Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                   សេចក្តីអធិប្បាយ

                 បុគ្គលគ្រប់រូបដែលកើតមកហើយនៅលើលោកសន្និវាសយើងនេះ តែងតែមានបំណងចង់បាននូវអ្វីដែលខ្លួនប៉ងប្រាថ្នា សម្រាប់បម្រើសេចក្តីត្រួវការក្នុងជីវភាពរស់នៅ ប្រកបដោយសេចក្តីសុខសុភមង្គល ។ ហើយដើម្បីសម្រេចនូវបំណងខាងលើនេះ យើងគួរតែបំពេញសេចក្តីតស៊ូព្យាយាម ជាកត្តាមូលដ្ឋានចាំបាច់បំផុតទើបនាំជីវីតរបស់អ្នកទទួលបានជោគជ័យ ផ្សារភ្ជាប់នឹងជំនឿជាក់លើខ្លួនឯង ។ ដោយមើលមឃើញពីអត្ថប្រយោជន៍បែបនេះហើយទើបមានពំនោលមួយបានលើកឡើងថា « ជំនឿជាក់លើខ្លួនឯងជាកត្តាជំរុញឲ្យការងារទទួលបានជោគជ័យ » ។

                 តើគំនិតរបស់ប្រធានខាងលើមានអត្ថន័យដូចម្តេច ?

                 ដើម្បីជាជំនួយក្នុងការបកស្រាយប្រធានខាងលើនេះឲ្យបានក្បោះក្បាយ យើងគប្បីយល់អត្ថន័យនៃពាក្យគន្លឹះជាមុនសិន ។ ពាក្យ « ជំនឿជាក់លើខ្លួនឯង » មានន័យថា ការដែលជឿជាក់ច្បាស់លាស់លើខ្លួនឯងស្គាល់សមត្ថភាពរបស់ខ្លួនឯងច្បាស់លាស់ពីតប្រាកដ ។ ចំណែកឯពាក្យ « ជោគជ័យ » គឺសំដៅទៅលើការទទួលបានលទ្ធផលល្អ ឈ្នះលើអ្វីមួយ ។ ដូចនេះប្រធានមានន័យថាការស្គាល់សមត្ថភាពខ្លួនឯង ទុកចិត្តខ្លួនឯងធ្វើឲ្យមនុស្ស មានជំនឿជាក់លើខ្លួនឯងបានជាកត្តាជំរុញឲ្យមនុស្សអាចសម្រេចការងារ ឬកិច្ចការផ្សេងៗទទួលបានលទ្ធផលល្អ ។

