Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

    សេចក្តីអធិប្បាយ​​  ប្រទេសណាក៏ដូចប្រទេសណាដែរតែងតែចង់បាននូវភាពរីកចំរើនលូតលាស់ប្រកបទៅដោយភាពរុងរឿង និង កិត្យានុភាពជានិច្ច។ ចំពោះការចង់បាននេះ វាតែងតែប្រឈមទៅនឹងឧបសគ្គ និង បញ្ហាផ្សេងៗមិនអាចចៀសផុត។ បញ្ហាទាំងនោះវាតែងបណ្តាលឲ្យកើតមានការអាប់ឱន ទន់ខ្សោយ ប្រជាជនជួបការលំបាកគ្រប់បែប យ៉ាង។ ជាពិសេសប្រទេសជាតិលិចលង់ បាត់បង់កិត្យានុភាពក្លាយជាប្រទេសអន់ថយគួរឲ្យអាម៉ាស់។ ទាក់ទងនឹងបញ្ហាខាងលើនេះ មានមតិខុសគ្នាពីរលើកឡើងថា "ប្រទេសជាតិអាប់ឱនព្រោះតែអំពើពុករលួយ " ឯមតិទីពីរយល់​ថា " ប្រទេសជាតិអាប់ឱនព្រោះតែអំពើមិនប្រក្រតីលើការងារ "។
     
តើប្រទេសទាំងពីអប់ឱនបណ្តាលមកពីបញ្ហាទាំងពីរខាងលើ​ឬ យ៉ាងណា?
     ដើម្បីងាយស្រួលដល់ការបកស្រាយយើងគួប្បីយល់នូវន័យរបស់ពាក្យ "អំពើពុករលួយ​ និង អំពើមិនប្រក្រតីលើ​ការងារ " ជាមុនសិន។ ពាក្យាថា អំពើពុករលួយ មានន័យថា អំពើមិនត្រឹមត្រូវបំបានលើច្បាប់ក្បត់នឹងផលប្រយោជន៍មនុស្សជាតិ។ រីឯពាក្យ អំពើមិនប្រក្រតីើលើការងារគឺសំដៅលើអំពើទាំងឡាយណាដែលរាំងស្ទះលើការងារមិនឲ្យការងារមានការលូតលាស់។ តាមរយៈខ្លឹមសារនៃពាក្យទាំងនេះទស្សនៈប្រធានខាងលើមានន័យថា ប្រទេសជាតិអាប់ឱនអន់ថយ ព្រោះតែសកម្មភាពទាំងឡាយណាដែលជាអំពើមិនត្រឹមត្រូវបំពានលើច្បាប់ក្បត់នឹងផលប្រយោជន៍ជាតិ។ ឯមិតិទីពីរមានន័យថា ប្រទេសជាតិអាប់ឱនអន់ថយព្រោះតែអំពើទាំងឡាយណាដែលរាំងស្ទះដល់ការងារមិនឲ្យការងារមានការលូតលាស់ល្អ។ មែនហើយជាការពិតណាស់កក្តាដែលនាំឲ្យប្រទេសជាតិអាប់ឱនមានច្រើនណាស់ដែលពាក់ព័ន្ធទៅនឹងប្រយោជន៍បុគ្គល។នៅពេលណាដែលគេបោះបង់ប្រយោជន៍ទូទៅហើយឈោងចាប់ប្រយោជន៍​ផ្ទាល់ខ្លូនជាធំ គេសង្កេតឃើញថា ផលអវិជ្ជមានកើតឡើងចំពោះជាតិមិនអាចចៀសផុត។ តួយ៉ាងចំពោះការលួចកិប​កេង បន្លំថវិកាជាតិ វាជាទង្វើមួយដែលប៉ះពាល់យ៉ាងខ្លាំងទៅនឹងការលូតលាស់នៃសេដ្ឋកិច្ចជាតិ។ បើសិនជាទង្វើនេះវារីកក្នុងទ្រង់ទ្រាយធំ រដ្ឋនឹងត្រូវបាត់បង់ប្រាក់ចំណូលមិនតិចទេក្នុងមួយឆ្នាំៗ។ ប្រការនេះវានឹងធ្វើឲ្យរដ្ឋមានការខ្វះខាតប្រាក់សម្រាប់ផ្គត់ផ្គង់ ដឹកនាំ ឬ ធ្វើការអភិវឌ្ឍន៍វិស័យផ្សេងៗតៀត។ នៅពេលនោះហើយជាហេតុនាំមកនូវ​ផលវិបាកដល់ការរស់នៅរបស់ប្រជាជន ក៏ដូចជាការដឹកនាំ គ្រប់គ្រង...