Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- ទំនិញដូចមានចែងក្នុងមាត្រា១០ នៃច្បាប់នេះ អាចត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយឲ្យយកចេញ បន្ទាប់ពីបានបំពេញទម្រង់ការគយរួច ដោយរាប់បញ្ចូលទាំងការបង់ពន្ធអាករ ឬកម្រៃផ្សេងៗ និងការតម្កល់និមុត្តិធានាចំពោះទំនិញ តើដើម្បីអ្វីខ្លះ ?

២៧- តើតម្លៃគិតពន្ធគយទៅលើទំនិញនាំចូល​ត្រូវបានកំណត់ទៅតាមវិធានអ្វីខ្លះ ?

២៨- តើការលើកលែងពន្ធនិងអាករនាំចូលត្រូវអនុញ្ញាតផ្តល់ជូនចំពោះការនាំចូលអ្វីខ្លះ ?

២៩- តើការលើកលែងជាភាគនៃពន្ធ និងអាករនាំចូលអាចនឹងផ្តល់ជូនបានចំពោះការនាំចូលអ្វីខ្លះ ?

៣០- តើរដ្ឋបាលគយអាចផ្តល់បាននូវការបង្វិលសងវិញទាំងស្រុង ឬភាគខ្លះនូវពន្ធ និងអាករនាំចូលដែលបានបង់រួចចំពោះអ្វីខ្លះ ?

៣១- តើរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវចេញប្រកាសពាក់ព័ន្ធទៅនឹងអ្វីខ្លះ ?

ចម្លើយ

២៦- ទំនិញដូចមានចែងក្នុងមាត្រា១០ នៃច្បាប់នេះ អាចត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយឲ្យយកចេញ បន្ទាប់ពីបានបំពេញទម្រង់ការគយរួច ដោយរាប់បញ្ចូលទាំងការបង់ពន្ធអាករ ឬកម្រៃផ្សេងៗ និងការតម្កល់និមុត្តិធានាចំពោះទំនិញ

ដើម្បី ៖

  • នាំចូលសម្រាប់ការប្រើប្រាស់ក្នុងប្រទេស
  • នាំចូលបណ្តោះអាសន្ន
  • ប្រើប្រាស់ក្រោមលក្ខខណ្ឌព្យួរពន្ធ ។

២៧- តម្លៃគិតពន្ធគយទៅលើទំនិញនាំចូល​ត្រូវបានកំណត់ទៅតាមវិធានដូចជា ៖

ក- តម្លៃគិតពន្ធគយលើទំនិញនាំចូលគឺជាតម្លៃចម្លងការ មានន័យថាថ្លៃដែលបានទូទាត់ឬនឹងត្រូវទូទាត់ពិតប្រាកដ លើទំនិញដែលបានលក់សម្រាប់នាំចេញមកព្រះរាជាណាចក្រកម្ពុជា ស្របតាមបញ្ញត្តិនៃប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងវាក្យខណ្ឌ ជ នៃមាត្រានេះ ។

ខ- ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក នៃមាត្រានេះ តម្លៃគិតពន្ធគយគឺជាតម្លៃចម្លងការនៃទំនិញដូចគ្នា ។

គ- ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក និងវាក្យខណ្ឌ ខ នៃមាត្រានេះ តម្លៃគិតពន្ធគយ គឺជាតម្លៃចម្លងការនៃទំនិញប្រហាក់ប្រហែលគ្នា ។

ឃ- ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យខណ្ឌ ខ និងវាក្យខណ្ឌ គ នៃមាត្រានេះ តម្លៃគិតពន្ធគយត្រូវផ្អែកលើវិធីសាស្រ្តអនុមាន ។

ង- ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យខណ្ឌ ខ និងវាក្យខណ្ឌ គ និងវាក្យខណ្ឌ ឃ នៃមាត្រានេះ តម្លៃគិតពន្ធគយត្រូវផ្អែកលើវិធីសាស្រ្តគណនា ។

ច-​ លំដាប់នៃការអនុវត្តនៃវាក្យខណ្ឌ ឃ និងវាក្យខណ្ឌ ង នៃមាត្រានេះអាចត្រូវត្រឡប់ចុះឡើងបានតាមសំណើររបស់អ្នកនាំចូល ។

ឆ- ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យខណ្ឌ ខ វាក្យខណ្ឌ គ វាក្យខណ្ឌ ឃ និងវាក្យខណ្ឌ ង នៃមាត្រានេះ តម្លៃគិតពន្ធគយត្រូវកំណត់ដោយប្រើប្រាស់មធ្យោបាយសមស្របនានា ដែលស៊ីចង្វាក់ទៅនឹងគោលការណ៍ និងបញ្ញត្តិនានានៃវាក្យខណ្ឌ ក វាក្យខណ្ឌ ខ វាក្យខណ្ឌ គ វាក្យខណ្ឌ ឃ និងវាក្យខណ្ឌ ង នៃមាត្រានេះ ដោយផ្អែកលើមូលដ្ឋានទិន្នន័យដែលមានស្រាប់នៅក្នុងដែនគយក្រោមលក្ខខណ្ឌច្បាស់លាស់ ។

