Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- តើសេដ្ឋកិច្ចវិទ្យាគឺជាអ្វី ? តើសេដ្ឋកិច្ចមានផ្នែកអ្វីខ្លះ ?

៤៧- ហេតុអ្វីបានជាគេត្រូវសិក្សាពីមីក្រូសេដ្ឋកិច្ច ?

៤៨- តើប្រទេសកម្ពុជាមានប្រភពចំណូលថវិកាពីណាខ្លះ ?

៤៩- តើឱនភាពថវិកាគឺជាអ្វី ? តើរដ្ឋមានមធ្យោបាយអ្វីខ្លះ ដើម្បីធ្វើហិរញ្ញប្បទានឱនភាពថវិការដ្ឋ ?

៥០- តើចំណាយសាធារណៈមានតួនាទីអ្វីខ្លះ ? ក្នុងករណីរដ្ឋមានឱនភាពថវិកា តើត្រូវធ្វើដូចម្តេច ?

ចម្លើយ

៤៦- សេដ្ឋកិច្ចវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឲ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួមនឹងដំណើរប្រព្រឹត្តទៅនៃសមាសភាពដែលចូលរួមនៅក្នុងសេដ្ឋកិច្ចនិយាយដោយឡែក ។ សេដ្ឋកិច្ចវិទ្យា គឺជាការសិក្សាពីសេដ្ឋកិច្ច ។ សេដ្ឋកិច្ច គឺជាការបែងចែកធនធានកម្រដែលមានសម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវឆ្លើយតបទៅនឹងសំណួរបីគឺ ត្រូវផលិតអ្វី ? ត្រូវផលិតដោយរបៀបណា ? ត្រូវផលិតឲ្យនរណា ? នៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ពីរគឺ អ្នកសម្រេចចិត្ត (អ្នកប្រើប្រាស់ សហគ្រាសនឹងរដ្ឋាភិបាល) នឹងរបបសេដ្ឋកិច្ច (របបសេដ្ឋកិច្ចបញ្ជា របបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ) ។

    ក- អ្នកសម្រេចចិត្ត

 • អ្នកប្រើប្រាស់ គឺជាមនុស្សម្នាក់ៗតែម្តង ពួកគេគឺជាតួអង្គសម្រេចចិត្តក្នុងការប្រើប្រាស់ និងជាតួអង្គសំខាន់ក្នុងចង្វាក់ផលិតកម្ម​ និយាយរួមគឺពួកយើងទាំងអស់គ្នា ។
 • សហគ្រាស ដើរតួនាទីជាអ្នកប្រើប្រាស់ទិញ ឬជួលកត្តាផលិតកម្ម ដើម្បីផលិតចេញជាផលិតផលនឹងសេវាផ្សេងៗ ។
 • រដ្ឋ គឺជាអ្នកផ្គត់ផ្គង់ផលិតផល សេវានឹងបែងចែកប្រាក់ចំណូល មានដូចជាប្រព័ន្ធច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ កំណត់ការជ្រើសរើសរបស់អ្នកប្រើប្រាស់ គ្រប់គ្រងការផលិតនឹងបែងចែកប្រាក់ចំណូល ។

    ខ- របបសេដ្ឋកិច្ច មានរបបសេដ្ឋកិច្ចបញ្ជា របបសេដ្ឋកិច្ចសេរ របបសេដ្ឋកិច្ចចម្រុះ ​

    ដូច្នេះដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនទៅបាន អាស្រ័យចាំបាច់ទៅលើផ្នែកពីរយ៉ាង គឺអ្នកសម្រេចចិត្តនឹងរបបសេដ្ឋកិច្ច ។ របបសេដ្ឋកិច្ចល្អប៉ុន្តែមានអ្នកសម្រេចមិនល្អក៏មិនអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដែរ នឹងផ្ទុយមកវិញមានអ្នកសម្រេចចិត្តល្អប្រកបដោយទេពកោសល្យ ប៉ុន្តែជ្រើសយករបបសេដ្ឋកិច្ចមិនត្រឹមត្រូវក៏នឹងមិនធ្វើឲ្យមានការរីកចម្រើនទៅមុខបានដែរ ។

៤៧- គោលបំណងសំខាន់ក្នុងការសិក្សាមីក្រូសេដ្ឋកិច្ច គឺចង់បង្ហាញអំពីការប្រើប្រាស់គោលការណ៍មីក្រូសេដ្ឋកិច្ចមួយ ដែលអាចបង្ហាញអំពីការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ ចំពោះបញ្ហាការប្រកបអាជីវកម្ម ។ វាត្រូវបានយកមកប្រើក្នុងការជម្រុញលើកទឹកចិត្តបន្ថែមដល់អ្នកកំពុងប្រកបអាជីវកម្ម ឲ្យសម្រេចគោលដៅអាជីវកម្មរបស់ពួកគេប្រកបដោយភាពជោគជ័យ ។ អាជីវកម្មខ្នាតតូច មធ្យម និងខ្នាតធំ គឺជាកោសិកាដែលអាចបង្កើតសង្វាក់សេដ្ឋកិច្ចទាំងមូលដូចនេះ រាល់ការសម្រេចចិត្ត និងការប្រព្រឹត្តទៅរបស់គេបានរួមចំណែកនៅក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច ។ វិស័យឯកជនតូចៗទាំងនេះរួមផ្តុំទូទាំង​ប្រទេសទៅ បង្កើតបានជាប្រព័ន្ធមីក្រូសេដ្ឋកិច្ច ។ មីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ចរួមគ្នា  បង្កើតបានជាសេដ្ឋកិច្ចជាតិទាំងមូល ។