                 ជាការពិតណាស់ ផ្អែកតាមជីវភាពជាក់ស្តែងនៅក្នុងសង្គមយើងគេឃើញថា ប្រសិនបើមនុស្សគ្រប់គ្នារស់នៅ ចេះតស៊ូគ្រប់កាលៈទេសៈស្គាល់ពីតម្លៃខ្លួនឯងពិតប្រាកដ ព្រមទាំងមានជំនឿជាក់លើសមត្ថភាពរបស់ខ្លួនទីបំផុតលទ្ធផល តែងទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ជាទីគាប់ចិត្ត ។ យ៉ាងណាមិញអ្នកសិក្សាតស៊ូព្យាយាមរៀនសូត្រ ចេះស្តាប់គ្រូពន្យល់អត្ថាធិប្បាយរៀបរាប់គ្រប់មុខវិជ្ជា មិនថាតែមុខវិជ្ជាផ្នែកសង្គម ឬមួយជាមុខវិជ្ជាផ្នែកវិទ្យសាស្រ្តពិតទេ ចេះក្តាប់បានរាល់ខ្លឹមសារគ្រប់មេរៀនទាំងឡាយ ហើយទទួលស្គាល់ពីចំណុចខ្លាំងរបស់យើងនោះលទ្ធផលបញ្ចប់ការសិក្សាប្រាកដជាប្រលងជាប់ មាននិទ្ទេសល្អគ្រប់មុខវិជ្ជាជាក់ជាមិនខាន ។ ចំណែកអ្នកធ្វើការវិញ ប្រសិនបើខិតខំតស៊ូជំនះគ្រប់ឧបសគ្គតូចធំទាំងឡាយទោះបីការងារនោះប្រើដោយកម្លាំងកាយក្តី កម្លាំងបញ្ញក្តី ទើបធ្វើឲ្យការងាររបស់យើងឆ្លើយតបមកវិញនូវប្រសិទ្ធិភាពខ្ពស់      មា​នតម្លៃកិត្តិយសនៅក្នុងអង្គភាព ស្ថាប័នជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិលផ្សេងៗទៀត ។ ជាងនេះទៅទៀតចំពោះអាជីវករតូចធំទាំងឡាយ ខិតខំរកស៊ីពួកគេនឹងមានទ្រព្យសម្បត្តិច្រើនមានអំណាចកិត្តិយសររស់នៅបានសុខស្រួលប្រកបដោយសុខដុមរម្យនាក្នុងគ្រួសារជាក់ជាមិនខាន ។ ជាក់ស្តែងនៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែររឿងកុលាបប៉ៃលិនជាទឹកដៃនិពន្ធរបស់លោក ញ៉ុក ថែមម យើងឃើញថាចៅចិត្រជាយុវជន មានជំនឿជាក់លើសមត្ថភាពផ្លូវកាយ ចិត្រមានសុខភាពល្អ មានកម្លំាងកាយមាំមួនអាចធ្វើជាកម្មករជីកត្បូងឲ្យលោកហ្លួងរតនៈបានទោះបីជាការងារជីកត្បួងនេះលំបាកយ៉ាងណាក៏ដោយ ចិត្រអាចបំពេញកិច្ចការនេះបានយ៉ាងរលូនដោយអនុវត្តតាមបណ្តាំរបស់តាចឹមជាឪពុកថា «​ អត្តាហិ អត្តនោនាថោ » មានន័យថា ខ្លួនត្រូវទីពឹងខ្លួនឯងជាមុនសិន ពេលឲ្យអ្នកដទៃជួយខ្លួននោះ ។ ដោយមើលឃើញពីអត្ថន័យពាក្យទូន្មានរបស់ឪពុកបែបនេះហើយ ទើបធ្វើឲ្យចៅចិត្រមានកម្លំាងកាយធ្វើការដោយមិនរុញរាឡើយ ។ ចិត្រពោលធានារ៉ាប់រងការងារជាមួយលោកហ្លួងរតនៈសម្បត្តិ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់លាស់នៅចំពោះមុខនាងឃុននារីថា « មនុស្សត្រង់គេមិនដែលសម្គាល់ថាជាមនុស្សល្ងង់ទេ ឯមនុស្សស្គមក៏គេមិនសម្គាល់ថាចាមនុស្សខ្សោយដែរ ស្គ​មយ៉ាងខ្ញុំបាទនេះ មានកម្លាំងដូចមនុស្សធាត់មាំដែរ គ្រាន់តែមិនសូវមានសាច់ឈាមធាត់បរិបូរណ៍ប៉ុណ្ណោះទេតើ » ។ មិនត្រឹមតែប៉ុណ្ណោះទេយុវជនចិត្រថែមទាំងអាច មានកម្លាំងខ្លាំងហ៊ានប្រយុទ្ធតបតជាមួយចោររហូតដល់ទៅពីបីលើកទៀតផង ។ ទង្វើគ្រប់សកម្មភាពរបស់យុវជនរូបនេះ បានស្តែងឲ្យឃើញពីសមត្ថភាពផ្លូវកាយរបស់ចិត្រ ដែលមានកាយសម្បទាពេញលេញគ្រប់គ្រាន់ ប្រកបដោយថាមភាពអង់អាចក្លាហានជាទីបំផុត ។ ម្យ៉ាងទៀតចិត្រជឿជាក់ទៅលើសមត្ថភាពផ្លូវចិត្ត ។ ជាក់ស្តែងគេជាមនុស្សចេះតស៊ូ អំណត់ អត់ធន់ គ្រប់បែបយ៉ាងមិនថាតែរឿងការងារឬមួយជារឿងស្នេហាទេ ។ ក្នុងនោះដែរចំពោះរឿងការងារ ចៅចិត្រអត់ទាំ្រនិងពាក្យរិះគន់របស់ឃុននារី ប្រមាថមើលងាយថាខ្លួនជាមនុស្សស្គម គ្មានកម្លាំងកំហែងដូចជាមនុស្សញៀនអាភៀន នាងបានសម្លឹងមើលចៅចិត្រតាំងពីក្បាលរហូតចុងជើងមើលហើយមើលទៀតរហូតលាន់មាត់ថា « កម្មករនេះសង្គមដូចអ្នកញៀនអាភៀន និងមានកម្លាំងជីកដីបានឬនិងពាក្យលោកបាឡាត់ថែមទៀតផង » ។ ជាងនេះទៅទៀតចៅចិត្រជាមនុស្សមានសមត្ថភាពផ្លូវបញ្ញា ដែលជាហេតុនាំឲ្យគេទទួលបានជោគជ័យទោះបីជាចិត្រជាកូនកំព្រាមានជីវភាពក្រីក្រមែនពិត ប៉ុន្តែចៅចិត្រមានការតស៊ូរៀនសូត្រ មានចំណេះដឹង មានសញ្ញាបត្រប្រកាសនីយបត្រ មានជំនាញនិងចេះដោះស្រាយបញ្ហាពេលមានអាសន្ន ។ លើសពីនេះចិត្រនេះជួសជុលឡាន មានបញ្ញាឈ្លាសវៃចេះឆ្លើយឆ្លង និងប្រើចិត្តសាស្រ្តក្នុងការពន្យល់ឃុននារី រហូតបានធ្វើឲ្យចិត្តរបស់ឃុននារី ដែលធ្លាប់តែប្រកាន់ខ្លួន មានអត្តចរិតឆ្មើងឆ្មៃ មិនសូវត្រូវជាមួយចិត្រនោះបានធ្វើឲ្យនាងផ្លាស់ប្តូរមកជាមនុស្ស ដែលចេះគិតមានហេតុផលវិញ ។ ទីបំផុតដោយសារសមត្ថភាពសំខាន់ៗ នៃការជឿទុកចិត្តរបស់ចិត្របែបនេះទើបធ្វើឲ្យរូបគេទទួលជោគជ័យចំពោះរឿងការងារ ក៏ដូចជារឿងស្នេហារហូតបាននាងឃុននារីជាឧត្តមភរិយាថែមទៀតផង ។

                 សរុបមកការបកស្រាយខាងលើ អាចបញ្ជាក់បានថាការមានជំនឿជាក់លើខ្លួនឯង អាចធ្វើឲ្យមនុស្សទទួលបានជោគជ័យក្នុងជីវីតគ្រប់ពេលវេលា ។

                 ឆ្លងតាមការបកស្រាយយើងឃើញថា ប្រធានខាងលើមានអត្ថន័យល្អ អប់រំឲ្យយើងជឿជាក់លើសមត្ថភាពខ្លួនឯងដោយពឹងផ្អែកលើចំណេះដឹង និងការខិតខំប្រឹងប្រែងតស៊ូព្យាយាម ។ ក្នុងនាមយើងជាយុវជនត្រូវខិតខំ ប្រឹងប្រែងរៀនសូត្រ ពង្រីកនូវចំណេះដឹង សមត្ថភាពរបស់ខ្លួនដើម្បីជំរុញឲ្យការងារទទួលបានជោគជ័យ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login