វប្បធម៌អរិយធម៌ខ្មែរទូទៅអប់រំចំណេះដឹងអំពីទស្សនវិជ្ជា និងពលរដ្ឋវិជ្ជា( ផ្នែក « ខ » )

ចំណេះដឹងទូទៅ
Community contributor
សំនួរ
១. ដូចម្តេចដែលហៅថា ទស្សនវិជ្ជា ?
២. ដូចម្តេចដែលហៅថា «ពុទ្ធិ » ?
៣. ចូរឲ្យនិយមន័យ « ច្បាប់ » តាមទស្សនៈអ្នកប្រាជ្ញា ?
៤. ចូរឲ្យនិយមន័យ « សេរីភាព » តាមទស្សនៈអ្នកប្រាជ្ញា ?
៥. ចូរឲ្យនិយមន័យមនុស្ស តាមទស្សនៈអ្នកប្រាជ្ញ ?
៦. តើសីលធម៌មានអត្ថន័យយ៉ាងដូចម្តេច ? តើមនុស្សត្រូវមានសីលធម៌ដូចម្តេច ?
៧. ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ មានលក្ខណៈត្រឹមត្រូវគេត្រូវធ្វើដូចម្តេច ?
៨. អ្វីទៅហៅថាមមាល ? យល់សប្តិ ? មនុស្សនៅពេលគេងលក់មានចលនាទះមូលងើបដើរ ងើបអង្គុយជួនកាលមានរហូតទៅបុកស្រូវបានដោយពុំដឹងខ្លួន ។ តើលក្ខណៈនេះទាំងនេះគឺជាការយល់សប្តិ ឬមមាល ?
៩. តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យខ្មែរមានឆន្ទៈល្អ ឬសុឆន្ទៈ ?
១០. ចូរបង្ហាញចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្ស និងបរិយាកាសពីការណែនាំក្នុងការជ្រើសរើសតម្លៃ ។
១១. តើមនុស្សប្រភេទណា ដែលគេចាត់ទុកថាជាឧត្តមជនគម្រូ ? មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ? រកឃើញនូវលក្ខណៈរួមដូចម្តេច ?
១២. តាមព្រះពុទ្ធសាសនា តើមនុស្សមានប៉ុន្មានប្រភេទ ? ចូរធ្វើការពន្យល់ផង ។
១៣. តើធ្វើដូចម្តេចដើម្បីឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គម ?
១៤. តើទស្សនវិជ្ជាចាំបាច់ដែរឬទេ សម្រាប់ជិវីតមនុស្ស ។
១៥. តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ ? ចូររៀបរាប់ ។
១៦. អំពើទាំងបីនៃគំនិតមានអ្វីខ្លះ ? ចូររៀបរាប់ ។
១៧. នៅសតវត្សទី២១ ដើម្បីរួមរស់ជាមួយគ្នាដោយសេចក្តីសុខសេចក្តីថ្លៃថ្នូរ តើសមាជិកគ្រួសារត្រូវមានអ្វីខ្លះ ?
ចម្លើយ
១. ឲ្យនិយមន័យទស្សនវិជ្ជា តាមទស្សនអ្នកប្រាជ្ញមួយចំនួន ៖
- តាមការបំបែកពាក្យ
ទស្សនវិជ្ជា មកពីពាក្យក្រិច Philia និង SoPhia ៖
Philia មានន័យថាស្នេហា
SoPhia មានន័យថាគតិវិញ្ញូ ពុទ្ធិ ។
ដូចច្នេះ តាមន័យត្រង់របស់ ទស្សនវិជ្ជាគឺសម្តៅទៅលើការស្រឡាញ់គតិវិញ្ញូឬពុទ្ធិ ។
- តាមឧព្ភតន័យ
ទស្សនវិជ្ជា < ទស្សនៈ + វិជ្ជា = ការមើលឃើញ ឬគំនិត ។ ដូច្នេះមានន័យថាការសិក្សាលើគំនិតរបស់ទស្សនវិទូ ឬគតិវិទូធំៗដែលមានរួចមកហើយ ។
- តាមន័យបច្ចុប្បន្ន
ទស្សនវិជ្ជា គឺជាការគិតពិចារណាលើបញ្ហាមនុស្ស ដើម្បីស្វែងរកន័យឲ្យជីវីត ។
- សម្តេច ជួន ណាត
គឺជាវិជ្ជាដែលកើតឡើងអំពីទស្សនៈឬវិទ្យាសាស្រ្តចែងអំពី គោលការណ៍សំខានៗនិងបុព្វហេតុផ្សេងៗ ឬអំពីជីវីតមនុស្សនិងសត្វ
- លោកអារីស្តូត
ទស្សនវិជ្ជា គឺជាការគិត ដែលមានការគិតនោះមាន គោលបំណងខ្ពស់ ហើយមានទំនាក់ទំនងទៅនឹងសច្ចភាពអំពិបទពិសោធនដែលមានទាំងអស់
- លោក ប៊ីត ថល
ទស្សនវិជ្ជា គឺជាវិទ្យាសាស្រ្តអំពីភាវៈទៅក្នុងការពិចារណាខ្ពស់បំផុត មូលហេតុខ្ពស់បំផុត និងគោលការណ៍ទាំងឡាយរបស់វាដែលបានមកដោយជំនួសពីវិចារណាញាណរបស់មនុស្សតែមួយគត់