។ ជាឧទាហរណ៍មែន ក្នុងស្ថាប័នណាមួយ បើកាលណាគេធ្វើការបន្លំដោយលើកគម្រោងពន្លើតម្លៃ​ ដោយបំប៉ោងការចំណាយខុសបែបបទហិរញ្ញវត្ថុ ហើយបែរមកបង្កើន​បុគ្គលិកធ្វើការច្រើន នេះជាប្រការមួយដែលជំរុញឲ្យដំណើរការអភិវឌ្ឍជាតិមានដំណើរថយក្រោយ នឹង ធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ ឈានទៅរកការធ្វើឲ្យប្រទេសជាតិជួបបញ្ហាក្រីក្រ អាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ  ការយកមូលដ្ឋានសម្ភារៈរដ្ឋទៅធ្វើជាមជ្ឈមណ្ឌលអាជីវកម្មផ្ទាល់ខ្លួន ក៏ជាទង្វើមួយប៉ះពាល់ដល់ប្រយោជន៍​សាធារណៈដែរ ព្រោះទង្វើនេះស្តែងឡើងដោយផលប្រយោជន៍បុគ្គលដែលជាទង្វើឲ្យជាតិខាតបង់។ តួយ៉ាងបុគ្គលខ្លះបានប្រើធនធាន អគារ​ទីតាំងរដ្ឋរកស៊ីយ៉ាងអាណាធិបតេយ្យសំបើមណាស់ រកលេខដាក់គ្មាន។ ចំណែកឯរដ្ឋពុំបានប្រាក់ចំណូលពីអាជីវកម្មនេះឡើយគឺបានតែបុគ្គលដែលជាអ្នកធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ​តែបុណ្ណោះ។ ត្រង់នេះហើយដែលជាភាពខាតបង់នាំឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះនិងអាប់ឱន។
     ប្រការមួយទៀត កាលណាគេឃុបឃិតជាមួយឈ្មួញទុច្ចរិតរកស៊ីខុសច្បាប់ វាក៏ជាអំពើមួយធ្វើឲ្យជាតិបាត់បង់ភាពថ្លៃថ្នូរដែរ។ ចំពោះបញ្ហានេះគេប្រទះឃើញច្រើនក្នុងប្រទេសនានា ដោយគេធ្វើការរកស៊ីគេចពន្ធ ព្រោះគេត្រូវរូវជា​មួយសមត្ថកិច្ចទទួលខុសត្រូវដែលធ្វើឲ្យរដ្ឋខាតបង់ចំណូលហើយវាអាចធ្វើឲ្យមានភាពអាណាធិបតេយ្យនៅក្នុងសង្គមកាន់តែខ្លាំងឡើយៗ នាំឲ្យវាគ្មានសណ្តាប់ធ្នាប់ល្អ។ មិនតែប៉ុណ្ណោះការរកស៊ីជួញដូរគ្រឿងញៀន លក់ទំនិញក្លែងក្លាយ ទំនិញគ្មានគុណភាពក៏ជាមូលហេតុធ្វើឲ្យជាតិលិចលង់បាត់បង់ភាពថ្លៃថ្នូររបស់ខ្លួនដែរ ។ ជាពិសេសការកៀបសង្កត់អ្នកក្រីក្រ កិបកេងកំលាងំពលកម្មរបស់គេដើម្បីបង្កើនទ្រព្យរបស់ខ្លួនក៏ជាបញ្ហាធ្ងន់ធ្ងរក្នុងចំណោមបញ្ហាខាងលើ ដែលធ្វើឲ្យសង្គមធ្លាក់ចុះមុខមាត់ផងដែរ
    លើសពីនេះទៅទៀត ការប្រើអំណាចរំលោភយកទ្រព្យសម្បត្តិសាធារណៈជាកម្មសិទ្ធិវាជាហេតុមួយស្តែងឲ្យឃើញពីការធ្វើអាជីវកម្មលើជាតិ ហើយធ្វើឲ្យជាតិលិចលង់ធ្លាក់ទៅជាអន់ថយបន្តិចម្តងៗ ព្រោះទង្វើនេះជាការបន្លំភ្នែកស្រស់ៗដែលសាធារណជនទូទៅស្អប់ខ្ពើម និង ថ្កោលទោសដល់បុគ្គលដែលប្រព្រឹត្តទង្វើអវិជ្ជមានបែបនេះ។