៤៨- ប្រភពកម្ពុជាមានប្រភពចំណូលធំៗចំនួន៣គឺ ៖

    ក- ចំណូលសារពើពន្ធ

 • ពន្ធលើផលទុនប្រាក់ចំណេញ និងកម្រៃទុន ៖ ពន្ធលើប្រាក់បៀវត្ស ពន្ធលើប្រាក់ចំណេញ ពន្ធលើសហគ្រាសសាធារណៈនិងឯកជន ពន្ធលើផលទុនៃដីធ្លី ផ្ទះ ។
 • ពន្ធលើបិតិកភ័ណ្ឌ ៖ ពន្ធប្រថាប់ត្រា ពន្ធផ្ទះមរតក
 • ពន្ធផ្ទៃក្នុងលើទ្រព្យសម្បត្តិ និងសេវា ៖ អាករលើផលរបរ អាករលើតម្លៃបន្ថែម រួមទាំងរបបនាំចូលនិងរបបផ្ទៃក្នុង ។
 • ពន្ធលើពាណិជ្ជកម្មក្រៅប្រទេស ៖ ពន្ធគយពីការនាំចូល ពន្ធគយពីការនាំចេញ និងការផាកពិន័យរបស់ពន្ធគយ ។
 • ចំណូលសារពើពន្ធផ្សេងៗ ៖ ការផាកពិន័យ និងទោសបញ្ញត្តិសារពើពន្ធ ។

    ខ- ចំណូលមិនមែនសារពើពន្ធ

 • ផលទុននៃទ្រព្យសម្បត្តិរដ្ឋ ៖ ផលនេសាទ ផលព្រៃឈើ ផលទុនបានមកពីសហគ្រាសសាធារណៈ ការជួល រោងចក្រ និងសហគ្រាស ផលទុនរបស់អាកាសចរណ៍ស៊ីវិល ការជួលសហគ្រាស ។ល។
 • ចំណូលពុំមែនសារពើពន្ធផ្សេងៗ ៖ ផលទុនប្រៃសណីយ៍ និងទូរគមនាគមន៍ ផលវិទ្យុ ទូរទស្សន៍ ការផ្សាយ ចំណូលនៃសេវាកម្ម​ សាធារណៈ អាករនៃស្ថានទូត ពន្ធលើអាជ្ញាប័ណ្ណនាំឈើចេញ​ ការលក់លតាបត្រ និងលិខិតបោះពុម្ពផ្សេងៗរបស់ពន្ធដារ ព្រមទាំងចំណូលពីកូតានាំចេញ ។ល។

    គ- ចំណូលមូលធន

 • ចំណូលផ្ទៃក្នុងជាមូលធន ៖ ការលក់ទ្រព្យសម្បត្តិរដ្ឋ ដីធ្លី ផលឯកជនភាវូបនីយកម្ម ចំណូលពីការខ្ចីក្នុងប្រទេស ។
 • ជំនួយពីបរទេស ៖ ដៃគូសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី ។
 • កម្ចីពីបរទេស ៖ ដៃគូសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី ។

៤៩- ឱនភាពថវិកា សំដៅទៅលើការចំណាយលើសប្រាក់ចំណូលរបស់រដ្ឋ ដែលជាសូចនាករមួយនៃសុខភាពហិរញ្ញវត្ថុ ។ នៅពេលរដ្ឋាភិបាលមានឱនភាពថវិកាវានឹងបង្កើតបានជាបំណុលជាតិផលដែរ ។ រដ្ឋមានមធ្យោបាយជាច្រើន ដើម្បផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា ។ ប្រទេសមួយអាចខ្ចីប្រាក់ពីបរទេស (កម្ចីពីបរទេស) ឬក៏អាចស្វែងរកជំនួយពីបរទេស ឬប្រើមធ្យោបាយទាំងពីររួមគ្នា ។ ដោយនិយាយតែអំពីសេដ្ឋកិច្ចក្នុងស្រុក ប្រទេសមួយអាចអនុវត្តយកនូវវិធានការមួយចំនួនដូចខាងក្រោម ៖

