Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើការវិភាគបរិយាកាសមានប៉ុន្មាន ? អ្វីខ្លះ ?

២- តើអ្វីទៅជាការវិភាគទីផ្សារ ?

៣- តើអ្វីទៅហៅថាការវិភាគការប្រកួតប្រជែង ?

៤- តើការវិភាគអតិថិជនអាចដំណើរការបានដោយវិធីណា ?

៥- តើអ្វីទៅជាការវិភាគក្រុមហ៊ុន ?

៦- តើការវិភាគក្រុមហ៊ុនអាចពាក់ព័ន្ធអ្វីខ្លះ ? ចូររៀបរាប់ ?

៧- តើអ្វីទៅជាការវិភាគស្វត ?

ចម្លើយ

១- ការវិភាគបរិយាកាសមានដូចជា ៖

  • បរិយាកាសសង្គម-វប្បធម៌ វប្បធម៌នៅទីនេះ គឺយោងទៅលើតម្លៃនៃសង្គម ជំនឿ និងឋានៈក្នុងសង្គម ។ វប្បធម៌រួមបញ្ចូលនូវរាល់អ្វីៗដែលយើងរៀន និងយល់ដឹងដូចជាកត្តាផ្សេងៗនៃសង្គម ។ ឧទាហរណ៍ ដូចជាស្រ្តីជនជាតិអាមេរិកចូលចិត្តមានសេរីភាព ប៉ុន្តែស្រ្តីជនជាតិអារ៉ាប់វិញបែរជាប្រកាន់ប្រពៃណីតឹងរឹងទៅវិញ នេះគឺដោយសារតែវប្បធម៌ផ្សេងគ្នា ។ កិច្ចរបស់ Marker គឺត្រូវមើលទៅលើបរិយាកាសសង្គម និងសង្កេតមើលតម្លៃវប្បធម៌នៅជុំវិញ និងការជឿជាក់នៅក្នុងយុទ្ធសាស្ត្រម៉ាឃីធីង ។ វប្បធម៌ដែលជាប្រពៃណី គឺមិនមែនងាយស្រួលក្នុងការផ្លាស់ប្តូរនោះទេ ប៉ុន្តែមានរយៈពេលយូរណាស់ទើបអាចផ្លាស់ប្តូរបានដោយសន្សឹមៗ ។ ឧទាហរណ៍ នៅពាក់កណ្តាលចុងសតវត្សទី២០តួនាទីនៃស្រ្តីនៅក្នុងសង្គម និងតួនាទីដោយឡែកមួយទៀតក្នុងការបំពេញការងាររបស់ពួកគេ មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។ ការផ្លាស់ប្តូរទាំងនោះ យើងអាចមើលឃើញយ៉ាងច្បាស់នូវសញ្ញាណនៃការសម្រេចចិត្តចំពោះម៉ាឃីធីង ។
  • បរិយាកាសបច្ចេកវិទ្យា គឺជាការអនុវត្តចំណេះដឹងខាងវិទ្យាសាស្រ្ត ដើម្បីសម្រេចគោលបំណងអ្វីមួយ ។ បច្ចេកវិទ្យាទំនើបអាចធ្វើការផ្លាស់ប្តូរ ឬអាចបំផ្លាញឧស្សាហកម្មមួយបាន ។ ឧទាហរណ៍ នៅក្នុងវិស័យសុខាភិបាល នៅពេលដែលបច្ចេកវិទ្យារកឃើញនូវវិធីព្យាបាលដោយវិទ្យាសាស្ត្រទំនើប ដោយកាត់បន្ថយការប្រើប្រាស់ឱសថ នៅពេលនោះនឹងបំផ្លាញ ឬធ្វើឲ្យឧស្សាហកម្មឱសថធ្លាក់ចុះ ដោយសារគេកាត់បន្ថយការប្រើប្រាស់ឱសថ ។ ដូច្នេះ អ្នកប្រតិបត្តិម៉ាឃីធីងត្រូវគិតផងដែរ នូវផលប៉ះពាល់ខាងបច្ចេកវិទ្យា ។ ផលប៉ះពាល់នៃការផ្លាស់ប្តូរបច្ចេកវិទ្យា គឺជាកត្តាដ៏សំខាន់មួយទៀត នៅក្នុងកត្តាបរិយាកាសខាងក្រៅ ។ ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃម៉ាស៊ីហ្វាក់ ទូរស័ព្ទចល័ត និងការផ្ញើសារតាមរយៈអីុម៉េល បាននឹងកំពុងធ្វើឲ្យមានការផ្លាស់ប្តូរ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃចលនាទូរគមនាគមន៍ដែលមិនអាចទប់ស្កាត់បាន ។ ទូរគមនាគមន៍តាមរយៈទិន្នន័យ កំពុងផ្តល់ឲ្យ និងបញ្ជូនដោយ internet ។ កត្តាបរិយាកាសខាងបច្ចេកវិទ្យាជះឥទិ្ធពលយ៉ាងខ្លាំងទៅលើក្រុមហ៊ុននីមួយៗ បើសិនជាក្រុមហ៊ុននោះមិនដើរឲ្យទាន់ការអភិវឌ្ឍនៃបច្ចេកវិទ្យាទេនោះ ។
  • បរិយាកាសសេដ្ឋកិច្ច អានុភាពផ្នែកសេដ្ឋកិច្ចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសកម្មភាពម៉ាឃីធីង ។ មានក្រុមហ៊ុនមួយចំនួនប្រឈមមុខទៅនឹងការប្រកួតប្រជែង​ ។ យុទ្ធសាស្ត្រ ឬតាកទិករបស់ក្រុមហ៊ុនក៏អាចជាកត្តាដ៏សំខាន់ណាស់ដែរ ក្នុងការទទួលជោគជ័យ ឬបរាជ័យ ក្នុងការធ្វើម៉ាឃីធីងរបស់អង្គភាពនៅក្នុងការសម្រេចឲ្យបាននូវគោលដៅរបស់វា ។ ទោះបីជាទីផ្សារ គឺច្បាស់ណាស់ថាស្ថិតនៅជាបេះដូងនៃការធ្វើម៉ាឃីធីងក៏ដោយ ក៏វាជាចំណុចស្នូលផងដែរចំពោះទ្រឹស្តីសេដ្ឋកិច្ច និងចំពោះទស្សនៈជាមូលដ្ឋាននៃលទ្ធិមូលធននិយម ។ ទ្រឹស្ត្រីមីក្រូសេដ្ឋកិច្ចទំនើប ពុំមានបញ្ហាក្នុងការបរិយាយនូវសកម្មភាពនៃក្រុមហ៊ុនដែលមានភាពសុក្រឹតក្នុងទីផ្សារនោះទេ ។ អង្គភាពដែលមានភាពសុក្រឹត គឺពាក់ព័ន្ធទៅក្នុងការប្រកួតប្រជែងដ៏សុក្រឹត មានន័យថារចនាសម្ព័ន្ធទីផ្សារ ដែលសហគ្រាសទាំងអស់ក្នុងឧស្សាហកម្ម គឺជាអ្នកទទួលយកថ្លៃ ហើយដែលមានសេរីភាពក្នុងការចូល និងចេញពីឧស្សាហកម្មដោយសេរី ។  សេរីភាពក្នុងការចេញពី ឬចូលទៅក្នុងឧស្សាហកម្ម វាធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅលើក្រុមហ៊ុន ដែលស្ថិតនៅក្នុងឧស្សាហកម្មដូចគ្នា ដែលនេះគឺជាកត្តាជះឥទ្ធិពលនៃបរិយាកាសខាងក្រៅផ្នែកសេដ្ឋកិច្ច ។
