Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២០១- តើស្ថាប័នណាខ្លួនជាស្ថាប័នរដ្ឋ ? ហើយក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នរដ្ឋដែរឬទេ ?

២០២- បើសិនជាក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយមិនតាមរដ្ឋធម្មនុញ្ញ តើយ៉ាងណាទៅវិញ ?

២០៣- តើការផ្សព្វផ្សាយច្បាប់ ការពន្យល់ខ្លឹមសារមាត្រាច្បាប់ និងការបកស្រាយច្បាប់ ដែលមានតែក្រុមប្រឹក្សាធម្មនុញ្ញទើបមានសមត្ថកិច្ច) ខុសគ្នាដូចម្តេច ?

២០៤- ហេតុអ្វីបានជាក្រុមប្រឹក្សាធម្មនុញ្ញគ្មានអនុប្រធានដូចព្រឹទ្ធសភា និងរដ្ឋសភា ?

២០៥- សូមឯកឧត្តមជួយពន្យល់បន្ថែម រដ្ឋធម្មនុញ្ញជាលក្ខន្តិកៈនៃអំណាច ? ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកការពាររដ្ឋធម្មនុញ្ញ ?

ចម្លើយ

២០១- ស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញជាស្ថាប័នរដ្ឋទាំងអស់ ។ ប្រសិនបើរាជរដ្ឋាភិបាលចង់បង្កើតគណៈកម្មាធិការ ឬ អាជ្ញាធរណាមួយជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលជាអ្នកបង្កើតដោយអនុក្រឹត្យ ។

២០២- ក្រុមប្រឹក្សាធម្មនុញ្ញអនុវត្តទៅតាមសមត្ថកិច្ចដែលច្បាប់បានកំណត់ឱ្យ ពិសេសធានាការពារការ គោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ។

២០៣- ខ្ញុំសូមបញ្ជាក់ពាក្យមួយឃ្លាថា ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិបកស្រាយរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ ពាក្យនេះជាពាក្យច្បាប់ ហើយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានចែងយ៉ាងច្បាស់ថា ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នតែមួយគត់ដែលមានសមត្ថកិច្ចបកស្រាយរដ្ឋធម្មនុញ្ញ និងបកស្រាយច្បាប់។ ចំណែកការផ្សព្វផ្សាយច្បាប់ ការពន្យល់ខ្លឹមសារច្បាប់ នរណាក៏មានសិទ្ធិពន្យល់ និងផ្សព្វផ្សាយដែរ ព្រោះវាជាការបង្រៀនពីអ្នកចេះច្បាប់ទៅអ្នកមិនទាន់យល់ដឹងពីច្បាប់ ។

២០៤- ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញបានចែងយ៉ាងច្បាស់ណាស់ គឺមានតែប្រធានមិនមានអនុប្រធាននោះទេ ហើយប្រធានត្រូវនៅជាប្រចាំជាមួយស្ថាប័នផ្ទាល់ ដោយមិនអាចអវត្តមានយូរនោះទេ ទោះបីជាត្រូវបំពេញបេសកកម្មនៅឯបរទេសក៏ត្រូវមានទំនាក់ទំនងជាប់ជានិច្ចមកស្ថាប័នដែរ ។

២០៥- រដ្ឋធម្មនុញ្ញជាលក្ខន្តិកៈនៃអំណាច គឺមានន័យថា អ្នកដែលមានអំណាចត្រូវគ្រប់គ្រងប្រជាពលរដ្ឋ ទៅតាមអ្វីដែលរដ្ឋធម្មនុញ្ញបានសរសេរ អ៊ីចឹងគឺមានន័យថា មិនមែនបាត់សិទ្ធិអ្នកដែលមានអំណាចនោះទេ គឺគាត់ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ លិខិតបទដ្ឋានទាំងឡាយដើម្បីគ្រប់គ្រងដឹកនាំប្រទេស ។ អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវតែគោរពតាមលក្ខន្តិកៈនេះជាដាច់ខាត ។ លក្ខន្តិកៈនេះជាតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលជាលក្ខណៈប្រជាធិបតេយ្យបែបទំនើបមួយក្នុងយុគសម័យថ្មីនេះ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកការពាររដ្ឋធម្មនុញ្ញ គឺមានន័យថា ក្រុមប្រឹក្សាធម្មនុញ្ញអាចចាត់ទុកជាឆ្មាំឃ្លាំមើលការអនុវត្តរដ្ឋធម្មនុញ្ញ ដើម្បីកុំឱ្យមានការអនុវត្តប្រាសចាកពីរដ្ឋធម្មនុញ្ញ តែបើឋិតក្នុងកាលៈទេសៈ ពិសេសណាមួយដូចជា ពេលមានសង្គ្រាម ឬរដ្ឋប្រហារអ្វីមួយ គឺក្រុមប្រឹក្សាធម្មនុញ្ញមិនអាចជាអ្នកការពាររដ្ឋធម្មនុញ្ញបន្តទៀតនោះទេ ព្រោះទាំងអស់គ្នាលែងគោរពរដ្ឋធម្មនុញ្ញទៀតហើយ គេប្រើច្បាប់អាជ្ញាសឹក ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login