Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអ្វីជាច្បាប់ព្រហ្មទណ្ឌ?

២- តើអ្វីទៅជាបទប្បញ្ញត្តិ?

៣- តើអ្វីទៅជាបទលើ្មសព្រហ្មទណ្ឌ?

៤- តើចំណាត់ថ្នាក់នៃបទល្មើសមានប៉ុន្មាន ? ដើម្បីកំណត់ថាបទល្មើសណាមួយជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ តើគេត្រូវពិនិត្យទៅលើអ្វី ?ចូររៀបរាប់ពីប្រភេទនៃបទល្មើសនីមួយៗ ។

៥- តើផលប្រយោជន៍នៃការបែងចែកមានអ្វីខ្លះ ?

៦- តើចំណាត់ថ្នាក់ដោយផ្អែកលើប្រភេទនៃបទល្មើសមានអ្វីខ្លះ ?

ចម្លើយ

១- បើយើងគិតទៅតាមចង្កោមនៃច្បាប់ដែលបែងចែកទៅតាមទ្រឹស្តីសាធារណៈឬច្បាប់ឯកជននោះ ច្បាប់ព្រហ្មទណ្ឌជាច្បាប់មួយដែលស្ថិតនៅក្នុងចង្កោមនៃច្បាប់សាធារណៈ ហើយជាអត្ថបទច្បាប់មួយដែលប្រមូលផ្តុំនូវរាល់បទប្បញ្ញត្តិដែលទាក់ទងជាពិសេសដល់ការកំណត់បទល្មើស ការចង្អុលបង្ហាញអំពីបុគ្គល ដែលអាចប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើស ការកំណត់អំពីទោសក៏ដូចជាបែបបទនៃការអនុវត្តទោសនោះដែរ ។

២- បទប្បញ្ញតិ្ត ជាវិធានគតិយុត្តដែលមានចែងនៅក្នុងមាត្រានៃច្បាប់ ឬបទបញ្ជា ។ ឯបទបញ្ជាគឺជាវិធាន ឬ អត្ថបទគតិយុត្តដែលមានវិសាលភាពទូទៅនិងមិនចំពោះមុខបុគ្គលណាមួយឡើយ ហើយដែលធ្វើឡើងដោយអាជ្ញាធររដ្ឋបាលមានសមត្ថកិច្ច ។

៣- បទល្មើសព្រហ្មទណ្ឌ គឺជាអំពើដែលច្បាប់ព្រហ្មទណ្ឌហាមឃាត់ដោយមូលហេតុថា អំពើនេះបង្កចលាចលដល់សង្គម ។

៤- ចំណាត់ថ្នាក់នៃបទល្មើសមាន ៣ ប្រភេទ ។ ដើម្បីកំណត់ថាបទល្មើសណាមួយជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ គេត្រូវពិនិត្យទៅលើអតិបរមានៃទោសដាក់ពន្ធនាគារដែលច្បាប់កំណត់សម្រាប់បទល្មើសនោះ ។

  • បទឧក្រិដ្ឋ ៖ យោងទៅតាមមាត្រា ៤៦នៃក្រមព្រហ្មទណ្ឌ ក្នុងបទឧក្រិដ្ឋគេមានកំណត់២យ៉ាង ១.ទោសដាក់ពន្ធនាគារអស់មួយជីវិត និងមួយទៀតគឺ ២.អតិបរមានៃទោសដាក់ពន្ធនាគារលើសពី៥ឆ្នាំឡើងទៅនិងក្រោមឬ ស្មើនឹង៣០ឆ្នាំ ។ ឧទាហរណ៍ ៖ បទរំលោភសេពសន្ថវៈនៅក្នុងមាត្រា២៣៩ ដោយត្រូវដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ ។
  • បទមជ្ឈិម ៖ នៅក្នុងមាត្រា ៤៧ គឹបទមជ្ឈិម គេបានកំណត់អតិបរមានៃទោសដាក់ពន្ធនាគារលើសពី៦ថ្ងៃ និងក្រោមឬស្មើនឹង៥ឆ្នាំ ។ ឧទាហរណ៍ ៖ បទលួច នៅក្នុងមាត្រា ៣៥៦ ដោយត្រូវដាក់ពន្ធនាគារពី៦ខែដល់៣ឆ្នាំ។
  • បទលហុ ៖ ក្នុងមាត្រា ៤៨គឺយើងមើលទៅលើគោលការណ៍ពីរយ៉ាង ដែលគោលការណ៍ទី១ ត្រូវមើលទៅលើអតិបរមានៃទោសដាក់ពន្ធនាគារគឺមានរយៈពេលក្រោម ឬស្មើ៦ថ្ងៃ ។ ចំណែកគោលការណ៍ទី២ គឺត្រូវមើលទៅលើបទល្មើសដែលត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ ។ ឧទាហរណ៍ ៖ បទស្រវឹងជាក់ស្តែង ក្នុងមាត្រា ២៩៧ និងបទហៅអ្នកដទៃនៅទីសាធារណៈក្នុងមាត្រា ២៩៨ ។

