Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រវត្តិសង្ខេប អ្នកដែលបង្កើតបក្សកុំមុយនីសរ៉ុស្សី ។

        វ៉្លាឌីមៀរ លេនីន ត្រូវបានគេចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលមួយរូប ហើយក៏ជាអ្នកនយោបាយដ៏ចម្រូងចម្រាសមួយផងដែរ នៅក្នុងសតវត្សរ៍ទី២០ ។

    លេនីន គឺជាស្ថាបនិកនៃបក្សកុម្មុយនិស្តរុស្ស៊ី ជាមេដឹកនាំនៃបដិវត្តន៍បុលឆេវិក ឆ្នាំ១៩១៧ និងជាប្រមុខរដ្ឋទីមួយ នៃសហភាពសូវៀត ។

     លេនីន មានឈ្មោះកំណើតថា វ៉្លាឌីមៀរ អ៊ីលីច អ៊ូល្យ៉ាណូវ (Vladimir Ilich Ulyanov) កើតនៅឆ្នាំ១៨៧០ នៅក្នុងក្រុងមួយ ដែលបច្ចុប្បន្នត្រូវបានគេប្រសិទ្ធនាមថា “ក្រុងអ៊ូល្យ៉ាណូវ” ស្ថិតនៅចម្ងាយប្រមាណជា ៩០០គីឡូម៉ែត្រពីទីក្រុងម៉ូស្គូ។ អ៊ូល្យ៉ាណូវ គឺជាកូនទី៣ ក្នុងចំណោមបងប្អូន ៦នាក់ នៃគ្រួសារមួយ ដែលឪពុកម្តាយសុទ្ធតែជាអ្នករៀនសូត្រខ្ពង់ខ្ពស់។ លេនីនផ្ទាល់ក៏ត្រូវបានគេស្គាល់ថាជាក្មេងដែលរៀនពូកែ ចូលចិត្តអាន ហើយបានជាប់ឈ្មោះជាសិស្សឆ្នើមនៅវិទ្យាល័យ។

        ក៏ប៉ុន្តែ នៅពីក្មេង អ៊ូល្យ៉ាណូវក៏បានជួបប្រទះនឹងហេតុការណ៍ដ៏គួរឲ្យសោកសៅជាច្រើនផងដែរ ជាពិសេស គឺការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ ដែលជាកត្តាដ៏ចម្បងមួយ ជំរុញឲ្យអ៊ូល្យ៉ាណូវក្លាយខ្លួនជាមេដឹកនាំបដិវត្តន៍ប្រឆាំងនឹងរបបរាជានិយម។ ហេតុការណ៍ដែលមានផលប៉ះពាល់ខ្លាំងជាងគេ ដល់បុគ្គលិកលក្ខណៈរបស់អ៊ូល្យ៉ាណូវ គឺនៅពេលដែលបងប្រុសរបស់គាត់ត្រូវគេចាប់ខ្លួន និងកាត់ទោសប្រហារជីវិត នៅឆ្នាំ១៨៨៧ ពីបទថាបានរួមគំនិតក្នុងការរៀបចំផែនការធ្វើឃាតអធិរាជរ៉ុស្ស៊ី។

        នៅឆ្នាំដែលបងប្រុសត្រូវគេប្រហារជីវិត អ៊ូល្យ៉ាណូវទើបនឹងបានចុះឈ្មោះចូលរៀនផ្នែកច្បាប់ នៅសកលវិទ្យាល័យ ក៏ប៉ុន្តែ រៀនបានមួយឆមាស ក៏ត្រូវបានលុបឈ្មោះចេញពីសាលា ដោយសារតែគាត់បានចូលរួមក្នុងចលនាបាតុកម្មនិស្សិត។ ចាប់ពីពេលនោះហើយ ដែលអ៊ូល្យ៉ាណូវដុះគំនិតប្រឆាំងនឹងរបបរាជានិយមរ៉ុស្ស៊ីកាន់តែខ្លាំង ហើយព្រមទាំងបានដក់ចិត្តនឹងទ្រឹស្តីកុម្មុយនិស្តរបស់ទស្សនវិទូអាល្លឺម៉ង់ ឈ្មោះ Karl Marx

