ព្រះរាជវង្ស និង ជីវប្រវត្ដិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំ ដោយសិលាចារឹកនៅប្រាសាទជ្រុង ក្នុង​រង្វង់​នគរ​ធំ សិលា​ចារឹក​នៅ​ប្រា​សាទ​បន្ទាយ​ឆ្មារ ក្នុង​ខេត្ដ​បាត់​ដំបង សិលា​ចារឹក​នៅប្រាសាទបាយ័ន នៅប្រាសាទតាព្រហ្ម និង ជាពិសេស ដោយ​សិលា​ចារឹក​នៅ​ប្រា​សាទ​ភិមាន​អាកាស ដែល​ចង​ក្រង និង​និពន្ធ​តាក់តែងឡើង ជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសីរបស់ព្រះបាទជ័យ​វរ្ម័ន​ទី​៧ ព្រះ​នាង​ឥន្រ្ទ​ទេវី ​។​

        បើតាមការសិក្សាស្រាវជ្រាវ ហ្សក កូដេស George Coedes ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូត្រយ៉ាង​យូរ​ណាស់ ក្នុង​គ.ស.​១១២៥ ​។ ព្រះ​មាតា​របស់​ព្រះ​អង្គ ព្រះ​នាម​ជ័យ​រាជ​ចូឌាមណី ព្រះបិតាព្រះអង្គ ព្រះនាមធរនិន្រ្ទវរ្ម័នទី២ ដែលសោយរាជបន្ទាប់ពី​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​២ ព្រះ​អង្គ​ត្រូវ​ជា​ចៅ​មីង​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៦ ដែលសោយរាជបន្ទាប់ពីព្រះបាទសុរិយាវរ្ម័នទី២។ ព្រះអង្គត្រូវជាចៅមីង របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៦ និង​ត្រូវ​ជា​ក្មួយ​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​២​ ។ ដូច្នេះយើងឃើញថា តាមរយៈម្ដាយព្រះអង្គជាប់ចុះមកពីព្រះរាជវង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុនមហានគរឬមុនអង្គរ ឬ​ក្នុង​សម័យ​នគរ​ហ្វូណន់​ចេនឡា ​។ ហើយ​តាម​ខ្សែ​ស្រ​លាយ​ព្រះ​រាជ​វង្សឳពុក ព្រះអង្គចុះមកពីព្រះសន្ដតិវង្សមហិធរបុរៈ ។

យុវភាព

        តាមរយៈសិលាចារឹកដដែល យើងបានដឹងថា កាលបិតាព្រះអង្គ ព្រះធរនិន្រ្ទវរ្ម័នទី២ នៅសោយរាជជាព្រះមហា ក្សត្រកម្ពុជា ព្រះបាទជ័យវរ្ម័ទី៧ បានទទួលតំនែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរ ទៅធ្វើសង្រ្គាមតទល់ នឹងនគរចំប៉ា ។ កាលនោះ ព្រះអង្គព្រះជន្មបាន ២៥វស្សា ។

        បើតាមសិលាចារឹក យើងអាចស្មានបានថា កាលនោះព្រះអង្គមានមហេសីរួចស្រេចទៅហើយ ព្រះនាមរបស់​ព្រះ​នាង គឺ​ជ័យ​រាជា​ទេវី​។ ជា​មួយ​នឹង​ព្រះ​នាង ប្រ​ហែល​ជា​ក្នុង​គ.ស ១១៤៥ ព្រះអង្គបានមានព្រះរាជបុត្រមួយ ព្រះអង្គ ព្រះនាមស្រីឥន្រ្ទកុមារ ។ ព្រះ​បាទ​ជ័យ​វរ្ម័​ទី​៧ ព្រះ​អង្គ​ត្រូវ​បែក​ព្រាត់​ប្រាស​ពី​ប្រពន្ធ​កូន ដោយ​ក្ដី​វិយោគ​អួល​ណែនចុកចាប់រៀងរាល់ថ្ងៃ ពុំដែលមានល្ហែល្ហើយឡើយ ។ ទុក្ខ​សោក​សង្រេង​ឈឺ​ខ្លោច​ផ្សា​រីង​រៃ​ ដោយ​ការ​ព្រាត់​ប្រាស់​នេះ​ត្រូវ​បាន​ព្រះ​នាង​ឥន្រ្ទទេវី ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គ សរសេរចារវេញចង​ក្រង​ជា​ភួង​កំណាព្យ លើ​ផ្ទាំង​សិលា​ប្រា​សាទ​ភិមាន​អាកាស​ ។ ព្រះនាងឥន្រ្ទទេវី បានរៀបរាប់អធិប្បាយថា : «ព្រះមហេសីព្រះបាទជ័យវរ្ម័ទី៧ ព្រះនាងជ័យរាជាទេវី ប្រៀបបាន​ទៅ​ព្រះ​នាង​សិតា ដែល​កំពុង​ព្រាត់​ពី​ស្វាមី គឺ​ព្រះ​រាម​ ។ ព្រះ​រាម​គឺ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ឯស្ដេចចាមប្រៀបបាន ទៅនឹងក្រុងរាពណ៍ នៅពេលដែល​ព្រះ​ស្វាមី យាង​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ខ្មាំង ព្រះ​នាង​ជ័យ​រាជា​ទេវី​ បាន​ចូល​កាន់​សីល កាន់ត្រណមគោរពទៅតាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេស​ប្រ​ហែស​ឡើយ ​។ ព្រះ​នាង​តែង​តែ​ខំ​សិក្សា​ស្វា​ធ្យា​យ​ធម៌ បួង​សួង​បន់​ស្រន់​សុំអោយព្រះស្វាមីបានជួបតែសេចក្ដីសុខ និងជ័យជំនះឈ្នះ​លើ​សត្រូវ​ ។ ព្រះ​នាង​មាន​រូប​រាង​កាយ​ស្គាំង​ស្គម ហើយ​មិន​យក​ចិត្ដ​ទុក​ដាក់នឹងសក់ព្រះនាងឡើយ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមី​ម្ដង​ៗ ព្រះ​នាង​តែង​តែ​ឈឺ​ចុក​ចាប់​ពើត​ក្នុង​ទ្រូង តែ​ការ​ឈឺ​ចុក​ចាប់​នេះ បានធ្វើអោយព្រះនាងសប្បាយរំសា យទុក្ឌទៅវិញ។ ព្រះនាងជ័យរាជាទេទីនៅស្មោះ​ត្រង់ រង់​ចាំ​ការ​វិល​ត្រលប់​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ជា​និច្ច​ ​» ។

