Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

 ១. តើគោលការណ៍សេដ្ឋកិច្ចទីផ្សារមានអ្វីខ្លះ ?

២. ចូរបង្ហាញពីភាពខុសគ្នារវាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងសេដ្ឋកិច្ចផែនការ ?

៣. តើអ្វីទៅជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ(Market Economic System)  ?

៤. ចូររៀបរាប់ពីប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច ?

៥. តើកម្រិតសមាហរណកម្មនៃសេដ្ឋកិច្ចមានអ្វីខ្លះ ? ចូរលើកទ្បើងពីភាពខុសគ្នារវាងតំបន់ពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ច ដោយលើកឩទាហរណ៍បញ្ជាក់ ?

៦. តើរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យម អ្វីខ្លះ ?

ចម្លើយ

១. គោលការណ៍សេដ្ឋកិច្ចទីផ្សារ គឺជាសកម្មភាពដោយសេរីនៅក្នុងដំណើរការផលិតផលកម្ម និងពាណិជ្ជកម្មគឺ ៖

  • សិទ្ធិជាម្ចាស់លើកម្មសិទ្ធិ និងសិទ្ធិសហគ្រិនក្នុងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មដោយសេរី ។
  • ការលុបបំបាត់ទម្រង់និងបែបបទផ្សេងៗ ដែលបង្អាក់ផលិតកម្ម និងពាណិជ្ជកម្ម ។
  • ថ្លៃទំនិញឬសេវាកម្មបង្កើតឡើង ដោយកិច្ចព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ ឬសមភាពរវាងបរិមាណផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារ ។
  • ថ្លៃទំនិញឬសេវាកម្ម មានលក្ខណៈបរានុមតិ ដោយឆ្លុះបញ្ចាំងពីប្រភពថ្លៃដើមនៃផលិតផល ។
  • ការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសេដ្ឋកិច្ច ត្រូវបានប្រើប្រាស់និយ័តករសេដ្ឋកិច្ច ដោយស្ថិតក្នុងក្របខ័ណ្ឌច្បាប់សេដ្ឋកិច្ច ជៀសវាងការប្រើប្រាស់វិធានការ រដ្ឋបាលប្រមូលផ្តុំ ។ និយ័តករសេដ្ឋកិច្សំខាន់ៗមាន គោលនយោបាយសារពើពន្ធហិរញ្ញវត្ថុ និងឥណទាន ច្បាប់ការងារ ច្បាប់ប្រឆាំងនឹងការផ្តាច់មុខ ការបង្កើតកម្មវិធីជាតិដើម្បីអភិវឌ្ឍន៍ជាដើម ។

២. ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលធនធានត្រូវបានបែងចែក និងផលិត ជាផលិតផលតាមតម្រូវការទីផ្សារ ។ ការសម្រេចចិត្តផលិតចំនួនប៉ុន្មានហើយសម្រាប់អ្នកណា​គឺផ្អែកតាមការប្រែប្រួលនៃថ្លៃទីផ្សារ ។

ប្រព័ន្ធសេដ្ឋកិច្ចផែនការ គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលរដ្ឋាភិបាលសម្រេចគ្រប់លើផលិតកម្ម ​និការប្រើប្រាស់ទំនិញ ។ ការិយាល័យផែនការរបស់រដ្ឋាភិបាល និងសម្រេចថាតើត្រូវផលិតប៉ុន្មាន ហើយសម្រាប់អ្នកណាខ្លះ ?

៣. ប្រព័ន្ធសេដ្ឋកិច្ច គឺជាប្រព័ន្ធនៃផលិតកម្ម ការចាត់ចែងធនធាន និងការបែងចែក ទំនិញ និងសេវាកម្មនៅក្នុងសង្គមមួយ ឬតំបន់ភូមិសាស្រ្តណាមួយ ។ ប្រព័ន្ធសេដ្ឋកិច្ចនៅលើសាកលលោកត្រូវបាន បែងចែកចេញជា ៤ ប្រភេទធំៗគឺ ប្រព័ន្ធសេដ្ឋកិច្ចប្រពៃណី(Traditional Economic System) ប្រព័ន្ធសេដ្ឋកិច្ចផែនការ(Planned Economic System)  ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ(Market Economic System)  ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ(Mixed  Economic System)  ។ ឥឡូវនេះ យើងនឹងសិក្សាតែទៅលើប្រព័ន្ធសេដ្ឋកិច្ច ទីផ្សារប៉ុណ្ណោះ ។