- លោក ពីតាហ្គ័រ
ទស្សនវិជ្ជា គឺស្នេហាគតិវិញ្ញូ
- លោក ធី ទូស និងស្មីត
បានន័យ « ទស្សនវិជ្ជា » ៥យ៉ាងគឺ៖
- ទស្សនវិជ្ជា គឺជាឥរិយាបថផ្ទាល់ខ្លួនចំពោះជីវីត និងចក្រវាឡ
- ទស្សនវិជ្ជា គឺជាវិធីនៃការគិតពិចារណា និងការស្រាវជ្រាវប្រកបដោយវិចារណញាណ
- ទស្សនវិជ្ជា គឺជាការប៉ុនប៉ង់ដើម្បីទទួលបាននូវទស្សនៈរួមមួយ
- ទស្សនវិជ្ជា គឺជាការវិភាគភាសាទៅតាមបែបតក្កវិជ្ជា និងបញ្ជាក់នូវអត្ថន័យនៃពាក្យប្បញ្ញត្តិ
- ទស្សនវិជ្ជា គឺជាក្រុម នៃបញ្ហាក៏ដូចជាទ្រឹស្តីអំពីដំណោះស្រាយបញ្ហាទាំងនេះ ។
២. ពុទ្ធិ គឺជា៖
- គឺជាចំណេះដឹង ដែលជាលទ្ធផល នៃការសិក្សាពីមុខយ៉ាងច្រើន ដូចជាចិត្តវិទ្យា ស្យង់ សីលវិជ្ជា និងបរមត្ថវិជ្ជា ។
- គឺជាការរៀនតាមចិត្តវិទ្យា អំពីមុខងារទូទៅរបស់ពុទ្ធិ អំពីស្យង់ផ្សេងៗ ដែលជាលទ្ធផលរបស់ពុទ្ធិនិងជាទីបញ្ចប់អំពីពុទ្ធិបរិមត្ថវិជ្ជាដែលជា ធម្មវត្ថុសិក្សាសំខាន់របស់ទស្សនវិជ្ជា
- គឺជា ប្រីជា ប្រាជ្ញា ការយល់ ( ប្រើក្នុងកាព្យ ) ។
៣. និយមន័យ « ច្បាប់ » តាមទស្សនៈអ្នកប្រាជ្ញាមួយចំនួន ៖
- លោក ឡឹប និច
ច្បាប់ជាសីលអំណាចមួយ ។
- លោក កង់
ច្បាប់គឺជា លក្ខខណ្ឌទាំងអស់ដែលមាននៅក្នុងនោះ
- លោក កាលម៉ាក់
ច្បាប់គឺជា ឆន្ទៈរបស់វណ្ណៈសង្គម ដែលកាន់អំណាច
- លោកហូប
ច្បាប់ជាមូលដ្ឋានៃសេចក្តីត្រូវការ
- លោក ដួក ខិម
ច្បាប់គឺជា ផលដែលបានមកពីសង្គមការសិក្សាជាក់លាក់ពីការរវិត្តន៍នៃច្បាប់ បានបង្ហាញឲ្យឃើញថា ច្បាប់ស្ថិតនៅក្នុងដំណាក់កាលដំបូងច្របូកច្របលលាយឡំនឹងនិយមសង្គមផ្សេងៗជាមួយនឹងទំនៀមទម្លាប់ ជាមួយនិងសាសនា ជាដើម
- លោក សូក្រាត
ច្បាប់គឺជា អ្វីដែលមនុស្សពឹងផ្អែកជំនួសអាទិទេពក្នុងការរកយុត្តិធម៌
- បរិញ្ញ ឈិន សីហា
ច្បាប់គឺជា បទបញ្ញត្តិ ដែលបង្កើតឡើង ឲ្យប្រជាពលរដ្ឋទាំងឡាយគោរព និងអនុវត្តតាមឲ្យបានត្រឹមត្រូវ
- សរុបសេចក្តីមក ច្បាប់គឺជា ទំនាក់ទំនងចាំបាច់ ទាំងឡាយដែលចេញមកពីអ្វីដែលកើតមានឡើង ។
៤. និយមន័យ «សេរីភាព » តាមទស្សនៈអ្នកប្រាជ្ញាមួយចំនួន៖
- លោក ដេកាត
សេរីភាព ឋិតនៅត្រង់ការហ៊ានទទួលស្គាល់ ការពិតព្រោះជនគ្មានសេរីភាពពុំហ៊ានទទួលការពិតទេ ឃើញអាក្រក់ថាល្អ ឃើញសថាជាខ្មៅឃើញបុណ្យថាបាបជាដើម ។
- លោក បូស៊ុយអេ
សេរីភាព គឺជាសិទ្ធិធ្វើអ្វីៗ ដែលច្បាប់អនុញ្ញាត្តិឲ្យធ្វើ ។
- ពួក បណ្ឌិត
សេរីភាព គឺជាភាពមិននៅក្រោមបង្គាប់ នៃតណ្ហាភាពមិននៅក្រោមបង្គាប់អវិជ្ជា នេះជាសេរិភាពយល់តាមបែបសាសនាគ្រឹស្តក្តី ។
- លោក ឡេប នីស
សេរីភាព គឺភាពធ្វើអ្វីៗសមស្រប ប្រកបតាម វិចារណៈ ។
- ពួក ខន្តីនិយម
សេរីភាព គឺជាសកម្មភាពមួយ កើតឡើងដោយឆន្ទៈរបស់បុគ្គលម្នាក់ៗហាក់ដូចជាសកម្មភាពនោះឡើង ដោយស្វ័យប្រវត្តិពុំមានទទួលឥទ្ធិពលពីកម្លាំងខាងក្រៅខ្លួន ។
- លោក ឡាគីរឌែរ
សេរីភាព យល់ថាធ្វើច្បាប់ ហើយគោរពច្បាប់ដោយ ពិតប្រាកដស្របនឹង ឆន្ទៈរបស់យើងគឺជាបកាសនស័ព្ទនៃសេរីភាព ។
- លោក ម៉ាយ ឃើ