រួមមកទង្វើខាងលើនេះពិតជានាំឲ្យជាតិអាប់ឱន រដ្ឋបាត់បង់ប្រាក់ចំណូល ហើយសម្បត្តិមានតម្លៃរបស់ជាតិត្រូវរលាយហិនហោច។ ចំណែកឯផលទុនធ្លាក់ចុះ ជាតិ និង រាស្រ្តក្រទៅៗ ឯជនពុករលួយកាន់តែមានទៅៗ។
ផ្ទុយពីមតិខាងលើនេះវិញ មតិទីពីរបែរជាយល់ថា ប្រទេសអាប់ឱន ព្រោះតែអំពើមិនប្រក្រតីលើការងារទៅវិញ។ ការដែលគេហ៊ានអះអាងដូចនេះមកពីគេយល់ឃើញថា បើកាលណាគេធ្វើការបញ្ចូលជនអសមត្ថភាពឲ្យកាន់កាប់ការងារសំខាន់ៗតាមរយៈខ្សែស្រឡាយរបស់ខ្លួនដោយមិនឆ្លងកាត់ការប្រឡងបញ្វាក់ពីសមត្ថភាពត្រឹមត្រូវវានឹងធ្វើឲ្យការងារដែលគេធ្វើមិនមនប្រសិទ្ធិភាពហើយលទ្ធផលការងារមានលក្កណៈមិនល្អ ឬ មិនបានទទួលជោគជ័យ។ មិនតែប៉ុណ្ណោះ បើកាលណាគេបែរជាមិនគោរពអនុវត្តតាមច្បាប់ការងារវិញ វាធ្វើឲ្យបញ្ហាកើតឡើងចំពោះសង្គមដែរ ព្រោះទង្វើនេះសង្គមចាំតែទទួលរងផលអវិជ្ជមានតែប៉ុណ្ណោះ។ បើគេបណ្តោយឲ្យនាយទុនរំលោភបំពានលើច្បាប់ការងារ​ឬសិទ្ធិរបស់កម្មករស្រេចតែចិត្ត វានឹងបង្ករភាពស្មុកស្មាញកាន់តែច្រើនឡើងៗដល់សង្គមដែលវាអាចឈានទៅរកការធ្វើបាតុកម្ម កូដកម្ម ឬអំពើហឹង្សាផ្សេងៗដាក់គ្នាទៅវិញទៅមក ហើយវានឹងធ្វើឲ្យបាត់បង់ស្ថេរភាពសង្គម ឬភាពចលាចលវឹកវក្នុងសង្គមមិនខាន។ ម៉្យាងទៀតបើបុគ្គលិករដ្ឋវិញ បើបណ្តោយឲ្យឈប់ស្រេចតែអំពើចិត្ត ហើយមិនគោរពតួនាទី និង ភារកិច្ច ពេលវាលាធ្វើការ វាក៏ធ្វើឲ្យការងារដើរថយក្រោយ ជះឥទ្ធិពលមិនល្អដល់សង្គមផង​ដែរ។ 
ម៉្យាងទៀតចំពោះជនដែលគ្មានមនសិការលើការងារវិញ ក៏អាចចាត់ទុកជាអ្នកធ្វើឲ្យការងារមានលក្ខណៈមិនប្រក្រតី ហើយមិនសូវរីកចម្រើនដែរ។ ជនដែលធ្វើការឡេះឡោះខ្ជីខ្ជារមិនតស៊ូប្រឹងប្រែងក្នុងការបំពេញការងារ នាំឲ្យការងារមានលក្ខណៈមិនល្អប្រសើរ ព្រោះតែអ្នកបំពេញការងារមិនយកចិត្តទុកដាក់ ធ្វើការឲ្យរួចពីដៃ ធ្វើការងារដោយមិនស្រឡាញ់ការងារ។ ទន្ទឹមនឹងនេះដែរចំពោះបុគ្គលធ្វើការផ្តេកផ្តួលទៅតាមតែប្រាក់បៀរវត្សវាក៏ធ្វើឲ្យការងារមានលក្ខណៈមិនល្អដែរ ព្រោះការធ្វើការងារបែបនេះវាធ្វើឲ្យុដំណើរការមានលក្ខណៈមិនស្មើល្អ ម្តងល្អ ម្តងអាក្រក់ យឺតយ៉ាវ ឬលៀនដែលជាការបង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមាន និង អវិជ្ជមាន។ លើសពីនេះទៅទៀតបើជនគ្មានសុឆន្ទៈលើការងារវិញក៏ដូច្នេះដែរព្រោះថាគេធ្វើការដោយគ្មានគំនិតម្ចាស់ការលើខ្លួនឯង ចាំតែគេប្រាាប់ គេបញ្ជា វាក៏ធ្វើឲ្យកើតមានភាពអវិជ្ជមានដល់សកម្មភាពនៃប្រព័ន្ធការងារនៅក្នុងស្ថាប័ន ឬកន្លែងណាមួយដែលនាំឲ្យស្ថាប័ន ឬកន្លែងនោះងាយនឹងទទួលរងនូវភាពអាប់ឱន​ឬ អន់ថយ។ ត្រង់គឺសំដៅបុគ្គលដែលបំពេញការងារធ្វើការទាល់តែគេត្រួត ហើយគេពុំប្រើបញ្ញាស្មារតីក្នុងការច្នៃប្រឌិតលើការងារ មិនសូវសិក្សាស្រាវជ្រាវធ្វើការងារឲ្យទៅមុខ ហើយចេះតែបណ្តែតបណ្តោយទៅតាមដំណើរ។
    សរុបសេចក្តីមកភាពអសកម្មខាងលើវានឹងធ្វើឲ្យជាតិទ្រុឌទ្រោមដោយសារកិច្ចការទាំងអស់ពុំសម្រេចតាមផែនកា​រ​ព្រោះការច្រើនធ្វើការបានតិច ជាតិខ្វះខាតផលិតផលសម្រាប់លក់ដូរ ហើយជាកក្តាធ្វើឲ្យគ្មានការប្រណាំងប្រជែងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ។
     រួមសេចក្តីមកតាមរយៈការពិភាក្សាខាងលើយើងឃើញថាភាពអសកម្មដែលកើតមកពីមិនប្រក្រតីលើការងារធ្វើឲ្យជាតិជួបបញ្ហាភាពក្រីក្រ ទន់ខ្សោយ ហើយត្រូវជាតិដទៃមើលងាយ។ ជាពិសេសគ្រប់វិស័យទាំងអស់អសកម្ម រដ្ឋគ្មាន​ទុនបំរុង រាស្រ្តកាន់តែក្រៗទៅព្រោះកើតពីអំពើពុករលួយ។
    សរុបសេចក្តីមកម្ដងទៀត តាមរយៈការបកស្រាយខាងលើយើងអាចវាយតម្លៃបានថាទស្សនៈរបស់ប្រធានខាងលើមានលក្ខណៈត្រឹមត្រូវដូចគ្នា។ ប្រទេសដែលមានការអាប់ឱនគឺបណ្តាលមកពីកក្តាយ៉ាងច្រើន ហើយក៏មិនអាចចៀស​ផុតពីកក្តាទាំងពី​រខាងលើនេះដែរ។ ចំពោះបញ្ហានេះធាតុពិតនៃការលិចលង់របស់ជាតិផ្តើមចេញពីអំពើពុករលួយ ព្រោះអំពើនេះវារាលដាលធ្វើឲ្យមានភាពអសកម្មនៃការងារដែលនាំឲ្យការងារមានភាពអនថយឈានទៅដល់ការមើលបណាំគ្នាលែងខ្លាចច្បាប់ទម្លាប់ទៅជាអាណាធិបតេយ្យគ្មាននរណាស្តាប់នរណា។ ដូចនេះដើម្បីឲ្យសង្គមរីកចម្រើន និង ដំណើរការល្អ គេត្រូវបំបាត់អំពើពុករលួយតាំងពីថ្នាក់លើដល់ក្រោមដោយកុំយោគយល់ ហើយព្រមព្រៀងគ្នាក្នុងការបំពេញការងារប្រកបដោយឆន្ទៈ​ ទើបជាតិទទួលបានភាពលូតលាស់ និង មានភាពរុងរឿងព្រមទាំងកិត្យានុភាពល្អ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login