  • បរិយាកាសនយោបាយ និងច្បាប់ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងម៉ាឃីធីង ។ យ៉ាងណាក៏ដោយ ផែនការដ៏ប្រសើរទាំងនោះអាចនឹងឈានទៅរកលទ្ធផលខុសនឹងអ្វីដែលគេរំពឹងទុក ដោយសារឥទ្ធិពលនយោបាយនិងច្បាប់ ហើយបរាជ័យចំពោះអ្វីដែលនឹងត្រូវធ្វើទៅលើកត្តាទាំងឡាយ អាចជាការមិនធ្វើកិច្ចការនៃការប្រកបអាជីវកម្ម ប្រកបដោយជោគជ័យតាមមធ្យោបាយផ្សេងទៀត ។ បានសេចក្តីថា ឥទ្ធិពលនៃបរិយាកាសខាងក្រៅតាមរយៈនយោបាយ និងច្បាប់ អាចធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន បើសិនជាក្រុមហ៊ុនមិនបត់បែនតាមកាលៈទេសៈ ។ ដំណើរការនយោបាយនៅក្នុងប្រទេសដទៃទៀត អាចមានឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកប្រតិបត្តិម៉ាឃីធីងអន្តរជាតិ ។ ឧទាហរណ៍ ការផ្លាស់ប្តូររបបនយោបាយនៅសហភាពសូវៀត បានបើកឱកាសទីផ្សារថ្មីនៅក្នុងបណ្តាប្រទេសអឺរ៉ុប និងអាស៊ី ។ ការជះឥទ្ធិពលខាងនយោបាយមានផលប៉ះពាល់ នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់បម្រាមយ៉ាងតឹងរឹងមិនឲ្យលក់អាវុធយុទ្ធភ័ណ្ឌទៅឲ្យប្រទេសមួយចំនួនដូចជា ប្រទេសគុយបា អីុរ៉ាក់ និងលីបង់ ។ នៅក្នុងប្រទេសចិនការធ្វើបាតុកម្មរបស់ក្រុមនិស្សិតនៅទីលានធានអានមីន និងការឆ្លើយតបដោយអំពើឃោឃៅរបស់រដ្ឋាភិបាលចិន នៅក្នុងខែមិថុនា ឆ្នាំ១៩៨៩ បានធ្វើឲ្យសភាពការណ៍នយោបាយចិនមិននឹងន ដែលអាចធ្វើឲ្យគេគិតថានឹងអាចមានការផ្លាស់ប្តូរ ។ បន្ទាប់ពីព្រឹត្តការណ៍នោះកើតឡើងរួចមក សាជីវកម្មនៃប្រទេសមូលធននិយមជាច្រើនបានពន្យាពេល ឬលប់ចោលផែនការសម្រាបក់ពង្រីកចូលទៅក្នុងទីផ្សារប្រទេសចិន ។
  • បរិយាកាសប្រជាសាស្រ្ត គឺជាការសិក្សាទំហំ និងធាតុផ្សំផ្សេងទៀតនៃប្រជាពលរដ្ឋ ។ ការយល់ដឹងអំពីអាយុ ចំណូល ការសិក្សា និងចរិកលក្ខណៈរបស់ប្រជាសាស្ត្រផ្សេងទៀត គឺជាកិច្ចការដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រងម៉ាឃីធីង ។ និន្នាការប្រជាសាស្ត្រទាំងនេះរួមបញ្ចូលទាំងអាយុនៃប្រជាពលរដ្ឋផងដែរ ដោយមាននិន្នាការទូទៅឆ្ពោះទៅរកក្រុមគ្រួសារតូចៗ ។ និន្នាការប្រជាសាស្ត្រទាំងនះ បាននាំទៅដល់ការផ្លាស់ប្តូរនៅក្នុងបែងចែក និងការរចនាផលិតផល ។