ជីវិតតស៊ូ ព្យាយាម រង់ចាំ

        នៅគ.ស.១១៦០ ព្រះបាទជ័យវរ្ម័នទី៧ កំពុងតែធ្វើចំបាំង ប្រយុទ្ធជាមួយកងទ័ពនគរចំប៉ានៅមុខទីក្រុងវិជ័យ។ គ្រានោះ ព្រះ​អង្គ​បាន​ទទួល​ដំណឹង​​ថា​ព្រះ​បិតា​ព្រះ​អង្គ​ចូល​ទីវង្គត ហើយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២ បានឡើងសោយរាជ​ជំនួស។ នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្ដូរ​នេះ ព្រះ​អង្គ​ពុំ​បាន​ផ្លាស់​ប្ដូរ​ចិត្ដ​គំនិត​អ្វី​ទាំង​អស់ ​។ ព្រះ​អង្គ​នៅ​តែ​បន្ដធ្វើសង្រ្គាមវាយប្រហារនគរចាម ហើយគោរពស្មោះស្ម័គ្របំរើព្រះ​មហា​ក្សត្រ​ថ្មី​ដោយ​គ្មាន​វៀច​វេរ​ នៅ​​ពេល​ដែល​ព្រះ​អង្គ​ទទួល​ដំណឹង​ដឹង​ថា នៅ​ព្រះរាជធានី មានមន្រ្ដីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រ ព្រះ​អង្គ​បាន​ធ្វើ​ដំណើរ​យាង​ចូល​ មក​នគរ​វិញ ដើម្បី​ជួយ​ការ​ពារ​ជ្រោម​ជ្រែង​ព្រះ​រា​ជា​ ។ តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្មបានកន្លងហួស ផុតរួច​ស្រេច​បាត់​ទៅ​ហើយ ​។ ព្រះ​បាទ​យសោ​វរ្ម័ន​ទី​២ ត្រូវ​គេ​ធ្វើ​ឃាត​ហើយ​ព្រះរាជបុត្រព្រះអង្គព្រះ ស្រីឥន្រ្ទកុមារក៏ប្រហែលជាអស់សង្ខារក្នុង​សម័យ​ជា​មួយ​គ្នា​នោះ​ដែរ​ ។ ក្នុង​គ.ស.១១៦៥ បើ​តាម​សិលា​ចារឹក​ប្រា​សាទបន្ទាយឆ្មារ ស្ដេចថ្មីព្រះបាទត្រីភុវ័នអាទិត្យ បានរៀបចំធ្វើពិធីព្រះរាជា​ភិសេក ហើយ​ប្រ​កាស​តាំង​ខ្លួន​ជា​ព្រះ​មហា​ក្សត្រ​នគរ​កម្ពុជា​ ។ កាលនោះព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបានកេណ្ឌទ័ព ចេញទៅធ្វើសង្រ្គាមតតាំងរាំងជល់ នឹងស្ដេចជ្រែករាជ ដើម្បី​ដណ្ដើម​យក​រាជ​បល្ល័ង្គ​មក​វិញ​ទេ​ ។ ព្រះ​អង្គ​នៅ​នឹង​ស្ងៀម​មិន​បណ្ដែតបណ្ដោយ​ចិត្ដគំនិតអារម្មណ៍ អោយផ្លាស់ប្ដូរហក់លោតទៅតាមមនោ​សញ្ចេត​នា ភ្លើង​កំហឹង​ការ​ប្រ​មាថ​ឆេវ​ឆាវ និង​ការ​លោភ​លន់​ខ្វះ​ពិចារ​ណា​ឡើយ ព្រះអង្គបានសំងំនៅប្រាសាទព្រះខ័ន ក្នុងខេត្ដកំពង់ស្វាយ(១) យក​ពេល​ស្មឹង​ស្មាធ ត្រិះ​រិះស្រាវ​ជ្រាវ​សិក្សា ពិចារ​ណា​រក​ផ្លូវ​ចំរើន រង់​ចាំ​ឱកាសល្អ ដើម្បីដាក់ខ្លួនបំរើជាតិ ។

លទ្ធផលនៃការតស៊ូ

        ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយៈ​ពេល​១៧​ឆ្នាំ គ.ស.១១៦០-១១៧៧ ទើប​ឱកាស​ល្អ​បាន​មក​ដល់ ​។ ព្រឹត្ដិ​ការណ៍​នគរ​ចំប៉ា វាយ​ប្រហារ​ចូល​លុក​លុយ​ប្រទេស​កម្ពុ​ជា និង ការ​អស់​ព្រះ​ជន្ម​របស់​ព្រះ​មហា​ក្សត្រ​ជ្រែក​រាជ បាន​រុញ​ច្រាន ជំរុញ​អោយ​ព្រះ​អង្គ​ចេញ​មុខ​បង្ក​បង្កើត​ចល​នា​​ត​ស៊ូ​​រំដោះ​ជាតិ​។ ព្រះ​អង្គ​ដឹក​នាំ​ការ​តស៊ូ​ប្រ​ឆាំង នឹង​អាណា​និ​គម​ចំប៉ា អស់​រយៈ​ពេល​៤​ឆ្នាំ ទើប​បាន​ទទួល​លទ្ធ​ផល​ល្អ។ នៅគ.ស.១១៨១ ដែល​ព្រះ​អង្គ​បាន​រំដោះ​ជាតិ​មាតុ​ភូមិ​ពី​កណ្ដាប់​ដៃ​ចាម ព្រះ​អង្គ​បាន​ប្រកាស​ជា​ព្រះ​មហា​ក្សត្រ​នគរ​កម្ពុជា ហើយ​ទទួល​រាជា​ភិសេក​ ក្នុង​ឆ្នាំ​ដដែល​ ។ កាល​នោះ​តាម​ការ​ប៉ាន់​ស្មាន ព្រះ​បាទ​ជ័យ​វរ្ម័​ទី​៧ បាន​ព្រះ​ជន្ម​ប្រហែល​៥០​​វស្សា​ ។ ចំណែក​​ខាង​អគ្គ​ម​ហេសី​ជ័យ​រាជា​ទេវី​វិញ​​ ដើម្បី​ជា​ការ​អប​អរ អរ​គុណ​ដល់​គុណ​បុណ្យ​បារមី​ព្រះ​រតន​ត្រៃ ដែល​បាន​ជួយ​ព្រះ​នាង តាម​ការ​បន់​ស្រន់​បួង​សួង ព្រះ​​រាជ​​ទេពី​ បាន​ធ្វើ​បុណ្យ​ចែក​អំណោយ​គ្រប់​បែប​យ៉ាង​ដល់​វត្ដ​អារាម និង​ប្រជា​នុ​រាស្រ្ដ​ ។ ក្រោយ​ដែល​ព្រះ​អគ្គ​មេ​ហេសី ជ័យ​រាជា​ទេវី​ចូល​ទី​វង្គត ព្រះ​នាង​ឥន្រ្ទ​ទេវី​ជា​បង ត្រូវ​បាន​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​អភិសេក​តែង​តាំង​ជា​ព្រះ​អគ្គ​មហេ​សី ​។ ព្រះ​នាង​ជា​​ស្ដ្រី​ម្នាក់​ដែល​មាន​វិជ្ជា​ខ្ពង់​ខ្ពស់ មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​មោះ​មុត ឈ្លាស​វៃ​ពូកែ​ល្បី​ល្បាញ​ខាង​វិជ្ជា​​អក្សរ​​សាស្រ្ដ មាន​​ធម៌​​មេត្ដា​​សន្ដោស គោរព​​បូជា​​ព្រះ​ពុទ្ធ​សាសនា​ ។ ព្រះ​នាងជ័យ​រាជា​ទេវី ដែល​ជា​អគ្គ​មហេ​សី​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ សុទ្ធ​​តែ​ធ្លាប់​ជួយ​ផ្ដល់​យោ​បល់​ដល់​ព្រះ​​ស្វាមី តាម​​ព្រះ​ពុទ្ធ​​ឱវាទ​​ ។ ព្រះបាទជ័យវរ្ម័ទី៧ ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជា និង មានជំនឿទៅ លើព្រះពុទ្ធសាសនាផ្នែកមហាយាន ។ ព្រះ​រាជ​បុត្រ​ព្រះ​អង្គ​ជា​ច្រើន​ សុទ្ធ​តែ​មាន​​ជំនឿ និង​ធ្វើ​សក្ការៈ​បូជាថ្វាយចំពោះព្រះពុទ្ធសាសនា បុត្រព្រះអង្គព្រះនាម តមលិន្ដ បានបួស​ជា​សង្ឃ ហើយ​ទៅ​បន្ដ​ការ​សិក្សា​នៅ​កោះ​សេរី​លង្កា ​។ បុត្រមួយទៀត ព្រះអង្គវីរកុមារ ដែលបាន និពន្ធចារអត្ថបទមួយយ៉ាងល្អ វែកញែក អធិប្បាយពី​ព្រះ​ពុទ្ធ​សាសនា​លើ​ផ្ទាំង​ថ្ម នៅ​ប្រា​សាទ​ព្រះ​ខ័ន​ ។

