Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សង្ខេបប្រវត្តិ

អតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ។

        លោក ប៉ែន សុវណ្ណ ជាអ្នកនយោបាយលេចធ្លោមួយរូបនៅក្នុងសង្គមកម្ពុជា កាលពីចុងទសវត្សឆ្នាំ១៩៧០ និងដើមទសវត្សឆ្នាំ១៩៨០ ។ ការលេចធ្លោរបស់លោក គឺដោយសារតែលោកជាមេដឹកនាំមួយរូបនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កៀកស្មាគ្នាជាមួយកងទ័ពវៀតណាម វាយលុកចូលកម្ពុជា ផ្ដួលរំលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ ហើយវៀតណាម បានលើកបន្តុបលោកជានាយករដ្ឋមន្ត្រីនៃរបបថ្មីគឺសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅពេលនោះ។

        លោក ប៉ែន សុវណ្ណ ធ្លាប់ជានាយករដ្ឋមន្ត្រីទី១ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ពីចុងខែមិថុនា ដល់ដើមខែធ្នូ ឆ្នាំ១៩៨១ ។ សម័យកាលដែលលោកធ្វើជានាយករដ្ឋមន្ត្រីនោះ គឺប្រទេសកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម ។

        លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៣៦ នៅភូមិចានទាប, ឃុំសំរោង, ស្រុកត្រាំកក់, ខេត្តតាកែវ, ព្រះរាជាណាចក្រកម្ពុជា ។ 

        លោកកើតក្នុងគ្រួសារកសិករក្រីក្រ ដែលធ្វើស្រែតិចតួច និងលក់កម្លាំងពលកម្ម។ លោកជាកូនទី៣ ក្នុងចំណោមបងប្អូន ៧នាក់។ នៅអាយុ ១០ឆ្នាំ លោកចាកចេញពីគ្រួសារទៅនៅស៊ីឈ្នួលមើលគោឲ្យគ្រួសារអ្នកមានមួយ។ ដោយសារការរស់នៅទីនោះលំបាក លោកក៏ចាកចេញទៅនៅជាមួយព្រះសង្ឃនៅវត្តផ្ចឹកជ្រំ រហូតដល់វ័យ ១៥ឆ្នាំ។

    លោកបានចូលប្រឡូកក្នុងចលនានយោបាយដោយមិនបានដឹងខ្លួននៅឆ្នាំ១៩៥០ (ថ្ងៃទី៣ ខែកុម្ភៈ)  គឺនៅពេលលោកចូលរួមចលនាតស៊ូឥស្សរៈតាមការពន្យល់របស់ម្ដាយលោក ដែលយល់ថា ចលនានោះជាចលនាល្អ ។

        ក្នុងវ័យ ២៤ឆ្នាំ លោក ប៉ែន សុវណ្ណ ថ្លែងថា ពេលនោះលោកមិនយល់ពីបញ្ហានយោបាយឥណ្ឌូចិន ៣ប្រទេសទេ ប៉ុន្តែលោកគ្រាន់តែដឹងថា លោកត្រូវចូលរួមចលនាវាយបណ្ដេញពួកអាណានិគមនិយមឈ្លានពានក្រៅប្រទេស វាយរំលំរបបជិះជាន់ប្រជាពលរដ្ឋកសិករប៉ុណ្ណោះ ។ លោកមើលឃើញថា អាណានិគមរបស់អធិរាជជប៉ុន និងបារាំង ពេលនោះបានធ្វើបាបជិះជាន់ពលរដ្ឋកម្ពុជា ហើយពួកឥស្សរៈដែលចូលមកក្នុងភូមិរបស់លោកចេះជួយយកអាសាអ្នកស្រុក៖ « ខ្ញុំយល់តែមួយទេ គឺត្រូវរួមចំណែកតស៊ូវាយបណ្ដេញពួកអាណានិគមនិយមឈ្លានពានក្រៅប្រទេស និងរំលំរបបជិះជាន់ប្រជាពលរដ្ឋកសិករ ។ កាលហ្នឹងនយោបាយ គឺខ្ញុំអត់ដឹងសោះថា ប្រទេសណាជាប្រទេសណា ខ្ញុំពេលនោះនៅតូច ដឹងស្ថានភាពនៅប្រទេសតែប៉ុណ្ណឹងទេ។ ខ្ញុំបានអាហ្នឹងហើយ ខ្ញុំកំណត់ឃើញថា ចលនារបស់ឥស្សរៈមានគោលដៅមួយវាយបណ្ដេញពួកអាណានិគមក្រៅប្រទេស អាហ្នឹងគឺបារាំង ហើយវាយវណ្ណៈជិះជាន់ កាលហ្នឹងខ្ញុំហៅថា វណ្ណៈសក្ដិភូមិជិះជាន់សង្កត់សង្កិនប្រជាពលរដ្ឋក្រីក្រ » ។

