Point Center Login Help
Norway

អតីតកងទ័ពជើងទឹកខ្មែរក្រហមបានរំលឹកពីបទពិសោធន៍នៅកោះតាង កោះប៉ូឡូវ៉ៃ និងកោះក្រចកសេះ

By: Charlie
Date: 2021-08-13 23:14
Category: Life
40 0 0

ឌូ​ អ៊ុន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ឲ្យដឹងថា កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាអង្គរអណ្ដើក។ បន្ទាប់ពីមានរដ្ឋប្រហានៅឆ្នាំ១៩៧០គ្រូបង្រៀននៅសាលាបឋមសិក្សាអង្គរអណ្ដើកទាំងអស់បានរត់ភៀសខ្លួនទៅទីក្រុងភ្នំពេញ​ ហើយ អ៊ុន ក៏បានឈប់រៀន មករស់នៅជាមួយឪពុកម្ដាយជួយធ្វើស្រែ ឃ្វាលគោ និងក្របីជាដើម។

 

នៅចុងឆ្នាំ១៩៧២ មានយុវជនជាច្រើនបានស្ម័គ្រចិត្តចូលធ្វើជាកងឈ្លបភូមិ និងឃុំរបស់ខ្មែរក្រហម ដោយគិតថាពួកគេចូលនេះ​គឺដើម្បីបម្រើជាតិ។ អ៊ុន ក៏បានស្ម័គ្រចិត្តធ្វើកងឈ្លបដូចជាយុវជន ផ្សេងៗទៀតដែរ។ ដំបូងឡើយ អ៊ុន បម្រើជាកងឈ្លប នៅឃុំតាយ៉ាប ដែលមានទីស្នាក់ការនៅភូមិជំនៀ ខ្ពស់។ អ៊ុន ត្រូវបានចាត់តាំងឲ្យដើរមើល និងការពារសុវត្តិភាពនៅក្នុងភូមិឃុំ ហ្វឹកហាត់យុទ្ធសាស្រ្តកងទ័ព និងទទួលការអប់រំបំពាក់បំប៉នផ្នែកនយោបាយពីអង្គការខ្មែរក្រហម។ ហឿន ជាប្រធានឃុំតាយ៉ាប។

 

បន្ទាប់មកខ្មែរក្រហមបានបញ្ជូន អ៊ុន ឲ្យចូលក្នុងអង្គភាពកងទ័ពវិញ គឺកងវរសេនាតូចលេខ១០៣ តំបន់៣៣ ដែលត្រូវឈរជើងនៅព្រៃល្មាត ខាងជើងផ្លូវជាតិលេខ៤។ កឿន ជាប្រធានកងវរសេនាតូចលេខ ១០៣ ប៉ុន្តែក្រោយមក កឿន ក៏បានស្លាប់។ ហម បានឡើងជាប្រធាន ស៊ីម និងសំណាង ជាអនុប្រធាន ជំនួសកឿន។ នៅតំបន់៣៣មានកងវរសេនាតូចចំនួន៤​ គឺកងវរសេនាតូចលេខ១០២ ១០៣ ១០៤ និង១០៥។

 

នៅឆ្នាំ១៩៧៤ កងវរសេនាតូចលេខ១០២ និង១០៣ ត្រូវបានបញ្ចូលទៅក្នុងកងពលទី៣របស់ភូមិភាគនិរតី និងត្រូវទៅប្រចាំការនៅលង្វែក។ កងវរសេនាតូចលេខ១០៣ ត្រូវបានប្ដូរទៅជាកងវរសេនាតូច៤១០ ចំណុះឲ្យកងវរសេនាធំលេខ១៦។ ប្រធានវរសេនាតូចលេខ៤១០ គឺ ហម និង ស៊ីម ដដែល។ រីឯកងវរសេនាធំលេខ១៦ មានឈ្មោះ មៀច ជាប្រធាន។ អ៊ុន បានត្រូវរបួសចំជើង និងខ្នង នៅពេលប្រយុទ្ធក្នុងសមរភូមិ និងបានចូលសម្រាក់ពេទ្យអស់រយៈពេលជិត២ខែ។

 

នៅចុងឆ្នាំ១៩៧៤​ និងដើមឆ្នាំ១៩៧៥ កងពលរបស់ អ៊ុន បានផ្លាស់មកប្រតិបត្តិការនៅតាមផ្លូវជាតិលេខ៤ នៅម្តុំមហាសាំង (ទំនប់ព្រែកហៅ)។ ចំណែកកងទ័ពមួយចំនួនបានបន្តមកឈរជើងនៅបែកចានដដែល ដើម្បី​វាយប្រយុទ្ធជាមួយ​ទាហានលន់ នល់ និងអាមេរិក។ កងពលរបស់ អ៊ុន មិនបានចូលវ៉ៃដល់ទីក្រុងភ្នំពេញទេ គឺចូលត្រឹមតែបែកចានតែប៉ុណ្ណោះ។

