Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ទស្សនវិទូ និងអ្នកនិពន្ធ (៤២៨ មុន គស – ៣៤៨ មុន គស) ៕

        ទស្សនវិទូក្រិចបុរាណ ផ្លាតូ បានបង្កើតបណ្ឌិតសភា និងជាអ្នកនិពន្ធស្នាដៃទស្សនវិទ្យា ដែលមានឥទ្ធិពលមិនអាចប្រៀបផ្ទឹមបានលើទស្សនៈលោកខាងលិច។

        ទស្សនវិទូក្រិចបុរាណ ផ្លាតូ បានកើតនៅឆ្នាំ ៤២៨ មុនគ.ស និងជាសិស្សម្នាក់របស់សូក្រាត (Socrates) និងជាគ្រូរបស់អារីស្តូត (Aristotle) ។ សំណេររបស់គាត់មានបំណងស្វែងរកយុត្តិធម៌ សោភណ្ឌភាព និងសមភាព ហើយក៏មានការពិភាក្សានៅក្នុងសោភណ្ឌវិជ្ជា ទស្សនវិទ្យានយោបាយ សាសនវិទ្យា លោហធាតុវិទ្យា ជ្ញានវិទ្យា និងទស្សនវិទ្យាភាសា ។ ផ្លាតូបានបង្កើតបណ្ឌិតសភានៅអាតែន ជាគ្រឹះស្ថានអប់រំមួយនៃគ្រឹះស្ថានអប់រំជាន់ខ្ពស់ដំបូងគេនៅលោកខាងលិច ។ គាត់បានទទួលរមណៈភាពនៅឆ្នាំ ៣៤៨ មុន គ.ស ។

        ដោយសារកង្វះប្រភពចម្បងពីសម័យកាលនេះ សាច់រឿងជាច្រើនទាក់ទងនឹងជីវិតរបស់ផ្លាតូត្រូវបានរៀបចំឡើងដោយអ្នកប្រាជ្ញ តាមរយៈសំណេររបស់គាត់ និងសំណេររបស់ប្រវត្តិវិទូសម័យនោះ ក៏ដូចជាប្រវត្តិវិទូបុរាណ ។ ប្រវត្តិសាស្ត្របែបប្រពៃណីបានប៉ាន់ស្មានថ្ងៃកំណើតរបស់ផ្លាតូថាប្រហែលក្នុងឆ្នាំ ៤២៨ មុន គ.ស ។ ប៉ុន្តែអ្នកប្រាជ្ញជំនាន់ថ្មី ដែលបានតាមដានព្រឹត្តិការណ៍បន្តបន្ទាប់នៅក្នុងជីវិតរបស់គាត់ ជឿថា គាត់កើតនៅចន្លោះឆ្នាំ ៤២៤ និង ៤២៣ មុន គស ។ ឪពុក និងម្ដាយរបស់គាត់មកពីវណ្ណៈអភិជនក្រិច ។ ឪពុករបស់ផ្លាតូ ឈ្មោះ អារីស្តូន (Ariston) គឺជាកូនចៅជំនាន់ក្រោយរបស់ស្តេចអាតែន និងមេសេនៀ (Messenia)។ ម្ដាយគាត់ ផេរីកសុន( Perictione) ត្រូវបាននិយយាថា ជាប់សាច់ឈាមជាមួយ សូឡូន ជារដ្ឋបុរសក្រិចនៅសតវត្សរ៍ទី៦ មុន គ.ស

        អ្នកប្រាជ្ញមួយចំនួនជឿថា ផ្លាតូត្រូវបានដាក់ឈ្មោះតាមជីតារបស់គាត់ អារីស្តូខល (Aristocles) តាមប្រពៃណីនៃការដាក់ឈ្មោះកូនប្រុសដែលច្បងបង្អស់បន្ទាប់ពីជីតា ។ ប៉ុន្តែពុំមានភស្តតាងសន្និដ្ឋានបញ្ចប់លើរឿងនេះទេ ឬថាផ្លាតូ ជាបងប្រុសច្បងបង្អស់នៅក្នុងគ្រួសារគាត់ដែរ ។ ប្រវត្តិវិទូដទៃទៀតអះអាងថា “ផ្លាតូ” គឺជាឈ្មោះក្រៅ សំដៅលើរូបរាងធំរបស់គាត់។ ចំណុចនេះក៏អាចយកជាការបានដែរ ទោះបីជាមានកំណត់ត្រាថា ឈ្មោះ ផ្លាតូ ត្រូវបានដាក់ឱ្យក្មេងប្រុស មុនអារីស្តូតកើតមកម្លេះ ដូចក្មេងប្រុសជាច្រើនទៀតដែរ ដែលមានវណ្ណៈសង្គមដូចគាត់ ផ្លាតូប្រហែលជាទទួលបានការអប់រំពីអ្នកអប់រំដ៏ល្អបំផុតរបស់អាតែន។ កម្មវិធីសិក្សាអាចមានបង្ហាញអំពីទ្រឹស្តីសាសនារបស់ក្រាទីលូស (Cratylus) និងភីតាហ្គូរាស (Pythagoras) ក៏ដូចជាផាម៉េនីដេស (Parmenides) ដែរ ។ ទាំងនេះប្រហែលជាជួយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាអំពីអស្តិរូបវិទ្យា (ការសិក្សាអំពីធម្មជាតិ) និងជ្ញានវិទ្យា (ការសិក្សាអំពីចំណេះដឹង) ។