        លោកបញ្ជាក់ថា ក្រុមឥស្សរៈដែលលោកចូលរួមនោះ គឺជាក្រុមរបស់តា ម៉ុក ដែលលោកស្គាល់ឈ្មោះផ្សេងទៀតថា ឈិត ជឿន អ៊ុង ជឿន និង ឯក ជឿន ។ លោកបានធ្លាប់ជាធ្វើការងារចម្រុះ និងជាអង្គរក្សរបស់តា ម៉ុក ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ 

        ក្រោយពេលកម្ពុជា ទទួលបានឯករាជ្យពីបារាំង (សន្ធិសញ្ញាឯករាជ្យក្រុងហ្សឺណែវ) នៅឆ្នាំ១៩៥៤ លោកជាមនុស្សម្នាក់ក្នុងចំណោមយុវជន យុវនារីចំនួន ១.០៤០នាក់ ដែលត្រូវបានមេចលនាកុម្មុយនិស្តឥស្សរៈភូមិភាគនិរតី គឺតា ម៉ុក បញ្ចុះបញ្ចូលឲ្យទៅរៀនវិជ្ជាជីវៈយោធានៅខេត្តថាញ់វ៉ា (Thanh Hoa) វៀតណាមខាងជើង ៖ « គេយកខ្ញុំទៅបណ្ដុះបណ្ដាលនាយទាហានថ្នាក់ក្រោម គឺនាយទាហានត្រឹមកងអនុសេនាតូច ។ ខ្ញុំបានចូលបណ្ដុះបណ្ដាលនាយទាហានហ្នឹង គេឲ្យខ្មែរពួកខ្ញុំហ្នឹងមួយក្រុមជំនាញការកងទ័ពជើងគោកទំនើបមានខ្ញុំហ្នឹង មានគ្នា ៥៤នាក់ ។ ៥៤នាក់ហ្នឹង ខ្ញុំទៅដំបូង គេឲ្យរៀនភាសាវៀតណាម អក្សរវៀតណាម ដើម្បីចូលរៀនបច្ចេកទេស » ។ ហើយមូលហេតុជំរុញលោកនៅពេលនោះ ទោះជាអាណានិគមបារាំង បានចាកចេញពីកម្ពុជា ពិតមែន ប៉ុន្តែវណ្ណៈជិះជាន់នៅតែមាន ។

        នៅក្រោយព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ឆ្នាំ១៩៧០ លោកត្រូវបានពួកកុម្មុយនិស្តខ្មែរ ទាក់ទងទៅវៀតណាម ខាងជើងបញ្ជូនពួកលោកមកជួបក្រុមកុម្មុយនិស្តកម្ពុជា ដូចជា លោក អៀង សារី អ្នកស្រី អៀង ធីរិទ្ធ និងលោក ទីវ អុល ជាដើម ។ ពេលនោះ លោកត្រូវបានគេចូលទៅក្នុងក្រសួងឃោសនាការរបស់រណសិរ្សរួបរួមជាតិកម្ពុជា ដែលមានសម្ដេចព្រះ នរោត្ដម សីហនុ ជាព្រះប្រធាន នៅតាមខេត្តភាគខាងជើងប្រទេសកម្ពុជា ។