 

ក្រោយពីរំដោះបានទីក្រុងភ្នំពេញភ្លាម ខ្មែរក្រហមតម្រូវឲ្យកងពលទី៣របស់ អ៊ុន ទៅប្រចាំការនៅកំពង់សោម។ ពោលគឺថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៥ កងពលទី៣ បានចេញទៅកំពង់សោម។ ថ្ងៃទី២០ ខែនិងឆ្នាំ ដដែលកងពលទី៣បានទៅដល់រាម។ លុះដល់រាម កងពលទី៣ ត្រូវបានប្ដូរឈ្មោះទៅជាកងពល១៦៤ ដែលជាកងពលរបស់មជ្ឈឹម។ ប្រធាន​និងអនុប្រធានកងពល១៦៤ ឈ្មោះ​ មុត និង ឌឹម។ ប៉ុន្តែកងវរសេនាតូចមិនបានប្ដូរឡើយពោល គឺកងវរសេនាតូចលេខ ៤១០ដដែល ហើយចំណែកឯប្រធាននិងអនុប្រធានក៏មិនមានការផ្លាស់ប្ដូរដែរ។

 

បន្ទាប់ពីនៅរាមបាន២ថ្ងៃ គឺថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៥ កងវរសេនាតូចលេខ ៤១០ ដែលមានកងទ័ពប្រមាណជា៣០០ទៅ៤០០នាក់ បានធ្វើដំណើរឆ្ភោះទៅកោះតាង និងកោះប៉ូឡូវ៉ៃ។ អ៊ុន បានឈរជើងនៅកោះតាង។ នៅកោះតាងនេះមានកងអនុសេនាធំចំនួន២ គឺគ៨ និងគ១០ ដែលមានកងទ័ពសរុបប្រហែល ២០០នាក់។​ អ៊ុន ស្ថិតនៅក្នុងកងអនុសេនាធំគ៨ ដែលមានឈ្មោះ ម៉េន និង ហួត ជាប្រធាន និងអនុប្រធានកងអនុសេនាធំគ៨។ ម៉ន ជាប្រធានកងអនុសេនាធំគ១០ ហើយហូន ជាអនុប្រធាន។ នៅកោះតាង អ៊ុន គឺជាប្រធានក្រុមដែលគ្រប់គ្រងកងទ័ពចំនួន១២នាក់។

 

ថ្ងៃទី ២៤ ខែមេសានិងឆ្នាំដដែល អ៊ុន និងកងទ័ពជាង១០០នាក់ទៀត ត្រូវបញ្ជូនឲ្យទៅកោះក្រចកសេះ ឬកោះប៉ូឡូប៉ង់សង់។ ការធ្វើដំណើរទៅកោះក្រចកសេះនេះ គឺត្រូវជិះទូកម៉ាស៊ីន១២០​សេះ ចំនួនជិត១០គ្រឿង​ ក្នុងទូកមួយគ្រឿងមានកងទ័ពប្រមាណជិត២០ ។ នៅកោះក្រចកសេះមានប្រជាជនរស់នៅច្រើន និងសម្បូរទៅដោយផ្ទះថ្ម។ ប្រជាជននៅទីនោះគឺជាប្រជាជនវៀតណាម និងខ្មែរកម្ពុជាក្រោម ដែលមានអ្នកខ្លះចេះភាសាខ្មែរ។ លើសពីនេះទៀតក៏មានទាហានធៀវគី(វៀតណាមខាងត្បូង)​នៅលកោះ ក្រចកសេះនេះផងដែរ។​ ខណៈពេលដែលទាហានវៀតណាមខាងត្បូងបានលើកទង់ជ័យសរនោះ កងទ័ពខ្មែរក្រហមបានចូលទៅដល់កោះក្រចកសេះភ្លាមៗដែរ។ ប្រជាជនដែលរស់នៅលើកោះក្រចកសេះមានភាពរាក់ទាក់ និងបានដាំបាយឲ្យ អ៊ុន និងកងទ័ពខ្មែរក្រហមផ្សេងទៀតបរិភោគ។ មេបញ្ជាការខ្មែរក្រហមប្រចាំនៅកោះក្រចកសេះរួមមាន សារឿន, ចាយ, ទង, ម៉េន និង ហួត ។ កងទ័ពខ្មែរក្រហម បានដើរប្រាប់ប្រជាជន និងទាហានធៀវគី ដែលរស់នៅកោះក្រចកសេះ ឲ្យរៀបចំខ្លួន និងអ៊ីវ៉ាន់ផ្សេងៗដើម្បីចាក់ចេញ ព្រោះកងទ័ពខ្មែរក្រហមត្រូវកាន់កាប់កោះនេះ។ បន្ទាប់ពីឈរជើងនៅកោះក្រចកសេះបានចំនួន២ថ្ងៃ អ៊ុន និងកងទ័ពប្រមាណ២០នាក់ទៀត ត្រូវទទួលបញ្ជាឲ្យត្រឡប់មកកោះតាងវិញ។ ចំណែកកងវរសេនាតូចលេខ៤៧០របស់ តាចាយ ដែលបានបញ្ជូនកងទ័ពមកបន្ថែមរហូតដល់ជាង៣០០នាក់បានបន្តឈរជើងនៅកោះក្រចកសេះទៀត។

