Point Center Login Help
Norway

គន្លឹះសំខាន់មួយចំនួនសម្រាប់សរសេរតែងសេចក្តីមុនប្រឡងបាក់ឌុប

By: Narith82
Date: 2020-02-25 11:02
Category: Study Experience
1404 0 0

ការតែងសេចក្តីអាចជាចំណូលចិត្តសំខាន់មួយសម្រាប់​​សិស្សដែលពូកែ និងចូលចិត្ត​មុខវិជ្ជាភាសា ឬ​វិទ្យាសាស្រ្តសង្គម តែវាអាចជារឿងលំបាក​សម្រាប់អ្នក​មួយចំនួនដែលចូលចិត្តមុខវិជ្ជាវិទ្យាសាស្រ្តពិត ខណៈ​មានអ្នកសិក្សាខ្លះ​ពូកែទាំងមុខវិជ្ជាវិទ្យាសាស្រ្តពិត ហើយពូកែទាំងសរសេរ។

សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ តែងសេចក្តីត្រូវបានគេដាក់បញ្ចូលទៅក្នុងមុខវិជ្ជាភាសាខ្មែរសម្រាប់​គ្រប់​បេក្ខជនប្រឡងទាំងអស់មិនថា អ្នកប្រឡងវិទ្យាសាស្រ្តសង្គម ឬផ្នែកវិទ្យាសាស្រ្តពិតនោះទេ ខុសគ្នាតែលើ​កម្រិតពិន្ទុតែប៉ុណ្ណោះ។ ហេតុនេះ​មានសិស្សមួយចំនួន​ហាក់មានការព្រួយបារម្ភ ខណៈ​អ្នកខ្លះទៀត​បន់ស្រន់ឱ្យ​ប្រធានតែងសេចក្តីដូចអ្វីដែលខ្លួនបានទន្ទេញ ឬបានអានទៅវិញ។

មានសិស្សជាច្រើន​សប្បាយចិត្តនៅពេលដែល​ប្រធានតែងសេចក្តី​ចេញមកដូចអ្វីដែលគេធ្លាប់អានបេះបិទ តែតាមពិតរឿងនេះមិនប្រាកដថាល្អនោះទេប្រសិន​បើគេព្យាយាម​សរសេរតាមការចងចាំពីអត្ថបទដែលគេសរសេរស្រាប់ៗ ឬមិនមានគំនិតបង្កើតថ្មីល្អៗនោះ។ លើសពីនេះទៅទៀត វាជំរុញឱ្យ​គាត់​ក្លាយជាមនុស្សដែលមានការភ័យខ្លាច ហើយបាត់បង់ជំនឿជាក់លើខ្លួនឯង ដោយសារតែ​គាត់​ផ្តោតខ្លាំងពេកលើអត្ថបទដែលគេធ្លាប់សរសេរ ហើយមិន​ព្រមពឹងលើសមត្ថភាពរបស់ខ្លួនឯងផ្ទាល់។

ខាងក្រោមនេះជាវិធីមួយចំនួន​សម្រាប់​ជំនួយដល់ការសរសេរតែងសេចក្តី ដែលវាអាចជាគំនិតខ្លះៗសម្រាប់ពិចារណា។ បើទោះបីជាវាមិនមែនជាវិធានដែលធានាថាអនុវត្តហើយអាច​សរសេរបានល្អទាំងស្រុងក៏ដោយ តែវាអាច​ជាផ្នែកមួយសម្រាប់អនុវត្តដោយប្រើប្រាស់សមត្ថភាពខ្លួនឯងផ្ទាល់ ហើយមិនចាំបាច់លួចចម្លង ឬ​ធ្វើអ្វីឱ្យខុសពី​ច្បាប់ប្រឡង។

1.សង្ខេបអក្សរសិល្ប៍ និងអត្ថបទសំខាន់ៗទាំងអស់ក្នុង​កម្មវិធីអប់រំ

ការសង្ខេប​រឿងអក្សរសិល្ប៍​ទាំងអស់​ដោយចាប់ផ្តើមពីការរាប់ចំណងជើងរឿងធំៗដូចជា រាមកេរ្តិ៍​ ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ទុំទាវ គូលីកំណែន និងរឿងជាច្រើនផ្សេងទៀត រហូតដល់រឿងតូចៗមួយចំនួន​ទៀតដែលភាគច្រើនជារឿងព្រេងនិទានខ្មែរ ជា​ចំណុចសំខាន់មួយក្នុងការ​ទាញយកតម្លៃអប់រំនៃសាច់រឿង។

