Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើមេធាវីមានមុខងារសំខាន់ៗអ្វីខ្លះ ?

២- តើបែបបទនៃការប្រកបវិជ្ជាជីវៈមានអ្វីខ្លះ ?

៣- ចូរពន្យល់ពីការសម្ងាត់នៃវិជ្ជាជីវៈមេធាវី ?

៤- តើសកម្មភាពអ្វីខ្លះដែលមិនមែនជាការសម្ងាត់ ?

៥- តើគោលការណ៍គ្រឹះនៃក្រមសីលធម៌មេធាវីមានអ្វីខ្លះ ?

ចម្លើយ

១- មេធាវីមានមុខងារសំខាន់ៗដូចជា ៖

  • តំណាងកូនក្តី ៖ មេធាវីអាចតំណាងកូនក្តីតាមការយល់ព្រមពីកូនក្តី នៅគ្រប់សាលាជម្រះក្តី និងគ្រប់ដំណាក់កាលនៃនីតិវិធី លើកលែងតែមានបទបញ្ញត្តិច្បាប់ចែងផ្ទុយពីនេះ ជាពិសេសក្នុងរឿងរដ្ឋប្បវេណីពាណិជ្ជកម្ម រដ្ឋបាល​ ការងារ និងសង្គមកិច្ច ។
  • ការពារកូនក្តី ៖ ក្នុងរឿងព្រហ្មទណ្ឌមេធាវីជួយការពារជនជាប់ចោទ ការពារឲ្យជនរងគ្រោះ ការពារដើមបណ្តឹងរដ្ឋប្បវេណី និងការពារឲ្យអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ។ មេធាវីអាចជួយការពារកូនក្តីនៅចំពោះមុខក្រុមប្រឹក្សា វិន័យបានដែរ ។
  • ប្រឹក្សាយោបល់ និងតាក់តែងលិខិតស្នាម ៖ មេធាវីអាចផ្តល់យោបល់ផ្នែកច្បាប់ និងតាក់តែងលិខិតស្នាមគតិយុត្តជូនអតិថិជនដោយគិតកម្រៃ ដោយត្រូវធ្វើនៅការិយាល័យរបស់ខ្លួន ឬមេធាវីអាចទទួលពិគ្រោះយោបល់ច្បាប់ជូនអតិថិជននៅទីកន្លែងផ្សេងទៀត ដែលមានភាពសមរម្យ និងធានាបាននូវការសម្ងាត់វិជ្ជាជីវៈ ។
  • អ្នកអាជ្ញាកណ្តាល ឬអ្នកផ្សះផ្សារ ឬអ្នកសម្រុះសម្រួល ៖ អាចត្រូវបានចាត់តាំងដោយគូក្តី ឬដោយចៅក្រមឲ្យបំពេញមុខងារជាអ្នកផ្សះផ្សារ ឬជាអ្នកសម្រុះសម្រួល ។ មេធាវីនឹងអាចត្រូវចាត់តាំងជាអ្នកអាជ្ញាកណ្តាល តាមច្បាប់អនុញ្ញាត ។

២- បែបបទនៃការប្រកបវិជ្ជាជីវៈមានដូចជា ៖

  • ការប្រកបវិជ្ជាជីវៈមេធាវីជាឯកត្តជន ៖ មេធាវីដែលបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវីមានសិទ្ធិប្រកបវិជ្ជាជីវៈមេធាវីជាឯកត្តជន គឺប្រកបវិជ្ជាជី​វៈ មេធាវីតែម្នាក់ឯង ដោយមានការិយាល័យផ្ទាល់ខ្លួននៅកម្ពុជាមានសិទ្ធិប្រើប្រាស់ត្រាមេធាវី ត្រាឈ្មោះ ។
  • ការប្របកវិជ្ជាជីវៈមេធាវីជាសមូហភាព ៖

         - ជាក្រុម ៖ ក្រុមមេធា​វីគឺជាការប្រកបវិជ្ជាជីវៈមេធាវី ដែលមានការប្រមូលផ្តុំមេធាវីនៅក្នុងលំនៅវិជ្ជាជីវៈតែមួយ ដើម្បីប្រមូលផ្តុំមធ្យោបាយ ។

