Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរនិយាយពីគណៈកម្មាធិការនិងក្របខ័ណ្ឌភូមិសាស្រ្តនៃការធ្វើជំរឿននៅឆ្នាំ២០០៨។

២. តើប្រជាពលរដ្ឋត្រូវធ្វើអ្វីខ្លះដើម្បីជួយការធ្វើជំរឿនឱ្យបានជោគជ័យ ?

៣. ហេតុអ្វីបានជារដ្ឋាភិបាលចាំបាច់ធ្វើជំរឿន ? តើជំរឿនត្រូវការពត៍មានចាំបាច់អ្វីខ្លះពីប្រជាជន ?

៤. ចូរនិយាយពីសារសំខាន់នៃការធ្វើជំរឿន​ ?

៥. តើជំរឿនជាអ្វី ? តើប្រទេសកម្ពុជាធ្លាប់ធ្វើជំរឿនប៉ុន្មានដងមកហើយ ? នៅពេលណាខ្លះ ? តើការធ្វើជំរឿននីមួយៗ មានគោលបំណងអ្វីខ្លះ ?

ចម្លើយ

១. ជំរឿនឆ្នាំ២០០៨ដឹកនាំដោយគណៈកម្មាធិការជាតិធ្វើជំរឿនទូទៅអំពីប្រជារាស្រ្តដោយមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន។ គណៈកម្មាធិការនេះបានទទួលជំនួយបច្ចេកទេសគណៈកម្មាធិការបច្ចេកទេសជំរឿនដែលរដ្ឋមន្ត្រីក្រសួងផែនការជាប្រធានគណៈកម្មាធិការនេះ។ ដោយប្រទេសកម្ពុជាមានសន្តិភាព និងស្ថិរភាពទើបការធ្វើជំរឿននៅឆ្នាំ២០០៨ត្រូវបានអនុវត្តនៅទូទាំងប្រទេសដោយមានរាជធានី ២៤ខេត្ត ១៨៥ស្រុក ១៦២១ឃុំនិង១៤០៧៣ភូមិ។

២. ដើម្បីជួយការធ្វើជំរឿនឱ្យបានជោគជ័យប្រជាពលរដ្ឋត្រូវ ៖

  • លះបង់ពេលវេលាដើម្បីចូលរួមផ្តល់ពត៍មានដល់មន្ត្រីជំរឿន
  • សំដែងការស្មោះត្រង់ ក្នុងការផ្តល់ពត៍មានពិតដល់មន្ត្រីជំរឿន
  • បង្កលក្ខណៈសម្បត្តិឱ្យមន្រ្តីជំរឿនសម្ភាស និងទទួលបដិសណ្ឋាកិច្ចដោយភាពកក់ក្តៅ
  • ក្តាប់ឱ្យបាននូវពត៍មាននៅក្នុងគ្រួសាររបស់ខ្លួនឱ្យបានច្បាស់លាស់ដូចជាឆ្នាំកំណើតស្ថានភាពគ្រួសារកម្រិតវប្បធម៌។

៣. បានជារដ្ឋាភិបាលចាំបាច់ធ្វើជំរឿនពីព្រោះដើម្បីប្រមូលទិន្នន័យប្រជាជន ជួយដល់កិច្ចអភិវឌ្ឍប្រទេសជាតិបង្កើនសុខុមាលភាពដល់ប្រជាពលរដ្ឋ និងដើម្បីផ្តល់ពត៍មានចាំបាច់ដល់អង្គការជាតិ អង្គការអន្តរជាតិអង្គការសហប្រជាជាតិអ្នកវិនិយោគបរទេស និងក្នុងស្រុកព្រមទាំងដៃគូរអភិវឌ្ឍនានា មានភាពងាយស្រួលក្នុងការរៀបចំផ្តល់ជំនួយនិងរៀបចំគម្រោងកម្មវិធីអភិវឌ្ឍរបស់គេឱ្យចំគោលដៅ។ ជំរឿនត្រូវការពត៍មានមួយចំនួនរបស់ប្រជាជនដូចជាឈ្មោះ ភេទ អាយុ ជនជាតិ សញ្ជាតិ អាស័យដ្ឋានចំនួនសមាជិកគ្រួសារ កម្រិតវប្បធម៌ កម្រិតជីវភាពស្ថានភាពអាពាហ៍ពិពាហ៍។