        នៅឆ្នាំ១៨៩២ ក្រោយពីបានបញ្ចប់ការសិក្សាផ្នែកច្បាប់ អ៊ូល្យ៉ាណូវក៏បានប្រកបរបរជាមេធាវី ដែលមានអតិថិជនភាគច្រើនជាកសិករក្រីក្រ ។ អាជីពជាមេធាវីនេះបានធ្វើឲ្យអ៊ូល្យ៉ាណូវកាន់តែមានគំនិតទោរទៅរកមនោគមន៍វិជ្ជាកុម្មុយនិស្តថែមទៀត ដោយសារតែគាត់បានមើលឃើញកាន់តែច្បាស់នូវភាពអយុត្តិធម៌ នៃប្រព័ន្ធតុលាការរ៉ុស្ស៊ី ។ អ៊ូល្យ៉ាណូវក៏បានប្រឡូកចូលទៅក្នុងសកម្មភាពសម្ងាត់ ក្នុងការធ្វើបដិវត្តន៍ប្រឆាំងនឹងរាជានិយមរ៉ុស្ស៊ី ហើយនៅឆ្នាំ១៩០១ បានប្តូរឈ្មោះពីអ៊ូល្យ៉ាណូវ មក លេនីន ដើម្បីបិទបាំងពីការតាមប្រមាញ់របស់អាជ្ញាធរ ។

        នៅក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលនេះ លេនីនត្រូវបានអាជ្ញាធរចាប់និរទេសខ្លួនឲ្យទៅរស់នៅក្នុងតំបន់ស៊ីបេរី អស់រយៈពេល ៣ឆ្នាំ ។ ក៏ប៉ុន្តែ ក្រោយពីបានរួចខ្លួនមកវិញ លេនីន ក៏បានប្រឡូកចូលក្នុងសកម្មភាពបដិវត្តន៍កាន់តែខ្លាំងជាងមុន រហូតបានជាប់ឈ្មោះក្នុងចំណោមជួរថ្នាក់ដឹកនាំនៃគណបក្សពលកររ៉ុស្ស៊ី ។

        ប៉ុន្តែ ដោយមានជម្លោះនៅក្នុងបក្ស នៅឆ្នាំ១៩១២ ក្រុមរបស់លេនីនក៏បានផ្តាច់ខ្លួនទៅបង្កើតចលនាបដិវត្តន៍ថ្មីមួយ ដែលប្រកាន់នូវគំនិតដាច់ខាតថា ដើម្បីបង្កើតសង្គមរ៉ុស្ស៊ីមួយយុត្តិធម៌ គេចាំបាច់ត្រូវតែបំបាត់ចោលឲ្យអស់នូវវណ្ណៈសក្តិភូមិ ហើយប្រគល់អំណាចទៅឲ្យកម្មករ និងកសិករជាអ្នកគ្រប់គ្រងដោយផ្ទាល់វិញ។

        ក្រោយមកទៀត នៅក្នុងអំឡុងសង្រ្គាមលោកលើកទីមួយ លេនីន ក្រោយពីត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារមួយរយៈពេលខ្លី ក៏បានរត់ចេញពីរ៉ុស្ស៊ី ហើយនិរទេសខ្លួនទៅរស់នៅក្នុងប្រទេសស្វ៊ីស ក៏ប៉ុន្តែ នៅតែបន្តធ្វើសកម្មភាពប្រឆាំងនឹងរបបដឹកនាំបែបមូលធននិយម និងចក្រពត្តិនិយម ដោយបានសរសេរសៀវភៅមួយ នៅឆ្នាំ១៩១៦ ដោយបានលើកឡើងថា សង្រ្គាម គឺជាលទ្ធផលនៃមូលធននិយមអន្តរជាតិ។