ជ- រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬរដ្ឋមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ត្រូវចេញប្រកាសកំណត់នូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងការកំណត់តម្លៃគិតពន្ធគយ ។

២៨-​ ការលើកលែងពន្ធនិងអាករនាំចូលត្រូវអនុញ្ញាតផ្តល់ជូនចំពោះការនាំចូលមានដូចជា ៖

ក- ទំនិញសម្រាប់បេសកកម្មការទូត ឬបេសកកម្មកុលស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសរបស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ ដោយមានការបញ្ជាក់ពីប្រធានបេសកកម្ម និងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ខ- ទំនិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិកផ្លូវការនៃបេសកកម្ម និងអង្គការ ដូចបានរៀបរាប់នៅក្នុងវាក្យខណ្ឌ ក កថាខណ្ឌទី១ នៃមាត្រានេះ ។ ការអនុវត្តនូវវាក្យខណ្ឌនេះ និងវាក្យខណ្ឌ ក កថាខណ្ឌទី១នៃមាត្រានេះ ត្រូវផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍បដិការរវាងរដ្ឋាភិបាលពាក់ព័ន្ធ ។

គ- ទំនិញមានដើមកំណើតកម្ពុជា ឬទំនិញនាំចូលដែលបានបង់ពន្ធ និងអាកររួច ដែល​ចេញពីដែនគយហើយត្រូវនាំចូលត្រឡប់ពីបរទេសមកវិញ ដោយពុំមានការបង្កើតតម្លៃ ។

ឃ- ទំនិញដែលត្រូវលើកលែងពន្ធ និងអាករក្រោមបញ្ញត្តិនៃច្បាប់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ។

ង- ទំនិញជាអំណោយសម្រាប់មនុស្សធម៌ទំនិញសម្រាប់ការស្រាវជ្រាវ និងគោលបំណងវិទ្យាសាស្ត្រ ទំនិញគំរូ និងទំនិញតាំងពិព័រណ៍ដែលគ្មានតម្លៃពាណិជ្ជកម្មមឈូសដែលមានសាកសពមនុស្ស និងទំនិញផ្សេងទៀត ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

២៩- ការលើកលែងជាភាគនៃពន្ធ និងអាករនាំចូលអាចនឹងផ្តល់ជូនបានចំពោះការនាំចូលមានដូចជា ៖

ក- ទំនិញ និងសម្ភារៈដែលមានចែងដោយច្បាប់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ។

ខ- ពូជដំណាំ និងពូជសត្វសម្រាប់កសិកម្ម ទំនិញដែលនឹងត្រូវទទួលការជួលជុល ការកែច្នៃ ឬពិសោធន៍ ទំនិញដែលបាននាំចូលវិញតាមសភាពដើម ទំនិញដែលចូលដោយរដ្ឋាភិបាលដើម្បីជាប្រយោជន៍សាធារណៈ ទំនិញនាំចូលសម្រាប់របបប្រវេសន៍កាលិក និងទំនិញផ្សេងទៀតដែលបានកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

៣០- រដ្ឋបាលគយអាចផ្តល់បាននូវការបង្វិលសងវិញទាំងស្រុង ឬភាគខ្លះនូវពន្ធ និងអាករនាំចូលដែលបានបង់រួចចំពោះ ៖

ក- ការបង់លើសដោយប្រការណាមួយ រាប់បញ្ចូលទាំងករណីដែលបណ្តាលមកពីការភ័ន្តច្រឡំរដ្ឋបាលផង ។

ខ- ទំនិញនាំចូលដែលនៅមុនពេលអនុញ្ញាតឲ្យយកចេញពីគយត្រួតពិនិត្យឃើញថា តិចជាង បែកបាក់ខូចខាត គុណភាពទាប និងទំនិញនាំចេញទៅវិញ ឬបំផ្លាញចោល ក្រោមការគ្រប់គ្រង ឃ្លាំមើលរបស់គយ ទោះបីក្រោយពេលអនុញ្ញាតឲ្យយកចេញពីគយរួចហើយក៏ដោយ ។

គ- ការបង់លើសដែលបានរកឃើញតាមរយៈសេចក្តីសម្រេចរបស់អាជ្ញាធរទទួលបន្ទុកដោះស្រាយការតវ៉ាដូចមានចែងក្នុងមាត្រា ២៤នៃច្បាប់នេះ ឬដោយតុលាការមានសមត្ថកិច្ច ។

៣១- រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវចេញប្រកាសពាក់ព័ន្ធនឹង ៖

  • ទម្រង់ ខ្លឹមសារ និងសុពលភាពនៃប្រតិ​វេទន៍ និងឯកសារគយ
  • ការតម្កល់ ការផ្ទៀងផ្ទាត់ និងការចុះបញ្ជិកាប្រតិវេទន៍គយ
  • ការកែប្រែ ការបន្ថែម និងការលុប ឬប្តូរនូវប្រតិវេទន៍ និងឯកសារគយ
  • ការបែងចែក និងគ្រប់គ្រងត្រួតពិនិត្យ ប្រតិវេទន៍ និងឯកសារគយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login