កិត្យានុភាព

        ព្រះបាទជ័យវរ្ម័ទី៧ ដោយសារការតស៊ូ ព្យាយាមព្រះអង្គបានទទួលជោគជ័យ ដែលគេអាចចាត់ទុកជាជោគជ័យផ្ទាល់​ខ្លួន ​។ តែ​ព្រះ​អង្គ​បាន​យក​ជោគ​ជ័យ​ ឥទ្ធិ​ពល​អំណាច​ការ​ចេះ​ដឹង ការពិសោធន៍ និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេស​ជាតិ​ផ្ដល់​នូវ​សេច​ក្ដី​សុខ​ក្សេម​ក្សាន្ដ​សន្ដិ​ភាព ចំរើន​លូត​លាស់ ដល់​ប្រ​ជា​នុរាស្រ្ដ ដោយគ្មានរើសអើងវណ្ណៈ ។ ការករសាងរបស់ព្រះ អង្គ មិន​មែន​មាន​តែ​ប្រាង្គ​ប្រាសាទ​ធំ​ស្កឹម​ស្កៃ​ទេ ព្រះ​អង្គ​បាន​កសាង​ទំនុក​បំរុង​សាសនា ក៏​ដូច​ជា​ក្នុងផ្នែកសង្គមជាតិដែរ ។ ក្នុងរជ្ជកាលព្រះអង្គ នគរចំប៉ាបាន​ក្លាយ​ជា​ខេត្ដ​ខ័ណ្ឌ​ខ្មែរ ទឹក​ដី​ខ្មែរ​ ក៏​បាន​លាត​សន្ធឹង​ធំ​វែង​ឆ្ងាយ​ជា មហា​អំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីអគ្គេយ៍ ។ ចក្រភពខ្មែរក្នុងរាជព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មាន​កម្ពុជា ចំប៉ា ​បច្ចុប្បន្ន​លាវ សៀម និង​ទឹកដីមួយភាគធំនៃប្រទេសភូមា និងម៉ាលេស៊ី ។ (សូមមើលផែនទី) ព្រះមហាក្សត្រខ្មែរ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ព្រះ​អង្គ​បាន​ចូល​ទីវង្គត​នៅ​ក្នុង​គ.ស.១២០១ ។

ការកសាង និង ស្នាដៃ

        ដូចដែលយើងអធិប្បាយខ្លះមកហើយ ស្នាដៃ និង ការកសាងរបស់ព្រះបាទជ័យវរ្ម័នទី៧ មានវត្ដមាននៅតាមខេ ត្ដខ័ណ្ឌនានា ពាសពេញទឹកដីខ្មែរ ។ គឺជាសក្ខីភាពដែលបញ្ជាក់អំពីទំហំទឹកដីពិតប្រាកដរបស់ប្រទេសកម្ពុជា ។ ការកសាង និងស្នាដៃទាំងនោះ បានរៀបចំស្ថាបនាឡើង តំរូវសំរាប់បំរើមជ្ឈដ្ឋានសាសនាផង និងសំរាប់ប្រយោជន៍ដល់សង្គមជាតិផង ។ សមិទ្ធិរបស់ព្រះបាទជ័យវរ្ម័ទី៧ មានច្រើនសំបូរ ច្បាស់លាស់ក្បោះក្បាយ ដែលអាចជាជំនួយ ជាឯកសារមួយយ៉ាងសំខាន់ ក្នុងការសិក្សាស្រាវជ្រាវវែកញែកអំពីប្រវត្ដិសាស្ដ្រ និងវប្បធម៌រិសគល់ខ្មែរ ។