         - ជាក្រុមហ៊ុន ៖ ក្រុមហ៊ុនមេធាវី គឺជាក្រុមហ៊ុនស៊ីវិលដែលមានសមាជិកទាំងអស់សុទ្ធតែជាមេធាវី ហើយបានបង្កើតឡើងតាមច្បាប់ ។

៣- ការសម្ងាត់នៃវិជ្ជាជីវៈមេធាវី គឺជាវិធាននៃកាតព្វកិច្ចអកម្ម ដែលកំណត់មិនឲ្យធ្វើសកម្មភាព ផ្តល់ព័ត៌មាន ឬការសម្ងាត់ណាមួយក្នុងការបំពេញមុខងាររបស់ខ្លួន ដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់អតិថិជន ឬផលប្រយោជន៍សាធារណៈ ដែលច្បាប់បានកំណត់ លើកលែងតែមានការអនុញ្ញាតដោយច្បាប់ ឬមានការយល់ព្រមពីអតិថិជន ចំពោះការសម្ងាត់ដែលអតិថិជនអាចចាត់ចែងបាន ។ ដែលត្រូវចាត់ទុកជាការសម្ងាត់នៃវិជ្ជាជីវៈមេធាវីរួមមាន ៖

  • ត្រូវទុកជាការសម្ងាត់នៃវិជ្ជាជីវៈ ការពិគ្រោះយោបល់ និងការផ្តល់យោបល់ ឯកសារក្រៅផ្លូវការទាំងឡាយដែលមេធាវីតាក់តែងឡើងសម្រាប់អតិថិជនរបស់ខ្លួន លិខិតស្នាមទាំងឡាយដែលមេធាវី និងអតិថិជនរបស់ខ្លួន លិខិតស្នាមទាំងឡាយដែលមេធាវី និងអតិថិជនផ្ញើទាក់ទងគ្នា ។
  • មេធាវីត្រូវតែរក្សាការសម្ងាត់ជាដាច់ខាត ។ ការសម្ងាត់នេះមិនត្រូវអាចឲ្យជនណាស្រង់យកបានឡើយ ទោះបីជាអតិថិជនក៏ដោយ ។
  • មេធាវ​ីកំណត់តាមសតិសម្បជញ្ញៈរបស់ខ្លួន និងដោយមានការយល់ព្រមពីអតិថិជនផងនូវអ្វីដែលខ្លួនត្រូវលើកឡើង ដើម្បីការពារផលប្រយោជន៍របស់អតិថិជនដែលខ្លួនទទួលបន្ទុក ។
  • មេធាវីមិនអាចបំពាារបំពានលើការសម្ងាត់នៃវិជ្ជាជីវៈបានឡើយ ហើយក៏មិនអាចត្រូវបានបង្ខំឲ្យបំពារបំពានលើការសម្ងាត់នៃវិជ្ជាជីវៈរបស់ខ្លួនទោះបីនៅមុខតុលាការក៏ដោយ ។
  • ពុំមានកាតព្វកិច្ចលាក់អាថ៌កំបាំងទេ ល្ពឹកណាមេធាវីត្រូវឆ្លើយតបទៅនឹងបណ្តឹងរបស់អតិថិជនរបស់ខ្លួន ប៉ុន្តែត្រូវស្ថិតត្រឹមនៃការចាំបាច់នៃការការពាររបស់ខ្លួនតែប៉ុណ្ណោះ ។
  • មេធាវីគ្រប់រូបមានកាតព្វកិច្ចរក្សាការសម្ងាត់ជូនអតិថិជនរបស់ខ្លួនជាដាច់ខាត ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។ មេធាវីមិនត្រូវបង្ហាញការសម្ងាត់របស់អតិថិនជនខ្លួនឡើយ លើកលែងតែមានការជូនដំណឹងនិងយល់ព្រមពីអតិថិជន ឬកាលណាមានការអនុញ្ញាតដោយច្បាប់ឬតម្រូវដោយច្បាប់ ។
  • មិនអាចចាត់ទុកជាការសម្ងាត់នៃវិជ្ជាជី​វៈមេធាវីទេ បើគ្រាន់តែជានីតិវិធីរបស់តុលាការនៅក្នុងរឿងក្តីណាមួយនោះ ។
  • ការឆ្លងឆ្លើយតាមលិខិត ឬតាមសំដីរវាងមេធាវី និងមេធាវីធម្មតាត្រូវជាការសម្ងាត់ ។ ទោះក្នុងប្រការណាក៏ដោយ ការឆ្លងឆ្លើយនេះមិនអាចរឹបអូស ឬមិនអាចបង្ហាញជាសក្ខីកម្មក្នុងតុលាការ និងមិនអាចទុកជាកម្មវត្ថុនៃការលើកភាពសម្ងាត់ចេញបានឡើយ ។
  • ក្នុងការទំនាក់ទំនងជាមួយមេធាវីបរទេសណាមួយ មេធាវីមុននឹងប្តូរព័ត៌មានសម្ងាត់គ្នាទៅវិញទៅមក ត្រូវដឹងឲ្យច្បាស់អំពីភាពវិជ្ជមាននៃវិធានក្នុងការរក្សាការសម្ងាត់នៃការឆ្លងឆ្លើយនៅក្នុងប្រទេសដែលមានមេធាវី បរទេសប្រកបមុខការ ។
  • នៅក្នុងករណីអវិជ្ជមានវិញ មេធាវីត្រូវសួរអតិថិជនរបស់ខ្លួនថា តើគាត់យល់ព្រមហ៊ានប្រថុយឲ្យការសម្ងាត់នៃការឆ្លងឆ្លើយប្តូរព័ត៌មាននោះឬអត់ ។