សេរីភាព គឺជាការគ្រប់គ្រងរដ្ឋ ជាលក្ខខណ្ឌមួយចាំបាច់ ដែលត្រូវធ្វើឲ្យមានសេរីភាព ។
- លោក អាល់ ប៊ែកាមុស
សេរីភាព គឺជាការភ្ញាក់ខ្លួនដោយដឹងថាជិវីតរបស់យើងទាំងអស់គ្នាសព្វថ្ងៃ គឺជាជិវិតឥតន៧យហេតុនេះត្រូវុបេះបោរឡើង ដើម្បីស្វេងរកន័យពិតប្រាកដរបស់ជីវីត ។
- លោក ហ្សង់ ប៉ូហ្សាត
សេរីភាព គឺភាពធ្វើអ្វីៗ ដោយពុំមានលក្ខខណ្ឌអ្វីទាំងអស់ ។
- លោក ឌៀរ ខែម
សេរីភាព លុះត្រាតែមានយុត្តិធម៌ ក្នុងសង្គមព្រោះ បើគ្មានយុត្តិធម៌ក្នុងសង្គមទេ គេត្រូវប្រើមធ្យោបាយ បំបិទសេរីភាព ឲ្យខាន់តែបានហើយដើម្បីឲ្យយុត្តិធម៌ក្នុងសង្គម គេត្រូវបានរកវិធីបំបាត់ឲ្យមានអ្នកមាន និងអ្នកក្រពីកំណើត ។
- លោក អូ គ្លុកុង
សេរីភាព គឺការរំដោះមនុស្ស អំពីនឹមរបស់សង្គម គឺនឹមរបស់អ្នកខ្លាំងលើអ្នកខ្សោយ ពីព្រោះក្នុងលោកយើងនេះមនុស្ស ដែលស្មានថាខ្លួនមានសេរីភាព តាមពិតគឺឥតមានសេរីភាពទេ អ្នកខ្លាងសង្កត់សង្កិន លើអ្នកខ្សោយជានិច្ច ។
- លោក ប៊ែ សុន
សេរីភាព គឺសកម្មភាពអ្វីៗ ដែលយើងធ្វើដោយមិនចាំបាច់់គិត ព្រោះកាលណាយើងគិតយើងនឹងទៅដល់អ្វីដែលគួរធ្វើនឹងអ្វីដែលពុំគួរធ្វើ
- លោក កង់
សេរីភាព គឺជាស្វ័យសត្យ នៃកិច្ចការពោលគឺកិច្ចការ ដែលយើងត្រូវធ្វើ គឺយើងត្រូវតែហ៊ានធ្វើដោយ មិនភ័យខ្លាចមានអ្នកដទៃរិះគន់ព្រោះស្វ័យសត្យសម្គាល់ទ្រឹស្តីមួយប្រភេទដែលប្រាប់គេហើយពន្យល់ពុំបាន
- ហ្វូសស្ទែល ដេគូឡាង
បានពន្យល់ថាសង្កត់លើសេរីភាពបុគ្គល ដោយអះអាងថា កាលណាគេនិយាយអំពី ច្បាប់សង្គម កាលណាគេនិយាយអំពី ច្បាប់សង្គមត្រូវដកសេរីភាពពីបុគ្គល
- បរិញ្ញ ឈិន សីហា ( ទ្រឹស្តីសាកល្បង )
សេរីភាព គឺជាសកម្មភាព ដែលប្រព្រឹត្តធ្វើដោយមនុស្សមានការគិត ពិចារណា និងមានការគោរពច្បាប់ជាធំ ( ក្បួន ឬចម្បង ) ។
- តាមន័យទូទៅ
សេរីភាពគឺជា ភាពសម្គាល់ធ្វើអ្វីៗ បានតាមចិត្តគ្មានការបង្ខិតបង្ខំទោះបីក្នុងផ្លូវគំនិតក្តី ជំនឿក្តីនិងសកម្មភាពសព្វយ៉ាងធ្វើបានតាមចិត្ត ។
៥. ឲ្យនិយមន័យ មនុស្ស តាមទស្សនៈអ្នកប្រាជ្ញមួយចំនួន ៖
- លោក ឱ រស្មី
មនុស្សគឺជាបេសកជនពិសេសរបស់ខ្លួនឯង ក្នុងសកម្មភាពស្វែងរកឧត្តមភាពនៃការរស់នៅដែលពោរពេញទៅដោយចម្ងាញ់ និងន័យ ។
- លោក ផាត់ នុត
មនុស្សគឺជា ម៉ាស៊ីនបង្កើតអាចមន៍
- លោក ប្លាតុង
មនុស្សគឺជា សត្វដែលគ្មានដុះរោមដូចជាបក្សី
- លោក ហូប
មនុស្សគឺជា ឆ្កែចចកចំពោះមនុស្ស
- លោក ហៃដិចគ័រ
មនុស្សគឺជា ភាវៈដែលមកពីឆ្ងាយ
- ទស្សនៈផ្សេងៗ
មនុស្សគឺជាភាវៈរស់នៅផង ភាវៈសង្គមកផង ភាវៈមានចិត្តផង
មនុស្សគឺជាវត្ថុផង និងជាតម្លៃផងក្នុងសភាពជាវត្ថុ
មនុស្សគឺជា ប្រធានក្នុងសភាពជាតម្លៃមនុស្សគឺជាឧត្តមគតិ ។
៦. សីលធម៌ ជាធម៌ ( របស់សត្វលោក ) ឬសីល និងធម៌កិរិយាមារយាទ សណ្តាប់ធ្នាប់ដំបូន្មានដែលនាំឲ្យចៀសវាងអំពីអាក្រក់ហើយឲ្រប្រព្រឹត្តតែអំពើលើ្អ ។
មនុស្សត្រូវមានសីលធម៌ ដូចតទៅ៖
ក. សីលធម៌ផ្ទាល់ខ្លួន
- ចេះដឹងខុស ដឹងត្រូវ
- ចេះស្គាល់ចាស់ព្រឹទ្ធាចារ្យ
- ស្គាល់អ្វីល្អ អ្វីអាក្រក់
- តាំងខ្លួន ជាម្ចាស់ចិត្តរបស់ខ្លួន