៤. ប្រព័ន្ធសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃផលិតកម្ម ការលៃលកធនធាន និងការបែងចែកទំនិញឬសេវាកម្មនៅក្នុងសង្គមឬទីតាំងភូមិសាស្រ្តជាក់លាក់ណាមួយៗ វាក៏យោងទៅតាមប្រព័ន្ធនៃសង្គមផងដែរ ដើម្បីកត់សម្គាល់ទៅលើចំណុចបង្កើតយុទ្ធសាស្រ្តសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវកំណត់ថាអ្វីដែលត្រូវផលិតផលដោយរបៀបណា និងផលិតទៅឱ្យអ្នកណា ។

          ​ប្រព័ន្ធសេដ្ឋកិច្ចត្រូវបានគេបែងចែកជា៤ប្រភេទគឺជា ៖

        ១. ប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណី(Traditional Economic System )  ៖ វាគឺជាសេដ្ឋកិច្ចដើម ដែលប្រពៃណី ទំនៀមទំលាប់ និងជំនឿរបស់គ្រួសារ សហគមន៍ ក្រុម កុលសម្ព័ន្ធ ឬសាសនារបស់ខ្លួននឹងកំណត់ពីទំនិញឬសេវាកម្មដែលសេដ្ឋកិច្ចនោះត្រូវផលិតផលនិងចែកចាយ ហើយភាគច្រើនការដោះដូរទំនិញគឺមិនប្រើប្រាស់កាសទេ ​។ ប្រទេសដែលប្រើប្រាស់សេដ្ឋកិច្ចរបៀបនេះភាគច្រើនគឺស្ថិតនៅតំបន់ដាច់ស្រយាល និងពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បង ។ គេអាចហៅម៉្យាងទៀត “ភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត “ ។ សេដ្ឋកិច្ចរបៀបនេះគឺមិនសូវមានឬគ្មានការអភិវឌ្ឍន៍ ទទួលយកបច្ចេកវិទ្យា និងផ្នែកសុខាភិបាលពីបរទេសតិចតួច ឬគ្មានសោះដោយប្រពៃណីនឹងសម្រេចពីការចិញ្ចឹមជីវិត ការស្លៀកពាក់ ក៏ដូចជាការតាំងទីលំនៅរបស់ពួកគេដែលប្រព្រឹតទៅតាមមនុស្សជំនាន់មុន ។ ប៉ុន្តែវាមានលក្ខណៈប្រសើរត្រង់ថាសេដ្ឋកិច្ចបែបនេះនឹងជួយឱ្យប្រជាជននៅតែរក្សាប្រពៃណី ទំនៀមទំលាប់ និងការបំពេញចិត្តមនុស្សជុំវិញបានស្របពេលដែលសេដ្ឋកិច្ចផ្សេងទៀតពិបាកនឹងធ្វើបាន ។

        ២. ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economic System ) ៖ សេដ្ឋកិច្ចរបៀបនេះ គឺរដ្ឋមានសិទ្ធិកាន់កាប់ទៅលើសកម្មភាពទាំងស្រុងនៃសេដ្ឋកិច្ចដោយសារសម្រេចចិត្តចែកចាយ និងផលិតគឺធ្វើតាមផែនការរបស់ រដ្ឋាភិបាល ។ វាមិនសូវមានភាពបត់បែនដូចសេដ្ឋកិច្ចទីផ្សារទេ ហើយប្រតិកម្មផ្លាស់ប្តូរការទិញទំនិញរបស់អ្នកប្រើប្រាស់ និងភាពឡើងចុះនៃការផ្គត់ផ្គង់ និងតម្រូវការក៏មានភាពយឺតយ៉ាវផងដែរ ។ ឩទាហរណ៍ដូចជាប្រទេសដែលកាន់របបកុម្មុយនីស ។ ហេតុផលចម្បងដែលរដ្ឋាភិបាលជ្រើសរើសសេដ្ឋកិច្ចប្រភេទនេះគឺដើម្បីអាចកាន់កាប់ធនធាន ដែលមានតម្លៃរបស់ខ្លួន ( ឩទារហណ៍. ប្រេង រ៉ែ មាស ) ។ រីឯផ្នែកផ្សេងទៀតដូចជាកសិកម្មគឺប្រជាជនជាអ្នកដឹកនាំនិងចាត់ចែង ។

