Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          គ្រប់សាសនាទាំងអស់នៅលើពិភពលោកសុទ្ធតែបានអប់រំមនុស្ស ឲ្យប្រព្រឹត្តអំពើល្អអំពើជាកុលសដែលជាហេតុនាំមកនូវសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយណែនាំឲ្យវៀចាកការប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាងដែលបង្កឲ្យមានទុក្ខសោក និងសេចក្តីវិនាស ដល់ខ្លួន​ឯងនិងអ្នកដទៃ

          ។ ព្រមជាមួយគ្នានេះជាតិសាសន៍ នីមួយៗតែងតែប្រកាន់នៅជំនឿសាសានា ផ្សេងៗពីគ្នា ។ ក្នុងនោះប្រទេសកម្ពុជាក៏បានប្រកាន់យកព្រះពុទ្ធសាសនាធ្វើជាសាសនារដ្ឋផងដែរ ។ ប្រជាពលរដ្ឋខ្មែរបានគោរពតាមពុទ្ធឱវាទដោយប្រព្រឹត្តតែអំពើល្អ មានការប្រកាន់ភ្ជាប់នូវសីលប្រាំ និងមានមេត្តាករុណា មានចិត្តស្ងប់ត្រជាក់ដែលជាហេតុនាំអោយមានសេចក្តីសុខក្សេមក្សានទាំងនៅក្នុងសង្គមមនុស្សនិងសត្វផងដែរ ។  អាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយពោលថា « ទ្រឹស្តីព្រះពុទ្ធសាសសនាជួយឲ្យសង្គមខ្មែរបង្កើតបានវប្បធម៌សន្តិភាព » ។

          តើទ្រឹស្តីព្រះពុទ្ធសាសនាជួយឲ្យសង្គមខ្មែរបង្កើតបានវប្បធម៌សន្តិភាពដូចម្តេចខ្លះ ?

          មុននិងអធិប្បាយ គាស់កកាយរកហេតុផលគ្រប់បែបយ៉ាងដែលជាសក្ខីភាពមកលាតត្រដាងបញ្ជាក់នៃប្រធានបទខាងលើឲ្យបានប្រត្យក្សជាបឋមសូមស្វែងយល់នូវអត្ថបទនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យថា « វប្បធម៌ » មានន័យថាការផ្សាំបណ្តុះចំណេះវិជ្ជា និងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើនដោយវិទ្យាសាស្រ្ត ឬដោយសិល្បៈផ្សេងៗជាដើម ។ រីឯ ពាក្យ សន្តិភាព មានន័យថា ដំណើរស្ងប់សុខ សំដៅលើភាពសុខសាសន្តគ្មានសង្គ្រាមដែលនាំឲ្យមានឧបសគ្គដល់ផ្លូវកាយនិងផ្លូវចិត្ត ។ ប្រធានបទខាងលើចង់មានន័យថាឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាថ្នាលបណ្តុះប្រាជ្ញាស្មារតីដល់មនុស្សក្នុងសង្គមខ្មែរឲ្យមានចិត្តល្អប្រព្រឹត្តល្អ និយាយល្អ ដែលជាមាគ៌ាឆ្ពោះទៅរកភាពសុខស្ងប់នៅក្នុងសង្គម ។