ប្រាង្គប្រាសាទ

        ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ព្រះបាទជ័យវរ្ម័ទី៧ ជាព្រះមហាក្សត្រដែលបានសង់ប្រាង្គប្រាសាទជាច្រើនជាងក្សត្រឯទៀត ។ ប្រាសាទទាំងនោះច្រើនស្ថិតនៅជិត ឬក្នុងរង្វង់នគរធំថ្មី ដែលព្រះអង្គទើបតែសំរេចចិត្ដកសាង ។ នគរធំ ឬមហានគរ ដែលត្រូវឆេះបាក់បែកខូចអន្ដរាយអស់ជាច្រើន ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ រៀបចំចាត់ចែងឱយកសាងជាថ្មី ។ នេះជាលើកទី៣ហើយ ដែលមហានគរត្រូវសាងសង់ នគរធំរបស់ព្រះបាទជ័យវរ្ម័ទី៧ ត្រូវបានគេចាត់ទុក ជាស្នាដៃឯកប្លែកខុសពីធម្មតា ដែលមានក្នុងសិល្បៈខ្មែរ ។ គឺខ្មែរជំនាន់នោះបានប្រឌិតបង្កើតសិល្បៈថ្មីមួយ ដែលវិវត្ដទៅតាមចលនារបស់សង្គមជាតិ។ នគរធំ ដែលស្ថិតនៅរៀងរហូតមកដល់សព្វថ្ងៃ ជាស្នាដៃយ៉ាងធំធេងចំបងរបស់ព្រះបាទជ័យវរ្ម័នទី៧​ ។  នគរធំ ឬមហានគរ មានជ្រុងនីមួយៗ ប្រវែង៣គីឡូម៉ែត្រ ហើយមានទំហំប្រហែល ៩គីឡូម៉ែត្រក្រលា នគរធំមានកសិណ(២) ដែលមានទទឹងប្រវែង ១០០ម និងជំរៅ ៥ម ទៅ ៦ម ព័ទ្ធជុំវិញ ដើម្បីចូលទៅក្នុងមហានគរ គេត្រូវឆ្លងកាត់ស្ពានថ្ម អមទៅដោយរូបចំលាក់ទេវតា និងយក្ខ ដែលកំពុងនាំគ្នាទាញនាគសុវកិ ទេវតា និងយក្ខ ម្ខាងៗមានគ្នា ៥៤នាក់ បន្ទាប់មកយើងចូលមកដល់ខ្លោងទ្វារមហានគរ ដែលនៅខាងលើមានរូប ព្រះលោកេស្វរៈ ។ ជ្រុងនីមួយៗមានខ្លោងទ្វារមួយនៅចំកណ្ដាល បែរទៅទិសទាំងបួន ។ លើកលែងតែជ្រុងខាងកើត ដែលមានទ្វារពីរ គឺទ្វារជ័យមួយទៀត ដែលចាក់ចំទៅរកប្រាសាទភិមានអាកាស ។ តាមខ្លោងទ្វារទាំងបួនទិស មានផ្លូវ៤ ទៅជួបគ្នាកាត់ចំកណ្ដាលទីក្រុងនគរធំ ដែលនៅទីនោះព្រះបាទជ័យវរ្ម័នទី៧ បានសាងប្រាសាទមួយ ដែលមានលក្ខណខុសប្លែកពីប្រាសាទមុនៗ ។ តភ្ជាប់នឹងខ្លោងទ្វារ មានជញ្ជាំងថ្មយ៉ាងខ្ពស់សំរាប់ការពារទីក្រុង ដែលគេអាចដើរយាមកាមចុះឡើងបាន ។ នៅជាប់កំផែងនោះ មានប្រលាយទឹកតូចមួយទៀត ព័ទ្ធជុំវិញមហានគរ ហើយហូរភ្ជាប់ចូលទៅក្នុងស្រះធំមួយឈ្មោះ បឹងធំ ដែលមានបណ្ដោយប្រវែង ៤០០ម និងទទឹង ២០០ម ។ ដោយសំអាងទៅតាមទំហំដីស្រែចំការនៅជុំវិញ ដែលមានបញ្ជាក់នៅក្នុងសិលាចារឹក ដោយយោងទៅតាម នយោបាយទឹករបស់ព្រះមហាក្សត្រខ្មែរ ដែលមានចំនួនបារាយ ស្រះព្រែក និងគូជាច្រើន បូករួមទាំងប្រជាជន ដែលប្រកបមុខរបរផ្សេងទៀតផង នគរធំ ឬមហានគរត្រូវមានប្រជាពលរដ្ឋប្រហែលពី ៧០០.០០០-៧៥០.០០០ នាក់ ។ នេះជាការគន់គូរប៉ាន់ស្មានរបស់អ្នកប្រវត្ដិវិទូរ និង អ្នកបុរាណវិទ្យា ។

        តាមអ្នកឯកទេស ដែលសិក្សាអំពីបូរាណវិទ្យា នគរធំត្រូវបានសង់ទៅតាមបែបផែន ទ្រ្ដឹស្ដីព្រះពុទ្ធសាសនា ទស្សនៈអ្នកកាន់ព្រះពុទ្ធសាសនាយល់ថា នៅកណ្ដាលចក្រវាល មានភ្នំមួយយ៉ាងធំដែលលោកអោយឈ្មោះថា ភ្នំព្រះសុមេរុ ភ្នំនេះមានកំពូលប្រាំ ហើយនៅលើកំពូលភ្នំមានមានស្ថានសួគ៌បីជាន់។ ឯការសាងសង់នគរធំ ក៏មានលក្ខណៈដូចគ្នានេះដែរ គឺជាទីក្រុងមួយរាងបួនជ្រុងដែលនៅចំកណ្ដាល មានប្រាសាទមួយទៀត ជាតំណាងភ្នំព្រះសុមេរុ ប្រាសាទនេះគឺប្រាសាទបាយ័នដែលខ្មែរច្រើនហៅថា ព្រហ្មយ័ន ។

        ប្រាសាទបាយ័ន គឺជាឈ្មោះប្រាសាទថ្មី ដែលព្រះអង្គបានសង់ឡើងសំរាប់ឧទ្ទិសថ្វាយជូនចំពោះព្រះពុទ្ធសាស នា ។ ប្រាសាទបាយ័នបែរមុខទៅទិសខាងកើត មានបណ្ដោយប្រវែង ១៤០ម ទទឹង ១៣០ម មានកំពូល ៥៤ ដូចចំនួនទេវតា និងយក្ខ ដែលយាមតាមស្ពានចូលនគរធំ ។ កំពូលកណ្ដាល ដែលខ្ពស់ជាគេ មានកំពស់៤២ម ។ កំពូលនីមួយៗមានរូបចំលាក់ព្រះលោកេស្វរៈ ព្រះភ័ក្រ្ដបួន ដែលខ្មែរសាមញ្ញនិយមហៅថាព្រះព្រហ្ម ។ ដូច្នេះលើប្រាសាទបាយ័ន មានព្រះភក្រ្ដលោកេស្វរៈទាំងអស់ ២១៦ ដែលញញឹម បែរសំលឹងមើលទៅរកកូនចៅខ្មែរ និងត្រៀមខ្លួនប្រុងប្រយ័ត្ន ចាំថែរក្សាការពារគនរកម្ពុជា ទប់ទល់ប្រឆាំងនឹងខ្មាំងសត្រូវគ្រប់ទិសទី ។

        លក្ខណៈប្រាសាទបាយ័នមួយទៀត ដែលខុសប្លែកអំពីប្រាសាទជំនាន់មុន គឺស្ថិតនៅត្រង់សិល្បករខ្មែរ បានយកទិដ្ឋភាពជីវភាពរស់នៅក្នុងសង្គមខ្មែរសង្គ្រាមរវាងខ្មែរនឹងចាម និងទស្សនៈសាសនាមកឆ្លាក់ដាក់ផ្ទឹម ក្នុងបរិវេនជាមួយគ្នា តាមចំលាក់ទាំងនោះ គេអាចឃើញនូវទំនាក់ទំនងជិតជាប់គ្នារវាងព្រះពុទ្ធ ស្ថានសួគ៌ និងលោកិយ ។ ដែលជាទិដ្ឋភាពមួយមិនធ្លាប់មានក្នុងរូបចំលាក់ជំនាន់ដើម ដែលលើកយកតែប្រវត្ដិព្រះអាទិទេព និងទេវកថាផ្សេងៗ មកបកស្រាយ ។

        ប្រាសាទតាព្រហ្មប្រាសាទព្រះខ័នប្រាសាទបន្ទាយក្ដីប្រាសាទតាសោមប្រាសាទនាគព័ន្ធស្រះស្រង់ ប្រាសាទទាំងនេះនៅសៀមរាបប្រាសាទព្រះខ័ន កំពង់ស្វាយខេត្ដកំពង់ធំប្រាសាទបន្ទាយឆ្មារ បាត់ដំបង ប្រាសាទភិម័យ នៅប្រទេសសៀមសុទ្ធសឹងជាស្នាដៃដ៏សំខាន់ដែលព្រះបាទជ័យវរ្ម័នទី៧ បានកសាង ។ ព្រះបាទជ័យវរ្ម័នទី៧ បានឧទ្ទិសប្រាង្គប្រាសាទទាំងនោះថ្វាយជូនទៅមាតាបិតា ជីដូនជីតា គ្រូបាធ្យាយ អ្នកប្រាជ្ញ និងវិរបុរសខ្មែរជាច្រើនដែលធ្លាប់មានគុណបំណាច់មកលើប្រទេសជាតិ ។ នៅតាមប្រាសាទ គេសង្កេតឃើញព្រះប ដិមាករ និង រួបចំលាក់ខ្លះមានព្រះភក្រ្ដមុខមាត់ ដូចតួអង្គដែលគេគោរពបូជា និងរំលឹក ។

        មន្ទីរពេទ្យចំនួន១០២ ត្រូវបានព្រះអង្គកសាង នៅតាមខេត្ដខ័ណ្ឌនានាក្នុងព្រះរាជានាចក្រ មាននៅលើកទឹកដី ប្រទេសសៀមមួយផ្នែក ទុកសំរាប់ទំនុកបំរុងព្យាបាលប្រជានុរាស្រ្ដ ។ សិលាចារឹកខ្មែរនៅប្រាសាទតាព្រហ្ម និងសាយហ្វង ក្នុងប្រទេសលាវ បានកត់ត្រារៀបរាប់អធិប្បាយយ៉ាងក្បោះក្បាយ អំពីមន្ទីរពេទ្យទាំងនោះ ទាំងផ្នែកចាត់ចែងគ្រប់គ្រង់ផ្គត់ផ្គង់ ទាំងផ្នែកចំនាយ និង ឈ្មោះថ្នាំសង្កូវ ។ មន្ទីរពេទ្យនីមួយៗមានគ្រូពេទ្យ និងបុគ្គលិករាជការរាប់រយនាក់ ដែលមានភារៈកិច្ចជួយថែរក្សាព្យាបាលអ្នកជំងឺ ប្រជាពលរដ្ឋខ្មែរទាំង៤វណ្ណៈ មានសិទ្ធិសេរីភាព អាចមកព្យាបាលរោគជំងឺ នៅទីនេះបាន។

        សិលាចារឹកខ្មែរ បានរំលឹកអំពីទឹកចិត្ដ និងទុក្ខព្រួយរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយសង្កត់យ៉ាងធ្ងន់ថា «ព្រះអង្គឈឺចុកចាប់ខ្លាំងណាស់ ដោយសារទុក្ខព្រួយរបស់ប្រជារាស្រ្ដ ខ្លាំងហើយធ្ងន់ជាងការឈឺចាប់របស់ព្រះអង្គផ្ទាល់ ។ គឺទុក្ខព្រួយរបស់ប្រជារាស្រ្ដ ដែលនាំមកនូវក្ដីឈឺចុកចាប់ដល់ព្រះមហាក្សត្រ » ។

        មន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ បានស្ថិតស្ថេរគង់វង្សរហូតមកដល់សព្វថ្ងៃខ្លះដែរ ។ មុនសម័យកម្ពុជាកើតមានសង្គ្រាមនាទស្សវត្ស១៩៧០ អ្នកស្រាវជ្រាវបារាំង បានឃើញមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ចំនួន៣៣ ក្នុងមន្ទីរពេទ្យទាំង១០២ ។ មន្ទីរពេទ្យដែលគេរកឃើញក្រៅអំពីនៅក្នុងស្រុកខ្មែរ មាននៅប្រទេសលាវ ប្រទេសសៀម និងយួន ។ គេសង្កេតឃើញមន្ទីរពេទ្យទាំងនោះមានទំហំ មានរូបរាងទ្រង់ទ្រាយ និងការចាត់ចែងរៀបចំដូចគ្នា ។ មិនតែប៉ុណ្ណោះ តាមទីកន្លែងនីមួយៗ គេក៏រៀបចំអោយមានព្រះពុទ្ធរូប ទុកជាទីសក្ការបូជាសំរាប់អ្នកជំងឺដែរ ។

ធម្មសាលា ឬ សាលាសំណាក់

        ក៏មានពាសពេញទឹកដីខ្មែរដែរ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានសង់សាលាសំណាក់ទាំងអស់១២១ នៅតាមផ្លូវឆ្ងាយ ដែលចេញពីមហានគរ ទៅទីក្រុងសំខាន់ៗក្នុងនគរ ។ សិលាចារឹកខ្មែរជាច្រើន បានបញ្ជាក់បង្ហាញជាសក្ខីភាព នៃការកសាងផ្លូវថ្នល់គមនាគមន៍ក្នុងរជ្ជកាលរបស់ព្រះអង្គ។សិលាចារឹកប្រាសាទព្រះខ័ន បានចារឆ្លាក់ថា ៖

  • ពីព្រះរាជធានីនគរធំ ទៅទីក្រុងចំប៉ា មានធ្មសាលា ៥៧ ដែលសង់ហូរហែតាមផ្លូវ សំរាប់ជាកន្លែងឈប់សំណាក់ដល់អ្នកដំណើរ ធម្មសាលានីមួយៗ សុទ្ធតែមានភ្លើងសំរាប់បំភ្លឺ ។
  • ពីនគរធំ ទៅទីក្រុងភិម័យ មានធម្មសាលា១៧ ។
  • ពីរាជធានីនគរធំ ទៅទីក្រុងជ័យវត្ដី ពីជ័យវត្ដី ទៅទីក្រុងជ័យសិង្ហវត្ដី ពីក្រុងជ័យសិង្ហវត្ដី ទៅទីក្រុងជ័យវីរវត្ដីពីជ័យវីរវត្ដី ទៅទីក្រុងជ័យរាជគីរី ពីជ័យរាជគិរីទៅទីក្រុងសុវីរបុរៈ ហើយជាបញ្ចប់ពីសុវីរបុរៈ ទៅព្រះរាជធានីយសោធបុរៈ ឬនគរធំ ធម្មសាលាមានចំនួន៤៤ ដោយមានភ្លើងសំរាប់បំភ្លឺដែរ ។
  • ធម្មសាលាមានតែមួយប៉ុណ្ណោះ សំរាប់ទីក្រុងនីមួយៗ នៅស្រីសុរិយាបរព័ត ស្រីវិជ័យអាទិត្យបុរៈ និងកល្យាន សិទ្ធិក។

