Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តាមព្រះក្រឹត្យលេខ នស.រកត០៣០៥.១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ ២០០៥ បានកំណត់យកសត្វ និងរុក្ខជាតិ ប៉ុន្មានប្រភេទជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ? ចូររៀបរាប់ ។

២. តើព្រះបាទសម្តេចនរោត្តមសីហនុទ្រង់​ប្រសូត ឡើងគ្រងរាជ្យលើកទី១ លើកទី២ និងយាងចូលទីវង្គតនៅថ្ងៃខែឆ្នាំណា ? តើព្រះអង្គ មានគោរពងារដូចម្តេចមុន និងក្រោយទ្រង់សោយទីវង្គត ?

៣. តើវត្តអារាមមានតួនាទីដូចម្តេចខ្លះក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិខ្មែរ ?

៤. ចូររៀបរាប់សកម្មភាព ដែលជាអបាយមុខបួនយ៉ាង ។ តើអបាយមុខទាំងបួនយ៉ាង គួរជាទីប្រព្រឹត្តរបស់យុវវ័យដែរឬទេ ? ព្រោះអ្វី ?

៥. ពាក្យចាស់លោកពោលថា “ខ្មៅចុះឱ្យតែស ក្រចុះឱ្យតែមាន” ។ តើមានន័យដូចម្តេច ?

៦. មតិខ្លះយល់ថា”ការអប់រំ ជាភារកិច្ចរបស់សាលារៀន” ។ តើប្អូនយល់ដូចម្តេច ?

ចម្លើយ​

១. តាមព្រះរាជក្រឹត្តលេខ នស.រកភ.០៣០៥.១៤៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ បានកំណត់យកសត្វនិងរុក្ខជាតិ ៧ ប្រភេទ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាគឺ ៖

ក. ផ្នែកសត្វ មាន ៤គឺ ៖

  • សត្វចតុប្បាទ មានសត្វគោព្រៃ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • សត្វបក្សី មានសត្វត្រយង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • សត្វមច្ឆាជាតិ មាន សត្វត្រីគល់រាំង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • សត្វឧរង្គ មានសត្វអណ្តើកហ្លូង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ។

ខ. ផ្នែករុក្ខជាតិ មាន៣គឺ ៖

  • រុក្ខជាតិដើម មានដើមត្នោត ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • រុក្ខជាតិមានផ្កា មានដើមផ្ការំដួល ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • រុក្ខជាតិមានដើមជាស្រទាប់ មានចេកពងមាន់ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ។

២. ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥​ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ វេលាម៉ោង ១១គត់ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គឡើងគ្រងរាជ្យជាលើកទី១ នៅថ្ងៃ២៨ តុលា ១៩៤១ និងលើកទី២ នៅថ្ងៃទី២៤ កញ្ញា ១៩៩៣ ។ ព្រះអង្គយាងចូលព្រះទីវង្គតនៅថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃទី ១៥ តុលា ២០១២ ។ កាលព្រះអង្គនៅមានព្រះជន្មនៅឡើយទ្រង់មានគោរម្យងារថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។ បន្ទាប់ពីតម្កល់ ព្រះបរមសព អស់រយៈពេល ៤៦ ថ្ងៃនៅក្នុងព្រះបរមរាជវាំង ព្រះមហាក្សត្រទ្រង់បានព្រះរាជប្រទាន គោរមងារចំពោះព្រះបរមបច្ចាមរណនាម ថ្វាយជូនព្រះបាទ នរោត្តម សីហនុ ជាព្រះបរមរតនកោដ្ឋ ជាផ្លូវការ នៅឯព្រះបរមរាជវាំង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំាំ ២០១២ ។