២- ការវិភាគទីផ្សារ គឺការព្យាករណ៍ទំហំ និងអត្រារីកលូតលាស់របស់ទីផ្សារ ដែលក្រុមហ៊ុនកំពុងប្រតិបត្តិការក្នុងនោះ ។ មុននឹងធ្វើការងារនេះ យើងត្រូវតែកំណត់ទីផ្សាររបស់ក្រុមហ៊ុន ដោយវិធី(ក) កំណត់ព្រំដែននៃប្រជាសាស្រ្តនៃតំបន់ ដែលគ្របដណ្តប់ដោយសកម្មភាពម៉ាឃីធីងរបស់ក្រុមហ៊ុន និងដោយ(ខ) កំណត់កម្រិតផលិតផល ឬសេវាដែលពាក់ព័ន្ធនានាសម្រាប់ការផ្តល់របស់ក្រុមហ៊ុន ។

៣- ការវិភាគការប្រកួតប្រជែង គឺកំណត់គូប្រកួតប្រជែងសំខាន់ៗរបស់ក្រុមហ៊ុន វាយតម្លៃយុទ្ធសាស្ត្រ និងព្យាករណ៍សកម្មភាពរបស់គេ ។ ជំហានដំបូងនៃដំណើរប្រព្រឹត្តនេះគឺ កំណត់ទីផ្សារដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន ។ ក្រោយពេលកំណត់ទីផ្សារដែលពាក់ព័ន្ធរួចហើយនោះ គូប្រកួតប្រជែងសំខាន់ទាំងអស់នៅក្នុងទីផ្សារដែលកំណត់រួចនោះ ត្រូវតែរកឲ្យឃើញនិងពិពណ៌នាជាស្រេច ។ ព័ត៌មានអំពីគូប្រកួតប្រជែងនីមួយៗត្រូវតែរៀបចំ រួមមានវិសាលភាព និងគោលបំណងអាជីវកម្មរបស់គេ​ ប្រភពធនធាននិងសមត្ថភាពរបស់គេ ចំណែកទីផ្សាររបស់គេ យុទ្ធសាស្ត្ររបស់គេ និងជំហរទីផ្សាររបស់គេ ។ ជំហានបន្ទាប់មកទៀត គឺការវាយតម្លៃគូប្រកួតប្រជែងទាំងនេះ ឆ្លងតាមការប៉ាន់ប្រមាណចំណុចខ្លាំង ចំណុចខ្សោយ និងភាពប្រសើរក្នុងការប្រកួតប្រជែង ការគ្របដណ្តប់ទីផ្សារ និងការសម្តែងសកម្មភាពរបស់គេ ។ ជំហានចុងក្រោយគឺ ប្រមើលមើលទុកជាមុននូវសកម្មភាពអនាគតរបស់គូប្រកួតប្រជែង ។ យុទ្ធសាស្រ្ត និងយុទ្ធវិធីអនាគតរបស់គូប្រកួតប្រជែងនីមួយៗត្រូវតែត្រូវបានព្យាករណ៍ ដោយផ្អែកលើការវិភាគពីមុនៗ និងការត្រួតពិនិត្យនូវសកម្មភាពពីអតីតកាលរបស់ពួកគេ ។ ក្រុមហ៊ុនគួរតែកំណត់ឲ្យបានផងដែរ នូវគូប្រកួតប្រជែងដែលអាចនឹងឈានចូលថ្មីទៅក្នុងទីផ្សារ​ ។

៤- ការវិភាគអតិថិជនអាចដំណើរការបាន ដោយធ្វើការឆ្លើយនូវសំណួរ 5Wsនិង 1H ។ ការវិភាគត្រូវដំណើរការលើគ្រប់ជ្រុងជ្រោយទាំងអស់របស់អតិថិជន ក៏ដូចជាចំណែកទីផ្សារនីមួួយៗ ។ សំណួរទាំងនោះគឺ ៖

  • នរណា ? នរណាទិញផលិតផលរបស់យើង ?

    នរណាទិញផលិតផលរបស់គូប្រកួតប្រជែងយើង ?

    នរណាមានឥទ្ធិពលលើការសម្រេចចិត្ត ?

    នរណាប្រើប្រាស់ផលិតផល ?

    នរណាសម្រេចចិត្តក្នុងការទិញ ?