ការតែងសេចក្តី​ពេលខ្លះគេកំណត់ប្រធាន​បទដោយដកស្រង់​យក​តម្លៃអប់រំនៃសាច់រឿងនីមួយៗ មកដាក់ឱ្យបកស្រាយ ឬពិភាក្សា ហេតុនេះ​កត្តាប្រឈមដែលអ្នកសរសេរភាគច្រើនជួប គឺមិនដឹងច្បាស់ពីសាច់រឿងនោះ។ ហេតុនេះ​ដើម្បី​​បង្កើនភាពកក់ក្តៅសម្រាប់​ការត្រៀមតែងសេចក្តី យើងមិនចាំបាច់​ត្រូវ​អានរឿងរាប់រយទំព័រឡើងវិញនោះទេ តែយើងអាចធ្វើការសង្ខេប​តម្លៃអប់រំ ឬស្វែងរកឯកសារដែលមានការសង្ខេបខ្លីៗស្រាប់មកអានឱ្យយល់សម្រាប់ជាគំនិតក្នុងការសរសេរជាការស្រេច។

ក្រៅពីនេះ ការសង្ខេបរឿងអក្សរសិល្ប៍ទៅជា​ផ្នែកខ្លីៗនេះធ្វើឱ្យយើងងាយចាំ​ ចំណាយពេលវេលាតិច តែអាចទទួលគំនិតសម្រាប់​លើកជាឧទាហរណ៍ក្នុងសេចក្តីពន្យល់​បាន ព្រោះការតែងសេចក្តីត្រូវការ​លើកឧទាហរណ៍ជាក់ស្តែងពីក្នុង​អក្សរសិល្ប៍ ប្រវត្តិសាស្រ្ត និងសង្គមជាក់ស្តែង។

2.គូស​គំនូសព្រៀងពីលំហូរនៃគំនិត (Mind maps)

រាល់ការសរសេរតែងសេចក្តី ចាំបាច់ត្រូវតែចេះលេងពាក្យឱ្យពីរោះស្តាប់ មានលំដាប់លំដោយ ហើយគោរពទៅតាម​ទម្រង់​នៃការសរសេរ ហេតុនេះមានពេលខ្លះ​អ្នកសរសេរ​អាច​ភ្លេចចំណុចសំខាន់ៗ​ខ្លះ​នៅពេលដែលដាក់ប៊ិចដល់ក្រដាសប្រឡង។

ដើម្បីធានាថា​លំហូរនៃគំនិតរបស់យើងអាចធ្វើបានល្អ ហើយត្រូវទម្រង់​នៃការតែងសេចក្តីទៀតនោះ អ្នកសរសេរគួរ​រៀបចំ​បែងចែកគំនិតព្រាងប្រមាណ 5នាទី ឬ10នាទី មុនពេល​សរសេរ។

ដំណាក់កាលនេះ អ្នកសរសេរ​ត្រូវអានប្រធានឱ្យ​បានច្រើនដងច្រើនសា ដើម្បីធានាថាការបកស្រាយមិនខុសអត្ថន័យសំខាន់។ បន្ទាប់ពីយល់អត្ថន័យហើយ​គាត់អាច​កំណត់ជាផ្នែកថា អ្វីខ្លះដែលត្រូវយកមកសរសេរនៅផ្តើមសេចក្តី ហើយ​អ្វីខ្លះដែលត្រូវយកមកបកស្រាយ​ក្នុងតួសេចក្តី។ លើសពីនេះទៅទៀត ចំណុចដែល​ត្រូវយកចិត្តទុកដាក់ គឺអំណះអំណាង​គាំទ្រ ឬឧទាហរណ៍​ដែលត្រូវបញ្ចូល​ក្នុង​ការពន្យល់​ថា តើ​ត្រូវដាក់ចំណុចណាមុន បន្ទាប់មក​គួរបញ្ចូលរឿងអ្វីខ្លះបន្ថែមទៀត មុននឹងទាញចូលបទពិសោធប្រវតិ្តសាស្រ្ត និងស្ថានភាពជាក់ស្តែងនៃការរស់នៅ រហូតឈានដល់ការបង្កើតជាអត្ថបទដែលគ្រប់ជ្រុងជ្រោយ៕

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login