៣. វត្តអារាមមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិដូចតទៅ ៖

  • ផ្នែកវប្បធម៌ ៖ ជាឃ្លាំងផ្ទុកនូវវប្បធម៌ អរិយធម៌ខ្មែរ (ក្បួនច្បាប់ គម្ពីរ អក្សរសាស្រ្ត និងចំណេះវិជ្ជាផ្សេងៗ) ។
  • ផ្នែកសង្គមកិច្ច ៖ ជាទីជម្រកកោនដល់ជនក្រីក្រ កម្សត់ទុរគតគ្មានទីពឹង មកជ្រកកោន និងជាទីស្នាក់អាស្រ័យនៃសិស្ស និស្សិតដែលមកបន្តការសិក្សា ។
  • ផ្នែកអប់រំ ៖ ជាកន្លែងអប់រំ សតិបញ្ញា ស្មារតីទាំងផ្លូវលោក ទាំងផ្លូវធម៌ ។
  • ផ្នែកសីលតម្លៃ ៖ ជាកន្លែងដុសខាត់ចិត្ត ឱ្យជ្រះថ្លាបរិសុទ្ធ ក្នុងការកសាងកុសល ។
  • ជាទីដែលពុទ្ធបរិស័ទតែងនាំគ្នាមកបរិច្ចាគធនធាននិងកម្លាំងកាយ ចិត្តដើម្បីកសាងប្រយោជន៍សាធារណៈ ។
  • វត្តអារាមចូលរួមការងារកសាងសង្គម តាមរយៈការធ្វើបុណ្យទានប្រមូលបច្ច័យមកកសាងសមិទ្ធផលផ្សេងៗ ដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ។
  • ជាទីប្រជុំនៃពុទ្ធបរិស័ទក្នុងការប្រារព្ធពិធិបុណ្យទានផ្សេងៗតាមប្រពៃណី ។
  • ជាអាវាសរបស់បព្វជិតក្នុងការប្រតិបត្តិធម៌អាថ៍វិន័យតាមពុទ្ធឳវាទ ។
  • ជួយបណ្តុះទឹកចិត្តមនុស្សធម៌ក្នុងដោះស្រាយទុក្ខលំបាកដល់មនុស្សសង្គម ។

៤. សកម្មភាពដែលជាអំពើអបាយមុខបួនយ៉ាងនោះគឺ ៖

  • ល្បែងស្រី គឹការប្រព្រឹត្តអំពើអនាចារក្នុងកាមគុណក្បត់នឹងប្រពន្ធកូន ។
  • ល្បែងស្រា គឺ ការចូលចិត្តសេពនូវសុរា និងគ្រឿងញៀនស្រវឹងដើម្បីកំសាន្តចិត្ត ។
  • ល្បែងបៀប៉ោ គឺសេចក្តីឈ្លក់វង្វេងនឹងល្បែងស៊ីសង គ្រប់ប្រភេទ មិនអាចអត់បាន ។
  • អំពើពាល គឺការប្រព្រឹត្តអំពើខុសបែបបទ ល្មើសនឹងច្បាប់ ដូចជា ការលួច ឆក់ ប្លន់

អំពើអបាយមុខទាំងបួននេះ មិនជាទីគួរប្រព្រឹត្តរបស់យុវវ័យទេព្រោះ ៖

  • សតិបញ្ញាចុះខ្សោយ សិក្សាមិនបានវែងឆ្ងាយ
  • បាត់បង់កិត្តិយសផ្ទាល់ខ្លួន មាតាបិតា អាណាព្យាបាយ និងសង្គមជាតិ
  • បាត់បង់សណ្តាប់ធ្នាប់សង្គមក “បង្កភាពអាណាធិបតេយ្យក្នុងសង្គម”
  • ត្រូវប្រឈមមុខនឹងជំងឺផ្សេងៗពិសេសជំងឺសង្គម
  • បាត់បង់សតិសម្បជញ្ញៈរបស់ខ្មែរផ្ទាល់ (អាចគិតខ្ចីទៅប្រព្រឹត្តអំពើល្ងង់ខ្លៅផ្សេងៗ)
  • ខាតបង់ពេលវេលាសិក្សារៀនសូត្រ និងការប្រកបរបររកស៊ីចិញ្ចឹមជីវិត
  • នាំឱ្យអន្តរាយទ្រព្យសម្បត្តិ និងបាត់បង់សុភមង្គលគ្រួសារ
  • ធ្វើឱ្យខូចអនាគតខ្លួន និងបាត់បង់សេចក្តីសង្ឃឹមប្រទេសជាតិ
  • បង្កើតឱ្យមានអំពើចោរកម្មដែលនាំឱ្យមានអសន្តិសុខក្នុងសង្គម ។

