Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកត្រូវភ្ជាប់ជាមួយនឹងឯកសារអ្វីខ្លះ ?

១៧- តើសោហ៊ុយសម្រាប់ការអនុវត្តជាបន្ទុករបស់អ្នកណា?

១៨- តើពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកត្រូវដាក់នៅតុលាការណា ?

១៩- តើត្រូវសរសេរអ្វីខ្លះនៅក្នុងដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ?

២០- តើតុលាការអនុវត្ត ត្រូវធ្វើដូចម្តេចក្នុងករណីដែលឈ្មោះរបស់អ្នកបង្កើតហ៊ីប៉ូតែកដែលបានសរសេរ ក្នុងលិខិតអនុវត្តខុសពីឈ្មោះរបស់កម្មសិទ្ធិករ ដែលបានសរសេរនៅក្នុងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ ?

ចម្លើយ

១៦- ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកត្រូវភ្ជាប់ជាមួយនឹងឯកសារដូចជា ៖

  • ឯកសារចម្លងយថាភូតនៃលិខិតអនុវត្តដែលភ្ជាប់ជាមួយរូបមន្តអនុវត្ត (ក្រមនីតិ/ណី មាត្រា ៥០៩ កថា.២)
  • លិខិតបញ្ជាក់អំពីការបញ្ជូន (ក្រមនីតិរ/ណី មាត្រា ៣៦០)
  • ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុហ៊ីប៉ូតែក (ក្រមនីតិ/ណី មាត្រា៥០៩ កថា.២)
  • លិខិតដែលបញ្ជាក់អំពីសិទ្ធិតំណាង ៖ ត្រូវតែភ្ជាប់នូវលិខិតនេះ ក្នុងករណីអ្នកតំណាងដាក់ពាក្យសុំ (ក្រមនីតិ/ណី  មាត្រា ៥៣ កថា.២) ។

         + មិនមានភាពចាំបាច់ ក្នុងការភ្ជាប់នូវប័ណ្ណកម្មសិទ្ធិនៃអចលនវត្ថុទេ ។

         + មិនមានភាពចាំបាច់ ក្នុងការភ្ជាប់នូវឯកសារចម្លងយថាភូតនៃសាលក្រមដែលបង្គាប់ឲ្យផ្តល់តាវកាលិកនៃសិទ្ធិ លើបំណុលដែលត្រូវបានធានាជាអាទីទេ។ ជាធម្មតា ក្នុងករណីដែលធ្វើការអនុវត្តដោយបង្ខំចំពោះអចលនវត្ថុម្ចាស់បំណុលនៃការអនុវត្ត ត្រូវដាក់ឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ដែលបង្ហាញអំពីអត្ថិភាពនៃសិទ្ធិលើបំណុលដែលទាមទារជាសាលក្រមដែលបង្គាប់ឲ្យផ្តល់តាវកាលិកនៃសិទ្ធិលើបំណុលដែលទាមទារជាអាទិ៍ ។ ប៉ុន្តែ ករណីអនុវត្តហ៊ីប៉ូតែក វាមិនមានភាពចាំបាច់ក្នុងការដាក់លិខិតជាលាយល័ក្ខណ៍អក្សរដែលបញ្ជាក់ពីអត្ថិភាពនៃសិទ្ធិលើបំណុលដែលត្រូវបានធានាទេ ។

១៧- សោហ៊ុយសម្រាប់ការអនុវត្តជាបន្ទុករបស់កូនបំណុលនៃការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៣៧៦ កថា.១)។ ប៉ុន្តែ នីតិវិធីអនុវត្តដោយបង្ខំមិនអាចបន្តទៅមុខទៀតបានទេ ប្រសិនបើសោហ៊ុយសម្រាប់ការអនុវត្តមិនត្រូវបានបង់ ដូច្នេះជាដំបូង ម្ចាស់បំណុលនៃការអនុវត្តត្រូវបង់សោហ៊ុយសម្រាប់ការអនុវត្តជាមុនសិន បន្ទាប់មកម្ចាស់បំណុលនៃការអនុវត្តនឹងទទួលបានសោហ៊ុយសម្រាប់ការអនុវត្តមកវិញពីកូនបំណុលនៃការអនុវត្ត ។ សោហ៊ុយសម្រាប់ការអនុវត្ត គឺជាសោហ៊ុយដែលចំណាយនៅពេលដែលក្រឡាបញ្ជីធ្វើការបញ្ជូនតាមរយៈប្រៃសណីយ៍ជាអាទិ៍ ហើយបូករួមជាមួយនឹងសោហ៊ុយដែលចំណាយ នៅពេលក្រឡាបញ្ជីធ្វើការផ្ទុកផ្ដាក់ឲ្យចុះបញ្ជីទៅរដ្ឋបាលសុរិយោដី។ ដោយសារតែសោហ៊ុយទាំងនេះ គឺជាការចំណាយដែលបានមកពីការបង់សោហ៊ុយជាមុនរបស់ម្ចាស់បំណុលនៃការអនុវត្ត ដូច្នេះតុលាការអនុវត្តដាច់ខាតត្រូវតែឲ្យម្ចាស់បំណុលនៃការអនុវត្តបង់សោហ៊ុយជាមុន ។ ប្រសិនបើប្រាក់នៃការបង់សោហ៊ុយជាមុនមិនគ្រប់គ្រាន់ តុលាការអនុវត្តអាចបង្គាប់ឲ្យម្ចាស់បំណុលនៃការអនុវត្តបង់ប្រាក់ដែលជាសោហ៊ុយជាមុននោះបន្ថែមទៀតបាន (ក្រមនីតិវិធី/ណី មាត្រា ៣៧៥ កថាទី ១ វាក្យខណ្ឌទី ២ )។ នៅពេលបន្តនីតិវិធីលក់ដោយបង្ខំរហូតដល់នីតិវិធីចែកចំណែកម្ចាស់បំណុលនៃការអនុវត្តនឹងទទួលបានសោហ៊ុយសម្រាប់ការអនុវត្តពីការចែកចំណែកមកវិញ (ក្រមនីតិ/ណី មាត្រា ៣៧៦ កថា.ទី២, មាត្រា ៤៩០ កថា.៤) ។