  • អ្វី ?         អ្វីដែលអតិថិជនស្វែងរក ?
  • ប្រយោជន៍/មុខងាររបស់ផលិតផល
  • លក្ខណៈនៃផលិតផល
  • លក្ខណៈនៃសេវា
  • លក្ខណៈនៃក្រុមហ៊ុន
  • លក្ខណៈវិនិច្ឆ័យក្នុងការទិញ

អ្វីខ្លះអំពីផលិតផលនិងផ្លាកសញ្ញាដែលអតិថិជនបានដឹង ?

អ្វីដែលជាការយល់របស់គេអំពីផលិតផលនិងផ្លាកសញ្ញា ?

អ្វីខ្លះដែលជាអាកប្បកិរិយារបស់គេចំពោះផលិតផលនិងផ្លាកសញ្ញា ?

  • ឯណា ?   តើគេស្វែងរកព័ត៌មានអំពីផលិតផលនៅឯណា ?

     តើគេទិញផលិតផលនៅឯណា ?

     តើគេប្រើប្រាស់ផលិតផលនៅឯណ ?

  • ពេលណា ? តើគេទិញផលិតផលពេលណា ?

      តើគេប្រើប្រាស់ផលិតផលពេលណា ?

  • ហេតុអ្វី ?   ហេតុអ្វីបានជាគេទិញផលិតផល ?

      ហេតុអ្វីបានជាគេជ្រើសរើសផ្លាកសញ្ញាណាមួយនោះ ?

  • យ៉ាងដូចម្តេច ? តើគេទិញផលិតផលយ៉ាងដូចម្តេច ?
  • ការសម្រេចចិត្តដោយឡែក ឬរួមគ្នា ?
  • តាមសន្ទុះ ឬមានផែនការ ?
  • ទិញទូរទាត់សាច់ប្រាក់ភ្លាមៗ ឬទិញជឿ ?
  • ទិញជាប់លាប់យ៉ាងណា ?
  • អំឡុងពេលរបស់ដំណើរប្រពឹ្រត្តនៃការសម្រេចចិត្ត ?

តើគេប្រើប្រាស់ផលិតផលយ៉ាងដូចម្តេច ?

ការស្រាវជ្រាវម៉ាឃីធីងត្រូវតែដំណើរការ ដើម្បីឆ្លើយតបនឹងសំណួរខាងលើ ។ ដោយសារការស្រាវជ្រាវអំពីអតិថិជនអាចត្រូវចំណាយសោហ៊ុយខ្ពស់ នោះវាមានសារៈសំខាន់ណាស់សម្រាប់អ្នកគ្រប់គ្រងម៉ាឃីធីង ត្រូវកំណត់សំណួរសំខាន់ៗដែលពាក់ព័ន្ធដល់ការសម្រេចចិត្តម៉ាឃីធីងដើម្បីធ្វើការស្រាវជ្រាវ ។

៥- ការវិភាគក្រុមហ៊ុន គឺប៉ាន់ប្រមាណមើលថា តើក្រុមហ៊ុនបានរៀបចំប្រុងប្រៀបសព្វគ្រប់ ដើម្បីក្តាប់ឱកាស និងប្រឆាំងតបនឹងការគំរាមគំហែងនៅក្នុងទីផ្សារហើយឬនៅ ។