          ជាការពិតណាស់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។ រាជរដ្ឋាភិបាលបានយក ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋតាំងពីយូរលង់ណាស់មកហើយ ។ ព្រះពុទ្ធសាសនាបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមកម្ល៉េះ  ។ ព្រះពុទ្ធសាសនាមានការរីកចម្រើនខ្លាំង នៅសម័យមហានគរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧និងព្រះនាងឥន្ទ្រទេវីដែលជាអគ្គពុទ្ធសាសនានូបត្ថម្ភន៍ ដ៏កំពូលនាសម័យនោះ ។ ព្រះនាងឥន្ទ្រទេវី បានសិក្សាផ្នែកព្រះពុទ្ធសាសនាបានយ៉ាងជ្រៅជ្រះ ហេតុនេះធ្វើឲ្យទឹកព្រះទ័យរបស់ព្រះនាងប្រកបទៅដោយមេត្តា ករុណា អាណិតស្រឡាញ់ ប្រជានុរាស្រ្ត ទូទាំងប្រទេស ។ ទឹកព្រះទ័យប្រកបដោយទស្សពិតរាជធម៌ធ្វើឲ្យព្រះស្វាមីព្រះរាជវង្សានុវង្សប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈរស់នៅយ៉ាងសុខសាន្ត មានមេត្តាមានការអត់អោន ការគោរពគ្នាទៅវិញទៅមកមានខន្តីដែលជាលំអាននៃទឹកព្រះទ័យរបស់ព្រះជិនស្រី ព្រះសមណៈគោត្តម បរមសាស្តា សម្មាសម្ពុទ្ធនៃយើង ។ មិនតែប៉ុណ្ណោះបើយើងពិនិត្យ មើលសកម្មភាព របស់តាង៉ែត យាយម៉ុក និងលឹម នៅក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរ រឿងគូលីកំនែនឃើញថានៅពេលដែលអ្នកទាំងបីនិយាយគ្នាអំពីការជិះជាន់របស់បារាំង មកលើប្រជាជនខ្មែរនាសម័យនោះយាយ ម៉ុកយល់ថា ទុក្ខវេទនារបស់ប្រជាជនខ្មែរគឺដោយសារ តែយើងមានកម្មពីជាតិមុនមិនបានកសាងល្អពីអតីតជាតិ ។ ដូចត្រង់សម្តីគាត់ថា « កម្មរបស់យើងទេ ។ ឱវាអើយ ។ យើងរាស្រ្តត្រូវតែទទួលកម្មនេះព្រោះយើងធ្វើបុណ្យពីជាតិមុខមិនល្អ ។ ពេលលឺម្តាយពោលដូចនេះ លឹមបានឆ្លើយកាត់ថា « គ្មានកម្មឯណា ទេម៉ែ ។ មកពីយើងល្ងង់ មកពីយើងខ្សោយ បានជារាជការ បារំាង ជប៉ុន អស់នោះសង្កត់យើងបាន ។​ដោយការប្រកាន់នូវទិដ្ឋិខុសគ្នា ធ្វើឲ្យអ្នកទាំងពីរ ស្នើរតែញុំាងជម្លោះឲ្យកើតឡើង ។ ប៉ុន្តែដោយសារយាយម៉ុកជាអ្នកមានធម៌អាថ៌ក្នុងខ្លួនមានសតិសប្បជ្ជញ្ញៈរមែងមែន ចិត្តឆាប់រសាយកំហឹង មានមេត្តា ខន្តី ដែលជាឱវាទ របស់ព្រះសម្មាសម្ពុទ្ធទើបកែច្នៃស្ថានភាព នាពេលនោះឲ្យបានប្រសើរឡើងវិញពុំមានរឿងរ៉ាវអ្វីកើតឡើងនៅក្នុងសង្គមគ្រួសារនោះឡើយ ៕ ស្របជាមួយគ្នានេះដែរ គឺក្នុងកាលៈទេសៈសង្គមខ្មែរ នាសម័យ សង្គមរាស្រ្តនិយមក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទនរោត្តមសីហនុ វរ្ម័នព្រះបរមរតនៈកោដ្ឋដែលព្រះអង្គមានទឹកព្រះទ័យប្រកបទៅដោយទសពិតរាជធម៌អាណិតស្រឡាញ់ប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈបានធ្វលើឲ្យសង្កមខ្មែរមានរីកចម្រើនគ្រប់វិស័យប្រជាពលរដ្ឋរស់នៅសុខសាន្តត្រជាក់ត្រជុំ សុខសុមរមនា ប្រាសចាកមន្និលស្មៅហ្មងគ្រប់បែបយ៉ាង ។