- មានភាពក្លាហានក្នុងផ្លូវត្រូវ ។
ខ. សីលធម៌គ្រួសារ
- ឪពុកម្តាយចិញ្ចឹមកូន ដោយពុំកនឹកគីតដល់ការសងគុណតប មកវិញព្រោះជាមុខងាររបស់គាត់
- ធ្វើឲ្យមានភាពសុដុមរមនា
- ត្រូវស្រឡាញ់ កូនស្មើៗគ្នា
- រៀបចំកូនឲ្យបានទៅជារដ្ឋពលពេញលេញ
គ. សីលធម៌ក្នុងវិជ្ជាជិវៈ
- មានមនសិការការងារខ្ពស់
- ត្រូវរកស៊ីតាមសមត្ថភាពរបស់ខ្លួន
- រកស៊ីតាមសម្មាអាជីវោ
- មិនរំលោភបំពាន លើអ្នកតូចជាងខ្លួន
- មិនធ្វើការរហួសកម្លាំងខ្លួន ដែលនាំឲ្យមានជម្ងឺឥតប្រយោជន៍ ខាតបង់
ឃ. សីលធម៌ក្នុងសង្គម
- មិនត្រូវបែកបាក់គ្នា ( ទ្រុស្តគ្នា )
- មិនត្រូវមើលងាយមនុស្សផងគ្នា
- ត្រូវស្រឡាញ់ ស្នេហាយុត្តិធម៌
- ចេះរាប់អានមនុស្សទូទៅ
- ទទួលស្គាល់ ទុក្ខវេទនារបស់អ្នកដទៃ
- មិនឈ្លានពានអ្នកដទៃ
ង. សីលធម៌ក្នុងពិភពលោក
ការរួមរស់ ដោយសន្តិភាព ជាមួយប្រទេសដទៃ ដែលអង្គការសហប្រជាជាតិបានប្រជុំនៅទីក្រុងបាឌុង នាប្រទេសឥណ្ឌូនេស៊ី ។
ច. សីលធម៌យល់តាមទស្សនៈអ្នកប្រាជ្ញ
- សីលធម៌របស់ទស្សនវិទូសូក្រាត
+ ត្រូវយល់ដំណឹងប្រព្រឹត្តទៅនៃធម្មជាតិ
+ ត្រូវយល់អ្វីដែលនៅជិតយើង
+ ត្រូវស្គាល់ខ្លួនឯងសិន
ត្រូវដុសខាតព្រលឹង ឲ្យបានប្រសើរជាងដុសខាតសេរីរៈ
+ ត្រូវនិយមប្រើពាក្យថា ខ្ញុំឥតចេះអ្វីសោះហើយមិនត្រូវជឿថាគឹចេះដែរ
+ ត្រូវជជែកគ្នាដើម្បីករកការពិតជាដើម ។
- សីលធម៌របស់ទស្សនវិទូប្លាតុង
លោកជាកូនសិស្ស របស់សូក្រាត ស.តទី៥មុនគ.ស គឺជាសីលធម៌មួយបែបប្លែកពីសូក្រាតត្រង់ប្លាតុងបញ្ជា់ថាដើម្បីឲ្យមនុស្សមានសីលធម៌ គេត្រូវដកហូតទ្រព្យសម្បត្តិឯកជនឲ្យអស់ពីបុគ្គលគឺនៅសល់តែមនោពេលនោះទើបមនុស្សអាចយល់អំពីតម្លៃសីលធម៌ ហើយបើមនុស្សនៅតែមានទ្រព្យនោះ នឹងក្លាយទៅជាមាយា បិទបាំងមនុស្សមិនឲ្យមើលឃើញសីលធម៌ ។
- សីលធម៌របស់ទស្សនវិទូ អារីស្តូត
លោក ជាទស្សនវិទូក្រិច ស.តទី៤ មុនគ.សឋិតនៅត្រង់ាការស្វែងរកសុភមង្គល និងការចេះសប្បាយ ព្រោះបើមនុស្សមិនចេសប្បាយមនុស្សនិងត្រូវបាត់បង់តម្លៃរបស់ខ្លួនជាមនុស្សប៉ុន្តែសុភមង្គល និងការសប្បាយត្រូវឋិតនៅក្នុងផ្លូវត្រូវហើយមិនត្រូវសប្បាយដូចសត្វទេ ។ សីលធម៌ មួយបែបទៀតរបស់អារីស្តូត គឺការអប់រំឲ្យដើរកណ្តាលដូចជា៖
+ កុំក្លាហានពេក តែកុំកំសាកពេក
+ កុំចង់បានពេក តែមិនត្រូវមិន រវើរលសោះទេ
+ កុំគីតប្រយោជន៍ផ្ទាល់ខ្លួន តែក៏មិនត្រូវភ្លេចខ្លួនឯងដែរ ។
- សីលធម៌របស់ពួក ខន្តីនិយម
ឋិតនៅត្រង់ការរស់នៅតាមធម្មជាតិ និងតាំងចិត្តអត់ធន់ហើយដើម្បីអត់ធន់បានត្រូវបំបាត់តណ្ហា រៀនផ្តាច់ចិត្ត និងកុំរវើរវាយទៅលើអ្វីដែលពុំពិត ហើយដើម្បីសម្រេចបំពេញបំណងទាំងអស់នេះ មនុស្សត្រូវមានពុទ្ធិជាគោល ព្រោះអវិជ្ជាពុំអាចឲ្យមនុស្សយល់អ្វីៗបានឡើយ ។
- សីលធម៌របស់ អេពីគារ
ទស្សនវិទូក្រិចស.តទី៤ មុនគ.ស ឋិតនៅត្រង់ការអប់រំមនុស្សឲ្យស្វែងរកការសប្បាយតាមធម្មជាតិ ប៉ុន្តែត្រូវចេះជ្រើសរើស យកការសប្បាយសកម្ម ផ្ទុយនិងការសប្បាយស្ងប់ស្ងាត់ ។
- សីលធម៌របស់ ម៉ុងតែង
+ តាំងជាម្ចាស់ចិត្តរបស់ខ្លួន