        លោក ប៉ែន សុវណ្ណ លោកជាអ្នកនិពន្ធ និងជាអ្នកបកប្រែភាសាវៀតណាម នៅក្នុងវិទ្យុផ្សាយសំឡេងនៃក្រសួងឃោសនាការចលនារណសិរ្សរួបរួមជាតិកម្ពុជានោះ ដែលមានជំនាញការវៀតណាម គ្រប់គ្រងបច្ចេកទេស ៖ « អារឿងនិពន្ធអត្ថបទ រឿងបកប្រែពីខ្មែរទៅវៀតណាម ពីវៀតណាម ទៅខ្មែរ គឺខ្ញុំពូកែ ។ ខ្ញុំមើលកាសែតវៀតណាម បកចេញខ្មែរតែម្ដង។ គេឃើញខ្ញុំពូកែ គេយកខ្ញុំធ្វើបច្ចេកទេស ដើម្បីជួយវិទ្យុផ្សាយសំឡេងវៀតណាម ហើយនិងជួយមន្ត្រីគេ ដែលអានអក្សរមិនត្រូវ ឬថាតែងអត់ត្រូវ ឲ្យខ្ញុំជួយតម្រង់ជំនាញការគ្រូបង្រៀនគេហ្នឹង ជួយបង្រៀនគេឲ្យចេះបច្ចេកទេសសរសេរអក្សរខ្មែរ និពន្ធអក្សរខ្មែរ ផ្សាយសំឡេងវៀតណាម» ។ លោកគេចចេញពីពួកកុម្មុយនិស្តខ្មែរក្រហម នៅដើមឆ្នាំ១៩៧៤ នៅពេលដែលលោកទទួលដំណឹងថា ពួកទាំងនោះមានផែនការចង់សម្លាប់លោក ។ លោកបន្តរស់នៅក្នុងប្រទេសវៀតណាម រហូតដល់ឆ្នាំ១៩៧៩

        ក្នុងបទសម្ភាសន៍របស់លោក ប៉ែន សុវណ្ណ តែងតែអះអាងថា លោកជាអ្នកប្រមូលឥស្សរជន និងអ្នកតស៊ូកម្ពុជា ដែលភៀសខ្លួនទៅវៀតណាម ដើម្បីបង្កើតចលនារំដោះពលរដ្ឋកម្ពុជា ពីកណ្ដាប់ដៃពួកខ្មែរក្រហម ប៉ុល ពត ។ លោកត្រូវបានតែងតាំងជាប្រធានចលនាកសាងកម្លាំងនយោបាយ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧៨ នៅខែធ្នូ ឆ្នាំ១៩៧៨ ដែលមានឈ្មោះថា ចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។

        លោក ប៉ែន សុវណ្ណ ក៏ជាលេខាបក្សប្រជាជនបដិវត្តន៍កម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១ ។ លោកធ្លាប់ត្រូវបានវៀតណាម បញ្ជាឲ្យចាប់ខ្លួនបញ្ជូនទៅដាក់គុកនៅទីក្រុងហាណូយ អស់រយៈពេល ១០ឆ្នាំ ក្នុងពេលដែលលោកជាប្រធានបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលជាគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន។ លោកថ្លែងថា ការចាប់ខ្លួនលោកពេលនោះ គឺដោយសារតែលោកលើកឡើងអំពីបញ្ហាវៀតណាម រំលោភបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា។ លោកចង់ឲ្យវៀតណាម និងបក្សប្រជាជនបដិវត្តន៍កម្ពុជា បង្កើតគណៈកម្មការបណ្ដោះអាសន្នដោះស្រាយបញ្ហាព្រំដែន និងជនអន្តោប្រវេសន៍វៀតណាម ដែលចូលមកកម្ពុជា។ លោក ប៉ែន សុវណ្ណ អះអាងថា អ្នកដែលប្រឆាំងសំណើសុំរបស់លោកខ្លាំងជាងគេ គឺលោក ហ៊ុន សែន ដោយចាត់ទុកគំនិតរបស់លោក ប៉ែន សុវណ្ណ ថា ជាទស្សនៈជាតិនិយមចង្អៀតចង្អល់ហួសហេតុ។ លោកត្រូវបានវៀតណាម ដាក់ក្នុងគុកងងឹត និងធ្វើទារុណកម្មគំរាមកំហែងផ្លូវចិត្តពីកម្មាភិបាលវៀតណាម។ លោកត្រូវបានអាជ្ញាធរវៀតណាម ដោះលែងវិញក្រោយពីជាប់ពន្ធនាគារបាន ១០ឆ្នាំ។