          មួយវិញទៀតទ្រឹស្តីព្រះពុទ្ធសាសនាក៏បានចាក់ឬកគល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះដែរ  ។ ប្រជាពលរដ្ឋខ្មែរបានគោរពតាមឱ​វាទរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងខ្ជាប់ខ្ជួន ។ ព្រះពុទ្ធព្រះបរមគ្រូបានណែនាំឲ្យសត្វលោកប្រកាន់ភ្ជាប់ នូវគោលធម៌បីយ៉ាងគឺ មិនប្រព្រឹត្តអំពើបាប ប្រព្រឹត្តអំពើល្អ និងដុសខាត់ សម្អាតចិត្តឲ្យផូរផង់ ។ ដោយហេតុនេះប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានអប់រំបន្នំកាយវាចាចិត្ត តាមគន្លងព្រះពុទ្ធសាសនា ដួចជាការរក្សា នូវសីលប្រាំ ដែលតម្រូវឲ្យវាចាកនៅអំពើបាប ប្រាំយ៉ាងគឺទី១ បាណាតិបាតា វេរមណី ( វៀរចាក ការសំណល់ជីវីតមនុស្ស សត្វ ) ទី២ អទិន្នាទានា វេរមណី ( វៀរចាកការលួច ទ្រព្យសម្បត្តិរបស់អ្នកដទៃ ) ទី៣ កាមេរុមិច្ឆាចារា វេរមណី ( វៀរចាកការប្រព្រឹត្តខុសគន្លង ផ្នែកកាមគុណ ទៅលើប្តីប្រពន្ធ កូនអ្នកដទៃ ) ទី៤ មុសាវាទា វេរមណី ( វៀរចាក ការនិយាយ ភូតភរ កុហក បោកប្រាស់ ) និងទី៥ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ( វៀរចាកការ សេពគប់ គ្រឿងញៀនគ្រប់ប្រភេទ ) ។ មិនត្រឹមតែប៉ុណ្ណោះព្រះពុទ្ធសាសនា​ក៏បានណែនាំ ឲ្យចេះមានចិត្ត មេត្តា ករុណា ចំពោះមនុស្សទូទៅ មានកតញ្ញូកតវេទិតាធម៌គឺការដឹងគុណ និងតបគុណវិញចំពោះអ្នកដែលបានធ្វើអំពើល្អ មកលើខ្លួនមានគ្រូបាអាចារ្យមាតាបិតាជាដើម ។ នៅមានទៀតដូចជាត្រូវចេះធ្វើបុណ្យ ដាក់ទាន ដល់មនុស្សទុរគត ក្រីក្រផងដែរ ។ ការគោរពតាមឱវាទ របស់ព្រះតថាគត ទាំងអម្បាលម៉ាន សុទ្ធសឹងតែមាគ៌ា ដ៏ប្រពៃនាំទៅរក សេចក្តីសុខសាន្តសន្តិភាព នៅក្នុងសង្គមយ៉ាងពិតប្រាកដ ។

          សរុបសេចក្តីមក ទ្រឹស្តីរបស់ព្រះពុទ្ធសាសនា បរមសាស្រ្តចារ្យ ពីតជាបង្កើតបានវប្បធម៌សន្តិភាពគឺភាពសុខសាន្តប្រាសចាកអំពើហិង្សា ចំបាំងរាំងជល់ ដល់សង្គមខ្មែរពិតប្រាកដមែន ។

          ដោយផ្អែកលើការបកស្រាយលើកហេតុផលមក​បញ្ជាក់ខាងលើ ឃើញថា ប្រធានដែលបានលើកឡើងពិតជាបានផ្តល់តម្លៃអប់រំយ៉ាងល្អប្រសើរ ព្រោះទ្រឹស្តីរបស់ព្រះសមណគោត្តម បានអប់រំមនុស្សទូទៅឲ្យវៀរចាកអំពើបាប ទាំងផ្លូវកាយ វាចា និងផ្លូវចិត្ត ។ ក្នុងនាមយើងជាកុលបុត្រកុលធីតាខ្មែរត្រូវតែប្រកាន់ភ្ជាប់តាមគន្លងព្រះពុទ្ធសាសនា ដែលជាសាសនា នាំមកនូវ សន្តិភាពនិងការអភិវឌ្ឍន៍នៅក្នុងសង្គមជាតិ ៕​​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login