Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជនជាតិនីមួយៗដែលគេទទួលស្គាល់ថាត្រឹមត្រូវតាមច្បាប់លុះត្រាតែមានពលរដ្ឋ្ មានប្រទេសព្រំដែនទឹកដីច្បាស់លាស់ មានប្រវត្តិសាស្រ្តរបស់ខ្លួនមានសាសនាមានអ្នកដឹកនាំដែលជាក្បាលម៉ាស៊ីន និងជាពិសេសមានវប្បធម៌ផ្ទាល់ខ្លួន ។ តើខ្មែរមានវប្បធម៌ដែរឬទេ ? អ្វីខ្លះជាសម្បត្តិវប្បធម៌ខ្មែរ ? តើត្រូវធ្វើដូចម្តេចដើម្បីថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ?

                   វប្បធម៌ សំដៅធម៌ទាំងឡាយណាដែលទ្រទ្រង់ការសាបព្រោះបណ្តុះពូជឲ្យលេចចេញជាលទ្ធផល ផ្លែផ្កា តាមរយៈវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ ។ ម្យ៉ាងទៀត វប្បធម៌សម្គាល់អ្វីដែលផ្តល់ចំណេះដឹងគ្រប់វិស័យទោះបីចេះដឹងតាមផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសម្ភារៈដែលមាននៅក្នុងលោកយើងនេះក្តី និងនៅបរលោកខាងមុខក្តី ។ សម្បត្តិវប្បធម៌ ស​ម្គាល់កេដំណែលទាំងឡាយណាដែលផ្តតល់ចំណេះដឹងក្នុងវិស័យអក្សរសាស្រ្ត វិទ្យាសាស្រ្ត តិចនិចជំនឿ សាសនា សិល្បៈ ... ។

                   គេនិយមចែកសម្បត្តិវប្បធម៌ ជាពីរផ្នែកគឺ សម្បត្តិវប្បធម៌លទ្ធកម្ម និងសម្បត្តិវប្បធម៌ធម្មជាតិ ៖​

១. សម្បត្តិវប្បធម៌លទ្ធកម្ម

ក. ផ្នែកអក្សរសាស្រ្ត

សម្បត្តិវប្បធម៌ផ្នែកអក្សរសាស្រ្តរួមមានដូចតទៅ៖

  • ​សរសេរលើស្បែកសត្វនៅសម័យហ្វូណនពីសតវត្សទី១ ដល់សតវត្សទី២
  • សរសេរលើបន្ទះក្តាពីសតវត្សទី២ ដល់សតវត្សទី៣
  • សរសេរនៅលើសិលាចារិកនៅវ៉ូកាញ់ខេត្តត្រាងវៀតណាខាងត្បូងនាសតវត្សទី៣
  • សិលាចារឹកអ្នកតាដំបងដែកខេត្តតាកែវសតវត្សទី៦
  • សិលាចារឹកប្រាសាទប្រាំល្វែងនៅកម្ពុជាក្រោមសតវត្សទី៦
  • សិលាចារឹកប្រាសាទតាព្រហ្ម ទន្លេបាទីខេត្តតាកែវសតវត្សទី៦
  • សិលាចារឹកសម័យចេនឡាសតវត្សទី៨
  • សិលាចារឹកសម័យចេនឡាទី៩ ដល់សតវត្សទី១៣
  • សាស្រ្តស្លឹករឹត និងសៀវភៅល្អៗបោះពុម្ពយ៉ាងច្រើនរាប់មិនអស់ ។

ខ. ផ្នែកវិទ្យាសាស្រ្ត

                   សម្បត្តិវប្បធម៌ខ្មែរផ្នែកនេះពុំមានអ្វីជាដុំកំភួនទេ ព្រោះខ្មែរមើលជម្ងឺដោយឬសឈើ វល្លិ៍ឈើ ដើមឈើ សត្វស្រុក សត្វព្រៃ និងមន្តអាគមខ្លះយកតាមគម្ពីវេទ ប៉ុន្តែខ្មែរចេះគន់គូរដំណើរគោចរព្រះអាទិត្យ ព្រះចន្ទដូចជាគន់គូរសូរ្យគ្រាស ចន្ទគ្រាស ... បែបតារាវិទ្យា ។ ឯវិទ្យាសាស្ត្រសព្វថ្ងៃជាឥទ្ធិពលរបស់ពួកអឺរ៉ុបតែប៉ុណ្ណោះ ។

គ. ផ្នែកតិចនិច

                   តិចនិច ជាកម្រងល្បិចជាក់លាក់ដើម្បីបង្កើតលទ្ធផលផ្សេងៗ ។  ខ្មែរមានសប្បកម្មដូចជា ចេះធ្វើកញ្ច្រែង ត្រក់ បង្គី អង្រុត តោក​ តុ ទូ​ រទេះគោ និងរបស់ប្រើប្រាស់ផ្សេងៗទៀត សម្រាប់សេចក្តីត្រូវការក្នុងគ្រួសារ ។ ខ្មែរចេះស្លដែកតាំងពីសម័យមុនអង្គរ ចេះលាយលោហៈធាតុនៅសតវត្សទី១១ ដូចជាបសិមាព្រះនរាយណ៍ផ្ទុំពីធីសំរិតរើសបានមួយចំហៀងខ្លួននៅបារាយណ៍ខាងលិច ។