        ឪពុករបស់ផ្លាតូបានស្លាប់ នៅពេលគាត់នៅក្មេង ហើយម្ដាយរបស់គាត់ក៏រៀបការជាមួយពូគាត់ ភីរីឡាមផេស (Pyrilampes) អ្នកនយោបាយ និងអគ្គរដ្ឋទូតក្រិចនៅភើសៀរ (Persia) ។ មានជំនឿថា ផ្លាតូមានបងប្អូនប្រុសបង្កើតពីរនាក់ ប្អូនស្រីបង្កើតម្នាក់ និងប្អូនប្រុសដែលមានឪពុកទីទៃម្នាក់ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់លាស់ថាតើគាត់ជាកូនទីប៉ុន្មានឡើយ។ ជាញឹកញាប់ សមាជិកគ្រួសាររបស់ផ្លាតូមានរៀបរាប់នៅក្នុងកិច្ចសន្ទនារបស់គាត់ ។ ប្រវត្តិវិទូជឿថា នេះជាការចង្អុលបង្ហាញអំពីមោទនភាពរបស់ផ្លាតូមកលើវង្សត្រកូលគ្រួសារគាត់ ។

        ពេលនៅវ័យក្មេង ផ្លាតូបានជួបប្រទះនឹងព្រឹត្តិការណ៍ចំនួនពីរ ដែលកំណត់បុព្វហេតុជីវិតរបស់គាត់ ។ ព្រឹត្តិការណ៍មួយគឺការជួបជាមួយទស្សនវិទូក្រិចដ៏អស្ចារ្យឈ្មោះ សូក្រាត ។ វិធីសាស្ត្រសន្ទនា និងពិភាក្សាដេញដោលរបស់សូក្រាត បានធ្វើឱ្យផ្លាតូភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលជំរុញឱ្យគាត់ក្លាយជាសហការីដ៏ជិតស្និតមួយ និងបូជាជីវិតរបស់គាត់ទៅនឹងសំណួរអំពីសុជីវធម៌ និងការបង្កើតអាកប្បកិរយាថ្លៃថ្នូរ ។

        ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត គឺសង្គ្រាមនៅផេឡូណេស៊ី (Peloponnesian War) រវាងអាតែន និងស្ប៉ាតា (Sparta) ដែលផ្លាតូបានបម្រើកងទ័ពនៅចន្លោះឆ្នាំ ៤០៩ ដល់ ៤០៤ មុន គ.ស.។ ការចាញ់របស់អាតែនបានបញ្ចប់លិទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ដោយពួកស្ប៉ាតាបានជំនួសដោយលិទ្ធិអប្បជនាធិបតេយ្យ ។ ញាតិសណ្ដានពីរនាក់របស់ផ្លាតូ ឈ្មោះ ឆាមីដេស (Charmides) និង គ្រីទៀស (Critias) គឺជាបុគ្គលល្បីល្បាញនៅក្នុងជួររដ្ឋាភិបាលថ្មី ជាផ្នែកមួយនៃរបបផ្ដាច់ការទាំងសាមសិបដ៏ល្បីល្បាញ ដែលការកាន់កាប់រយៈពេលខ្លីនៃរបបនេះកាត់បន្ថយសិទ្ធិរបស់ពលរដ្ឋអាតែនយ៉ាងខ្លាំង ។ បន្ទាប់ពីរបបអប្បជនាធិបតេយ្យត្រូវបានផ្ដួលរំលំ ហើយរបបប្រជាធិបតេយ្យត្រូវបានស្ដារឡើងវិញ ផ្លាតូបានពិចារណាធ្វើជាអ្នកនយោបាយបន្តិចដែរ ប៉ុន្តែការកាត់ទោសប្រហារជីវិត សូក្រាត នៅឆ្នាំ ៣៩៩ មុន គ.ស បានធ្វើឱ្យគាត់មានអារម្មណ៍ជូរចត់នឹងគំនិតនេះ ហើយគាត់ក៏ផ្លាស់ប្ដូរទៅរកជីវិតសិក្សា និងទស្សនវិជ្ជាវិញ ។