 

អ៊ុន និងកងទ័ព២០នាក់ទៀត​ មិនបានចូលមកកោះតាងនោះភ្លាមទេ ពោលគឺត្រូវចូលទៅស្នាក់នៅកោះប៉ូឡូវ៉ៃមួយយប់សិន ពីព្រោះនៅកោះតាង កំពុងតែមានការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនឹងទាហានអាមេរិក។ នៅខណៈពេលប្រយុទ្ធនោះ កងទ័ពអាមេរិកបានប្រើយន្តហោះកន្ទុំរុយជាច្រើនគ្រឿង បោកគ្រាប់បែកផ្សែងជាច្រើនគ្រាប់ និងកាំភ្លើងទំនើបៗផងនោះ​ កងទ័ពខ្មែរក្រហមអាចទប់ទល់បានតែរយៈប៉ុន្មានម៉ោង ក៏បាននាំគ្នារត់ចូលព្រៃ និងឡើងលីភ្នំអស់។ នៅខណៈពេលកំពុងប្រយុទ្ធគ្នានៅលើកោះតាងនោះ ទាហានអាមេរិកក៏បានទម្លាក់គ្រាប់បែកនៅកំពង់សោម រាម និងរោងចក្រប្រេងកាតផងដែរ។ ការវាយប្រយុទ្ធគ្នានៅកោះតាងបានចាប់ផ្ដើមតាំងពីពេលព្រឹកព្រលឹម ហើយបានបញ្ចប់វិញនៅម៉ោងប្រមាណ៩យប់។

 

បន្ទាប់ពីបញ្ចប់ការប្រយុទ្ធគ្នា អ៊ុន​ និងកងទ័ពខ្មែរក្រហមផេ្សងទៀត ក៏បានចូលទៅដល់កោះតាងនិងជួយប្រមែរប្រមូលសាកសពកងទ័ពខ្មែរក្រហម​ និងទាហានអាមេរិកយកទៅកប់។​ សរុប​កងទ័ពខ្មែរក្រហមបានស្លាប់ចំនួន៧នាក់ និងបាត់ខ្លួន៣នាក់។ ចំណែកទាហានអាមេរិកក៏បានស្លាប់មានចំនួនប្រហាក់ប្រហែលគ្នានេះដែរ ថែមទាំងបានបន្សល់ទុកនូវខ្មោចយន្តហោះកន្ទុំរុយពីរគ្រឿង និងធុងសាំងចំនួន​​ពីរទៀតផង។

 

ការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហានអាមេរិកនៅកោះតាងនេះ គឺដើមហេតុមកពីកងទ័ពខ្មែរក្រហមបានចាប់កប៉ាល់ម៉ាយ៉ាហ្គេស ដែលជាកប៉ាល់ដឹកទំនិញរបស់អាមេរិក ហើយអាមេរិកទាមទារឲ្យដោះលែងកប៉ាល់របស់ខ្លួន។ កប៉ាល់ម៉ាយ៉ាហ្គេសបានដឹកទំនិញឆ្លងកាត់ក្បែរកោះប៉ូឡូវ៉ៃ ហើយ​ត្រូវបានកងទ័ពជើងទឹករបស់ខ្មែរក្រហមចេញមកស្ទាក់ចាប់ពីកោះប៉ូឡូវ៉ៃយកមកទុកនៅកោះតាង។

 