ឃ. ផ្នែកជំនឿ

  • ខ្មែរមានទំនៀមទម្លាប់ចូលម្លប់ចំពោះកូនស្រី ឯកូនប្រុសត្រូវទៅបួសមុនប្រកបកិច្ចការផ្សេងៗ
  • ខ្មែរមានប្រពៃណីប្រជាប្រិយដូចជា ប្រណាំងទូក អាពាហ៍ពិពាហ៍ជំនឿហោរា
  • ខ្មែរមានប្រពៃណីសាសនាដូចជា បុណ្យភ្ជុំបិណ្ឌ កឋិន បុណ្យផ្កា បបួសនាគ សំពះព្រះខែ មាឃបូជា វិសាខបូជា បុណ្យបច្ច័យបួន...
  • ខ្មែរមានរបាំជាច្រើនដូចជា របាំភួងបុប្ផា របាំមហោរី របាំក្ងោក  របាំព្រះរាជ្យទ្រព្យ របាំជូនពរ របាំបេះផ្លែក្រវ៉ាញ...
  • ខ្មែរមានឧបករណ៍តន្រ្តីយ៉ាងច្រើនដូចជា ខ្មែរមានរនាតឯក រនាតដែក រនាតធុង ទ្រខ្មែរ ទ្រអ៊ូ ទ្រឆេ ប៉ីពក ស្រឡៃ គងធំ ខ្លុយ ស្គរ សំភោ គងតូច ចាប៉ី ឆៃយ៉ាំ សាដៀវ តាខេ ឃឹម ឈឹង...
  • ខ្មែរមានល្ខោននិយាយ ល្ខោនបាសាក់ ល្ខោនខោល យីកេ និងររហ័សកម្ម
  • ខ្មែរចូលឆ្លាក់ ហើយឆ្លាក់តាំងលើជញ្ជាំងប្រាសាទ ខ្លោងទ្វា ហោជាងផ្តែបង្កាន់ដៃ....
  • ខ្មែរមានស្ថាបត្យកម្មយ៉ាងច្រើន បានកសាងប្រាសាទយ៉ាងច្រើនសម្រាប់ឧទ្ទិសទៅសាសនា ហើយស្ថាបត្យកម្មចែកតាមរចនាបថទាំង១២
  • ការតុបតែងខ្លួនរបស់ស្រ្តីខ្មែរគឺលាបធ្មេញឲ្យខ្មៅ និងប្រើប្រេងដូងដើម្បីឲ្យមានរលោង

ដូចនេះ ការអធិប្បាយខាងលើនេះសុទ្ធសឹងជាសម្បត្តិវប្បធម៌លទ្ធកម្មពីបន្តិចបន្តួចយកមកកែច្នៃឲ្យបានជាសម្បត្តិវប្បធម៌ឡើង ។

២. សម្បត្តិវប្បធម៌ធម្មជាតិ

                   សម្បត្តិធនធានធម្មជាតិរបស់ជនជាតិនីមួយៗ គឺជាភោគទ្រព្យទាំងឡាយណា និងអ្វីៗទាំងអស់ទោះបីរូបីក្តី អរូបីក្តីដែលកើតតាមធម្មជាតិមក ។