+ កុំធ្វើអ្វីដែលឥតប្រយោជន៍
+ កុំឋិតនៅក្រោមអំណាចនៃតណ្ហា
+ ត្រូវប្រឆាំងនឹងអ្វីដែលមនុស្សភាគច្រើនពុំចូលចិត្ត ។
- សីលធម៌របស់លោក អូគ្លុសកុង
ឋិតនៅត្រង់ ការពន្យល់តម្លៃ នៃសាសនាមនុស្សជាតិ បានន័យថា សាសនាជាការប្រៀនប្រដៅសម្រាប់ អនុវត្តឲ្យបានប្រសើរក្នុងការរស់នៅសាសនាពុំមែនជាការប្រៀនប្រដៅឲ្យគោរពបុគ្គលណាមួយ ទេទោះបីជាអាទិទេពក្តី តំណាងអាទីទេពក្តី ឬបុគ្គលណាមួយក្តី ទើបអូគ្លូកុង បង្កើតសាសនាមួយមានឈ្មោះថា មនុស្សជាតិ ។
- សីលធម៌របស់ពុទ្ធសាសនាហីនយាន
+ ការកសាងកុសល
+ ភាពពុំតតបនឹងបាតុភូតទាំងឡាំយ
+ ពលិកម្មដើម្បីអ្នកដទៃ
+ ដោះស្រាយបញ្ហាផ្សេងៗ
- សីលធម៌របសពុទ្ធសាសនាមហាយាន
+ ការងារនិយម
+ សង្គមនិយមដោយយកសង្គមមនុស្សជាគោលដៅ
+ មេត្តា ករុណា មុទិតា ឧបេក្ខា
- សីលធម៌របស់ព្រាហ្មណ៍សាសនា
+ ការគោរពព្រះអាទិទេព
+ ការគោរពពាក្យសច្ចៈ
- សីលធម៌របស់គ្រឹស្តសាសនា
+ ព្រះអាទិទេពជួយមនុស្សទាំងអស់ ឲ្យតែមនុស្សប្រាប់ការពិតដល់វ្រះគ្រឹស្ត
- សីលធម៌របស់សាសនាឥស្លាម
+ មានការចែងក្នុងព្រះគម្ពីរកូវ៉ាន់
+ ផ្លូវគំនិតប្រសើរជាងផ្លូវកាយ
+ ឲ្យបរិភោគចំពោះអ្នកដែលស្រេកឃ្លាន
+ មហាមិនឲ្យសម្លាប់មនុស្សម្នាក់ ជាដាច់ខាតព្រោះការសម្លាប់មនុស្សម្នាក់ក៏ដូចជាសម្លាប់មនុស្សទាំងអស់គ្នាដែរ
+ ស្រឡាញ់សន្តិភាព
+ យកអំពើល្អឆ្លើយតបនឹងអំពើអាក្រក់ ។
៧. ដើម្បីឲ្យការសម្រេចចិត្ត របស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវចេះ ៖
- កំណត់បញ្ញាឲ្យបានច្បាស់លាស់
លើកឡើងឲ្យបាន ច្បាស់លាស់អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត
- ពិចារណារកវិធីដោះស្រាយឲ្យបានច្រើន
សរសេរវិធីសមស្រប សម្រាប់ ដោះស្រាយបញ្ហាឲ្យបានច្រើន និងធ្វើការសម្រេចចិត្តឲ្យសមស្រប
- ពិចារណាលើផលវិបាកចំពោះវិធីនីមួយៗ
សរសេរលទ្ធផល ដែលសមស្របទាំងលទ្ធផលវិជ្ជមាន ទាំងលទ្ធផលអវិជ្ជមានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
- ពិចារណាទៅលើតម្លៃ
តម្លៃខ្លះបានមកពីការបណ្តុះបណ្តាល និងការអប់រំពីគ្រួសារតម្លៃខ្លះទៀតបានមកពីមិត្តភក្តិ និងសង្គមជាតិ
- ពិចារណាលើឥទ្ធិពល ប៉ះពាល់ដល់អ្នកដទៃ
ការសម្រេចចិត្តរបស់យើងអាប៉ះពាល់ដល់មនុស្សជាច្រើន ដូចជាច្រើន ដូចជាម្តាយឪពុក បង ប្អូន ប្រុសស្រី សាច់ញាតិ មិត្តភក្តិ និងអ្នកដទៃ
- ជ្រើសរើសវិធីដោះស្រាយមួយ
បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាស់លាស់ហើយអ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយ ដែលសមស្របជាងគេបំផុត តាមរយៈចំណេះដឹង តម្លៃសីលធម៌ ទស្សនៈសាសនា គោលដៅបច្ចុប្បន្នគោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្តីសម្រេច របស់អ្នកប៉ះពាល់មនុស្សដទៃដែរឬទេ ។
៨. មមាល គឺជាប្រក្យក្សារម្មណ៍មួយដោយឥតកម្មវត្ថុ ជាការនិយាយនៅពេលលង់ដំណេកដោយមិនដឹងខ្លួនជាមុន ។
យល់សប្តិ គឺជាសំណង់រូបភាពប្រកបដោយលក្ខណៈវត្ថុវិស័យភាព នៅពេលដែលលង់ក្នុងដំណេក ( សម្រាន្ត ) ។