៤. សារៈសំខាន់នៃការធ្វើជំរឿនមានដូចជា ៖

  • បង្កលក្ខណៈងាយស្រួល ដល់ផ្នែកឯកជនវិនិយោគិនបរទេស និងក្នុងស្រុកមានស្ថិតិទិន្នន័យពេញលេញក្នុងការដាក់ទុនរកស៊ី។
  • ផ្តល់ព័ត៍មានសម្រាប់អ្នកធ្វើផែនការ ស្ថាបត្យករនិងអ្នកដែលមានការពាក់ព័ន្ធ​ក្នុងការកំណត់អនាគតរបស់ប្រទេសត្រូវការទិន្នន័យដើម្បីរៀបចំផែនការលើវិស័យអប់រំសុខាភិបាលសាធារណការដឹកជញ្ជូន និងហេដ្ឋាចេនាសម្ព័ន្ធបានល្អប្រសើរ។
  • ផ្តល់ពត៍មានសម្រាប់អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត សាស្រ្តាចារ្យ និងប្រព័ន្ធឃោសនានានិងមានទិន្នន័យជំរឿន ដែលនឹងជួយគេឱ្យវិភាគអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសផ្តល់យោបល់សមស្របចំពោះអ្នកធ្វើសេចក្តីសម្រេចចិត្ត។
  • ទិន្នន័យជំរឿនជួយអ្នករៀបចំផែនការនិងអ្នកគ្រប់គ្រងរដ្ឋបាលក្នុងការកសាងផែនការអភិវឌ្ឍបានច្បាស់លាស់។
  • ជំរឿនផ្តល់ទិន្នន័យដ៏មានប្រយោជន៍ និងតម្រង់ទៅរកតម្រូវការចាំបាច់។ ជំរឿនផ្តល់ពត័មានមួយចំនួនអំពីមនុស្ស ដែលរស់នៅក្នុងទីកន្លែងណាមួយបានច្បាស់លាស់ដើម្បីឱ្យក្រសួងស្ថាប័ននានារបស់រដ្ឋាភិបាលអាចរៀបចំធ្វើផែនការបានត្រឹមត្រូវ។
  • តាមរយៈការធ្វើជំរឿននាំឱ្យយើងដឹងនូវព័តមានអំពីនិន្នាការកំណើនប្រជាជន រចនាសម្ព័ន្ធ អាយុ ភេទ កម្រិតមរណភាពលទ្ធភាពបង្កើតកូនចលនាផ្លាស់ប្តូរទីលំនៅ និន្នាការនគរូបនីយកម្ម អនក្ខរជន ភាពក្រីក្រចរិតលក្ខណៈដទៃទៀតនៃប្រជាជន។
  • ផ្តល់ភាពងាយស្រួល ដល់រដ្ឋាភិបាលស្ថានទូតរបស់ប្រទេសជាមិត្ត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងអ្នកដែលពាក់ព័ន្ធកម្មវិធីជំនួយអភិវឌ្ឍនានាក្នុងការរៀបចំផ្តល់ជំនួយនិងរៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍ឱ្យចំគោលដៅត្រឹមត្រូវ និងផ្តោតចំទៅលើផ្នែកដែលមានអាទិភាពខ្លាំងជាងគេបំផុត។

៥. ជំរឿនគឺជាការរាប់ចំនួនប្រជាជនទាំងប្រុសទាំងស្រីនិងកុមារទាំងអស់ក្នុងប្រទេសមួយ តាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមែប្រមូលទិន្នន័យក្នុងការធ្វើផែនការអភិវឌ្ឍសម្រាប់អនាគត។ ប្រទេសកម្ពុជាធ្លាប់ធ្វើជំរឿន៤ដងរួចមកហើយរហូតមកដល់ពេលនេះ។

  • លើកទីមួយ ធ្វើឡើងនៅឆ្នាំ១៩២១ដោយអាណាព្យាបាលបារាំង តែមិនមែនជាជំរឿនពិតប្រាកដឡើយ ព្រោះគោលបំណងជាចម្បងគឺចង់ដឹងអំពីចំនួនមនុស្សចាប់ពីអាយុ២០ឆ្នាំដល់៦០ឆ្នាំគោលបំណងដើម្បីប្រមូលពន្ធដារប៉ុណ្ណោះ។
  • លើកទីពីរ ធ្វើឡើងនៅឆ្នាំ១៩៦២ នៅសម័យសង្គមរាស្រ្តនិយម។ ជំរឿននេះធ្វើឡើងជាលើកទីមួយនៅទូទាំងប្រទេសស ចាប់តាំងពីប្រទេសទទួលបានឯករាជ្យមក។ ការប្រមូលទិន្នន័យនិងពត៍មានទាំងអស់មិនអនុញ្ញាតឱ្យយកទៅប្រើប្រាស់សម្រាប់សកម្មភាពគាបសង្កត់ដូចជាការប្រមូលពន្ធដារឡើយ។ ជំរឿននៅពេលនោះគឺដើម្បីស្រង់ពត៍មានចង់ដឹងពីស្ថិតិប្រជាជនផង និងប្រមូលទិន្នន័យផង។
  • លើកទីបី ៖ ធ្វើឡើងនៅថ្ងៃទី៣ដល់ថ្ងៃទី១២ខែមីនា១៩៩៨ក្នុងគោលបំណងចង់ដឹងចំនួនប្រជាជន ដែលកំពុងរស់នៅប្រទេស បន្ទាប់ពីខកខានធ្វើចាប់តាំងពីរឆ្នាំ១៩៦២ដោយសារតែភាពចលាចលផ្នែកនយោបាយដែលកើតមានជាងពីរទស្សវត្សន៍រួចមក​ដើម្បីប្រមូលទិន្នន័យអភិវឌ្ឍប្រទេស។
  • លើកទីបួន ចាប់ពីឆ្នាំ១៩៩៨មករាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តធ្វើជំរឿទូទៅនូវប្រជារាស្រ្តរៀងរាល់ដប់ឆ្នាំម្តងស្របតាមសំណូមពររបស់អង្គការសហប្រជាជាតិនិងច្បាប់ស្តីពីស្ថិតិរបស់ប្រទេសកម្ពុជា។ ជំរឿនលើកទីបួនធ្វើឡើងចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី១៣ខែមីនា២០០៨។ នេះជាជំរឿនលើកពីរ បន្ទាប់ពីកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login