៦- ការវិភាគក្រុមហ៊ុនអាចពាក់ព័ន្ធដល់ផ្នែកបួនគឺ ៖

  • ផ្នែកទីមួយ ៖ គឺវប្បធម៌របស់ក្រុមហុ៊ន ។ វប្បធម៌គឺជាព្រលឹងរបស់ក្រុមហ៊ុន ។ វាជាទស្សនៈ មនោគមវិជ្ជា និងតម្លៃ ដែលសាយភាយពាសពេញអង្គភាពទាំងមូល ។ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់មានឥទ្ធិពលយ៉ាងច្រើនក្នុងការបង្កើត និងថែរក្សាវប្បធម៌បែបនេះ ។ ទិដ្ឋភាពខ្លះៗនៃវប្បធម៌រួមមាន ភាពផ្លូវការទល់នឹងភាពមិនផ្លូវការ ភាពជាបុគ្គលទល់នឹងក្រុមការងារ ការបែរឆ្ពោះទៅរកការងារទល់នឹងការបែរឆ្ពោះទៅរកមនុស្ស ។ វប្បធម៌របស់ក្រុមហ៊ុនផ្តល់ឲ្យមនុស្សនូវសុភនិច្ឆ័យនៃការតម្រង់ទិស និងច្បាប់ឥរិយាបថមិនផ្លូវការ ។ វាជាការចងចាំត្រូវពិនិត្យថា​ តើក្រុមហ៊ុនមាននូវវប្បធម៌មិនផ្លាស់ប្តូរ (ជាក់លាក់)ឬទេ ។ ប្រសិនបើអ្នកគ្រប់គ្រងខុសៗគ្នា ដែលស្ថិតក្នុងសិទ្ធិអំណាចប្រកាន់យកនូវតម្លៃដែលទំនាស់គ្នា វានឹងនាំទៅដល់ទំនាស់អំពីគោលនយោបាយ និងគោលបំណង ហើយយុទ្ធសាស្ត្រដែលបានជ្រើសរើសណាមួយនោះនឹងខ្វះសហប្រតិបត្តិការ និងការតស៊ូរបស់អ្នកប្រតិបត្តិទាំងអស់ ។ វាក៏ត្រូវការផងដែរថា តើមានសង្គតិភាព (ភាពស្របគ្នា ភាពចុះសម្រុងគ្នា) រវាងវប្បធម៌របស់ក្រុមហ៊ុន និងយុទ្ធសាស្ត្ររបស់វាឬទេ ។
  • ផ្នែកទីពីរ ៖ គឺពិនិត្យរចនាសម្ព័ន្ធ និងប្រព័ន្ធរបស់ក្រុមហ៊ុន ។ មានវិធីបួនយ៉ាងក្នុងការចាត់ចែងសកម្មភាពម៉ាឃីធីងនៃក្រុមហ៊ុន គឺរចនាសម្ព័ន្ធតាមមុខងារ តាមទីផ្សារ ឬឧស្សាហកម្ម តាមផលិតផល ឬតាមម៉ាទ្រិក្ស ។ រចនាសម្ព័ន្ធចាត់តាំងដែលបានជ្រើសរើស គឺត្រូវតែសមស្របជាមួយនឹងទីផ្សារដែលបម្រើ និងជាមួយនឹងផលិតផលដែលផ្តល់ដោយក្រុមហ៊ុន ។ វាមានសារៈសំខាន់ផងដែរសម្រាប់ក្រុមហ៊ុន ក្នុងការមានរចនាសម្ព័ន្ធបញ្ចូលគ្នាមួយ ដែលនោះគឺអ្នកគ្រប់គ្រងដែលទទួលខុសត្រូវផ្នែកផ្សេងៗនៃម៉ាឃីធីងចម្រុះ ត្រូវតែធ្វើរបាយការណ៍ទៅអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ដែលជាអ្នកមើលទូទៅ និងជាអ្នកធ្វើឲ្យប្រាកដថា កម្មវិធីម៉ាឃីធីងនៃក្រុមហ៊ុនគឺមានលក្ខណៈបញ្ចូលគ្នា និងមិនផ្លាស់ប្តូរ ។ ដើម្បីចាត់ចែងការងារដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិ ក្រុមហ៊ុនត្រូវតែមានប្រព័ន្ធព័ត៌មានល្អ និងប្រព័ន្ធត្រួតពិនិត្យល្អ ។ ប្រព័ន្ធទាំងនេះគួរត្រូវបានវាយតម្លៃជាទៀងទាត់ ដើម្បីធានាថាវាផ្តល់នូវជំនួយយ៉ាងល្អដល់អ្នកគ្រប់គ្រងម៉ាឃីធីង ។
  • ផ្នែកទីបី ៖ គឺវាយតម្លៃធនធានរបស់ក្រុមហ៊ុន ។ ត្រូវប៉ាន់ប្រមាណឲ្យបានម៉ត់ចត់នូវសមត្ថភាពម៉ាឃីធីង សមត្ថភាពហិរញ្ញវត្ថុ សមត្ថភាពផលិតកម្ម និងសមត្ថភាពគ្រប់គ្រង ។
  • ផ្នែកទីបួន ៖ គឺការវិភាគការសម្តែងសកម្មភាពរបស់ក្រុមហ៊ុន ។ ត្រូវពិនិត្យមើលការលក់ អត្រាទីផ្សារការ ចំណាយ និងប្រាក់ចំណេញនៃផលិតផលរបស់ក្រុមហ៊ុន ទាំងជាសរុប និងទាំងបែងចែកតាមចំណែកទីផ្សារ តាមច្រកបែងចែក និងតាមផលិតផល ឬផ្លាកសញ្ញា ។ ក៏ត្រូវសិក្សាផងដែរនូវការយល់ដឹងអំពីអតិថិជន អាកប្បកិរិយា និងកម្រិតនៃការពេញចិត្តនឹងផលិតផល ឬផ្លាកសញ្ញារបស់ពួកគេ​ ។