លក្ខណៈទាំងនេះមិនមែនជាការយល់សប្តិទេ គឺជាការមមាល ។
៩. ដើម្បីឲ្យខ្មែរ មានឆន្ទៈល្អឬសុឆន្ទៈគឺ៖
- ត្រូវមានការរស់នៅបង្គួរ
- មានលទ្ធល្អក្នុងការចិញ្ចឹមជីវីត
- មានចំណេះដឹងសមជាពលរដ្ឋ
- ថ្នាក់ដឹកនាំរដ្ឋពិតជាមានគំនិតស្នេហាជាតិ
- អាជ្ញាធរទាំងអស់ពិតធ្វើការបម្រើរាស្រ្ត
- សង្គមគ្មានអំពើពុករលួយ
- គ្មានចោរកម្ម ឆក់ប្លន់កាប់សម្លាប់
- មានគោរពគ្នាពីថ្នាក់លើ ដល់ថ្នាក់ក្រោម
- សំខាន់ជាងគេ គឺយុត្តិធម៌ ព្រោះបើមានអំពើអយុត្តិធម៌នៅទីណា គ្មានទេពាក្យថាសុឆន្ទៈទោះបីជា គេយកកំាភ្លើងភ្ជង់ដើមទ្រូងក៏ដោយចុះ
- ចំណុចខ្សោយមួយទៀត ដែលអាចឲ្យខ្មែរមានសុឆន្ទៈ គឺចេះបញ្ជោ និងកោតសរសើរព្រោះអម្បូរខ្មែរមនចូលចិត្ត ពាក្យបញ្ជោនិងពាក្យសរសើរពោលគឺសេចក្តីអួត ។
១០. ចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្ស គឺៈ
- តម្លៃជីវសាស្រ្តៈ គឺជាតម្លៃ ដែលទាក់ទងមួយនិងទិដ្ឋភាពនៃជិវីត និងជាហេតុការណ៍ជិវសាស្រ្ត ។
- តម្លៃសេដ្ឋកិច្ចៈ គឺជាតម្លៃដែលទាក់ទងទីនឹងវត្ថុសម្ភារៈដែលគេប្រើ ឬផ្លាសប្តូរទំនិញ និងសេវាកម្ម ។
- តម្លៃឥទ្ធិពលៈ គឺជាតម្លៃដែលគេបានជួបប្រទះ នៅក្នុងបទពិសោធន៍ផ្សេងៗ ដែលគួរជាទីពេញចិត្តខាងអារម្មណ៍ ។
- តម្លៃសង្គមៈ គឺជាតម្លៃដែលគេជួបប្រទះនៅក្នុង ទំនាក់ទំនងសង្គម សហប្រតិបត្តិការណ៍និងការប្រកួតប្រជែង ។
- តម្លៃបញ្ញាៈ គឺជាតម្លៃដែលគេជួបប្រទះនៅក្នុង ការពេញចិត្តនិងការចង់ចេះចង់ដឹងប្រកបដោយសុភវិនិច្ឆ័យ និងការប្រើប្រាស់ស្មារតីប្រកបដោយបញ្ញា ។
- តម្លៃសោភ័ណៈ គឺជាតម្លៃ ដែលគេបានជួបប្រទះ នៅក្នុងការអបអរសាទរឬការសរសើរដោយមិនលម្អៀងចំពោះសោភ័ណភាពធម្មជាតិ និងសោភ័ណភាពសិល្បៈ ។
- សីលតម្លៃៈ គឹជាតម្លៃដែលគេជួបប្រទះនៅក្នុងកឥរិយាបថបុគ្គលឬឥរិយាបថសង្គមដែលគោរពចំពោះភាពត្រឹមត្រូវកុសលភាពឬការរីកចម្រើននៃឧត្តមគតិរបស់សង្គម ។
- តម្លៃសាសនាៈ គឺជាតម្លៃ ដែលគេបានជួបប្រទះ ឬប្រាថ្នានៅក្នុងភក្តីភាព និងការគោរពបូជានូវសាសនា ។
បរិយាកាស ពីការណែនាំក្នុងការជ្រើសរើសគឺៈ
- តម្លៃពីធម្មជាតិ ឬតម្លៃដែលមានស្រាប់នៅក្នុងវត្ថុ ដែលគេចូលចិត្តជាងតម្លៃជាងតម្លៃសម្ភារៈ ។
- តម្លៃឲ្យផល និងមានលក្ខណៈអចិន្រ្តែយ៍ជាតម្លៃដែលគេចូលចិត្តជាងតម្លៃ ដែលមិនឲ្យលនិងគ្មានលក្ខណៈអចិន្រ្តៃយ៍ ។
- យើងគូរជ្រើសរើសតម្លៃរបស់យើងលើមូលដ្ឋាន នៃឧត្តមគតិឬបំណងដែលយើងបានកំណត់ដោយខ្លួនឯង ។
- រវាងតម្លៃពីរឬ ច្រើនយើងគួរជ្រើសរើសយកតម្លៃណាមួយដែលល្អជាងគេបំផុត ។
១១. ប្រភេទមនុស្សដែលគេចាត់ទុកថាជាឧត្តមជនគម្រូរួមមាន៖
- បណ្ឌិតៈគឺជាមនុស្ស ដែលមានពុទ្ធិសកល មានភាពឈ្លាសវៃ ខាងបញ្ញា យ៉ាងធំប្រព្រឹត្ត ដោយប្រើអព្ភន្តរញ្ញាណ ( សំយោគ ) វិនិច្ឆ័យអ្វីៗយោងទៅតាមគោលការណ៍ធំៗ និងតាមបញ្ញត្តិកម្មទូទៅនៃជីវីត ។
- វិរបុរសៈ គឺជាប្រភេទមនុស្សពាក់កណ្តាល ឬជាមនុស្សដែលគេលើធ្វើជា អាទិទេព ឬជាភាវៈអាថ៌កំបាំងដែលនៅក្រៅធម្មជាតិ ។
- សន្តបុគ្គលៈ គឺជាមនុស្ស ដែលមានចំណង់ទាញខាងជំនឿសាសនា មានរបៀបរស់ នៅជាជនស្វែងរកសុក្រឹតភាពសាមញ្ញជានិច្ច ។