៥. ពាក្យចាស់លោកពោលថា “ខ្មៅចុះឱ្យតែស ក្រចុះឱ្យតែមាន”គឺ ពាក្យ “ខ្មៅចុះឱ្យតែស” មានន័យថា មនុស្សយើងកើតមកមានសម្បុរខ្មៅ មានរូបអាក្រក់មិនមែនជាបញ្ហាទេឱ្យតែមានចិត្តល្អសប្បុរស​ ស្មោះត្រង់ មានគុណធម៌មានកិរិយាមារយាទថ្លៃថ្នូរ សុភាពរាបសា មានទឹកចិត្តសន្តោស​ប្រណី គឺអាចរស់នៅចុះសម្រុងនឹងគេនិងជាគំរូល្អដល់អ្នកដទៃ ។ ពាក្យ “ក្រចុះឱ្យតែមាន” មានន័យថា បើក្រទ្រព្យសម្បត្តិ ក្របុណ្យសក្តិអំណាច ឱ្យតែមានគំនិតឆ្លាតវៃចេះគិតគូរដោះស្រាយបានគ្រប់បញ្ហានិងស្មារតី ប្រឹងប្រែងព្យាយាម តស៊ូអំណត់ក្នុងការងារពិតជាធ្វើឱ្យមានជីវភាពធូរធារ មានកិត្តិយស កេរ្តិ៍ឈ្មោះ មានការស្រលាញ់រាប់អានពីអ្នកដទៃ ។

៦.នៅ មតិដែលពោលថា “ការអប់រំ ជាភារកិច្ចរបស់សាលារៀន” ខ្ញុំគិតថាការយល់ឃើញបែបនេះមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រាយនៅឡើយទេ ព្រោះការអប់រំត្រូវមានការចូលរួមពីគ្រួសារ និងសង្គម ទើបទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅនៃការអប់រំបានជោគជ័យ ។ មជ្ឈដ្ឋានទាំងបីនេះត្រូវមានទំនាក់ទំនងគ្នាយ៉ាងជិតសិទ្ធិបំផុត ៖

ក. សាលារៀន

  • បណ្តុះបណ្តាលចំនេះដឹង ចំណេះធ្វើ និងឥរិយាបថឱ្យសិស្ស
  • អប់រំសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់សិស្សមានការប៉ិនប្រសប់
  • អប់រំឱ្យស្គាល់ពីច្បាប់ទម្លាប់សង្គមចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ
  • អប់រំកែប្រែខាងផ្លូវគំនិត និងឥរិយាបថឱ្យមានសីលធម៌ល្អ ស្គាល់ខុសត្រូវសិស្សមានឆន្ទៈស្រលាញ់ប្រទេសជាតិ ហើយចូលរួមបម្រើជាតិអស់ពីចិត្ត ។

ខ. គ្រួសារ

  • ទំនុកបម្រុងកូនឱ្យបានល្អ ទាំងកាយហូបចុក ទាំងសម្ភារៈសិក្សា
  • គ្រប់សកម្មភាពរបស់ឪពុកម្តាតត្រូវធ្វើជាគំរូដល់កូន
  • ត្រួតពិនិត្យតាមដានការសិក្សារបស់កូនឱ្យបានទៀងទាត់
  • ជួយជំរុញ និងលើកទឹកចិត្តកូនឱ្យប្រឹងប្រែងរៀនសូត្រ
  • អប់រំទូន្មានកូនប្រព្រឹត្តតែអំពើល្អត្រឹមត្រូវ

គ. សង្គម

  • ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្ស
  • អាជ្ញាធរដែនដីត្រូវបង្ហាញឱ្យឃើញនូវលក្ខណៈសម្បត្តិល្អៗជាគំរូដល់សិស្ស
  • ត្រូវផ្សព្វផ្សាយតែអ្វីដែលល្អ ( ការគោរពច្បាប់ ការលើកស្ទួយទំនៀមទម្លាប់ប្រពៃណីជាតិ)
  • អប់រំសិស្សឱ្យមានគំនិតច្នៃប្រឌិតក្នុងការរស់នៅ
  • បើមានអំពើណាមួយជះឥទ្ធិពលអាក្រក់ដល់សិស្សត្រូវរួមគ្នាដោះស្រាយលុបបំបាត់ជាបន្ទាន់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login