Point Center Login Help
Norway

គោលការណ៍នៃការហ្វឹកហាត់ខ្លួនឯង

By: Rosa-KH
Date: 2021-08-06 22:52
Category: Study Experience
871 0 0

គោលការណ៍នៃការហ្វឹកហាត់ខ្លួនឯងឱ្យមានទម្លាប់ក្នុងការរៀនសូត្រ និងរៀនឱ្យពូកែ ៖

• ត្រូវមានទម្លាប់ក្នុងការអានសៀវភៅ ត្រូវចាត់ទុកសៀវភៅជាមិត្តដែលកំដរយើងនៅពេលដែលយើងទំនេរ ឬជាបាយដោយមិនអាចខានទទួលទានមិនបាន ។ សៀវភៅជាគ្រូដែលមិនចេះនិយាយរបស់យើង ប៉ុន្តែអ៊ិនធើណេតអាចក្លាយជាគ្រូចេះនិយាយផង និងមិនចេះនិយាយផងរបស់អ្នកបាន ។

កុំទុកពេលវេលាឱ្យទំនេរចោលឥតប្រយោជន៍ ត្រូវកាត់បន្ថយការនិយាយទូរស័ព្ទ មើលទូរទស្សន៍ លេងហ្គេមផ្សេងៗ ឬនិយាយលេងឥតប្រយោជន៍ ហើយក៏មិនមែនឱ្យមើលតែសៀវភៅ ឬរៀនរហូតដល់ថ្នាក់ដើរឃើញស្លឹកឈើជ្រុះញញឹមទេ ត្រូវចេះបែងចែកពេលវេលាសម្រាប់ខ្លួនឯងថា ពេលណាត្រូវរៀន ពេលណាត្រូវកំសាន្តដែរ ប៉ុន្តែត្រូវឆ្លៀតពេលវេលាមើលសៀវភៅ ឬស្រាវជ្រាវមេរៀនតាមអ៊ិនធើណេតឱ្យបានច្រើន ដូចពាក្យថា ទោះជាធ្វើជាត្រីងៀតក៏ត្រូវតែឆ្លៀតពងដែរ ។

• ត្រូវមានទឹកចិត្តក្លាហាន ពេលរៀន ឬពេលចូលរួមកម្មវិធីសិក្សាវគ្គខ្លី ឬសិក្ខាសិលាផ្សេងៗ បើមានចម្ងល់កុំលាក់ទុកត្រូវក្លាហានហ៊ានសួរមិនត្រូវខ្មាសគេ ខ្លាចគេថាយើងអន់ ឬល្ងង់ទេ ។ សូមចងចាំថា បើអ្នកហ៊ានសួរ គឺមានន័យថាអ្នកល្ងង់តែមួយភ្លែតទេ តែបើអ្នកលាក់ទុកវិញ អ្នកនឹងអាចល្ងង់មួយជីវិត។

• សុខភាព ក៏ជារឿងមួយសំខាន់ផងដែរ ត្រូវចេះថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ បរិភោគឱ្យមានជីវជាតិបំប៉នគ្រប់គ្រាន់ ហើយទៀងទាត់ សម្រាកទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ កាលណាមានសុខភាពល្អ ធ្វើឱ្យមានអារម្មណ៍ល្អរៀនអ្វីក៏យល់ គិតអ្វីក៏ឆាប់ចេញ។

• ត្រូវអនុវត្តន៍ធ្វើលំហាត់ ស្រាវជ្រាវមេរៀនបន្ថែមដោយខ្លួនឯង ស្វ័យសិក្សាដោយខ្លួនឯង ។ ធម្មតានៅសាលារៀនគ្រូផ្តល់ចំណេះឱ្យយើងបានតែមួយភាគទេ តែបើយើងមើលមេរៀនស្រាវជ្រាវបន្ថែមយើងនឹងទទួលបានចំណេះដឹងបីភាគ ហើយបើស្រាវជ្រាវធ្វើលំហាត់ចងក្រងមេរៀនវិញ យើងអាចទទួលបានប្រាំភាគ ។

• ការរៀនត្រូវមានមហិច្ឆតា មានចិត្តតស៊ូ ចេះគ្រប់គ្រងខ្លួនឯង យកឈ្នះលើខ្លួនឯង ត្រូវចិញ្ចឹមចិត្តខ្លួនឯងថាចង់បានអ្វីត្រូវខិតខំធ្វើឱ្យបាន មិនត្រូវមើលបំណាំអ្នកដែលរៀនខ្សោយ ឬអន់ថយជាងយើងទេ(ក្នុងន័យនេះមិនមែនឱ្យអ្នកមើលងាយអ្នកដែលខ្សោយជាងខ្លួនទេ) ត្រូវសម្លឹងមើលអ្នកដែលពូកែជាង អ្នកដែលទទួលបានជោគជ័យជាងយើង ហេតុអ្វីបានជាគេពូកែ?

គេរៀនយ៉ាងម៉េចខ្លះ ? គេអាចធ្វើបាន យើងក៏អាចធ្វើបាន បើធ្វើមិនបានដូចគេ ក៏ប្រហាក់ប្រហែលគេដែរ ។ អាចនិយាយថា ត្រូវមានមនុស្សគំរូ (idol )ក្នុងចិត្តរបស់ខ្លួន ។

• យកអ្នកនៅជុំវិញខ្លួនយើងជាគ្រូរបស់យើង ។ ត្រូវចេះរៀនពីអ្នកនៅជុំវិញខ្លួន ឱ្យតែគេចេះជាងយើង អាចបង្រៀនយើងបាននោះអាចចាត់ទុកគេជាគ្រូរបស់យើងបានហើយ ។ ពេលខ្លះធ្វើឆ្លាតពេកមិនល្អទេ ត្រូវចេះរៀនលួចចំណេះពីគេ ។

ឧបមាថា ការឌីហ្សាញរូបភាពមួយនៅក្នុងកម្មវិធី Adobe Photoshop តាមពិតទៅរូបហ្នឹងអ្នកអាចឌីហ្សាញបាន ប៉ុន្តែខ្ញុំយល់ថាអ្នកមិនចាំបាច់ធ្វើជាអ្នកឆ្លាតទេ អ្នកគួរតែស្នើរសុំគេឱ្យគេបង្ហាញអ្នកពីរបៀបឌីហ្សាញរូបនោះ ព្រោះខ្ញុំមិនជឿថា អ្នកដទៃប្រើវិធីសាស្រ្តក្នុងការឌីហ្សាញដូចវិធីសាស្រ្តអ្នកទាំងស្រុងទេ ។

អ្នកក៏អាចចែករំលែកចំណេះដឹងរបស់អ្នកទៅគេផងដែរ ៕

អត្ថបទ មាន សុខពិសិត

ប្រភព : អ្នកបន្តវេន
 


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028562730574274

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login