មានលក្ខណៈខុសគ្នាដូចតទៅៈ
ក. បណ្ឌិតៈ
- អ្នកដែលប្រមើលមើលវែងឆ្ងាយ
- អ្នកចេះរស់នៅមានសណ្តាប់ធ្នាប់
- អ្នកមានឥរិយាបថមិនរំភើបញាប់ញ័រ
- អ្នកដែលគិតថាគុណធម៌ជារង្វាន់ផ្ទាល់ខ្លួន
- អ្នកដែលប្រកបដោយទម្លាប់ទៀងទាត់
ខ. វិរបុរស
- ជនដែលហ៊ានពុះពារនូវគ្រប់ឧបសគ្គធំៗ
- ជនហ៊ានទទួលការឈឺចាប់ខ្លាំងបំផុត
- ជនដែលមានសេចក្តីក្លាហានខុសពីមនុស្ស
- ជនដែលមានវីរភាពហួសសមត្ថភាព
- ជនដែលហ៊ានពលីជិវីតរបស់ខ្លួន ជាដើម
គ. សន្តបុគ្គល
- បុគ្គល ដែលមានឥរិយាបថធម្មជាតិអតិសេដ្ឋ
- បុគ្កលដែលស្វែងរកបរមសុខក្រៅលោក
- បុគ្គលស្ងប់ហើយធុញទ្រាន់នឹងជីវីតលោកិយ
- មានជំនឿថាសុភមង្គល ពិតគឺបរមលោក
- បុគ្គលមានគំនិតគិតពីសុគតិភព ជាដើម
មានលក្ខណៈរួមដូចខាងក្រោម៖
- ជាមនុស្សដែលគិតប្រយោជន៍ផ្ទាល់ខ្លួន
- ជាមនុស្សដែលស្អប់អំពើពុករលួយ
- ជាមនុស្សដែលធ្វើតែអំពើល្អ សុចរិតសច្ចៈ
- ជាមនុស្សដែលគិតគូរបានត្រឹមត្រូវ
- ជាមនុស្សធ្វើឲ្យគេយកតម្រាប់តាម
- ជាមនុស្សដែលដល់នូវការគោរព សរសើរ
- ជាមនុស្សដែលគិតពីប្រយោជន៍ប្រជាជាតិ ។
ដូចនេះ លក្ខណៈរួមរបស់លបណ្ឌិត វីរបុរសសន្តបុគ្គល គឺជាមនុស្សដែលលះបង់តម្លៃតណ្ហាកាម ទាសៈ មោហៈ លោភៈ និងមានឧត្តមគតិ ។
១២. គេបានចែកមនុស្សជា៥ប្រភេទគឺ៖
- មនុស្សនេរយិកោ គឺជាមនុស្សដូច សត្វនរក គឺបានដល់ប្រភេទមនុស្សដែលប្របព្រឹត្តអំពើមិនល្អប្រសើរ អំពើមនុស្សឃាតអំពើអសីលធម៌ អំពើព្រៃផ្សៃសាហាវយង់ឃ្នងជាដើម ។
- មនុស្សបេតោ គឺជាមនុស្សដូចជាសត្វប្រេតគឺបានដល់មនុស្សដែលមានចិត្តឆាប់ ច្រលោត ខឹងច្រើន ឆាប់ឆេវឆាវ វង្វេងយល់ត្រូវជាខុស ឬយល់ខុសថាជាត្រូវ មនុស្ស ដែលមានចិត្តពោរពេញទៅដោយភាពលោភលន់ ហួសប្រមាណរស់នៅក្រៅសង្គមមនុស្សត្រូវសង្គមទាត់ចោលរស់នៅតែឯកឯង មាននូវសេចក្តីទុក្ខវេទនា ឥតមានវេលាស្រាកស្រាន្តប្រៀបដូចជា មនុស្សរស់ពាក់កណ្តាល ស្លាប់ពាក់កណ្តាល ។
- មនុស្សតិរច្ឆានោ ពោលគឺមនុស្សដូចជាសត្វតិរច្ឆានគឺបានដល់ប្រភេទមនុស្សដែលខ្វះហិរិឱត្តប្បៈ ចាគៈទានមេត្តា គឺប្រព្រឹត្តរំលោភបំពានឈ្លានពានច្រណែន និន្ទា ឈ្នានីស មនុស្សផងគ្នាឥតត្រាប្រណី ។
- មនុស្សមនុស្សោ គឺមនុស្សជាសត្តមនុស្សគឺមនុស្សដែលយល់ស្គាល់មនុស្សធម៌ ស្រឡាញ់ យុត្តិធម៌ មានសុជីវធម៌ គុណធម៌ សីលធម៌ សច្ចធម៌ ព្រហ្មវិហារធម៌ពេញចិត្តសង្គមមនុស្សមានសេចក្តីអាណិតអាសូរមនុស្សជាតិផងគ្នា មិនប្រកាន់ វណ្ណៈ ពុជសាសន៍ពណ៌សម្បុរសាសនាជាតិនិន្នាការនយោបាយ យសសក្តិជាដើម ។
- មនុស្សទេវោ គឺមនុស្សជាទេវតាឬ ដូចជាទេវតា គឺបានដល់ប្រភេទមនុស្សដែលមានទេវធម៌គឺហិរិ ឱតប្បៈ ចាគៈ សទ្ធា សីល បញ្ញា សុត្តក្នុងការប្រព្រឹត្ត និងបដិបត្តិប្រចាំថ្ងៃ ។
១៣. ដើម្បីធ្វើឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គមយើងត្រូវ៖
- ត្រូវតែមានភាពយុត្តិធម៌នៅក្នុងសង្គម
- ត្រូវលុបបំបាត់អំពើពុករលួយក្នុងសង្គម
- អ្នកប្រព្រឹត្តបទល្មើសត្រូវទទួលទោសទណ្ឌ