        បន្ទាប់ពីមរណភាពរបស់សូក្រាត ផ្លាតូបានធ្វើដំណើរអស់ ១២ឆ្នាំ នៅទូទាំងតំបន់មេឌីទែរ៉ាណេ (Mediterranean region) ដើម្បីសិក្សាអំពីគណិតវិទ្យាជាមួយអ្នកដើរតាមទ្រឹស្តភីថាហ្គូរ៉ាស់ (the Pythagoreans) នៅអ៊ីតាលី និងធរណីមាត្រ ភូគព្ពសាស្ត្រ តារាវិទ្យា និងសាសនានៅអេហ្ស៊ីប ។ ក្នុងអំឡុងពេលនេះ ឬក្រោយនេះបន្តិច គាត់ក៏បានចាប់ផ្ដើមសរសេរសំណេរជាច្រើន ។ មានការពិភាក្សាដេញដោលមួយចំនួនក្នុងចំណោមអ្នកប្រាជ្ញអំពីលំដាប់នៃសំណេរទាំងនេះ ប៉ុន្តែភាគច្រើនមានជំនឿថា សំណេរទាំងនេះស្ថិតនៅក្នុងសម័យកាលបីខុសៗគ្នា ។

        បុព្វកាល មជ្ឈិមកាល និងបច្ច័យកាល ៖ ទិដ្ឋភាពទូទៅសម័យកាលទីមួយ ឬបុព្វកាល ក្នុងអំឡុងពេលនៃការធ្វើដំណើររបស់ផ្លាតូ (៣៩៩-៣៨៧ មុន គ.ស) ។ ការសុំទោសរបស់សូក្រាត ហាក់ដូចជាត្រូវបានសរសេរភ្លាមៗក្រោយការស្លាប់របស់សូក្រាត។ អត្ថបទផ្សេងទៀតនៅក្នុងសម័យកាលនេះរួមមាន ប៉្រូតាហ្គូរ៉ាស (Protagoras) យូស្ស៊ីហ្វ្រូ (Euthypro) ហ៊ីបភៀស មេយ័រ អេន មីន័រ (Hippias Major and Minor) និង អាយអិន (Ion) ។ ក្នុងការសន្ទនាទាំងនេះ ផ្លាតូព្យាយាមបកស្រាយទស្សនវិជ្ជា និងការបង្រៀនរបស់សូក្រាត ។

        នៅក្នុងសម័យកាលទី២ ឬមជ្ឈិមកាល ផ្លាតូសរសេរដោយទស្សនរបស់ខ្លួនអំពីឧត្តមគតិនៃយុត្តិធម៌ ភាពក្លាហាន គតិបណ្ឌិត និងមជ្ឈិកភាពរបស់បុគ្គល និងសង្គម ។ សាធារណរដ្ឋ ត្រូវបានសរសេរនៅក្នុងអំឡុងពេលនេះដោយស្វែងរកការយល់ដឹងអំពីរដ្ឋាភិបាលយុត្តិធម៌ ដែលគ្រប់គ្រងដោយស្តេចជាទស្សនវិទូ ។

        នៅក្នុងសម័យកាលទី៣ ឬបច្ច័យកាល សូក្រាតមានតួនាទីតូចតាចក្នុងសំណេរ ហើយផ្លាតូផ្ដោតខ្លាំងលើទស្សនៈអស្តិរូបវិទ្យាពីមុនរបស់ខ្លួន។ គាត់ស្វែងរកតួនាទីរបស់សីល្បៈ រួមមានការរាំ តន្ត្រី ល្ខោន និងស្ថាបត្យកម្ម ក៏ដូចជាសីលធម៌ និងចរិយាធម៌ ។ ក្នុងសំណេររបស់គាត់អំពីទ្រឹស្តីនៃទម្រង់ ផ្លាតូលើកឡើងថា ពិភពគំនិតគឺជាពិភពឋិតស្ថេរតែមួយគត់ និងពិភពដែលយល់ដឹង តាមរយៈឥន្ទ្រីអារម្មណ៍របស់យើង គឺមានលក្ខណៈបោកបញ្ឆោត និងប្រែប្រួល ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login