១៨- ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក គឺដាក់ទៅសាលាដំបូងដែលមានសមត្ថកិច្ចលើទីកន្លែងដែលអចលនវត្ថុនោះតាំងនៅ ។ ឧទាហរណ៍ ប្រសិនបើ ដីនោះស្ថិតនៅខេត្តកំពត ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ត្រូវដាក់ទៅសាលាដំបូងខេត្តកំពត (ក្រមនីតិ/ណី មាត្រា ៤១៨)។ ដោយសារតែសមត្ថកិច្ចនោះជាសមត្ថកិច្ចផ្តាច់មុខ(ក្រមនីតិ/ណី មាត្រា ៣៤៦) គូភាគីមិនអាចដាក់ពាក្យសុំទៅតុលាការផ្សេងបានទេ ទោះបីជាមានការព្រមព្រៀងគ្នាក៏ដោយ ។

១៩- ក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤១៩ ក.១ បានកំណត់ថា “នៅពេលចាប់ផ្តើមនីតិវិធីនៃការលក់ដោយបង្ខំតុលាការអនុវត្តត្រូវចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ហើយត្រូវប្រកាសអំពីការរឹបអូសអចលនវត្ថុ ដើម្បីម្ចាស់បំណុលនៃការអនុវត្តក្នុងដីកាសម្រេចចាប់ផ្ដើមនេះ ។ ហេតុនេះដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំត្រូវសរសេរថា ឧទាហរណ៍ ៖ ត្រូវចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ ហើយត្រូវរឹបអូសអចលនវត្ថុ.….….…...ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តដើម្បីសងបំណុលដែលត្រូវបានធានាដោយហ៊ីប៉ូតែកចំពោះម្ចាស់បំណុលនៃការអនុវត្ត ដោយផ្អែកលើហ៊ីប៉ូតែក...…….។"  តុលាការអនុវត្តត្រូវប្រកាសអំពីការរឹបអូសនោះ ទោះបីជាគ្មានសរសេរអំពីការទាមទារឲ្យរឹបអូសនៅក្នុងពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកក៏ដោយ ។ ម្យ៉ាងវិញទៀត ចៅក្រមដែលបានចេញដីកាសម្រេច ត្រូវចុះហត្ថលេខាលើដីកាសម្រេចនោះ (ក្រមនីតិ/ណី មាត្រា ៣៣៥, មាត្រា ២១៣ កថា.២) ។ លើសពីនេះទៀតនៅក្នុងដីកាសម្រេចចាំបាច់ត្រូវសរសេរអំពីសញ្ញាណនៃតូភាគីសញ្ញាណនៃហ៊ីប៉ូតែក សញ្ញាណនៃសិទ្ធិលើបំណុលដែលត្រូវបានធានា និងសញ្ញាណរបស់អចលនវត្ថុហ៊ីប៉ូតែកជាអាទី ។ ប្រសិនបើ សញ្ញាណរបស់កូនបំណុលនៃការអនុវត្ត និងសញ្ញាណរបស់អចលនវត្ថុហ៊ីប៉ូតែកខុសពីលិខិតអនុវត្ត និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ នោះការផ្ទុកផ្ដាក់ឲ្យចុះបញ្ជីមិនអាចធ្វើបានទេ ។ ហេតុ នេះ ចៅក្រមត្រូវអានឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ និងលិខិតអនុវត្តដោយយកចិត្តទុកដាក់ បន្ទាប់មកចៅក្រមត្រូវសរសេរឈ្មោះរបស់កូនបំណុលនៃការអនុវត្ត និងសញ្ញាណនៃអចលនវត្ថុនៅក្នុងដីកាសម្រេចនោះឲ្យដូចគ្នាទៅនឹងឈ្មោះ និងសញ្ញាណនៃអចលនវត្ថុដែលមាននៅក្នុងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ ។