        ៣. ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System ) ៖ រាល់សកម្មភាពនៃការដោះដូរទំនិញដោយសេរី និងអាស្រ័យទៅលើការព្រមព្រៀងគ្នារវាងអ្នកប្រើប្រាស់និងអ្នកផ្គត់ផ្គង់ ។ ក្រុមហ៊ុនក៏ដូចជាស្ថាប័នឯកជនមានសិទ្ធិកាន់កាប់ក្រុមហ៊ុន ដាក់តម្លៃទំនិញ គ្រប់គ្រងសង្វាក់ផលិតកម្ម ក៏ដូចជាបុគ្គលិកដោយខ្លួនឯង ។ ចំណែករដ្ឋាភិបាលមិនមានសិទ្ធិគ្រប់គ្រងធនធានចាំបាច់ ទំនិញដែលមានតម្លៃ ឬវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនោះទេ ។ ប្រជាជនជាអ្នកកំណត់ថាសេដ្ឋកិច្ចត្រូវប្រព្រឹត្តទៅដោយរបៀបណា ការផ្គត់ផ្គង់ត្រូវធ្វើដូចម្តេច និងតម្រូវការអ្វីខ្លះដែលចាំបាច់ ។ ជាក់ស្តែងមិនមានសេដ្ឋកិច្ចទីផ្សារសេរីសុទ្ធសាធនៅក្នុងពិភពលោកឡើយ ។ រដ្ឋាភិបាលនៅតែមានចំណែកចំណេះសេដ្ឋកិច្ចខ្លះៗដដែល ។

          ៤. ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (Mixed Economic System ) ៖ ជាសេដ្ឋកិច្ចមួយដែលរួមបញ្ចូលកិច្ចសហប្រតិបត្តិការ រវាងសេដ្ឋកិច្ចទីផ្សារនិងសេដ្ឋកិច្ចផែនការជាមួយគ្នា ។ ធនធានត្រូវបានគេបែងចែកទៅឱ្យទាំងឯកជននិងរដ្ឋជាអ្នកត្រួតត្រាតាមវិស័យនីមួយៗ ដែលប្រើប្រាស់គោលការណ៍ល្អបំផុតចំពោះប្រព័ន្ធទាំងពីរ ។ ទីផ្សារសេរីគឺមានតិចឬច្រើនជាងរដ្ឋាភិបាលលើកលែងតែវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យអប់រំ ថាមពល ( ឩ. អគ្គិសនីកម្ពុជា ) ទូរគមនាគមន៍ជាដើម ។ វិស័យទាំងនោះមិនអាច ឱ្យឯកជនកាន់កាប់ទាំងស្រុងបានទេព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ។ ជាក់ស្តែងយើងឃើញថាវិស័យ ផ្សេងៗគឺមានទាំងរដ្ឋនិងឯកជន (ឩ. វិស័យអប់រំ) ។ ទោះបីជាតាមទ្រឹស្តីគឺគេចង់ធ្វើយ៉ាងណាឱ្យវិស័យទាំងពីរអាចទាញយកផលប្រយោជន៍ ពីគ្នាទៅវិញទៅមកឱ្យបានល្អយ៉ាងណាក៏ដោយប៉ុន្តែចំពោះការអនុវត្តជាក់ស្តែងគឺមិនងាយនោះ ឡើយ ។ យើងឃើញថាទំហំនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលគឺធំ ដែលជូនកាលអាចមានឥទ្ធិពលលើសពីភាពចាំបាច់ទៅទៀត ។

