិងជាទឡ្ហីករណ៍
 • ជួយឲ្យសិស្សមានទំនុកក្នុងការសិក្សា និងពុំធ្វើឲ្យមានភាពធុញទ្រាន់ដល់សិស្សជាដើម ។

២៤. ការជួយសិស្សខ្សោយដោយឡែក ទាមទារឲ្យសាស្ត្រាចារ្យធ្វើដូចតទៅ៖

 • យកចិត្តទុកដាក់ជួយពន្យល់ណែនាំ ឲ្យបានកក់ក្តៅ
 • ជ្រើសរើសឯកសារ ឬខ្លឹមសារមេរៀនឲ្យបានយ៉ាងត្រឹមត្រូវនិងងាយយល់ល្មមឲ្យសិស្សនោះស្វ័យសិក្សាបានផង
 • ប្រើសិស្សពូកែក្នុងថ្នាក់ឬ ក្រុមគរុសិស្សដែលធ្វើកម្មសិក្សា​ឲ្យជួយសិស្សនោះឲ្យបានដិតដល់
 • រក្សាឲ្យបាននូវតួនាទីដឹកនាំតាមដាននិងត្រួតពិនិត្យ លើការជួយសិស្សនោះឲ្យបានហ្មត់ចត់ ។

២៥. នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សារបស់សិស្សគ្រូបង្រៀន ឬសាស្ត្រាចារ្យ​ត្រួវឈរលើមូលដ្ឋានដូចតទៅ៖

 • ធ្វើឲ្យខ្លឹមសារនៃមេរៀនមានលក្ខណសម្បូរបែប
 • ជ្រើសរើសឯកសារ ឬសៀវភៅសិក្សា តាមកម្មវិធីជាផ្លូវការ
 • ធ្វើការវិភាគស៊ីជម្រៅឲ្យបានគ្រប់ជ្រុងជ្រោយទៅលើៀខ្លឹមសារមេរៀន
 • ត្រិះរិះពិចារណាលើវិធី និងល្បិចបង្រៀនដើម្បីឲ្យសិស្សក្តាប់មេរៀនបាន
 • ត្រិះរិះឬគិតគូររកសម្ភារៈមកបង្រៀន ចំពោះករណីដ៏ចាំបាច់នៃខ្លឹមសារមេរៀន ។

២៦. ដើម្បីវិភាគទៅលើមេរៀនដែលត្រូវបង្រៀនសាស្រ្តាចារ្យ ឬគ្រូបង្រៀនត្រូវឈរលើមូលដ្ឋាននៃកត្តា៥យ៉ាងរួមមាន៖

 • វិភាគលើផ្នែកសញ្ញាណ
 • វិភាគលើភាពសមហេតុសមផល
 • វិភាគលើផ្នែកចិត្តវិទ្យា
 • វិភាគលើផ្នែកអត្ថន័យអប់រំរបស់មេរៀន
 • វិភាគលើផ្នែកអត្ថន័យនៃទ្រឹស្តីមេរៀន ។

ចំណេះដឹងះអំពីសទិសស័ព្ទ ( ផ្នែក ង )

២៧. ពាក្យ «​ សេ សេរ សិរ ( សិរ្ស សិរ្ស៍ )មានន័យ៖

 • សេ ( កិ.វិ.គុ ) សិញ ស្អេក ស្អេកស្កះ ។ ឧ. សុខច័ន្ទដើរញាប់សេ កាលពីម្សិលមិញ ។
 • សេរ ( គុ.ន ) ដែលមានសិទ្ធិលើខ្លួនឯង ។  ឧ. កម្ពុជាគឺជាសេរប្បទេស ។
 • សិរ ( សិរ្ស សិរ្ស៍ ) ក្បាល ព្រះសិរ ។ ឧ. ស្តេចកើយលើរងព្រះសិរផ្ទុំលក់ស្កប់ស្កល់ ។

២៨. ពាក្យ « អារម្ភ អារម្មណ៍ » ៖

 • អារម្ភ( ន) ការប្រារព្ធ ការផ្តួចផ្តើម ដំណើរចាប់ផ្តើមការ ។ ឧ. ដានី ប៉ិនប្រសប់សរសេរអារម្ភបទណាស់ ។
 • អារម្មណ៍​( ន ) គ្រឿង តោង គ្រឿងទាញទាក់ គ្រឿងតោងរបស់ចិត្ត គំណិតការដឹង ។ ឧ. ដារុងកំពុងអង្គុយបណ្តែតអារម្មណ៍ ។

២៩. ពាក្យ « កា ការ កាណ៌ ការណ៌ » ៖

 • កា ( ន ) បំពង់សម្រាប់ដាក់ទឹក ។ ឧ . រំដួលផឹកទឹកអស់បីកា ។
 • កា ( កិ ) កាខ្នងសំបុត្រ សរសេរលើខ្នងសំបុត្រ ។ ឧ. ខ្ញុំបានកាខ្នងសំបុត្រហើយជួយពិនិត្យផង​។
 • ការ( កិ ) ការសូត្រ ការអម្បោះ ។  ឧ. បុប្ផាត្រូវបានការពារដោយក្រុមប៉ូលីស ។
 • ការ ( កិ ) បិទបាំង រារាំង ឃាត់ខាំង ។ ឧ. មេមាន់ការកូន ។
 • ការ ( ន)  ការងារ ការងារប្រចាំថ្ងៃ ។ ឧ. ចុះលោកពូ រកប៉ាខ្ញុំមានការអ្វីដែរ ?
 • ការ (កិ ) រៀបអាពាហ៍ពិពាហ៍កូនប្រុសស្រី ។ ឧ. លោកសារ៉ាត់បានរៀបចំការកូនស្រី ។
 • កាណ៌ ( ន ) ត្រចៀក ព្រះកាណ៌ ។ ឧ. ស្តេចទ្រង់ប្រឈួនព្រះកាណ៌ ។
 • ការណ៌ ( ន.បា.សំ ) ហេតុដំណើរសេចក្តី ។ ឧ. ឯងធ្វើនេះនាំឲ្យខូចការអស់រលីង ។

៣០. ពាក្យ « សព្វ សប់ សប សព សប្ត » ៖

 • សព្វ ( គុ ) ទាំងពួង ទាំងអស់ ទាំងមូល រាល់ទាំងស្រុង ទាំងគ្រប់ គ្រប់ ទួ ទួទៅ ។​ ឧ.​វ៉ាន់នីដើរទិញឥវ៉ាន់បានសព្វគ្រប់ ។
 • សព ( ន ) ខ្មោចស្រស់ រូបបុគ្គលស្លាប់ សាកខ្មោច ។ ឧ. ម្តាយរបស់ខ្ញុំបានធ្វើបុណ្យតម្កល់សព ។
 • សប់ ( កិ ) ​ស្រូបដោយស្នប់ ទាញរុញដៃស្នប់ រឿយៗឲ្យមានខ្យល់ ។ឧ. សុផានី សប់គោមម៉ងសុង ។
 • សប្ត (ន ) សំណើរមិនដឹងខ្លួន មិនដឹងហេតុ ។ ឧ. យប់មិញខ្ញុំដេកយល់សប្តឃើញផ្លែដូង ។
 • សប (កិ ) ធៀបមើលឲ្យដឹង ធៀបប្រៀបគ្នាមើល ផ្ទឹមផ្ទៀងគ្នា ល្បងមើល ប្រឡងវិជ្ជា ។ ឧ. តើប្អូនមានសបចំណេះហើយឬនៅ ?

Comments

×

×

One more step

Please login to share your idea

Register Login