Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រវត្តិសង្ខេប

        បណ្ដាំក្រមង៉ុយ គឺជាកំរងអក្សរសិល្ប៍ខ្មែរ ដ៏រស់រវើកមួយ ចូលជ្រួតជ្រាបក្នុងសង្គមខ្មែរតាំងពីច្រើនឆ្នាំមកហើយ ។ ពាក្យកាព្យជាបទទូន្មាន ចំៗនេះ ស្ថិតដក់ជាប់ នៅក្នុងដួងព្រលឹងកូនខ្មែរគ្រប់សម័យកាល ថ្វីបើកំណាព្យនេះ មានអាយុកាលចំណាស់ ជាងមួយសតវត្សមកហើយ យ៉ាងណាក៏ដោយ ក៏ពាក្យទូន្មាន រំលឹកដាស់តឿន របស់ព្រះភិរម្យង៉ុយ ឬ ក្រមង៉ុយ ហៅង៉ុយនេះ មិនដែលចាស់ហួសសម័យនោះទេ គឺនៅ តែថ្មី មាន ន័យ មានខ្លឹមសារអាចធ្វើជាគតិទូន្មានខ្លួន ក្នុងសង្គមខ្មែរគ្រប់ៗ សម័យកាលជានិច្ច ។

        អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល ។ បិតាលោកនាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជាចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា ។ មាតានិង បិតាលោកជាកូន ទីពីរ នៅក្នុងគ្រួសារ ។

        កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់ លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាក សិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឳពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង ។ លុះអាយុបាន ២១ឆ្នាំលោកបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានឧបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុ ស្សាវនៈ ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹង ចក ។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើន កន្លែងទៀត ។

        លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកប ជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង ។ ដល់ពេល សុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក សិករធម្មតា ។

        លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះ ភ្លេងនិងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយ គេ និយមហៅ លោកថា " ភិរម្យង៉ុយ " ។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់ អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក ។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ ។ ខ្សែដៀវ គាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ ។

        ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀងឬទេសនា ក្នុងពេល មានបុណ្យទាន ពីភូមិមួយទៅភូមិមួយ ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែង ប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា ។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀត ពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា ។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង ៖

  • អំពីការប្រកបមុខរបររកស៊ីធ្វើស្រែចំការ
  • អំពីការជ្រើសរើសគូស្រករ
  • អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
  • អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
  • អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
  • អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នក បួស
  • អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
  • អំពីការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ
  • អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ ។ល។

        កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ ។ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះ ស៊ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យ នឹង ថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាត អោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា « អ្នកព្រះភិរម្យភាសាអ៊ូ » ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជ វាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្តិ ទ្រង់ត្រាស់អោយហៅថា « ង៉ុយ » វិញដើម្បីកុំអោយច្រលំគ្នា ។ ដូច្នេះបានជាលោក មានឈ្មោះ មួយទៀតថា ង៉ុយ ឬ ក្រមង៉ុយរៀងដរាបមក ។

        កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃ ថែមទៀត ។ ស្ដេច សៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេសជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះ ភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម ។ ស្ដេចសៀមបានធ្វើរាជសារមកសុំ អញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយឯក្រុងបាងកក ។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួល សេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា « ផៃរ៉ោះលឿកឺន » និងប្រ ទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន ។

        មានដំណាលថា ក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នក ចំរៀងមាត់ឯកម្នាក់ ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបាន សួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិ រម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ ឬ អោយឆ្លើយកុហក ?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើយអោយ ត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្ណេះទៀតបើភិ រម្យយូ មិនជឿត្រូវទៅមើលចុះ។

        ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា « តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ ? បើ ទៅតាម ទន្លេសាបវិញតើមានប៉ុន្មានគីឡូ ? »  ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូ យ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ ។ ភិរម្យ ង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង ។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យ ជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត ។ ដូច្នេះហើយ បានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំង នឹង ថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅ ឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិ និង ជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន ។ ពេលអ្នកចំរៀងទាំងពីរ នេះទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន ។

        នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់ គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក ។ ជារង្វាន់នៅពេលនោះអ្នកស្រី សុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ ។

        ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោក ជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ ។ តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់ ។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន ៖

  • ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
  • ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
  • សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧៉់ » ឆ្នាំ១៩៣១
  • ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទបណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ ។

        ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូដែរ គឺចំរៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស…..។

អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺ ៖

  • ឈ្មោះដូង
  • ឈ្មោះចេង
  • ឈ្មោះចា
  • ឈ្មោះចិន
  • ឈ្មោះចុង
  • ឈ្មោះចេវ

        ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺ កូនទី៥ ដែលគេនិយម ហៅថាអាចារ្យចុង ។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គម ស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក ។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា « សុ្រកខ្ញុំនៅឯលិចពោចិនតុង កូន អាចារ្យចុងចៅអាចារ្យង៉ុយ ។

          អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺទល់លាមក ។ សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦) ។

        នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយ មានវិបរិតទូទាំងប្រ ទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និង ប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិ សេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវក គ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគម បារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជា ប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន ។ ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង ។

        ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រង បារាំង ទាំងខាងរដ្ឋ បាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា ៖

  • មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
  • មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
  • ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du Royaume (៣) ។

        ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីល ធម៌រស់នៅ សំលៀក បំពាក់សិល្បៈភ្លេង របាំ រាំច្រៀង ៘ ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ – ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប ។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើ ទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិ គមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗអោយ ធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង ។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយឥតមាន ស្គាល់ឈ្មោះ និង ស្រុកកំណើតរបស់គេឡើយ(៤) ។

        ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និង រាំង ស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស ។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ ។ រីឯ ពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងឧបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ ។ ការប្រមូលពន្ធដារលើទំនិញ និង ការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិត បណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រ ជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ ដ។

១/ នៅក្នុងសៀវភៅឈ្មោះ « រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯក រាជ្យ(La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀប រាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។

២/ នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញ ទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការនៃរាជ រដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ១៥៩៥ ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមាន ការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង) ។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…។

៣/ បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានឯកសារមហាបុ រសខ្មែរ ។

៤/ កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាលសួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំ ដែក ដែលគេនិយមហៅថារូបពី ។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយ ច្បាំងបារាំង ។ ក្រោយឆ្នាំ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់ អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login