៤- សកម្មភាពដែលមិនមែនជាការសម្ងាត់មានដូចជា ៖

  • សំបុត្រ ឬសារអេឡិចត្រូវនិកដែលជំនួសលិខិតនីតិវិធី
  • សំបុត្រ ឬសារអេឡិចត្រូនិក ដែលមានដាក់ថា “ផ្លូវការ” ហើយដែលបញ្ជូនសេចក្តីស្នើណាមួយ ឬឯកសារមិនសម្ងាត់នានាមក ។
  • ការប្តូរសំបុត្រ ឬការឆ្លើយឆ្លងគ្នាទៅវិញទៅមកតាមរយៈសារអេឡិចត្រូនិកដែលមានដាក់ថា “ផ្លូវការ” ដើម្បីបង្ហាញបញ្ជាក់កិច្ចព្រមព្រៀងណាមួយរវាងមេធាវី និងមេធាវ​ីក្នុងកម្រិតលក្ខខណ្ឌនៃអាណត្តិរបស់ខ្លួន ។
  • សំបុត្រ ឬសារអេឡិចត្រូនិច ឬឯកសារទាំងនេះ មិនត្រូវមានយោងទៅលើការប្តូរសំបុត្រគ្នាទៅវិញទៅមក ឬក៏ការប្រាស្រ័យគ្នាពីលើកមុនដែលមានលក្ខណៈជាសម្ងាត់នោះឡើយ ។

៥- គោលការណ៍គ្រឹះនៃក្រមសីលធម៌មេធាវីមានដូចជា​ ៖

  • មេធាវីត្រូវគោរពពាក្យសម្បថរបស់ខ្លួន គោរពគោលការណ៍នៃសម្បជញ្ញៈ មនុស្សធម៌ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈ
  • មេធាវីមិនត្រូវចូលរួមនឹងសកម្មភាព ដែលមានលក្ខណៈផ្ទុយនឹងច្បាប់ វិធានវិជ្ជាជី​វៈ និងសម្បជញ្ញៈរបស់ខ្លួនឡើយ ។
  • មេធាវីមានសេរីភាព និងឯករាជ្យភាពក្នុងការប្របកវិជ្ជាជីវៈរបស់ខ្លួន ។
  • មេធាវី​ត្រូវគោរព និងប្រតិបត្តិនូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ។
  • មេធាវីត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្លួនដាច់ខាតនូវការសម្ងាត់វិជ្ជាជីវៈ ។
  • មេធាវីបញ្ជាក់ពីភាពត្រឹមត្រូវនៃមុខងាររបស់ខ្លួន តាមរយៈវិញ្ញាបនបត្រដែលចេញដោយគណៈមេធាវី ។
  • មេធាវីត្រូវពាក់អាវវិជ្ជាជីវៈមេធាវីនៅពេលចូលរួមពិធីផ្លូវការ ឬបុណ្យគណៈមេធាវី ចំពោះមុខសវនានិងយុត្តាធិការគ្រប់ប្រភេទលើកលែងតែមានប្រពៃណីផ្ទុយពីនេះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login