         ធម្មសាលាទាំងនេះ បើយើងគិតទៅតាមចំងាយផ្លូវ សង់ចន្លោះឃ្លាតឆ្ងាយពីគ្នា ពី១២គ.ម ទៅ ១៨.៥០ គ.ម ។ នេះជាសក្ខីភាពបញ្ជាក់អំពីផ្លូវគមនាគមន៍ អំពីទំហំទឹកដី សកម្មភាពដំណើរ និងធ្វើជំនួញនៅប្រទេសកម្ពុជា នាសម័យសតវត្សទី១២ ។ ដូច្នេះហើយ បានជាព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ័្មនទី៧ បានខំប្រឹងកសាងបណ្ដាញសេដ្ឋកិច្ច ដើម្បីសំរួលដល់ជីវភាពរបស់បណ្ដារាស្រ្ដ ។ ធម្មសាលា ឬសាលាសំណាក់ព្រះបាទជ័យវរ្ម័នទី៧ មានសល់រហូតមកដល់បច្ចុប្បន្ន នៅលើទឹកដីកម្ពុជានៅប្រទេសលាវ សៀម និងយួន ។

ទស្សនៈនយោបាយ

        ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រខ្មែរមួយដ៏ធំ នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ។ ព្រះអង្គព្រមទាំងព្រះអគ្គមហេសីទាំងពីរអង្គ បានធ្វើពលិកម្ម បរិច្ចាគកំលាំងពលំ ទ្រព្យសម្បត្ដិ ដើម្បីបូជាថ្វាយចំពោះប្រទេសជាតិ និង ប្រជាជន។ ព្រះអង្គបានធ្វើអោយប្រទេសកម្ពុជារួចខ្លួនចេញពីនឹមនគរចំប៉ា ហើយបានសាងនគរអោយក្លាយទៅជាមហាអំណាចមួយ នៅក្នុងភូមិភាគអាស៊ីអគ្គេយ៍។ ស្នាដៃ និង កិត្យានុភាពរបស់ព្រះអង្គ មិនមែនកើតដោយឯងៗ ចៃដន្យនោះទេ ។ អ្វីទាំងអស់សុទ្ធតែជាការគិតគូរ ត្រិះរិះពិចារណាស្វែងរក ដឹងរកយល់ ជាការកសាងរៀបចំព្យាយាម ដាក់ទិសទៅជាគំរោងផែនការណ៍ និង ជាការកសាង ។ តាមរយៈប្រវត្ដិរបស់ព្រះអង្គ យើងអាចស្គាស់ និងយល់ យ៉ាងច្បាស់អំពីទឹកចិត្ដស្នេហាជាតិ អំពីឧត្ដមគតិ ទ្រឹស្ដី និង ទស្សនៈនយោបាយ កសាងប្រទេសជាតិរបស់ព្រះ អង្គ ។

ចំណោទ

        នៅចំពោះមុខព្រឹត្ដិការណ៍ដ៏ធំធ្ងន់ធ្ងរ ដែលកំពុងតែផ្លាស់ប្ដូរ ព្រះបាទជ័យវរ្ម័ទី៧ ដែលជាព្រះរាជបុត្ររបស់ស្ដេចផែនដី ត្រូវប្រកាន់ឥរិយាបថ ដូចម្ដេច ? បើយោលទៅតាមប្រវត្ដិរបស់ព្រះអង្គ មុននឹងសំរេចចិត្ដធ្វើអ្វីនីមួយ ព្រះ អង្គបានចោទជាសំនួរសួរខ្លួនឯងជាមុនស្រេចទៅហើយ សំនួរទាំងនោះមានដូចជា ។

        ១. តើព្រះអង្គត្រូវធ្វើដូចម្ដេច បើនៅពេលព្រះបិតាព្រះអង្គចូលទីវង្គត ស្ដេចមួយទៀតក្នុងព្រះញាតិវង្ស មកឆក់ដណ្ដើមរាជសម្បត្ដិពីដៃព្រះអង្គ ។

        ២. តើព្រះអង្គត្រូវប្រកាន់អាកប្បកិរិយាដូចម្ដេចដែរ នៅពេលដែលព្រះមហាក្សត្រពេញច្បាប់ ត្រូវនាម៉ឺនក្បត់លបលួចធ្វើឃាត ?

        ៣. តើព្រះអង្គត្រូវសំរេចចិត្ដធ្វើអ្វី ក្នុងកាលៈទេសៈ ដ៏ធ្ងន់ធ្ងរ ដែលព្រះមហាក្សត្រត្រូវអស់ព្រះជន្ម ហើយទឹកដីត្រូវបរទេស វាយប្រហារចូលលុកលុយ បំផ្លិចបំផ្លាញកាន់កាប់ត្រួតត្រាដាក់ជានគរចំនុះ ?

        ៤. តើព្រះអង្គត្រូវរៀបចំផែនការណ៍ដូចម្ដេច ដើម្បីកទ័ពបង្កើតបង្កើនកំលាំង សំរាប់រំដោះប្រទេសជាតិ? តើព្រះអង្គត្រូវប្រើយុទ្ធសាស្ត្រវិធីរបៀបណា ដើម្បីយកជ័យជំនះលើបច្ចាមិត្រ ?

        ៥. តើព្រះអង្គ ត្រូវរៀបចំគំរោងការណ៍ដូចម្ដេច ដើម្បីកសាងប្រទេសជាតិ ដែលទើបតែឆ្លងផុតចេញពីភ្លើងសង្រ្គាម ? ជាពិសេសដើម្បីវាសនាអនាគតរបស់ប្រទេសជាតិ ។

ទ្រឹស្ដីព្រះបាទជ័យវរ្ម័នទី៧

        ចំលើយព្រះបាទជ័យវរ្ម័នទី៧ស្ថិតនៅក្នុងឥរិយាបថ និង សកម្មភាពទាំងប៉ុន្មានរបស់ព្រះអង្គ ។ ចំលើយទាំងនេះ ជាទ្រឹស្ដី និងជាគោលទស្សនៈនយោបាយធំរបស់ព្រះអង្គ ក្នុងការដឹកនាំ និង កសាងប្រទេសជាតិ ។ ទ្រឹស្ដីនយោបាយរបស់ព្រះបាទជ័យវរ្ម័នទី២ យើងអាចរកឃើញ នៅតាមសិលាចារឹកផ្សេងៗដូចដែលយើងធ្លាប់បានរៀបរាប់ ពីខាងលើមកស្រាប់ ។ ទ្រឹស្ដីនយោបាយរបស់ព្រះអង្គ ដែលយើងអាចកត់សំគាល់មានដូចជា ៖

        ១. ការគោរពច្បាប់ជាបញ្ញាត្ដិធំបង្អស់ សំរាប់អ្នកដឹកនាំប្រទេសជាតិ ។ នៅពេលដែលព្រះបាទជ័យវរ្ម័នទី២ត្រូវបានតែងតាំងឡើងធ្វើជាស្ដេច ព្រះបាទជ័យវរ្ម័ទី៧ មិនបានបញ្ចេញអាកប្បកិរិយាប្រឆាំងជំទាស់ទេ ។ ព្រះអង្គសុខចិត្ដដាក់ខ្លួនគោរព ព្រះមហាក្សត្រថ្មី ដោយក្ដីស្មោះស្ម័គ្រ។ គឺព្រះអង្គគោរពច្បាប់បទបញ្ជា ដែលនាម៉ឺនមុខមន្រ្ដីទាំងអស់បានសំរេច ។

