Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-08 14:50

ដើម្បីចោទប្រកាន់ជនណាម្នាក់ប្រព្រឹត្តបទល្មើស នីតិព្រហ្មទណ្ឌខ្មែរបានតម្រុវឲ្យបំពេញធាតុផ្សំចំនួន ០៣ (បី) គឺ៖

  • ធាតុសត្យានុម័ត

ធាតុសត្យានុម័ត ឬហៅថា ធាតុសម្ភារៈ សំដៅលើអំពើដែលជនល្មើសបានប្រព្រឹត្តបទល្មើសស្តែងចេញមកខាងក្រៅតាមរយៈអំពើបង្កគ្រោះថ្នាក់ដល់សង្គម បច្ច័យគ្រោះថ្នាក់ដល់សង្គម (ការអន្តរាយ) ដោយមានទំនាក់ទំនងហេតុផលរវាងអំពើ និងបច្ច័យដែលកើតមានដោយសារតែអំពើនោះ។ អំពើបង្កគ្រោះថ្នាក់ដល់សង្គម គឺជាសកម្មភាពជាក់ស្តែង ឬកាយវិការជាក់ស្តែងរបស់មនុស្ស ដែលបានស្តែងចេញមកបង្កឲ្យមានការអន្តរាយ ឬ គម្រាមបង្កឲ្យអន្តរាយដល់ទំនាក់ទំនងសង្គម ដែលច្បាប់ព្រហ្មទណ្ឌបានការពារ។ អំពើនោះ គឺជាកាយវិការ សម្តែងចេញមកខាងក្រៅដែលអាចមើលឃើញរបស់មនុស្សក្រោមរូបភាពជាក់ស្តែង ដើម្បីសម្រេចនូវគោលបំណងដែលមានគោលដៅនឹងសេចក្តីប៉ងប្រាថ្នា ឬសង្ឃឹមចង់បាន។ គោលដៅដែលជនល្មើសប៉ងប្រាថ្នាចង់បាន អាចជាការរំលោភបំពានលើបុគ្គល ទ្រព្យសម្បត្តិ ឬសង្គមជាតិ។ បច្ច័យ ឬការអន្តរាយ អាចកើតមានឡើងបាន លុះត្រាតែជាអំពើប្រព្រឹត្តរបស់ជននោះ ដើម្បីសម្រេចគោលដៅ ឬប៉ងប្រាថ្នាសម្រេចគោលដៅរបស់ខ្លួន។ កាលណាមានតែបច្ច័យកើតឡើង ប៉ុន្តែគ្មានអំពើណាមួយបង្កើតបច្ច័យទេនោះ វាមិនមែនជាបច្ច័យដែលត្រូវឲ្យជនណាម្នាក់ទទួលខុសត្រូព្រហ្មទណ្ឌឡើយ។ ឧទាហរណ៍៖ ឡានមួយបានបែកកញ្ចក់មុខនៅពេលចតមុខផ្ទះ។ ប៉ុន្តែអំពើដែលនាំឲ្យបែកកញ្ចក់មុខនេះ គ្មាននណារម្នាក់បានធ្វើនោះទេ គឺ កញ្ចក់បែកដោយសារតែទុក្រោមពន្លឺថ្ងៃក្តៅខ្លាំង។ ហេតុនេះ ការណ៍មានតែបច្ច័យកើតឡើងនេះ មិនបានបំពេញឲ្យមានទំនាក់ទំនងហេតុផល និងបច្ច័យ ជាធាតុសត្យានុម័តឡើយ ។