ការកសាងគ្រួសារ

        លោក ប៉ែន សុវណ្ណ រៀបការប្រពន្ធជាជនជាតិវៀតណាម នៅឆ្នាំ១៩៦៥ គឺក្នុងពេលដែលលោកកំពុងរៀននៅវៀតណាម ខាងជើង។ ទាំងលោក និងកូនរបស់លោកតែងបដិសេធចំពោះព័ត៌មានដែលថា ប្រពន្ធរបស់លោកជាកូនអ្នកដឹកនាំវៀតណាម៖ «សុំបញ្ជាក់ថា ប្រពន្ធហ្នឹងជាប្រភពជាជនក្រីក្ររបស់វៀតណាម នៅទីក្រុងហាណូយ។ អាជីពរកស៊ីចិញ្ចឹមជីវិតដេរខោអាវឲ្យសហជីពសហគ្រាសណាមួយនោះ ខ្ញុំក៏មិនបានដឹងដែរ ហើយគេថា ជាកូនជាចៅ ឡេ ដឹកថ (Le Duc Tho) ជាកូនជាចៅលោកតា ផាម វ៉ាន់ដុង (Pham Van Dong) អ្នកហ្នឹងហើយខំពូតទឹកឲ្យទៅជាដុំ។ ពាក្យនេះខ្ញុំបដិសេធចោល»។

           លោកបន្តថា មុនរៀបការ លោក និងប្រពន្ធលោកបានព្រមព្រៀងគ្នាថា លោកទុកប្រយោជន៍ជាតិខ្ពស់ជាងគ្រួសារប្រពន្ធកូន។ ពលរដ្ឋខ្មែរជាច្រើននាក់យល់ឃើញថា សកម្មភាពរបស់លោក ប៉ែន សុវណ្ណ បង្ហាញថា លោកបានគិតគូរពីប្រយោជន៍ខ្មែរខ្ពស់ ទើបធ្វើឲ្យលោកត្រូវចាប់ដាក់គុកច្រវាក់ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្រោយចេញពីគុក លោកបានបង្កើតគណបក្សនយោបាយប្រកួតការបោះឆ្នោតមួយ នៅឆ្នាំ១៩៩៨ ឈ្មោះថា គណបក្សទ្រទ្រង់ជាតិ។ ប៉ុន្តែគណបក្សលោកមិនបានទទួលអាសនៈនៅសភាទេ។ ក្រោយមក លោកបានចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា នៅឆ្នាំ២០០៧។

        សរុបមកលោក ប៉ែន សុវណ្ណ បានចំណាយពេលបីភាគបួននៃជីវិតរបស់លោកចូលប្រឡូកនយោបាយម្ដងលិចម្ដងអណ្ដែត។ ទីបំផុត ពេលដែលគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួបរួមគ្នាជាគណបក្សសង្គ្រោះជាតិ ប្រកួតការបោះឆ្នោត នៅឆ្នាំ២០១៣ លោកជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលកំពង់ស្ពឺ។

អវសាន្តនៃជីវិត

លោកប៉ែន សុវណ្ណ បានទទួលមរណភាពនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login