២០- តុលាការអនុវត្តត្រូវធ្វើការទាក់ទងទៅម្ចាស់បំណុលនៃការអនុវត្ត ដើម្បីធ្វើការបញ្ជាក់ថាបុគ្គលដែលត្រូវបានសរសេរនៅលើលិខិតអនុវត្ត និងបុគ្គលដែលត្រូវបានសរសេរនៅលើឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីជាមនុស្សតែមួយ ឬផ្សេងគ្នា ។ ក្នុងករណីជាមនុស្សផ្សេងគ្នា តុលាការអនុវត្តត្រូវលើកចោលពាក្យសុំលើកលែងតែក្នុងករណីដែលត្រូវបានផ្តល់ដោយរូបមន្តអនុវត្តពិសេស (ក្រមនីតិ/ណី មាត្រា ៣៥៦ កថា.២) ។ ទោះបីជាក្នុងករណីដែលពាក្យសុំត្រូវបានលើកចោលក៏ដោយ បើម្ចាស់បំណុលនៃការអនុវត្តទទួលបានការផ្តល់រូបមន្តអនុវត្ត ពិសេសនោះម្ចាស់បំណុលនៃការអនុវត្តអាចដាក់ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកម្តងទៀតបាន (ក្រមនីតិ/ណី មាត្រា ៣៥៦ កថា.២)។ រូបមន្តអនុវត្តពិសេសគឺឧទាហរណ៍ត្រូវបានប្រើប្រាស់ក្នុងករណីសិក្សាបែបនេះ ។ ម្ចាស់បំណុលនៃការអនុវត្ត X មានសាលក្រមដែលមាន Y1 ជាអ្នកបង្កើតហ៊ីប៉ូតែក ។ បន្ទាប់មក Y1 បានលក់អចលនវត្ថុហ៊ីប៉ូតែកទៅឲ្យ Y2 ។ X បានដាក់ពាក្យសុំឲ្យក្រឡាបញ្ជីផ្តល់រូបមន្តអនុវត្តពិសេស (ក្រមនីតិ/ណី មាត្រា ៣៥៤ កថា. ២, មាត្រា ៣៥៥) ។ ក្រឡាបញ្ជីត្រូវត្រួតពិនិត្យអំពីរឿងដែល Y2 បានទទួលបន្តអចលនវត្ថុហ៊ីប៉ូតែកពី Y1 ត្រូវទទួលការអនុញ្ញាតពីតុលាការអនុវត្តរួចត្រូវសរសេរអំពីការណ៍ដែល Y2 បានទទួលបន្តអចលនវត្ថុហ៊ីប៉ូតែកពី Y1 ទៅក្នុងឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត (ក្រមនីតិ/ណី មាត្រា ៣៥៦ កថា. ២- ៤, មាត្រា ៣៥៧)។ នេះគឺជារូបមន្តអនុវត្តពិសេស ​។ នៅក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្តបានដាក់ឯកសារចម្លងយថាភូតនៃលិខិតអនុវត្តដែលបានផ្តល់រូបមន្តអនុវត្តពិសេសរួចទៅឲ្យតុលាការអនុវត្ត នោះតុលាការអនុវត្តនឹងអាចដឹងអំពីការណ៍ដែល Y2 បានទទួលបន្តអចលនវត្ថុហ៊ីប៉ូតែក Y1 ។ ហេតុនេះ ទោះបីនៅក្នុងលិខិតអនុវត្តមានសរសេរអំពី Y1 ដែលជាអ្នកបង្កើតើប៉ូតែក ឬអត់ក៏ដោយ ក៏នីតិវិធីលក់ដោយបង្ខំអាចបន្តទៅបានដោយមាន Y2 ជាកូនបំណុលនៃការអនុវត្តដែរ ។ ម្យ៉ាងទៀត បុគ្គលដែលត្រូវបានសរសេរនៅលើលិខិតអនុវត្ត និងបុគ្គលដែលត្រូវបានសរសេរនៅលើឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជី គឺជាមនុស្សតែមួយ ប៉ុន្តែក៏អាចមានករណីដែលសរសេរខុស អក្ខរាវិរុទ្ធនៅលើលិខិតអនុវត្ត ឬឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជី ។ ដោយសារតែករណីនេះ មិនមានបញ្ញត្តិនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី ដូច្នេះ ដំណោះស្រាយគឺអាស្រ័យលើការអនុវត្តជាក់ស្តែងដែលមានលក្ខណៈសមរម្យ។ ក្នុងករណីជាក់ស្តែង ប្រសិនបើមានការបញ្ជាក់ច្បាស់លាស់ថា បុគ្គលដែលត្រូវបានសរសេរនៅលើលិខិតអនុវត្ត និងបុគ្គលដែលត្រូវបានសរសេរនៅលើឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជី គឺជាមនុស្សតែមួយនោះតុលាការអនុវត្ដនឹងចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ព្រមទាំងសរសេរឈ្មោះទាំងពីរ នោះនៅលើដីកាសម្រេចនេះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login