៥. សមាហរណកម្មសេដ្ឋកិច្ចមាន កម្រិត រួមមាន (១) កិច្ចប្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម(PTA) (២) ពាណិជ្ជកម្មសេរី (៣) សហភាពគយ (៤) ទីផ្សាររួម (៥) សហភាពសេដ្ឋកិច្ច និង(៦) សហភាព នយោបាយ ។ ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ច គឺសិ្ថតនៅត្រង់ថាតំបន់ពាណិជ្ជកម្មសេរីគឺជាប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្មរីឯសហភាពសេដ្ឋកិច្ចវិញ គឺជាប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ចដែលជ្រាលជ្រៅ មានលក្ខណៈផ្សេងទៀតបន្ថែមពីលើការកាត់បន្ថយ ឬលុបចោលពន្ធនាំចូលនិងរបាំងមិនមែនពន្ធគយ ដូចជាការដាក់ពន្ធនាំចូលតាមអត្រាដូចគ្នាទៅលើផលិតផលនាំចូលពីប្រទេសទីបីទៅក្នុងតំបន់ ការចល័តដោយសេរីនូវកត្តាផលិតកម្ម រួមមានទំនិញ សេវាកម្ម កំលាំងពលកម្ម មូលធន និងការធ្វើសុខដុមកម្មនៃស្តង់ដារ និងការចេញនូវវិញ្ញាបនប័ត្រ គោលនយោបាយរូបិយវត្ថុ សារពើពន្ធ សង្គម និងច្បាប់ ។ ជាឩទាហរណ៍ខ្លី បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ ១៩៧៧ ដែលផ្តល់ការអនុគ្រោះតាមការស័្មត្រចិត្តចំពោះផលិតផល៧១មុខ និងបានបង្កើនដល់១២៦៤៧មុននៅឆ្នាំ​១៩៨៦ អាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែជ្រាលជ្រៅជាងមុន ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅឆ្នាំ ១៩៩២ ដែលលុបពន្ធនាំចូលស្ទើរតែគ្រប់ផលិតផលទាំងអស់ និងរបាំងមិនមែនពន្ធនាំចូលទៀត និងមានគោលដៅបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ។ សមាហរណកម្មសេដ្ឋកិច្ចតាមបែបសហភាពអឺរ៉ុបគឺមានលក្ខណៈជ្រាលជ្រៅខ្លាំង ពីព្រោះថាក្រៅពីលុបពន្ធនាំចូល និងរបាំងមិនមែនពន្ធនាំចូល សហភាពអឺរ៉ុបអនុវត្តនូវគោលនយោបាយដាក់អត្រាពន្ធនាំចូលដូចគ្នាចំពោះផលិតផលនាំចូលពីក្រៅតំបន់ គោលនយោបាយរូបិយវត្ថុ និងសាពើពន្ធរួម ដូចជារូបិយប័ណ្ណរួម(អឺរ៉ូ) អនុញ្ញាតឱ្យចល័តដោយសេរីនូវទំនិញ សេវាកម្ម កម្លាំងពលកម្ម និងមូលធន ព្រមទាំងធ្វើសុខដុមកម្មនូវស្តង់ដានីតិវិធី បែបបទ និងការអនុវត្តផ្សេងៗ ។

៦. រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យមមានដូចជា ៖ 

          ១. លើកទឹកចិត្តដែលការរីកលូតលាស់ផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសតាមរយៈការផ្តល់ឥណទានរយៈពេលមធ្យមនិងរយៈពេលវែង ។

          ២. ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ ។

          ៣. កាត់បន្ថយបែបបទនៃការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន ។

          ៤. សម្រួលដល់ការនាំចេញ នាំចូល តាមរយៈការកាត់បន្ថយបែបបទស្មុគ្រស្មាញ មានដូចជា អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ ។

          ៥. ផ្តល់ការគាំពារដល់ឩស្សាហកម្មក្មេងខ្ចីមួយចំនួន ក្នុងរយៈពេលសម្របសម្រួលមួយ ។

          ៦. ជំរុញសម័្ពន្ធភាពរវាងសហគ្រាសខ្នាតតូចនិងខ្នាតមធ្យម ជាមួយឩស្សាហកម្មធុនធំៗ ។

          ៧.​ ជំរុញបង្កើតមជ្ឍមណ្ឌលផលិតភាពជាតិ ដែលជួយដល់ឩស្សាហកម្មធុនតូច និងមធ្យម តាមរយៈការលើកកម្ពស់ផលិតភាព និងការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម ។

          ៨. បង្កើតវិទ្យាស្ថានស្តង់ដារជាតិ ដែលនឹងជួយធានាឱ្យមានគុណភាពផលិតផល ក្នុងប្រទេស អាចឆ្លើយតបបានទៅនឹងស្តង់ដារក្នុងតំបន់និងអន្តរជាតិ ។

          ៩. បង្កើតមន្ទីរពិសោធន៍ផ្នែករូប គីមី មីក្រូជីវ មេកានិច និងការធ្វើតេស្តដែលអាចកំណត់បានលើគុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល ។

          ១០. ពង្រឹងយន្តការការពារកម្មសិទ្ធិបញ្ញា ដែលរារាំងដល់ការលួចចម្លងខុសច្បាប់ ក្នុងការរិះរក និងប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ព្រមទាំងផលិតផលថ្មីៗ ។

          ១១. ជំរុញដល់ការបណ្តុះបណ្តាលមុខវិជ្ជាជំនាញ ទាំងក្នុងនិងក្រៅប្រទេស ។

          ១២. បង្កើតចលនាភូមិមួយផលិតផលមួយ ។

          ១៣. ពង្រឹងប្រព័ន្ធច្បាប់ ដោយច្បាប់រោងចក្រ ច្បាប់ឩស្សាហកម្ម ច្បាប់តក្កកម្មឩស្សាហកម្ម ច្បាប់សុវត្ថិភាព ភាពឩស្សាហកម្ម ច្បាប់រង្វាស់រង្វាល់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login