        នៅឆ្នាំ១៩១៧ នៅពេលដែលរ៉ុស្ស៊ីត្រូវទទួលរងការខូចខាតខ្លាំង ដោយសង្រ្គាមលោកលើកទី១ ចលនាប្រឆាំងនឹងរដ្ឋាភិបាលរ៉ុស្ស៊ី ក៏បានរាលដាលទៅជាចលនាបដិវត្តន៍ (បដិវត្តន៍ខែកុម្ភៈ) ហើយឈានទៅធ្វើការផ្តួលរំលំស្តេចត្សារ៍ នីកូឡាទី២។

        ប្រមាណជា១ខែក្រោយបដិវត្ត៍ លេនីន ដោយមានការជួយជ្រោមជ្រែងពីអាល្លឺម៉ង់ ក៏បានបញ្ឈប់ការនិរទេសខ្លួន នៅស្វ៊ីស ហើយធ្វើដំណើរវិលត្រឡប់ មករ៉ុស្ស៊ីវិញ។ អាល្លឺម៉ង់ជួយលេនីន ដោយមើលឃើញថា លេនីន គឺជាអ្នកប្រឆាំងនឹងការណ៍ដែលរុស្ស៊ីប្រឡូកខ្លួនចូលក្នុងសង្រ្គាមលោក។ ដូច្នេះ អាល្លឺម៉ង់រំពឹងថា លេនីនអាចនឹងធ្វើឲ្យអន្តរាគមន៍របស់កងទ័ពរ៉ុស្ស៊ី ក្នុងសង្រ្គាមលោកលើកទី១ត្រូវធ្លាក់ចុះខ្សោយ។

        នៅវិលត្រឡប់មកដល់រុស្ស៊ីវិញភ្លាម លេនីនបានចាប់ផ្តើមធ្វើការប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្នរ៉ុស្ស៊ី ដែលកើតចេញពីបដិវត្តន៍ខែកុម្ភៈ។ ប៉ុន្មានខែក្រោយមកទៀត លេនីនបានដឹកនាំចលនាបដិវត្តន៍ថ្មីមួយទៀត គឺបដិវត្តន៍បុលឆេវិក ឬបដិវត្តន៍ខែតុលា ដែលតាមពិតត្រូវបានអ្នកប្រវត្តិសាស្រ្តចាត់ទុកថាជា “រដ្ឋប្រហារ” ទម្លាក់រដ្ឋាភិបាលបណ្តោះអាសន្ន ហើយបង្កើតរបបកុម្មុយនិស្តមួយជំនួសវិញ ដោយមានលេនីន ជាប្រមុខដឹកនាំ។

        ក្រោយបដិវត្តន៍ខែតុលា រ៉ុស្ស៊ីត្រូវធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល អស់រយៈពេល ៣ឆ្នាំ ដែលនៅក្នុងអំឡុងពេលនោះ លេនីនបានប្រើគ្រប់មធ្យោបាយ ដើម្បីកម្ចាត់អ្នកប្រឆាំងនឹងបដិវត្តន៍ ដែលក្នុងនោះ មានប្រជាជនស៊ីវិលរាប់សិបម៉ឺននាក់ត្រូវបានប៉ូលិសសម្ងាត់របស់លេនីនចាប់យកទៅធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់ចោល ដោយគ្មានការជំនុំជម្រះ។

        នៅទីបំផុត គឺលេនីនជាអ្នកទទួលជោគជ័យ ក្នុងសង្រ្គាមស៊ីវិល ហើយសហភាពសូវៀតក៏ត្រូវបានបង្កើតឡើង ដោយមានលេនីនជាប្រមុខរដ្ឋាភិបាល។ ក៏ប៉ុន្តែ សហភាពសូវៀតថ្មីនេះ ត្រូវប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការខូចខាតពីសង្រ្គាមលោកលើកទី១ផង និងពីសង្រ្គាមស៊ីវិលក្នុងប្រទេសខ្លួនឯងផង។ ភាពក្រីក្រ និងគ្រោះអត់ឃ្លានបានកើតមានឡើងនៅស្ទើរតែគ្រប់ទីកន្លែង។ នៅទីបំផុត គឺដល់វេនលេនីនវិញម្តង ដែលត្រូវប្រឈមមុខនឹងចលនាបះបោររបស់ប្រជាជន។