បន្ទាប់រំដោះបានវៀតណាមខាងត្បូងនៅថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ១៩៧៥​ ប្រហែល២សប្តាហ៍កងកងទ័ពវៀតណាមបានវាយសម្រុកកងទ័ពខ្មែរក្រហមនៅកោះក្រចកសេះនិងកោះប៉ូឡូវ៉ៃ។ កងទ័ពវៀតណាម​បានចាប់កងទ័ពខ្មែរក្រហមទាំងអស់យកទៅឃុំឃាំងនៅកោះត្រល់ និងបានបាញ់ពន្លិចទូកម៉ាស៊ីនរបស់ខ្មែរក្រហមអស់ជាច្រើនគ្រឿង។ ក្រោយមក នួន​​ ជា បានជួបចរចារជាមួយភាគីវៀតណាម ដើម្បីឲ្យដោះលែងកងទ័ពខ្មែរ និងប្រគល់កោះប៉ូឡូវ៉ៃមកឲ្យខ្មែរវិញ។ បន្ទាប់ពីវៀតណាមប្រគល់កោះប៉ូឡូវ៉ៃមកវិញ ខ្មែរក្រហម ក៏បានបញ្ជូន អ៊ុន និងកងវរសេនាតូចលេខ៤១០ ទៅប្រចាំការកោះប៉ូឡូវ៉ៃ។

 

ប្រជាជនវៀតណាម និងថៃតែងតែមកនេសាទត្រីនៅក្បែរៗកោះប៉ូឡូវ៉ៃ ហើយត្រូវកងទ័ពខ្មែរក្រហមចាប់ឃាត់ទុក និងបញ្ជូនអ្នកនេសាទទាំងនោះទៅកំពង់សោម។ លើសពីនេះ ក៏មានជនបទេសក្រៅពីថៃនិងវៀតណាម បានបើកក្ដោងឆ្លងកាត់ និងត្រូវកងទ័ពខ្មែរក្រហមចាប់បញ្ជូនមកកំពង់សោមផងដែរ។

 

អ៊ុន ធ្លាប់ត្រូវបានចាត់តាំងឲ្យមករៀនសូត្រ និងប្រជុំនៅកំពង់សោមម្ដងម្កាលដែរ គឺប្រជុំម្តងៗមានរយៈពេលមួយខែកន្លះ អ្នកដឹកនាំប្រជុំមាន មាស មុត, សេង, សុន សេន ហើយការប្រជុំនោះគឺទាក់ទងទៅនឹងការការពារជាតិ និងការការពារដែនដី។ នៅកោះប៉ូឡូវ៉ៃ អ៊ុន និងកងទ័ពផ្សេងទៀតបានដាំបន្លែ​បង្ការ និងធ្វើផែដើម្បីចតទូក កាណូតជាដើម។ កងទ័ពខ្មែរក្រហម ហូបចុកមួយថ្ងៃ៣ពេល គឺពេលព្រឹកហូបបបរ ពេលថ្ងៃហូបបាយ និងពេលលា្ងចហូបបាយ។

 

នៅឆ្នាំ១៩៧៩ វៀតណាមបានវាយចូលដល់កំពង់សោម អ៊ុន និងកងទ័ពផ្សេងទៀត បានរត់ចេញពីកោះប៉ូឡូវ៉ៃ ដោយឆ្លងកាត់តាមចម្លងគោ នៅខាងជើងស្ទឹងហាវ ឆ្ពោះទៅអណ្ដូងទឹក និងឡើងភ្នំអូរ​ ដំបង។ បន្ទាប់មក អ៊ុន​ រួមជាមួយកងទ័ព ប្រជាជនប្រុសស្រី​ចំនួន៣៣នាក់បានរត់ត្រឡប់មកកំពង់ស្ពឺ និងបានចូលសារភាពជាមួយវៀតណាម។ អ៊ុន ត្រូវស្ថិតនៅមន្ទីរអប់រំរយៈមួយខែកន្លះ វៀតណាមបញ្ជូនមកកំពង់ត្រាំ ពាមខ្វាវ។​ បន្ទាប់មក​ អ៊ុន​ និងមនុស្សជាង៣០នាក់ផ្សេងទៀតបានបែកគ្នាត្រឡប់មកស្រុកកំណើតរៀងៗខ្លួន។

 

សោម​ លាភ និសិ្សតស្ម័គ្រចិត្តលើគម្រោងជម្រុញឲ្យមានការទទួលខុសត្រូវ

Comments:

Avatar

Charlie

Questions: 25

Answers: 78

Blog: 61

Scholarship Post: 61


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login