  • ធាតុអត្តនោម័ត

ធាតុអត្តនោម័ត គឺជាផ្នែកខាងក្នុងនៃបទល្មើស ដែលផ្ទុយទៅនឹងធាតុសត្យានុម័តដែលជាផ្នែកខាងក្រៅនៃបទល្មើស។ ធាតុអត្តនោម័ត ជាកិរិយាផ្លូវចិត្តរបស់ជនល្មើសចំពោះអំពើបង្កគ្រោះថ្នាក់ដល់សង្គមដែលគេបានប្រព្រឹត្ត និងចំពោះបច្ច័យដែលកើតឡើងពីអំពើនោះ។ ធាតុអត្តនោម័ត មានកត្តារួចផ្សំចំនួន ០៣ (បី) គឺ កំហុសចេតនា ឬអចេតនា គំនិតផ្តួតផ្តើមប្រព្រឹត្តបទល្មើស និង គោលដៅនៃការប្រព្រឹត្តបទល្មើស។ យើងមិនអាចមើលធាតុអត្តនោម័តឃើញនឹងភ្នែកទៅខាងក្នុងរបស់ជនល្មើសនោះទេ ប៉ុន្តែយើងអាចមើលឃើញនូវធាតុអត្តនោម័ត បានតាមរយៈធាតុសត្យានុម័តដែលជនល្មើសបានប្រព្រឹត្ត។ ទោះបីកំហុសដែលបានប្រព្រឹត្តកើតចេញពីចេតនា ឬអចេតនា កាលណាធាតុនីត្យានុកូលបានបញ្ញត្តិជាបទល្មើស ជនល្មើសនឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ។ គំនិតផ្តួចផ្តើមប្រព្រឹត្តបទល្មើស សំដៅដល់ស្ថានភាពដែលជនល្មើសមានស្មារតីគ្រប់គ្រាន់ក្នុងការប្រព្រឹត្តបទល្មើសជាសត្យានុម័តដែលជម្រុញដោយកត្តាខាងក្នុងនៃចិត្ត មានន័យថា កត្តាខាងក្នុងនៃចិត្តរបស់ជនល្មើស បានជម្រុញឲ្យកត្តាខាងក្រៅជាសត្យានុម័តប្រព្រឹត្តបទល្មើស ដើម្បីសម្រេចបាននូវគោលដៅប្រព្រឹត្តបទល្មើសដែលខ្លួនចង់បាន។ គោលដៅប្រព្រឹត្តបទល្មើស សំដៅលើស្ថានភាពដែលជនល្មើសប្រាថ្នាចង់ប្រព្រឹត្តបទល្មើសទៅលើកម្មវត្ថុនៃបទល្មើស។ កម្មវត្ថុនៃបទល្មើស មានដូចជា៖ ការរំលោភបំពានលើបុគ្គល ទ្រព្យសម្បត្តិ និងសង្គមជាតិ។

  • ធាតុនីត្យានុកូល

ធាតុនីត្យានុកូល សំដៅលើបញ្ញត្តិច្បាប់ជាធរមាន ដែលចាត់ទុកថាអំពើណាមួយជាបទល្មើស និងច្បាប់កំណត់ឲ្យអំពើនោះត្រូវផ្តន្ទាទោសតាមច្បាប់។ ធាតុនីត្យានុកូលនៃបទល្មើស និងធាតុនីត្យានុកូលនៃទោស ត្រូវតែ មានបញ្ញត្តិក្នុងច្បាប់ជាធរមាន។ ធាតុនីត្យានុកូលនៃបទល្មើស ជាអំពើណាមួយដែលច្បាប់បញ្ញត្តិថាបទល្មើស។

រីឯធាតុនីត្យានុកូលនៃទោស ជាទោសដែលច្បាប់តម្រូវឲ្យផ្តន្ទាទោសលើអំពើជាបទល្មើសនោះ។ ធាតុនីត្យានុកូលនៃបទល្មើស និងធាតុនីត្យានុកូលនៃទោស ត្រូវតែមានចែងក្នុងច្បាប់ជាធរមាន។ កាលណាមានតែធាតុនីត្យានុកូលនៃបទល្មើស ប៉ុន្តែគ្មានធាតុនីត្យានុកូលនៃទោស តុលាការក៏មិនអាចសម្រេចផ្តន្ទាទោសបានដែរ។ ឧទាហរណ៍៖ មាត្រា ៧ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣​ បានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ”។ មាត្រានេះ មិនបានបញ្ញត្តិអំពីនីត្យានុកូលនៃទោសទេ ហេតុនេះតុលាការមិនអាចសម្រេចផ្តន្ទាទោស លើនរណាដែលបានរំលោភបំពានព្រះមហាក្សត្រនោះទេ គឺមានតែនីត្យានុកូលនៃបទល្មើសតែប៉ុណ្ណោះ។

ឧទាហរណ៍ ៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ “ក” និង “ខ” បានព្រមព្រៀងគ្នារៀបចំគម្រោងសម្លាប់ “គ” នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បានសម្លាប់ “គ” ដោយសារតែការសម្លាប់របស់ “ក” និង “ខ” តាមគម្រោងបានព្រៀងទុក ។

មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ បានចែងថា “ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការ ពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើ រូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្ដអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ”

យើងអាចទាញបាន ធាតុនីត្យានុកូល “មាត្រា ២០០ បទឃាតកម្មគិតទុកជាមុន និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត” ធាតុសត្យានុម័ត “អំពើសម្លាប់ ខ តាមការព្រៀងទុក” និង ធាតុអត្តនោម័ត “ចេតនាសម្លាប់”។ ហេតុនេះ ក និង ខ ត្រូវបានរងការចោទប្រកាន់ពី “បទឃាតកម្មគិតទុកជាមុន” ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login