        ២. និយមសន្ដិភាព ជៀសវាងមិនបង្កបង្កើតសង្គ្រាមក្នុងស្រុក កាប់សំលាប់តែប្រជាជនជាតិឯង ព្រះបាទជ័យវរ្ម័ទី៧ ដែលជាបុត្រមហាក្សត្រ និង ជាមេទ័ពមានទាហានរាប់ម៉ឺននាក់ស្ថិតនៅក្រោមបង្គាប់ មានលទ្ធភាពគ្រប់យ៉ាង នឹងធ្វើសង្គ្រាម ដណ្ដើមយករាជសម្បត្ដិមកវិញ ។ តែព្រះអង្គមិនព្រមយកកំលាំងអាវុធ មកដោះស្រាយបញ្ហាផ្ទាល់ខ្លួនទេ ។ ក្នុងឱកាសដែលនាម៉ឺន ត្រីភុវ័នអាទិត្យវរ្ម័នក្បត់លួចធ្វើឃាតព្រះបាទយសោវរ្ម័នទី២ ព្រះអង្គមានសិទ្ធិគ្រប់បែបយ៉ាង ដោយសមស្របត្រឹមត្រូវតាមច្បាប់ក្រិត្យវិន័យ និង លើកងទ័ពទាហានពលរេហ៍ ចេញមកកំចាត់ខ្មាំងជ្រែករាជ។ តែព្រះអង្គនៅស្ងៀម បែរទៅសំងំមិនបញ្ចេញសកម្មភាពអ្វីទាំងអស់ ។

        ៣. ការពារជាតិមាតុភូមិ ក្នុងគ្រាអាសន្ន ដែលត្រូវបរទេសចូលមកឈ្លានពាន គឺនៅក្នុងកាលៈទេសៈ ដែលស្ដេចនគរចំប៉ា ព្រះបាទជ័យឥន្រ្ទវរ្ម័នទី៤លើក ទ័ពចូលមកវាយប្រហារកាន់កាប់ប្រទេសកម្ពុជា ព្រះមហាក្សត្រខ្មែរអស់ព្រះជន្មទៀត ទើបព្រះបាទជ័យវរ្ម័នទី៧ សំរេចចិត្ដចេញមុខមករំដោះជាតិ ។

        ៤. ដើម្បីឡើងកាន់អំណាចគេត្រូវចេះលាក់ខ្លួន អត់ធ្មត់រង់ចាំពេលវេលា គេត្រូវតែរៀបចំខ្លួន អោយទៅជាមនុស្សល្អប្រសើរ ជាអ្នកអាចដោះស្រាយស្រោចស្រង់ប្រទេសជាតិពីមហន្ដរាយ។ ដោយដឹងថាកំលាំង និង មធ្យោបាយព្រះអង្គមិនគ្រប់គ្រាន់ និងដណ្ដើមយកអំណាចបាន ព្រះបាទជ័យវរ្ម័នទី៧ បាននៅស្ងៀមយកពេលវេលាទុកសំរាប់ត្រិះរិះពិចារណា រកមាគ៌ាល្អ ដែលត្រូវអនុវត្ដទៅថ្ងៃក្រោយ ។

        ៥. ដើម្បីយកជ័យជំនៈឈ្នះលើសត្រូវ ដែលមានកំលាំងខ្លាំងជាងខ្លួន គេត្រូវប្រើវិធីវាយឆ្មក់ ឬ មួយគេត្រូវទុកអោយសត្រូវវាយប្រយុទ្ធនឹងសត្រូវមួយទៀត រហូតទល់តែទន់ខ្សោយ អស់កំលាំងទើបគេធ្វើអន្ដរាគមន៍ជាចុងក្រោយ ទៅបង្ហើយយកអំណាចតែម្ដង ប្រហែលជាដឹងច្បាស់ថាខ្លួនមានកំលាំងស្ទើរមិនគ្រប់គ្រាន់ ដឹងថាស្ដេចជ័យវរ្ម័នទី២ មានមនុស្សចង់ធ្វើគតជាច្រើន ហើយ និងដឹងថា ស្ដេចជ្រែករាជត្រីភុវ័នអាទិត្យវរ្ម័ន នឹងត្រូវក្រុមផ្សេងក្ប ត់ប្រឆាំង ទើបព្រះបាទជ័យវរ្ម័នទី៧សុខចិត្ដសំងំ រង់ចាំពេលវេលាល្អ ដូចដែលមានឆ្លាក់ចារលើសិលាចារឹក ។

        ៦ . យកបញ្ហាអាយុជីវិតអាណាគតរាស្រ្ដ ធ្វើជាធំមុខអំណាច និង ផលប្រយោជន៍ផ្ទាល់ ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិ ត្រូវចេះយកទុក្ខព្រួយ ភាពក្រីក្រតោកយ៉ាក លំបាកលំបិន រហេរហាម សោកសៅ របស់ប្រជាជនមកធ្វើជា ទុក្ខព្រួយឈឺចុកចាប់របស់ខ្លួនឯងផ្ទាល់ ។ គេត្រូវចាត់ទុក ទុក្ខរាស្រ្ដជាធំ ធំជាងទុក្ខផ្ទាល់ខ្លួន ។ ផ្ទុយទៅវិញបើគេនាំគ្នាសប្បាយលើកខ្នងរាស្រ្ដ ហើយចាត់ទុករាស្រ្ដជាវណ្ណៈទាសករ ចាំតែបំរើខ្លួន ក្រុមគ្រួសារបក្សពួកខ្លួន ពេលនោះប្រទេសជាតិ នឹងកើតមានអន្ដរកប្បជាមិនខាន ។

        ៧. ការដណ្ដើមយកអំណាចជារឿងមួយ ការរំដោះជាតិចេញពីនឹមអាណានិគមបរទេស ជារឿងមួយទៀត ។ ហើយការកសាងជាតិ អោយបានស្គាល់សេចក្ដីសុខសប្បាយ ចំរុងចំរើនរុងរឿង ជារឿងមួយទៀត ។ បញ្ហាទាំងបីនេះ មានអត្ថន័យខុសគ្នាទាំងស្រុង ។ អ្នកដែលដណ្ដើមអំណាចបាន អ្នកដែលរំដោះជាតិបាន មិនមែនពិតជាអាចកសាងជាតិ រកសេចក្ដីសុខជូនរាស្រ្ដបានទេ ។ ត្រង់ចំនុចនេះព្រះបាទជ័យវរ្ម័នទី៧ យល់ច្បាស់ណាស់ ។ ដូច្នេះហើយបាន ជាក្នុងការកសាងស្វែងរកសេចក្ដីសុខសប្បាយ លូតលាស់ថ្កុំថ្កើងជូនប្រជាជន និងជាតិ ព្រះបាទជ័យវរ្ម័នទី៧ បានកំនត់ទៅលើ ៖