៥- ផលប្រយោជន៍នៃការបែងចែកមានដូចជា ៖

  • ផលប្រយោជន៍ទាក់ទងនឹងអាជ្ញាយុកាល ៖ អាជ្ញាយុកាលជារយៈពេលមួយកំណត់ដោយច្បាប់ ដែលផុតរយៈ ពេលនេះបុគ្គលម្នាក់អាចបាត់បង់សិទ្ធិណាមួយរបស់ខ្លួន ។ អាជ្ញាយុកាលមានពីរប្រភេទគឺ អាជ្ញាយុកាលនៃបទល្មើស និងអាជ្ញាយុកាលនៃទោស ។
  • ផលប្រយោជន៍ទាក់ទងនឹងការអនុវត្តនីតិវិធី ៖ ក្នុងករណីបទឧក្រិដ្ឋព្រះរាជអាជ្ញាត្រូវតែបើកការស៊ើបសួរដោយធ្វើដីការបញ្ជូនរឿង ឱ្យស៊ើបសួរតាមមាត្រា ៤៤នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ បទមជ្ឈិមព្រះរាជអាជ្ញាមាន សិទ្ធិជ្រើសរើសក្នុងការបើកការស៊ើបសួរឬបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬក៏ប្រើប្រាស់នីតិវិធីនៃការបង្ហាញខ្លួនភា្លមបានកាលបើលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ៤៧ នៃនីតិវិធីព្រហ្មទណ្ឌត្រូវបានបំពេញគ្រប់គ្រាន់ ។ ចំណែកបទលហុ ព្រះរាជអាជ្ញាត្រូវកោះហៅជនជាប់ចោទឱ្យចូលខ្លួនទៅមុខតុលាការជំនុំជម្រះដោយផ្ទាល់តាមមាត្រា ៤៩នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ករណីបទឧក្រិដ្ឋការជំនុំជម្រះធ្វើឡើងដោយចៅក្រមបីរូបដែលសម្រេចជាសមូហភាព ឬហៅថាក្រុមប្រឹក្សាជំនុំជម្រះដោយមានការចូលរួមពីតំណាងអយ្យការមួយរូប ។ ក្នុងបទមជ្ឈិមនិងបទលហុ សាលាដំបូងជំនុំជម្រះជាចៅក្រមទោសតាមមាត្រា២៨៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
  • ការប៉ុនប៉ង ៖ តាមអត្ថន័យនៃមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋទាំងអស់ត្រូវមានទោស កាលបើលក្ខខណ្ឌដែលបានចែងនៅមាត្រា ២៧ ត្រូវបានបំពេញគ្រប់គ្រាន់ ។ ចំណែកការប៉ុនប៉ងក្នុងបទមជ្ឈិមត្រូវមានទោស ក្នុងករណីដែលច្បាប់បានចែងទុកជាមុនតែប៉ុណ្ណោះ ។ រីឯការប៉ុនប៉ងក្នុងបទលហុពុំមានការផ្តន្ទាទោសនោះទេ។
  • ការផ្តើមគំនិតនិងការសមគំនិត ដែលបំពេញលក្ខខណ្ឌច្បាប់កំណត់ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមសុទ្ធតែមានទោសទំាងអស់យោងតាមមាត្រា ២៨និង២៩នៃក្រមព្រហ្មទណ្ឌ ។ ប៉ុន្តែមាត្រា ២៨និង២៩នៃក្រមព្រហ្មទណ្ឌពុំបានចែងពីការផ្តើមគំនិត និងការសមគំនិតក្នុងបទលហុមិនត្រូវទទួលការផ្តន្ទាទោសឡើយ ។

៦- ចំណាត់ថ្នាក់ដោយផ្អែកលើប្រភេទនៃបទល្មើសមាន ៖

  • ការបែងចែករវាងបទល្មើសសាមញ្ញនិងបបទល្មើសយោធា
  • ការបែងចែករវាងបទល្មើសសាមញ្ញនិងបទល្មើសគ្រឿងញៀន
  • ការបែងចែករវាងបទល្មើសសាមញ្ញនិងបទល្មើសនយោបាយ​។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login