៧- បច្ចេកទេសមួយដ៏សំខាន់ដែលមានលក្ខណៈពិសេស ក្នុងការវិភាគនៃធាតុផ្ទុកនៅក្នុងការត្រួតពិនិត្យម៉ាឃីធីង គឺការវិភាគSWOT (Strengths, Weaknesses, Opportunities, Threats) ។ គេបែងចែកជាពីរក្រុមគឺ កត្តាខាងក្នុង និងកត្តាខាងក្រៅ ហើយបន្ទាប់មកគេធ្វើចំណាត់ថ្នាក់ដោយធ្វើការបែងចែកជាទិដ្ឋភាពវិជ្ជមាន និងអវិជ្ជមាន ៖

  • កត្តាខាងក្នុង ៖ មានដូចជាភាពខ្លាំង និងភាពទន់ខ្សោយនៃផ្ទៃក្នុងអង្គភាព យុទ្ធសាស្រ្ត និងជំហរបស់អង្គភាពនៅក្នុងទំនាក់ទំនងជាមួយនឹងគូប្រកួតប្រជែងរបស់អង្គភាព ។
  • កត្តាខាងក្រៅ ៖ ឱកាស និងការគំរាមកំហែងតំណាងឲ្យបរិយាកាសខាងក្រៅ និងការប្រកួតប្រជែង ។ គោលបំណងនៃរាល់ការវិភាគ SWOT គួរត្រូវបានចាត់ទុកជាបញ្ហាគន្លឹះ ដែលនឹងក្លាយទៅជាបញ្ហាដ៏សំខាន់ ទៅអនាគតសម្រាប់អង្គភាព ហើយក្រោយមកទៀតការធ្វើផែនការម៉ាឃីធីងនឹងត្រូវបានអនុវត្ត ។ ដោយផ្អែកលើរាល់ព័ត៌មានទាំងអស់ពីការវិភាគបរិយាកាស ទីផ្សារ គូប្រកួតប្រជែង អតិថិជន និងក្រុមហ៊ុននោះ ក្រុមហ៊ុនគួរតែធ្វើការប៉ាន់ប្រមាណទៅលើឱកាស និងការគំរាមកំហែងក៏ដូចជាចំណុចខ្លាំង ចំណុចខ្សោយផងដែរ ដើម្បីចាប់យកឱកាស និងកាត់បន្ថយនូវការគំរាមកំហែងទាំងនេះ ។ ការវិភាគ SWOT តំណាងឲ្យការសង្ខេប និងសេចក្តីសន្និដ្ឋាននៃការវិភាគស្ថានភាព ហើយវាផ្តល់នូវការយល់ធ្លុះជ្រៅនៃការរៀបចំសកម្មភាព និងយុទ្ធសាស្រ្តសមស្របសម្រាប់អនាគត ដោយចង្អុលបង្ហាញអំពីភាពចន្លោះប្រហោងនៃប្រតិបត្តិការ និងការសម្តែងសកម្មភាពរបស់ក្រុមហ៊ុន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login