  • ការរៀបបញ្ហាការពារប្រទេស អោយបានមាំមួន ដូចការកសាងកំពែងនគរធំ ។ ល ។
  • ការរៀបចំបណ្ដាញទឹក សំរាប់ប្រកបកសិកម្ម
  • ការរៀបចំផ្លូវគមនាគមន៍ឆ្វាត់ឆ្វែងទៅគ្រប់ទិសទី ដោយមានសាលាសំណាក់សំរាប់ឈ្មួញ ឬអ្នកដំណើរ
  • សេដ្ឋកិច្ចរឹងប៉ឹងខ្លាំងក្លា ដែលអាចមានដំណើរ ដើរល្អដោយសារកត្តាខាងលើ
  • ការដោះស្រាយសង្គមកិច្ច ជាពិសេស បញ្ហាសុខាភិបាល ដោយមានសាងមន្ទីរពេទ្យជាដើម ។ ល ។  

សាសនាជាឧបករណ៍នយោបាយ

        តែព្រះបាទជ័យវរ្ម័ទី៧ យល់ថាទ្រឹស្ដី និង ចំលើយទាំងប៉ុន្មាន មិនគ្រប់គ្រាន់ទេ សំរាប់ការកសាងប្រទេសជាតិ។ ទ្រឹស្ដីដែលវិវត្ដទៅតាមកាលវេលា គ្មានអ្វីស្ថិតស្ថេរ ហើយអាចរលត់រលាយ វិវត្ដផ្លាស់ប្ដូរយ៉ាងងាយ ។ គ្រានោះ ជាតិមានតែសំបកក្រៅ តែគ្មានព្រលឹង គ្មានវិញ្ញាណអ្វីទាំងអស់ ។ ប្រហែលជាសំអាងទៅលើព្រឹត្ដិការណ៍ជាតិ ទៅលើបញ្ហានគរ ដែលធ្លាប់តែចោទក្នុងអតីតកាលទៅលើជំលោះសាសនា ទៅលើការរីកចំរើនរបស់ព្រះពុទ្ធសាសនា និងទៅលើការពិសោធន៍ផ្ទាល់ខ្លួន ទើបព្រះបាទជ័យវរ្ម័នទី៧ ត្រិះគិតពិចារណា យកព្រះពុទ្ធសាសនាមកធ្វើជាមូលដ្ឋាន សំរាប់ផ្សព្វផ្សាយអនុវត្ដទ្រឹស្ដីរបស់ព្រះអង្គ គឺព្រះអង្គយកទ្រឹស្ដី គោលគំនិតនយោបាយព្រះអង្គ ទៅរំលាយបញ្ចូលក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា ។ ដូច្នេះទ្រឹស្ដីគំនិតព្រះអង្គ ដែលចេញពីពុម្ពព្រះពុទ្ធសាសនា នឹងអាចក្លាយទៅជាពាក្យពិតរបស់ព្រះពុទ្ធ ដែលប្រជាពលរដ្ឋខ្មែរល្ងង់ខ្លៅត្រូវតែនាំគ្នាជឿគោរពបូជា ឥតហ៊ានធ្វេសប្រហែស ។ ម្យ៉ាងទៀត ប្រហែលជាដឹងច្បាស់ថា ប្រជាជនខ្មែរភាគច្រើន កំពុងតែមានជំនឿស៊ប់ទៅលើព្រះពុទ្ធសាសនា ទើបបានជាព្រះអង្គ ចាប់យកព្រះពុទ្ធសាសនា មកធ្វើជាឧបករណ៍នយោបាយ។ មធ្យោបាយនេះ អាចពង្រឹងអំណាចព្រះអង្គផង អាចទទួលនូវការពេញចិត្ដ និងគាំទ្រពីសំណាក់ប្រជារាស្រ្ដផង ។

        ពាក្យពិតរបស់ព្រះពុទ្ធ ដែលសំខាន់ជាងគេ គឺព្រះពុទ្ធមិនបានឈានចូលនិព្វានទេ ព្រះពោធិសត្វ នៅជិតជាប់នឹងយើង ហើយចាប់ជាតិកំណើតមកជាព្រះមហាក្សត្រ ។ ដូច្នេះ ព្រះមហាក្សត្រខ្មែរ មានស្ដេចផង មានព្រះពុទ្ធផង ដែលយើងអាចដាក់ឈ្មោះថា ពុទ្ធរាជ ។

         ទស្សនៈនេះ មិនមែនជាទ្រឹស្ដីថ្មីអ្វីទេ គឺជាទស្សនៈទេវរាជ របស់ព្រះបាទជ័យវរ្ម័ទី២ កែប្រែប៉ុណ្ណោះ ។ ក្នុងទស្សនៈ ទេវរាជ ព្រះមហាក្សត្រខ្មែរ ជាតួរអង្គព្រះអាទិទេព ហើយលិង្គព្រះសិវៈ ជាតំណាងដែលគេនាំគ្នាធ្វើសក្ការៈបូជា ឥលូវនេះព្រះមហាក្សត្រនៅដដែល ឥតរើរុសទេ។ អ្វីដែលត្រូវផ្លាស់ប្ដូរ គឺលិង្គព្រះសិវៈ ដែលត្រូវទុកដំណែងអោយព្រះពោធិសត្វលោកេស្វរៈ ។ ដើម្បីជំរុញព្រះពុទ្ធសាសនា និង ទ្រឹស្ដីថ្មី ព្រះបាទជ័យវរ្ម័នទី៧ បានសាងរូបលោកេស្វរៈ សំរាប់ជាទីសក្ការៈបូជា នៅតាមប្រាសាទធំៗ របស់ព្រះអង្គ ដូចជាប្រាសាទបាយ័ន ខ្លោងទ្វានគរធំ ប្រាសាទតាព្រហ្មប្រាសាទព្រះខ័នជាដើម គេបានប៉ាន់ស្មានថារូបលោកេស្វរៈ នៅកំពូលកណ្ដាលប្រាសាទបាយ័ន ជារូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ។ ទោះបីជាព្រះពុទ្ធសាសនា ត្រូវព្រះបាទជ័យវរ្ម័ទី៧ យកមកធ្វើជាឧបករណ៍សំរាប់បំរើអំណាចផលប្រយោជន៍ផ្ទាល់ ព្រះអង្គក៏ដោយក៏យើងអាចចាត់ទុកជាជំហានថ្មីមួយរបស់សង្គមជាតិខ្មែរដែរ ក្នុងការរើបំរះអំពីអំណាចផ្ដាច់ការ ស្ដេច និង ការបែងចែកវណ្ណៈ ។ ជំហានមួយទៀត គឺព្រះពុទ្ធសាសនា ដែលមានមូលដ្ឋានទ្រឹស្ដី ស្ថិតនៅលើបុណ្យបារមី កម្មពៀរវេរាទានសន្ដោសមេត្ដាធម៌ ៘  អាចមានឥទ្ធិពល ធ្វើអោយព្រះមហាក្សត្រខ្មែរជំនាន់ក្រោយ គោរពអនុវត្ដទៅតាមក្រិត្យក្រមវិន័យ បញ្ញាតិរបស់ព្រះអង្គ ដោយយកទ្រឹស្ដីក្នុងព្រះពុទ្ធសាសនាមកធ្វើជាមូល ដ្ឋានបំរើជាតិគេអាចនឹងករសាងជាប្រទេសជាតិមួយយ៉ាងល្អប្រសើរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login