Ask
Websites Login

សំណួរ

៣៦- តាមមាត្រា ៧ នៃរដ្ឋធម្មនុញ្ញ តើមានយន្តការច្បាប់ ឬបទប្បញ្ញត្តិច្បាប់ណាដែលការពារព្រះកិត្តិនាម ព្រះមហាក្សត្រ ឬពង្រឹងមាត្រា ៧ នេះដែរទេ ?

៣៧- ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។ រាល់ការតែងតាំងឥស្សរជនធំៗ ត្រូវមានការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រ ។ តើនេះជាអំណាចឬទេ ?

៣៨-​ ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ តើពុំកាន់អំណាចមានន័យដូចម្តេច ?

៣៩- ប្រសិនបើនាយករដ្ឋមន្ត្រីធ្វើសំណើទៅព្រះមហាក្សត្រ តើព្រះមហាក្សត្រមានសិទ្ធិបដិសេធទេ ? បើបដិសេធ មានន័យថា ព្រះមហាក្សត្រមានសិទ្ធិធំជាងនាយករដ្ឋមន្ត្រីត្រូវទេ ?

៤០- តើរដ្ឋធម្មនុញ្ញមានកំណត់ដែរឬទេ ថាព្រះជាយានៃព្រះមហាក្សត្រត្រូវតែជាព្រះរាជវង្ស ?

ចម្លើយ

៣៦- ព្រះមហាក្សត្រ ជាតួអង្គដែលតំណាងឱ្យរដ្ឋ ដូច្នេះការធ្វើឱ្យប៉ះពាល់ ឬរំលោភដល់ព្រះមហាក្សត្រ មានន័យថា ជាការធ្វើឱ្យប៉ះពាល់ដល់ជាតិយើង ។ ឧទាហរណ៍ នៅខាងសាសនាវិញ សម្តេច ប៉ាប ក្នុងសាសនាគ្រិស្ត គឺត្រូវបានគេចាត់ទុកថាជាបុគ្គលខ្ពស់បំផុតដែលមិនអាចរំលោភបាន ។ ម្យ៉ាងវិញទៀត ប្រទេសមួយចំនួនដូចជា ប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីបារាំង លោក ហ្សាក់ ស៊ីរ៉ាក់ នៅពេលដែលបញ្ចប់អាណត្តិជាប្រធានាធិបតី និងជាប្រមុខរដ្ឋ អាចប្រឈមជាមួយនឹងការចោទប្រកាន់ឱ្យចូលតុលាការ ។ ដោយឡែក ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាវិញ គឺជាព្រះប្រមុខរដ្ឋអស់មួយជីវិត ។

៣៧- កាលដែលគេចែងថា “ទ្រង់មិនកាន់អំណាច ” មិនមែនមានន័យថា ទ្រង់មិនមានអំណាចនោះទេ ដូចជាករណីព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត នៃចក្រភពអង់គ្លេសដែរ ទ្រង់មិនកាន់អំណាចទេ ដោយទ្រង់ធ្វើការចែករំលែកអំណាចទៅឱ្យស្ថាប័នផ្សេងទៀតកាន់កាប់ មានរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងតុលាការ ដើម្បីបំពេញកិច្ចការជំនួសព្រះអង្គ។ ដូច្នេះក្រៅតែពីអំណាចខាងលើ ដូចជាការតែងតាំងមន្ត្រីជាន់ខ្ពស់ ឬ ឥស្សរជនសំខាន់ៗ អំណាចនេះត្រូវបានគេទុកថ្វាយព្រះមហាក្សត្រក្នុងឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋ ដូចជាករណីនៅព្រះរាជាណាចក្រកម្ពុជាដែរ ។

៣៨- អំពីព្រះមហាក្សត្រ ក្នុងរដ្ឋធម្មនុញ្ញូមាត្រា ៧ ចែងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនមានអំណាចឡើយ ។ ដូច្នេះ ក្នុងពេលព្រះអង្គទ្រង់គង់ជាព្រះមហាក្សត្រគឺមិនកាន់អំណាចឡើយ ទ្រង់គ្មានអំណាចទេ ទ្រង់មិនអាចលូកដៃចូលអំណាចណាមួយឡើយក្នុងនាមជាព្រះមហាក្សត្រគឺជាព្រះប្រមុខរដ្ឋ ។ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរណភាពទឹកដី ។

៣៩- ពុំមានមាត្រាណាមួយនៃរដ្ឋធម្មនុញ្ញ បញ្ញត្តិពីបញ្ហានេះទេ ប៉ុន្តែខ្ញុំអាចលើកជាឧទាហរណ៍មួយ ចំពោះករណីដែលធ្លាប់កើតមាននៅប្រទេសប៊ែលហ្សុិក ។ ក្នុងករណីនេះ ព្រះមហាក្សត្រប៊ែលហ្សុិកបានបដិសេធមិនព្រមឡាយព្រះហស្ថលេខាលើអត្ថបទច្បាប់ស្តីពីការរំលូតកូន ដោយសារតែព្រះអង្គជាអ្នកប្រកាន់ខ្ជាប់សាសនាគ្រិស្ត កាតូលិកយ៉ាងហ្មត់ចត់ ។ ដូច្នេះហើយ គេបានបង្កើតនីតិវិធីមួយ តាមរយៈនេះគេតម្រូវឱ្យព្រះមហាក្សត្រនេះលាលែង ហើយឱ្យព្រះមហាក្សត្រថ្មីដែលត្រូវមកជំនួសឡាយព្រះហស្ថលេខាវិញ ។ ជាសរុបមក នៅប្រទេសកម្ពុជាយើងពុំដែលធ្លាប់ជួបករណីនេះនៅឡើយទេ ។

៤០- ព្រះមហាក្សត្រ ក៏មានសិទ្ធិសេរីភាពដូចជាប្រជាពលរដ្ឋដែរ ដូច្នេះ ព្រះអង្គមានសិទ្ធិក្នុងការជ្រើសរើសស្រ្តីណាដែលទ្រង់សព្វព្រះរាជហឫទ័យ ។

តភាគ

Comments

×

×

One more step

Please login to share your idea

Register Login