        ប្រឈមមុខនឹងបាតុកម្ម និងកូដកម្ម ដែលកើតមានឡើងនៅស្ទើរតែគ្រប់ទិសទី លេនីនក៏បានដាក់ចេញនូវនយោបាយសេដ្ឋកិច្ចថ្មីដោយបន្ធូរបន្ថយកាតព្វ កិច្ច លែងចាប់បង្ខំឲ្យប្រជាជនត្រូវតែលក់ស្រូវជូនរដ្ឋដូចកាលពីមុន ហើយបើកចំហឲ្យមានការលក់ស្រូវនៅលើទីផ្សារសេរីវិញ។

        នៅឆ្នាំ១៩២២ លេនីនបានធ្លាក់ខ្លួនឈឺដោយជំងឺគាំងបេះដូង រហូតត្រូវពិការមួយចំហៀងខ្លួន ហើយត្រូវដកខ្លួនចេញពីកិច្ចការដឹកនាំប្រទេសប្រចាំថ្ងៃ ។ ស្ថិតក្នុងស្ថានភាពសុខភាព ដែលចេះតែធ្លាក់ដុនដាបពីពីមួយថ្ងៃទៅមួយថ្ងៃ លេនីន ចាប់ផ្តើមបារម្ភ អំពីអនាគតរបស់សហភាពសូវៀត នៅក្រោយពេលលោកស្លាប់បាត់ទៅ ។ កាន់តែគិត លេនីនកាន់តែមើលឃើញថា បក្សកុម្មុយនិស្ត និងរដ្ឋាភិបាលសូវៀតនៅពេលនោះ ចាប់ផ្តើមដើរកាន់តែឃ្លាតចាកឆ្ងាយពីគោលដៅបដិវត្តន៍ ។

        នៅដើមឆ្នាំ១៩២៣ លេនីនបានរៀបចំសរសេរសំបុត្របណ្តាំមួយ ដោយបានបង្ហាញនូវវិប្បដិសារី ចំពោះរបៀបដឹកនាំតាមបែបផ្តាច់ការ ព្រមទាំងបានស្នើឲ្យបក្សកុម្មុយនិស្ត និងរដ្ឋាភិបាលសូវៀត រៀបចំធ្វើកំណែទម្រង់លើរបៀបដឹកនាំរបស់ខ្លួន ។ នៅក្នុងសំបុត្របណ្តាំនេះ លេនីនក៏បានបង្ហាញនូវក្តីព្រួយបារម្ភផងដែរថា ស្តាលីន ដែលនៅពេលនោះ ជាលេខាបក្សកុម្មុយនិស្ត បានប្រមូលផ្តុំអំណាចយកមកក្តោបក្តាប់ក្នុងដៃតែឯងច្រើនពេក ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ទៅថ្ងៃអនាគត ហើយបានស្នើឲ្យបក្សកុម្មុយនិស្តដកស្តាលីន ចេញពីតំណែងជាលេខាបក្ស ។

        លេនីនគ្រោងនឹងឲ្យគេយកសំបុត្របណ្តាំនេះទៅអាន នៅក្នុងសមាជរបស់បក្ស ក៏ប៉ុន្តែ សមាជមិនទាន់មកដល់ផង លេនីនត្រូវគាំងបេះដូងសាជាថ្មីម្តងទៀត ដែលម្តងនោះ លេនីនត្រូវពិការទាំងស្រុងរហូតកម្រើកក៏មិនបាន ហើយនិយាយស្តីអ្វីក៏មិនកើត ។  ប្រមាណជិត ១០ខែក្រោយមក លេនីនត្រូវគាំងបេះដូងម្តងទៀត ដែលជាលើកចុងក្រោយ ហើយលោកទទួលមរណភាព នៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩២៤ ។ សាកសពរបស់ស្ថាបនិកនៃបក្សកុម្មុយនិស្តរ៉ុស្ស៊ីត្រូវបានគេរក្សាទុករហូតមកទល់នឹងពេលបច្ចុប្បន្ន នៅឯទីលានក្រហម ក្នុងក្រុងម៉ូស្គូ ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login