                   សម្បត្តិវប្បធម៌ធម្មជាតិខ្មែររួមមានយ៉ាងច្រើនដូចជា៖

  • ព្រំដែនទឹកដីខ្មែរ
  • សមុទ្រខ្មែរ
  • ទន្លេ ស្ទឹង បឹងបួរ ស្រះ ត្រពាំងរបស់ខ្មែរ
  • ភ្នំទាំងឡាយរបស់ខ្មែរដូចជា ភ្នំដងរែក ភ្នំក្រវ៉ាញ ភ្នំបូកគោ ភ្នំពពកវិលភ្នំខ្មោច ភ្នំប្រុស ភ្នំស្រី ភ្នំជីសូរ ភ្នំស្រង់ ភ្នំដា ភ្នំបូរី ភ្នំពេជនិល ភ្នំគីរីរម្យ ភ្នំស្រួច ភ្នំទំពរ ភ្នំក្រចៅ ភ្នំសំកុល ភ្នំធំ ភ្នំទឹកព្រិល ភ្នំសំពៅ ភ្នំខៀវ ភ្នំថ្មកែស ភ្នំស្វាយ ភ្នំគិរីវង់ ភ្នំក្រោម ភ្នំគូលេន ភ្នំទេព ភ្នំយ៉ាត ភ្នំសន្ទុក...
  • កោះខ្មែរមានដូចជា កោះទន្សាយ កោះត្បាល់ កោះពោធ៌ កោះអង្រង កោះសេះ កោះថ្មី កោះស្រមោច កោះឬស្សី កោះតាគារ កោះច្រឡុស កោះពស់ កោះកោងកាង កោះរុង កៅរុងសំឡឹង កោះឌុយកូន កោះសឹណាស់ កោះកណ្តាល កោះស្មាច់ កោះសាមិត កោះកុង កោះមូល កោះដាច់ កោះស្នហ៍...
  • ឆ្នេរខ្សាច់ខ្មែរមានដូចជា ឆ្នេរកែប ឆ្នេរកំពង់សោម ឆ្នេរកំពង់សិលា
  • រុក្ខជាតិរបស់ខ្មែរមានដូចជា ដើមត្នោត ដើមដូង ដើមស្វាយ ដើមទូរេន ដើមស្រូវ ដើមកៅស៊ូ ដើមអំពិលតឹក ដើមក្រសាំង ដើមចាន់គិរី ដើមសេដា ដើមទាប ដើមអំពិល....
  • ខ្មែរមានសត្វស្រុក សត្វព្រៃយ៉ាងច្រើនដូចជា ជ្រូក គោ មាន់ ទា សេះ ក្របី ត្តាន់ ប្រើស ដំរី ស្វា ខ្លា ... ដែលខ្មែរងាចបញ្ចូលទៅលក់នៅឯបរទេសទៀតផង ។
  • មនុស្សខ្មែរ ជាអ្នកការពារសម្បត្តិវប្បធម៌ទាំងអស់របស់ខ្មែរ មនុស្សខ្មែរតំណាងវប្បធម៌ និងអរិយធម៌របស់ខ្មែរ ព្រោះនៅក្នុងខ្លួនមនុស្សខ្មែរមានព្រលឹងខ្មែរ នៅក្នុងព្រលឹងខ្មែរមានខ្លឹមខ្មែរ  ។ ហេតុនេះត្រូវរក្សាមនុស្សខ្មែរឲ្យគង់វង្សត្រូវចៀសវាងសង្គ្រាមសម្លាប់ខ្មែរគ្នាឯង ។ ការបាត់បង់ជីវីតពលរដ្ឋខ្មែរគឺជាការវិនាសនៃសម្បត្តិវប្បធម៌ធម្មជាតិរបស់ខ្មែរក៏ដូចជាវិនាសនៃព្រលឹងខ្មែរដែរ  ។

ចុះបើសម្បត្តិទាំងអស់នេះវិនាសហីនហោច អន្តរធានអស់នៅ ដោយសារសង្គ្រាមខ្មែរនឹងបាត់បង់ព្រលឹងជាតិរបស់ខ្លួនរាប់បញ្ចូលព្រលឹងរូបីទៅជាមួយនឹងជាតិរបស់ខ្លួន ។

ដើម្បីថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើងត្រូវធ្វើដូចខាងក្រោម៖

១. ចំពោះសម្បត្តិវប្បធម៌លទ្ធកម្ម

  • បណ្តុះគំនិតស្នេហាជាតិ
  • កសាងសមិទ្ធិផលឲ្យច្រើនទោះបីក្នុងវិស័យអក្សរសាស្រ្ត តិចនិចវិទ្យាសាស្រ្ត សិល្បៈជំនឿ សាសនា...
  • ផ្សាយវប្បធម៌ជាតិ

២. ចំពោះសម្បត្តិវប្បធម៌ធម្មជាតិ

  • ត្រូវថែរក្សាព្រំដែនទឹកដីខ្មែរឲ្យបានគង់វង្ស
  • ត្រូវថែរក្សារុក្ខជាតិ ព្រៃឈើ សត្វស្រុក សត្វព្រៃកុំឲ្យមិនវិនាសហើយហោចឥតប្រយោជន៍
  • ចៀសវាងសង្គ្រាមសព្វបែបយ៉ាង
  • កុំសម្លាប់ខ្មែរគ្នាឯងផុយពេក...

ឆ្លងតាមការបកស្រាយខាងលើ យើងឃើញថាសម្បត្តិវប្បធម៌ទោះបីជាសម្បត្តិវប្បធម៌លទ្ធកម្មក្តី សម្បត្តិវប្បធម៌ធម្មជាតិក្តី ក៌ខ្មែរត្រូវយល់ពីតម្លៃឲ្យបានច្បាស់លាស់ ពីព្រោះសម្បត្តិវប្បធម៌ទាំងនេះតំណាងព្រលឹងរបស់ខ្មែរ ឯសម្បត្តិវប្បធម៌ដែលសំខាន់ជាងគេគឺ មនុស្សខ្មែរព្រោះមនុស្សខ្មែរជាអ្នកការពារបណ្តុះបណ្តាល និងធ្វើឲ្យលូតលាស់សម្បត្តិវប្បធម៌ដទៃទៀត ។ ហេតុនេះយើងប្រឆាំងជាដាច់ខាតនិងសង្គ្រាមសព្វបែបយ៉ាងពីសំណាក់បរទេសក្តីពីសំណាក់ជនជាតិេងក្តីដែលបណ្តាលឲ្យវិនាសដល់ពូជសាសន៍ខ្មែរសូម្បីតែម្នាក់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login