- រដ្ឋពលម្នាក់ៗមានសិទ្ធិចូលរួមបោះឆ្នោត
- លុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គម
- អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន កុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃជាដើម ។
១៤. ទស្សនវិជ្ជាចាំបាច់ណាស់សម្រាប់ជិវីតមនុស្សពីព្រោះបើយើងពិចារណាឲ្យជិតដល់ទៅយើងឃើញថាកាលណាបើយើងចង់ក្លាយមនុស្សប្រកបដោយវិចារណញាណ និងគតិវិញ្ញូ ។ ទស្សនវិជ្ជា ជួយយើងឲ្យស្គាល់ខ្លួនឯង ឲ្យស្គាល់លោកនេះ ពិសេសឲ្យចេះរៀបចំអាកប្បកិរិយាឲ្យសមស្រប សំដៅដឹកនាំខ្លួនទៅរកសុខ ។ មនុស្សកយើងម្នាក់ៗសុទ្ធតែត្រូវការទស្សនវិជ្ជាជាចាំបាច់ ដើម្បីត្រួសត្រាយនូវជីវភាពរបស់ពួកគេ ។
១៥. មូលហេតុដែលនាំឲ្យកើតឡើងអំពើហិង្សាក្នុងគ្រួសារគឺ៖
- ស្រវឹងៈ ធ្វើឲ្យភ្លេចភ្លាំងនស្មារតី បាត់សតិប្តូរអត្តចរិតពីស្លូតទៅឈ្លើយ ឬសាហាវ ។
- ភាពក្រីក្រៈ មានភាព ទ័លច្រក ខឹងសំបា មួម៉ៅ មានលក្ខណៈសុញគំនិត ។
- និកម្មភាពៈ ការបណ្តាលចេញពី ការងារដោយធ្វើការមិនបានល្អគ្មានប្រាក់ចំណូល ។
- ភាពអវិជ្ជាៈ អនក្ខរជន ល្ងង់ខ្លៅ មិនចេះពិចារណាថ្លឹងថ្លែង មានគំនិតទុទិដ្ឋិ ។
- តណ្ហាៈ សំបូរទៅដោយកិលេស គិតមមែតែការរួមភេទ មានបញ្ហារោគចិត្ត ។
- ការរើសអើងៈ លើការស្លៀកពាក់ ប្រកាន់ហួងហែង មានទស្សនៈផ្ទុយគ្នា ។
- បាត់អាជីពៈ មានការបាត់បង់ ការងារធ្វើបាត់បង់ ប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ ។
- ចរិតមនុស្សៈ មានលក្ខណៈកាចសាហាវ មិនរមទម ក្រេវក្រោធ អស្មិមានៈ ប្រច័ណ្ឌ ។
- គ្រឿងញៀនៈ ធ្វើឲ្យបាត់បង់ស្មារតី ទប់អារម្មណ៍មិនបានមិនអាចគ្រប់គ្រងខ្លួនបាន ។
- ល្បែងស៊ីសងៈ មានភាពមួម៉ៅ នៅពេលលេងចាញ់ តប់ប្រម៉ល វិញ្ញាណមិនជាប់ខ្លួន ។
- រៀបការវ័យក្មេងៈ ការអប់រំនៅមានកម្រិត មិនទាន់យល់អំពីតម្លៃនៃការរៀបការឲ្យបានស៊ីជម្រៅ ប្រកាន់តែឈ្នះរៀងខ្លួន ជាដើម ។
១៦. អំពើទាំងបីនៃគំនិតមាន៖
- បញ្ញត្តិគឺជាបញ្ញត្តិម បណ្តុំគំនិតដែលបង្កើតឡើងសម្រាប់សម្គាល់លក្ខណអ្វីមួយ ។
- ការវិនិច្ឆ័យគឺជាអំពើនៃគំនិត ដែលឲ្យមានលក្ខណៈទៅលើបញ្ញត្តិមួយ ឬជាចំណង់ដែលចង់បញ្ញត្តិពីរឬច្រើនភ្ជាប់គ្នា។
- វិចារគឺជាការប្រមូលផ្តុំវិនិច្ឆ័យពីរឬច្រើនឬជាការប្រមូលផ្តុំនូវគំនិតជាច្រើនដើម្បីឈានទៅរកការសន្និដ្ឋានអ្វីមួយ ។
១៧. សមាជិកគ្រួសារ ត្រូវមានលក្ខណៈគឺ៖
- ត្រូវមានការអធ្យាស្រ័យ គ្នាទៅវិញទៅមក
- ត្រូវមានភាពស្មោះត្រង់
- មានសេរីភាពក្នុងការជ្រើសរើសគូស្រករ
- ត្រូវមានការទទួលខុសត្រូវខ្ពស់
- ចេះប្រើនូវពាក្យពេចន៍ សម្តីទន់ភ្លន់
- ចេះប្រតិបត្តិ គោរព ឱនលំទោន ចាស់ទុំ
- មាននូវសម្លៀកបំពាក់សមរម្យ
- មានអាកប្បកិរិយាសុភាពរាបសា
- ចេះគោរពសិទ្ធិគ្នារវាងបុរស និងស្រ្តី
- ចេះគោរពស្រឡាញ់យក អាសារបងប្អូន
- ចៀសវាងនូវអំពើអបាយមុខទាំងឡាយ
- ចេះទទួលស្គាល់នូវកំហុសរបស់ខ្លួន
- ដឹងគុណចំពោះអ្នកដែលបានធ្វើ ល្អមកលើខ្លួនជាដើម ។
0 comments
No comments have been posted yet.