 • បង្កើនពន្ធ​ ៖ ប្រទេសមួយអាចបង្កើនចំណូលពន្ធដោយបង្កើនអត្រាពន្ធ ឬដាក់ចេញនូវបណ្តាប្រភេទពន្ធថ្មី ។ ចំណូលដែលបានកើនឡើងអាចជួយកាត់បន្ថយ ឬលប់បំបាត់ឱនភាពថវិកាបាន ។
 • ខ្ចីប្រាក់ពីសាធារណៈជន ៖ រដ្ឋអាចខ្ចីប្រាក់ពីបុគ្គល គ្រួសារ សាជីវកម្ម ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត តាមរយៈការបោះផ្សាយមូលបត្ររដ្ឋាភិបាលលក់ឲ្យពួកគេទាំងនោះ ។ មូលបត្របោះផ្សាយដោយរដ្ឋាភិបាលរួមមាន ប័ណ្ណរតនាគាររយៈពេលខ្ចី ប័ណ្ណរតនាគាររយៈពេលមធ្យម និងសញ្ញាប័ណ្ណរតនាគារ ។
 • បោះពុម្ពប្រាក់ថ្មីបន្ថែម ៖ ការបោះពុម្ពប្រាក់ថ្មីបន្ថែមនឹងបង្កើនការផ្គត់ផ្គង់រូបិយវត្ថុ ដែលនាំឲ្យអតិផរណាកើនឡើងផងដែរ ។ ដូច្នេះ មធ្យោបាយនេះមិនត្រូវបានគេយកមកប្រើឡើយ លុត្រាតែគ្មានមធ្យោបាយផ្សេងពីនេះក្នុងការផ្តល់ហិរញ្ញប្បទានឱនភាព ។

៥០- ចំណាយរបស់រដ្ឋ​ ត្រូវបានគ្រោងឡើងយ៉ាងលំអិតពីប្រភេទ និងចំនួនទឹកប្រាក់យ៉ាងច្បាស់លាស់ ។ បន្ទុកអចិន្ត្រៃយ៍របស់រដ្ឋ ត្រូវបានចែកជាពីរប្រភេទធំៗដែលក្នុងនោះរួមមានដូចជា ៖

    ក- ចំណាយចរន្ត (Current expenditures)

 • ចំណាយមធ្យោបាយនិងសេវាកម្ម ៖ ចំណាយប្រភេទនេះរួមមាន ចំណាយបៀវត្សនិងប្រាក់ឈ្នួល ចំណាយដំណើរការរដ្ឋបាល សម្ភារ និងជួសជុលតូចតាច និងប្រាក់ឧបត្ថម្ភសម្រាប់ដំណើរការអង្គការសាធារណៈ ។
 • ការប្រាក់នៃការខ្ចីបុល ៖ គឺជាចំណាយដែលប្រើប្រាស់សម្រាប់ទូទាត់ការប្រាក់លើកម្ចីរយៈខ្ចី រយៈពេលមធ្យម និងរយៈពេលវែង ដែលរដ្ឋបានខ្ចីពីប្រភពទាំងក្នុងនិងក្រៅប្រទេស (ធនាគារ អង្គការអន្តរជាតិផ្នែកហិរញ្ញវត្ថុ....) ។
 • អន្តរាគមន៍សាធារណៈ ៖ គឺជាចំណាយសម្រាប់ផ្តល់ដល់វិស័យសាធារណៈនានា ដូចជាក្នុងវិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច និងវិស័យវប្បធម៌ រួមទាំងវិស័យអន្តរជាតិផងដែរ ។
 • ចំណាយផ្សេងៗនិងចំណាយមិនបានព្រាងទុក

    ខ- ចំណាយមូលធន (Capital expenditures)

 • ឥណទានសាងសង់ (Credit for equipment)
 • ឥណទានសម្ភារ (Credit for equipment)
 • កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ (Financial operations)
 • ការទូទាត់បំណុល (Debts relief)

    ចំណាយមូលធន គឺជាការចំណាយសម្រាប់ដំណើរការនៃកម្មវិធី ឬគម្រោងវិនិយោគ សម្រាប់បម្រើអន្តរាគមន៍ជាមូលធនរបស់រដ្ឋក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​តាមរយៈសហគ្រាសរដ្ឋ​ ឬបម្រើជាមធ្យោបាយនៃការចូលរួមប្រាស្រ័យក្នុងវិស័យសង្គមស៊ីវិល​ និងសម្រាប់រំលស់បំណុលសាធារណៈ ។ យើងគួរតែកត់សម្គាល់ដែរថា ច្បាប់ហិរញ្ញវត្ថុ បើកឥណទានទៅតាមក្រសួង ឬអង្គការសាធារណៈប្រហាក់ប្រហែល និងយោងទៅតាមប្រភេទ​ចំណាយ ។ ក្រសួង ឬអង្គការសាធារណៈប្រហាក់ប្រហែលទាំងនោះប្រមូលផ្តុំ ឥណទានទាំងអស់សម្រាប់បម្រើការរបស់ខ្លួននៅទូទាំងប្រទេស ។ ចំពោះចំណាយផ្សេងៗ និងចំណាយមិនបានគ្រោងទុកមិនត្រូវបែងចែកទៅឲ្យក្រសួង ឬអង្គការសាធារណៈប្រហាក់ប្រហែលណាមួយទេ ។ ប្រភេទចំណាយនេះ ត្រូវទុកសម្រាប់ចំណាយផ្សេងៗក្នុងការសង ឬបំពេញវ​ិញដែលត្រូវគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

តភាគ×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login